ក្រុម​យុវជន​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កើត សារ៉ាយ ពេល​ចូល​ឆ្នាំ​ថ្មី

ដោយ យ៉ង ចាន់តារា
2024.04.14
ក្រុម​យុវជន​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កើត សារ៉ាយ ពេល​ចូល​ឆ្នាំ​ថ្មី ទិដ្ឋភាពព្រះសង្ឃ និងយុវជនលើកបដាទាមទារដោះលែង​លោក កើត សារ៉ាយ ​នៅមុខស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មេសា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

យុវជន​មួយ​ចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព​វិញ អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ ពួកគាត់​លើក​ឡើង​ថា លោក កើត សារ៉ាយ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​ជា​យុវជន​ដែល​ហ៊ាន​លះបង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ពេលវេលា​ដ៏​រីករាយ​សម្រាប់​យុវជន​ខ្មែរ​ជា​ទូទៅ ប៉ុន្តែ​សម្រាប់​យុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​វិញ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​រោង​នេះ ជា​ពេលវេលា​ដ៏​សោកសៅ​សម្រាប់​ពួកគាត់។ សោកសៅ គឺ​ដោយសារ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​ជន​គំរូ​មួយ​រូប។

សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ថ្លែង​ថា លោក​មិន​មាន​អារម្មណ៍​សប្បាយ​រីករាយ​នោះ​ទេ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ពីព្រោះ​លោក កើត សារ៉ាយ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

លោក ធី ថន«ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ខ្ញុំ​មិន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដូច​ឆ្នាំ​មុនៗ​ឡើយ ពីព្រោះ​យើង​បាន​បាត់បង់​លោក កើត សារ៉ាយ ដែល​ជា​បុគ្គល​ដ៏​កម្រ ដែល​ជា​សកម្មជន​ធ្វើ​កិច្ច​ការងារ​សង្គម ដែល​ជា​គ្រូ​បង្គោល​របស់​យុវជន ដែល​ជា​ជន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម ដែល​ជា​មនុស្ស​ម្នាក់​និយាយ​បញ្ហា​សង្គម និង​ជា​មនុស្ស​ដែល​ទាមទារ​រក​យុត្តិធម៌ និង​ទាមទារ​រក​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​រងគ្រោះ ជាដើម»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​លើក​ទីពីរ កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»។ ការ​ចាប់​ខ្លួន​លោក​ជា​ថ្មី​ទៀត​នេះ គឺ​ដោយសារ​តែ​លោក​បាន​ចុះ​ទៅ​ជួប ហើយ​រៀបរាប់​យ៉ាង​លម្អិត​លើ​បណ្ដាញ​សង្គម និង​ផ្ដល់​សម្ភាស​ឱ្យ​អ្នក​សារព័ត៌មាន​អំពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ ក្រោយ​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប​ដោយ​ហិង្សា និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ កាល​ពី​ខែ​មីនា កន្លងទៅ។

អាជ្ញាធរ​ចោទ​លោក កើត សារ៉ាយ ថា បាន​បំភ្លៃ​ព័ត៌មាន​ក្នុង​ចេតនា​ប្រឆាំង​រដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ក្រុម​សកម្មជន សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​ថ្កោលទោស​ទង្វើ​រំលោភ​បំពាន​បែប​នេះ​របស់​អាជ្ញាធរ។ ពួកគេ​រិះគន់​ថា អាជ្ញាធរ​មិន​ទាន់​រក​ដំណោះស្រាយ​សមរម្យ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ និង​បណ្ដេញ​ចេញ​ដោយ​ហិង្សា​នៅឡើយ​ទេ ប៉ុន្តែ​បែរ​ជា​ទៅ​ប្រឌិត​រឿង​ចោទ​ប្រកាន់ និង​បំបិទ​មាត់​លោក កើត សារ៉ាយ ដែល​ជា​អ្នក​លាត​ត្រដាង​ការ​ពិត​ទៅ​វិញ។

យុវជន និង​សកម្មជន​មួយ​ចំនួន​បាន​នាំ​គ្នា​កោរសក់ ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​រឿង​នេះ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព​វិញ។

សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ឱ្យ​ដឹង​ថា លោក​ក៏​បាន​កោរសក់ ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​វីរភាព​របស់​លោក កើត សារ៉ាយ ដែរ។ ក្រៅពី​នេះ លោក​មាន​សកម្មភាព​មួយ​ចំនួន​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កើត សារ៉ាយ។ សកម្មភាព​ទាំងនោះ មាន​ជា​អាទិ៍ ការ​បង្ហោះ​សារ​នានា​ពាក់ព័ន្ធ​នឹង​ភាព​អយុត្តិធម៌​លើ​លោក កើត សារ៉ាយ និង​ការ​រួមគ្នា​ជាមួយ​យុវជន​ផ្សេង​ទៀត​ធ្វើ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​លោក កើត សារ៉ាយ ផង និង​ពង្រឹង​ទឹកចិត្ត​យុវជន​កុំ​ឱ្យ​បាក់ស្បាត​ផង។

លោក ធី ថន«យើង​ចង់​ឱ្យ​លោក កើត សារ៉ាយ មាន​ភាព​រឹងមាំ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​គាត់ ដើម្បី​កុំ​ឱ្យ​គាត់​បាក់​ទឹក​ចិត្ត ទោះបី​គាត់​នៅ​ក្នុង​ពន្ធនាគារ​ក៏​ដោយ។ ទីពីរ គឺ​យើង​ចង់​បង្ហាញ​ថា មាន​យុវជន និង​មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់ ដែល​នឹង​ធ្វើ​កិច្ចការ​សង្គម​បន្ត​ពី​លោក​ទៀត ហើយ​នេះ​ក៏​ជា​គោល​បំណង​របស់​លោក​ដែរ ដែល​ចង់​ឃើញ​ពលរដ្ឋ និង​យុវជន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ដែរ»

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្រុម​យុវជន​បាន​ជួបជុំ​គ្នា​នៅ​វត្ត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ មេសា។ ពួកគេ​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ និង​លេងល្បែង​ប្រជាប្រិយ ដូចជា បោះ​អង្គញ់ ចោល​ឈូង និង​ទាញព្រ័ត្រ ជាដើម។ បន្ទាប់មក ពួកគេ​បាន​ទៅ​ពន្ធនាគារ​ព្រៃស ដើម្បី​សួរ​សុខទុក្ខ​លោក កើត សារ៉ាយ។ មន្ត្រី​ពន្ធនាគារ​បាន​អនុញ្ញាត​ឱ្យ​យុវជន​ចំនួន ៥​នាក់ បាន​ចូល​ជួប​លោក កើត សារ៉ាយ ក្នុង​ពន្ធនាគារ។

យុវជន​មួយ​រូប​ដែល​បាន​ចូល​សួរ​សុខទុក្ខ​លោក កើត សារ៉ាយ គឺ​កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក កើត សារ៉ាយ មាន​សុខភាព​ល្អ និង​នៅតែ​មាន​ជំហរ​រឹងមាំ​ដដែល។ កញ្ញា​បន្ថែម​ថា សារ​របស់​លោក កើត សារាយ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ គឺ​ចង់​ឱ្យ​ពលរដ្ឋ និង​យុវជន​ខ្មែរ​ហ៊ាន​តតាំង​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។

កញ្ញា រៀម ស្រីពេជ្ររតនា«ការ​ជាប់​គុក​របស់​គាត់​លើក​នេះ ចង់​ឱ្យ​ជន​រួម​ជាតិ​ទាំងអស់​គ្នា​ហ្នឹង ក្រោក​ឡើង ហើយ​រឹងមាំ ជាពិសេស​យុវជន​ហ្នឹង គឺ​ត្រូវតែ​នាំគ្នា​ទម្លុះ​ជញ្ជាំង​ដើម្បី​ទៅ​រក​កន្លែង​មួយ​ដែល​មាន​យុត្តិធម៌​សង្គម ហើយ​មិន​ចង់​ឱ្យ​យើង​ឈឺ​ចាប់​នឹង​ការ​លះបង់​របស់​គាត់​ទេ ព្រោះ​គាត់​បាន​ត្រៀម​ខ្លួន​រួច​ហើយ។ អ៊ីចឹង​ទាំងអស់​គ្នា​ត្រូវ​តែ​ញញឹម ហើយ​ហ៊ាន​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្សេងៗ ដើម្បី​ដោះស្រាយ ត្រួសត្រាយ​ផ្លូវ​ឱ្យ​អ្នក​ជំនាន់​ក្រោយ»

កញ្ញា រៀម ស្រីពេជ្ររតនា បញ្ជាក់​ថា ថ្វីត្បិត​លោក កើត សារ៉ាយ មាន​សុខភាព​ល្អ និង​ជំហរ​រឹងមាំ​ពិត​មែន តែ​លោក​មាន​អារម្មណ៍​ខ្វាយខ្វល់​ពី​សុខទុក្ខ​ម្ដាយ​របស់​លោក គឺ​លោកស្រី ចាម យ៉ែម ដែល​កំពុង​រស់នៅ​ខេត្ត​សៀមរាប ហើយ​ដែល​បច្ចុប្បន្ន​មាន​ជន្មាយុ​ជិត ៨០ វស្សា​ទៅ​ហើយ។ កញ្ញា​បន្ថែម​ថា ក្រុម​យុវជន​នឹង​ទៅ​ជួប​សួរ​សុខទុក្ខ​ម្ដាយ​របស់​លោក កើត សារ៉ាយ ទាំង​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ និង​នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​គ្រួសារ និង​រូប​លោក កើត សារ៉ាយ ផ្ទាល់។

ជាង​នេះ​ទៅ​ទៀត ក្រុម​យុវជន​នឹង​បន្ត​យុទ្ធនាការ​តស៊ូ​មតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កើត សារ៉ាយ បន្ថែម​ទៀត នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ពួកគេ​អះអាង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​បាក់​ស្បាត​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​ឱ្យ​ពួកគេ​កាន់​តែ​មាន​ទឹកចិត្ត​មោះមុត​ថែម​ទៀត ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។