តើ​លោក កើត សារ៉ាយ ជា​អ្នកណា?

ដោយ យ៉ង ចាន់តារា
2024.04.11
តើ​លោក កើត សារ៉ាយ ជា​អ្នកណា? ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ (អាវខៀវ​បង់ក​ក្រមា) ដឹកនាំយុវជនទៅជួបក្រុមពលរដ្ឋមានទំនាស់ដីធ្លីដែលពួនក្នុងព្រៃ គេចពីការតាមចាប់របស់អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)

លោក កើត សារ៉ាយ គឺជា​យុវជន​ឈាន​មុខ​មួយ​រូប​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស បរិស្ថាន និង​កសាង​ធនធាន​យុវជន ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ត្រួតត្រា​ដោយ​អំណាច​ផ្ដាច់ការ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ជា​លើក​ទីពីរ កាល​ថ្ងៃ​ទី៥ មេសា ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ តើ​លោក កើត សារ៉ាយ មាន​ប្រវត្តិ​យ៉ាងណា?

លោក កើត សារ៉ាយ គឺជា​យុវជន​មួយ​រូប​ដែល​មាន​ទឹក​ចិត្ត​មោះមុត ជំហរ​រឹងមាំ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លះបង់​ដើម្បី​ផលប្រយោជន៍​ជាតិ។ ក្ដី​បំណង​ធំ​បំផុត​នៃ​ជីវិត​របស់​លោក គឺ​ចង់​ឃើញ​កម្ពុជា​មាន​ការ​ឯកភាព​ជាតិ និង​ពោរពេញ​ដោយ​មេត្តាធម៌។

លោក កើត សារ៉ាយ«យើង​កសាង​សង្គម​ជាតិ​ដោយ​ក្ដី​ស្រឡាញ់ ដោយ​ការ​អត់ឱន ដោយ​ការ​ផ្សះផ្សា ដោយ​ការ​ឯកភាព​គ្នា ដោយ​ការ​ស្រឡាញ់​គ្នា ក្នុង​គោលដៅ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​សំខាន់​លើស​អ្វី​ទាំងអស់»

លោក កើត សារ៉ាយ មាន​អាយុ ៣២ ឆ្នាំ។ លោក​កើត​នៅ​ឆ្នាំ ១៩៩២ នៅភូមិ​សំរោង​ ឃុំសំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ៦ នាក់​ ស្រី៣ ប្រុស ៣ ហើយ​លោក​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ ដែល​មាន​ឪពុក​ម្ដាយ​ជា​កសិករ​និង​លក់ដូរ​នំចំណី​បន្តិច​បន្តួច។ ឪពុក​របស់​លោក​បាន​ចែក​ឋាន​ទៅ​ហើយ នៅសល់​តែ​ម្ដាយ​គឺ​លោកស្រី ចាប យ៉ែម ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម​ជិត ៨០ វស្សា។

លោក កើត សារ៉ាយ ធ្លាប់​បួស​ជា​ព្រះសង្ឃ​ចំនួន ១៥ ព្រះ​វស្សា មុន​ពេល​អាជ្ញាធរ និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ចាប់​ផ្សឹក​ដោយ​បង្ខំ នៅ​ពេល​លោក​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ឆ្នាំ​២០២០។ ពេល​នោះ តុលាការ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០ ខែ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​បាន​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ​ចំនួន ១៤ ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​រយៈពេល ២​ឆ្នាំ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ចាត់​ទុក​លោក កើត សារ៉ាយ ថា ជា​ជន​គំរូ​មួយ​រូប ដែល​មាន​ទឹកចិត្ត​មោះមុត និង​មិន​ខ្លាច​សូម្បីតែ​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។

លោក ថុន រដ្ឋា «ពេល​ដែល​ខ្ញុំ​ជាប់​ពន្ធនាគារ​ជាមួយ​គាត់​ជាង​មួយ​ឆ្នាំ​នៅ​ពន្ធនាគារ​ព្រៃស​ជាមួយ​គ្នា​ហ្នឹង គាត់​ជា​មនុស្ស​ដែល​មាន​ទឹកចិត្ត​រឹងមាំ​មែនទែន តែងតែ​ញញឹម​គ្រប់​ពេលវេលា​នៅ​ក្នុង​គុក។ យើង​កម្រ​ឃើញ​បង សារ៉ាយ បាក់ទឹកចិត្ត ឬក៏​ផ្ដល់​ក្ដី​អស់​សង្ឃឹម​មក​កាន់​យើង​ណាស់ មានតែ​ស្នាម​ញញឹម ហើយ​និង​លើក​ទឹកចិត្ត​សម្រាប់​ពួក​យើង»

លោក កើត សារ៉ាយ បាន​ចូល​ប្រឡូក​ក្នុង​ការងារ​លើក​កម្ពស់​សិទ្ធិមនុស្ស​ បរិស្ថាន និង​យុត្តិធម៌​សង្គម កាន់​តែ​ខ្លាំង ក្រោយ​ចេញ​ពី​ពន្ធនាគារ។ នៅ​ខែ​មីនា ឆ្នាំ ២០២៣ លោក​បាន​ក្លាយ​ជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​ជា​អង្គការ​យុវជន​មួយ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត កែម ឡី។

គឺ​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​អង្គការ​យុវជន​នេះ​ហើយ ដែល​លោក កើត សារ៉ាយ បាន​ធ្វើ​សកម្មភាព​លេចធ្លោ​ជាច្រើន​ដូចជា ការ​បណ្ដុះបណ្ដាល​យុវជន ការ​ធ្វើ​ធម្មយាត្រា​ផ្សាយ​មេត្តា​ធម៌ និង​សិទ្ធិមនុស្ស យុទ្ធនាការ​ប្រឆាំង​ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​របស់​ក្រុមហ៊ុន​ដែល​មាន​រឿង​អាស្រូវ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន និង​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព ជាដើម។

ថ្មីៗ លោក​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​បង្ក្រាប​ដោយ​ហិង្សា និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។ លោក កើត សារ៉ាយ ​បាន​បង្ហោះ​រឿង​នេះ​លើ​ទំព័រ​ហ្វេសប៊ុក​ផង និង​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ផង។

ផ្ដើម​ចេញ​ពី​រឿង​នេះ​ឯង ដែល​អាជ្ញាធរ​ចោទ​លោក​ថា បាន​បំភ្លៃ​ព័ត៌មាន​ក្នុង​ចេតនា​ប្រឆាំង​រដ្ឋាភិបាល។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ជា​លើក​ទីពីរ​នៅ​ថ្ងៃ​ទី៥ មេសា ២០២៤ ដោយ​ចោទ​ប្រកាន់​ដដែល​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»

ប៉ុន្តែ​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ នេះ បាន​នាំ​មក​នូវ​ការ​រិះគន់​ថ្កោលទោស​ព្រោងព្រាត​ពី​សំណាក់​ពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល។ ចំណុច​សំខាន់​ស្ថិត​នៅ​ត្រង់​ថា អាជ្ញាធរ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​សមរម្យ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ​ជូន​ពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ និង​បណ្ដេញ​ចេញ​ដោយ​ហិង្សា​នៅឡើយ​ទេ តែ​បែរ​ជា​ទៅ​ប្រឌិត​រឿង​ចោទ​ប្រកាន់ និង​បំបិទ​មាត់​អ្នក​លាត​ត្រដាង​ការ​ពិត​ទៅ​វិញ។

ពលរដ្ឋ​មួយ​រូប​ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ លោកស្រី លូត សាឡា ថ្លែង​ថា លោក កើត សារ៉ាយ មិន​បាន​ញុះញង់​ពលរដ្ឋ​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា ​លោក​គ្រាន់តែ​ចុះ​ជួប​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ព្រៃ គេច​ពី​ការ​ធ្វើ​បាប​របស់​អាជ្ញាធរ​ប៉ុណ្ណោះ។

លោកស្រី លូត សាឡា៖ «ពួក​ខ្ញុំ​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ សូម​បញ្ចប់​រឿង​នេះ​ទៅ ហើយ​ឈប់​មាន​ការ​តាម​ចាប់ ហើយ​ដោះលែង​បង​ប្អូន​ពួក​ខ្ញុំ​ដែល​នៅ​ក្នុង​ឃុំ និង​បង សារ៉ាយ មក​វិញ ឱ្យ​មាន​សេរីភាព។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង​ឯង»

យ៉ាងណាក៏ដោយចុះ លោក កើត សារ៉ាយ មិន​ដែល​ភ័យ​ខ្លាច​នឹង​រឿង​គុក​ច្រវាក់​នេះ​ទេ។ លោក​​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ក្នុង​ការ​ប្រឈម​នឹង​ទង្វើ​យាយី​តាម​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ។ លោក​បាន​ប្រាប់​អាស៊ីសេរី​នៅ​មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​ថា អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ផលប្រយោជន៍​សង្គម។

លោក កើត សារ៉ាយ៖ «អ្វី​ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ ខ្ញុំ​មាន​ការ​ទទួល​ខុសត្រូវ ហើយ​ការ​ទទួលខុសត្រូវ ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​មាន​តម្លៃ​ស្មើ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​រាថយ​ជាមួយ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ ពីព្រោះ​វា​ប្រាកដ​និយម វា​បម្រើ​ផល​ប្រយោជន៍​ជាតិ វា​ជា​អំពើ​ល្អ។ ខ្ញុំ​ច្បាស់​ណាស់​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ជា​ការ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​នៅ​ពេល​នេះ គឺ​តើ​យើង​អាច​ជជែក​គ្នា​រក​មធ្យោបាយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ដែរ ឬ​អត់? តែ​ប៉ុណ្ណឹង​ទេ»

លោក កើត សារ៉ាយ ធ្លាប់​អះអាង​ទៀត​ថា លោក​នឹង​បន្ត​ការងារ​សង្គម​ដោយ​មិន​រួញរា​ឡើយ ដរាបណា​លោក​នៅ​មាន​សេរីភាព។ លោក​មាន​បំណង​ប្រាថ្នា​ធំ​មួយ​ទៀត គឺ​ចង់​ឃើញ​អ្នកដឹកនាំ​ខ្មែរ​ចេះ​ស្រឡាញ់​ពលរដ្ឋ និង​គិតគូរ​អំពី​អនាគត​យុវជន​ជំនាន់​ក្រោយ ជាជាង​គិតតែពី​ប្រយោជន៍​ក្រុម​បក្ខពួក​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ លោក​ចង់​ឱ្យ​យុវជន​មាន​ជំហរ​រឹងមាំ​ក្នុង​ការ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។