ក្រុមយុវជនដាក់ញត្តិទៅក្រសួងព័ត៌មាន ដើម្បីស្នើសុំបើកសារព័ត៌មានឯករាជ្យ វីអូឌី ឡើងវិញ
2023.03.31
ទោះបីជាលោក ហ៊ុន សែន បានប្រកាសពីគោលជំហរថា នឹងមិនឱ្យវិទ្យុផ្សាយសំឡេងឯករាជ្យ វីអូឌី មានឱកាសរស់ឡើងវិញក្ដី ក៏យុវជន និងប្រជាពលរដ្ឋបន្តទាមទារឱ្យក្រសួងព័ត៌មានផ្ដល់អាជ្ញាប័ណ្ណឱ្យ វិទ្យុមួយនេះបើកដំណើរការឡើងវិញ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការផ្ដល់អាជ្ញាប័ណ្ណបើកដំណើរការសារព័ត៌មាន វីអូឌីឡើងវិញ នឹងផ្ដល់ផលចំណេញទៅរដ្ឋាភិបាល និងស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងការចង់បានរបស់ប្រជាពលរដ្ឋ។
ក្រុមយុវជនចំនួនជិត ២០នាក់ នៅព្រឹកថ្ងៃទី៣១ មីនា បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងព័ត៌មាន ដើម្បីស្នើឱ្យផ្ដល់អាជ្ញាប័ណ្ណទៅសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សេងទៀតឡើងវិញ។ ពួកគេលើកឡើងថា បច្ចុប្បន្នមិនមានប្រព័ន្ធផ្សព្វផ្សាយណា ដែលហ៊ាននិយាយពីការពិតក្នុងសង្គម និងភាពអសកម្មរបស់រដ្ឋាភិបាល ដែលអាចឱ្យពួកគេជឿជាក់នោះទេ។
ប្រធានក្លឹបយុវជនបៃតង លោក កែ ចំរើន ឱ្យដឹងនៅថ្ងៃទី៣១ មីនា ថា គោលបំណងនៃការដាក់ញត្តិគឺដើម្បីស្នើសុំឱ្យក្រសួងព័ត៌មានពិចារណាបើកស្ថាប័នព័ត៌មានឯករាជ្យ ជាពិសេស វិទ្យុ វីអូឌី ឡើងវិញ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិត ជាពិសេស ក្នុងព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខ។ លោកបន្តថា ការចូលរួមចំណែកផ្សព្វផ្សាយសារព័ត៌មានពិត និងមានប្រយោជន៍របស់សារព័ត៌មានឯករាជ្យ និងមានវិជ្ជាជីវៈ ដូច វីអូឌីកន្លងមក បានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការពិចារណា និងកែប្រែលើចំណុចអសកម្មផ្សេងៗ។
លោក កែ ចំរើន៖ «យើងដឹងថាសារព័ត៌មានយើងមានច្រើន តែសារព័ត៌មានដែលឯករាជ្យ វាធ្វើឱ្យព័ត៌មានហ្នឹងអត់សូវល្អ អាហ្នឹងទីមួយ ហើយដែលសំខាន់គឺនៅក្នុងឆ្នាំយើងមានព្រឹត្តិការណ៍បោះឆ្នោត។ អ៊ីចឹងយើងចង់ឱ្យមានវត្តមានសារព័ត៌មានឯករាជ្យ ឬ វីអូឌី ហ្នឹង ដើម្បីចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន»។

ការដាក់ញត្តិទៅក្រសួងព័ត៌មាននេះ មានយុវជនមកពីក្លឹបចំនួន៤ គឺក្លឹបយុវជនបៃតង (GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ (KYCD) ក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ (YSDD) និងក្លឹបយុវជនដើម្បីការយល់ដឹង (YA)។ ញត្តិនេះមានការគាំទ្រពីប្រជាពលរដ្ឋ និងយុវជនផ្សេងទៀតចំនួន ៦១នាក់។ ការស្នើសុំឱ្យផ្ដល់អាជ្ញាប័ណ្ណទៅសារព័ត៌មានឯករាជ្យរបស់យុវជនទាំងនេះ មិនមែនផ្ដោតតែទៅលើវិទ្យុសំឡេងប្រជាធិបតេយ្យមួយនោះឡើយ ពោលគឺមានស្ថាប័នសារព័ត៌មានឯករាជ្យដទៃទៀត ដែលរដ្ឋាភិបាលបានបិទ កាលពីអំឡុងឆ្នាំ២០១៧។
មន្ត្រីតស៊ូមតិនៃអង្គការ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) កញ្ញា សាក់ កន្និកា ចាត់ទុកថា ការបិទសារព័ត៌មាន វីអូឌី គឺជាការខាតបង់របស់រដ្ឋាភិបាលក្នុងការកែលម្អចំណុចខ្វះខាតរបស់ខ្លួន តាមរយៈការចុះផ្សាយព័ត៌មានពិតនិងឯករាជ្យ។ អ្នកស្រីបន្តថា ក្រសួងព័ត៌មាន និងប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវពិចារណាផ្ដល់អាជ្ញាប័ណ្ណឱ្យសរព័ត៌មានមួយនេះឡើងវិញ ដើម្បីឱ្យ វីអូឌី មានឱកាសចូលរួមជាមួយរដ្ឋាភិបាលម្ដងទៀតក្នុងការអភិវឌ្ឍសង្គម។
កញ្ញា សាក់ កន្និកា៖ «សម្រាប់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលមើលឃើញពីសារៈសំខាន់របស់សារព័ត៌មានមួយនេះ យើងចង់ឱ្យសរព័ត៌មានមួយនេះបើកដំណើរការឡើងវិញ ហើយខ្ញុំជឿថារដ្ឋាភិបាល អាចមានចិត្តទូលាយ អភ័យលើបញ្ហាដែលបានសាងកំហុស ហើយ វីអូឌីក៏បានសុំទោសរដ្ឋាភិបាលដែរ។ ខ្ញុំជឿថារដ្ឋាភិបាលអាចនឹងពិចារណាទៅលើកន្លែងនេះវិញ។ ព្រោះបើសារព័ត៌មាននៅកម្ពុជាមានគ្រប់ជ្រុងគ្រប់សំឡេង នោះគប្បីដូចជាបង្ហាញថារដ្ឋាភិបាលកម្ពុជាលើកកម្ពស់ប្រជាធិបតេយ្យដែរ»។
ក្រសួងព័ត៌មានបានប្រកាសលុបចោលអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) កាលពីថ្ងៃទី១៣ ខែកុម្ភៈ តាមបញ្ជារបស់លោក ហ៊ុន សែន ដែលបានចោទប្រកាន់មកលើ វីអូឌី ថា បានរំលោភលើវិជ្ជាជីវៈសារព័ត៌មាន និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងផ្ទៃក្នុងរដ្ឋាភិបាល បន្ទាប់ពីចុះផ្សាយព័ត៌មាន ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយឱ្យតួកគី (Turky) ជំនួសលោក ហ៊ុន សែន ដែលជាឪពុក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ និងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៣១ មីនា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រលើការដាក់ញត្តិយុវជនដើម្បីស្នើសុំបើកវិទ្យុ វីអូឌី ឡើងវិញ ព្រោះការស្នើសុំរបស់ក្រុមយុវជន គឺស្របទៅនឹងគោលជំហររបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ បណ្ដាប្រទេសប្រជាធិបតេយ្យ និងប្រជាពលរដ្ឋភាគច្រើន។ លោកជំរុញឱ្យរដ្ឋាភិបាលគួរតែយោគយល់ផ្ដល់អាជ្ញាប័ណ្ណឱ្យ វីអូឌី បើកដំណើរការឡើងវិញ ដើម្បីឱ្យស្ថាប័នមួយនេះ ចូលរួមបម្រើប្រយោជន៍ដល់ ប្រជាពលរដ្ឋ និងសង្គម តាមរយៈការផ្លាស់ប្ដូរព័ត៌មានរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលជួយឱ្យការដោះស្រាយបញ្ហាសង្គម និងជំរុញការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែប្រសើរឡើង។
លោក នី សុខា៖ «ពីព្រោះថា នៅក្នុងដំណើរការប្រជាធិបតេយ្យ គឺថាសេរីភាពសារព័ត៌មាន គឺជាសេរីភាពមួយដែលសំខាន់ណាស់ នៅក្នុងធាតុផ្សំនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងប្រសិនបើយើងមានការបិទទៅលើសារព័ត៌មានមួយ ដែលវាមានភាពឯករាជ ហើយដែលប្រជាពលរដ្ឋមានការជឿទុកចិត្តទៅលើសារព័ត៌មាន ដើម្បីឱ្យវាមានជាព័ត៌មានសម្រាប់ថ្លឹងថ្លែងបញ្ហាក្នុងសង្គម ខ្ញុំគិតថា វាឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយើងមិនសូវជាមានលក្ខណៈល្អប្រសើរប៉ុន្មានទេ»។
ទោះជាយ៉ាងណា បើមើលទៅលើគោលជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំមានចិត្តមានៈ និងឆេវឆាវ ហាក់មិនទន់ចិត្តក្នុងការបើកវិទ្យុផ្សាយសំឡេង វីអូឌី ឡើងវិញនោះទេ បើទោះបីជា មានការរិះគន់ពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ រហូតដល់មានការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្ដី ព្រោះលោក ហ៊ុន សែន ខ្លាចព័ត៌មានដែលហ៊ានផ្សាយរិះគន់ការដឹកនាំរបស់លោក។ ជាមួយគ្នានេះ ការរំលាយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ជាយុទ្ធសាស្ត្រមួយរបស់លោក ហ៊ុន សែន ក្នុងការច្រោះយកតែប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររបបដឹកនាំរបស់លោក ដើម្បីធានាជ័យជម្នះទុកមុនរួចជាស្រេចរបស់បក្សកាន់អំណាច និងការផ្ទេរអំណាចតវង្សត្រកូល។
ទោះយ៉ាងណា ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលគួរតែពិចារណាដើម្បីអនុញ្ញាតឱ្យវិទ្យុផ្សាយសំឡេង វីអីឌី បើកដំណើរឡើងវិញ និងមិនត្រូវយកការសម្រេចចិត្តទាំងកំហឹងរបស់ថ្នាក់ដឹកនាំ មកអនុវត្តដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងសង្គមឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។