អាជ្ញាធរ​វៀតណាម​​សួរ​នាំ និង​ឃ្លាំ​មើល​ព្រះសង្ឃ​ខ្មែរ​ក្រោម​​​ដែល​​និមន្ត​ពី​អូស្ត្រាលី​​ដើម្បី​មើល​ថែ​​ញោម​ប្រុស​​ឈឺ​ធ្ងន់

ដោយ មាន ឫទ្ធិ
2024.07.23
អាជ្ញាធរ​វៀតណាម​​សួរ​នាំ និង​ឃ្លាំ​មើល​ព្រះសង្ឃ​ខ្មែរ​ក្រោម​​​ដែល​​និមន្ត​ពី​អូស្ត្រាលី​​ដើម្បី​មើល​ថែ​​ញោម​ប្រុស​​ឈឺ​ធ្ងន់ ព្រះសង្ឃ​ខ្មែរ​ក្រោម​​ព្រះនាម រ៉ាន លី (ស្ដាំ) ដែល​​និមន្ត​មក​ពី​​​​វត្ត​ពុទ្ធមណ្ឌល​ខ្មែរ​ក្រោម​​ ក្រុង​អាដឺឡែដ (Adelaide) នៅ​ប្រទេស​អូស្ត្រាលី​​ ទៅលេងស្រុកកំណើត នៅកម្ពុជា។
រូប៖ ផ្ដល់ឱ្យ

អាជ្ញាធរ​វៀតណាម​បាន​សាក​សួរ និង​ឃ្លាំ​មើល​ព្រះសង្ឃ​ខ្មែរ​ក្រោម​​​មួយ​អង្គ​ទើប​និមន្ត​មកពី​ប្រទេស​អូស្ត្រាលី ដើម្បី​មើល​ថែ​​ញោម​ប្រុស​ដែល​​កំពុង​ឈឺ​ធ្ងន់។ តំណាងរាស្ត្រ​​​អូស្ត្រាលី និង​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​​ព្រះនាម រ៉ាន លី ដែល​​និមន្ត​មក​ពី​​​​វត្ត​ពុទ្ធមណ្ឌល​ខ្មែរ​ក្រោម​​ ក្រុង​អាដឺឡែដ (Adelaide) នៅ​ប្រទេស​អូស្ត្រាលី​​ អះអាង​ថា អាជ្ញាធរ​វៀតណាម​ខេត្ត​ឃ្លាំង ឬ​វៀតណាម​ហៅ​ថា សុកត្រាំង (Soc Trang) បាន​ឃ្លាំ​មើល​ព្រះអង្គ​ និង​កោះ​ហៅ​បងប្អូន​របស់​ព្រះអង្គ​ទៅ​សួរ​នាំ​​អំពី​ព្រះអង្គ​ជិត ១០ដង ហើយ ចាប់​តាំង​ពី​ព្រះអង្គ​បាន​និមន្ត​មក​ដល់​ផ្ទះ​នៅ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា មក។

ព្រះតេជព្រះគុណ រ៉ាន លី មាន​​ថេរដីកា​​ថា ព្រះអង្គ​បាន​និមន្ត​មក​ពី​ប្រទេស​អូស្ត្រាលី​​ដើម្បី​មក​លេង​ញោម​ប្រុស​របស់​ព្រះអង្គ​ដែល​​កំពុង​ឈឺ​ធ្ងន់​ ហើយ​​​នៅ​ពេល​ដែល​ព្រះ​អង្គ​មក​ដល់​ស្រុក​កំណើត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឃ្លាំង​កោះ​ហៅ​​ទៅ​សួរ​នាំ។ ទោះ​ជា​យ៉ាង​ណា​ក្រោយ​ពី​ព្រះ​អង្គ​បដិសេធ​​មិន​ទៅ​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​មក អាជ្ញាធរ​​បាន​កោះ​ហៅ​​បង​ប្អូន​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​ និង​ដាក់​កង​កម្លាំង​ឃ្លាំ​មើល​ព្រះអង្គ​ថែម​ទៀត

ព្រះតេជព្រះគុណ រ៉ាន លី បន្ត​​ថា អាជ្ញាធរ​ខេត្ត​ឃ្លាំង​ក៏​តាម​ដាន​​​ព្រះអង្គ​នៅ​ពេល​ព្រះអង្គ​ធ្វើ​ដំណើរ​ដើម្បី​ទៅ​សុខ​ទុក្ខ​សួរ​សាច់ញាតិ នៅ​ក្នុង​ភូមិ និង​ទី​កន្លែង​ផ្សេងៗ។ ព្រះអង្គ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​ជា​​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ព្រះអង្គ។

ព្រះតេជព្រះគុណ រ៉ាន លី«នៅ​ហ្នឹង​ផ្ទះ​ក៏​គេ​​ចាំ​នៅ​ក្បែរ​ៗហ្នឹង​​ដល់​ពេល​យើង​ ចេញ​ទៅ​ក៏​គេ​តាម​ដំណើរ​ទៅ​មិន​ថា​យើង​មិន​ថា​យប់​មិន​ថា​ថ្ងៃ​ មិន​ថា​ជិត​មិន​ថា​ឆ្ងាយ​គេ​តាម​ដំណើរ​ទៅ​ដូច​ជា​រំខាន​យើង​ច្រើន​ យើង​ទៅ​ផ្ទះ​ញាតិ​ញោម​គឺ​ញាតិ​ញោម​ភ័យ​ខ្លាច​មិន​សូវ​​ចង់​ហ៊ាន​ទទួល​យើង​ទេ​ គឺ​ថា​គាត់​ភ័យភិត​ខ្លាំង​ណាស់​គឺ​ថា​យើង​ទៅ​មាន​មនុស្ស​តាម​ដាន​យ៉ាង​ច្រើន​ អ៊ីចឹង​ហើយ​២៤ម៉ោង​ហើយ​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​០៩​គឺ​មាន​មុខ​ពួក​ហ្នឹង​ទាំង​អស់»

សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង លើក​ឡើង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ​​ទៅ​លើ​ពលរដ្ឋ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ដែល​ទៅ​លេង​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម។ លោក​ថា​ព្រះតេជព្រះគុណ រ៉ាន លី អាច​​ស្នើ​សុំ​ជំនួយ​ពី​ស្ថាន​ទូត​ ឬ​កុងស៊ុល​​ប្រទេស​អូស្ត្រាលី​​​ប្រចាំ​ប្រទេស​វៀតណាម។

លោក តាក់ ម៉េងហ៊ាង«នេះ​គឺ​ជា​ក្ដី​កង្វល់​មួយ​បើ​ទោះ​ជា​ការ​ដែល​ហៅ​ប្រជាជន​នៅ​ក្នុង​ភូមិ​ទៅ​សួរ​ពី​ជំនួប​ជា​មួយ​អ្នក​​ទៅ​ពី​ក្រៅ​ប្រទេស​ក៏​ដោយ ក៏​ប៉ុន្តែ​ក៏​ជា​ក្ដី​បារម្ភ​នូវ​ការ​រឹត​បណ្ដឹង​ការ​ជួប​ជុំ​​​​ នូវ​ការ​អបអរ ឬ​មួយ​គ្រាន់​តែ​ការ​សួរសុខទុក្ខ​ញោម​របស់​លោក​នៅ​ក្នុង​ករណី​នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោក​ស្ដាយ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ចំណែក​អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ករណី​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​​​ជនជាតិ​ដើម​ខ្មែរ​ក្រោម ដោយ​មិន​​ឱ្យ​​​ប្រើប្រាស់​សេរីភាព​ជា​មូលដ្ឋាន​​របស់​ពួកគេ​​​ទៅ​លេង​ស្រុក​កំណើត។

បណ្ឌិត សឺន ជុំជួន៖ «គ្មាន​រឿង​អី​មួយ​ដែល​ចាំ​បាច់​ដែល​ព្រះអង្គ​ត្រូវ​តែ​បង្ហាញ​​អវត្តមាន​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ ឬ​ក៏​មន្ត្រី​នគរបាល​​មូលដ្ឋាន​អី​ទេ​​ អត់​មាន​កាតព្វកិច្ច​ហ្នឹង​ទេ​ អ៊ីចឹង​អ្វី​ដែល​ជា​ការ​បង្ខិត​បង្ខំ​ ឬ​ការ​សួរ​​នាំ​​ឱ្យ​ព្រះសង្ឃ​ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ក្រៅ​ប្រទេស​នេះ​ទៅ​លេង​នូវ​ស្រុក​កំណើត​​ហើយ​ត្រូវ​មាន​ការ​រាយការណ៍​អី​ជា​ដើម​វា​អត់​មាន​ក្នុង​គោលការណ៍​ច្បាប់»

មុន​និមន្ត​ទៅ​គង់​នៅ​ប្រទេស​អូស្រ្តាលី ព្រះតេជព្រះគុណ រ៉ាន លី គឺ​ជា​ព្រះសង្ឃ​មួយ​​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​​ប្រមាណ​២០០ អង្គ​ផ្សេង​ទៀត​នៅ​ខេត្ត​ព្រះត្រពាំង​ដែល​ធ្លាប់​បាន និង​ខេត្ត​ឃ្លាំង​ចេញ​មុខ​តវ៉ា នឹង​ការ​គាបសង្កត់​​របស់​អាជ្ញាធរ​វៀតណាម​មិន​ឱ្យ​រៀន​អក្សរសាស្ត្រខ្មែរ​ក្នុង​ឆ្នាំ​២០០៧។ ព្រះអង្គ រ៉ាន លី បាន​ភៀស​ព្រះ​កាយ​មក​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​ដដែល​នេះ​ ខណៈ​ដែល​ព្រះសង្ឃ​ផ្សេង​ទៀត​ត្រូវ​​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ផ្សឹក​ និង​គេច​ខ្លួន​មក​ប្រទេស​កម្ពុជា និង​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ទី​បី។

អាជ្ញាធរ​វៀតណាម​​នៅ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​មក​លើ​​​​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ ហើយ​គិត​មក​ទល់​ពេល​នេះ មាន​ព្រះ​សង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ១៣​ អង្គ​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ ខ្មែរ​ក្រោម​អះអាង​ថា ការ​កាត់​ទោស ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ទាំង​អស់ នៅ​ពេល​នេះ ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ការ​បោះ​ពុម្ព​អាវ​យឺត​ដែល​មាន​ទង់​ជាតិ​ខ្មែរ​ក្រោម​ចែក​ចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម  និង​ការ​ធ្វើ​រូប​សំណាក​ឧកញ៉ា សឺន គុយ ដាក់​តាំង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​គោរព​បូជា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។