ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ទាត់​ចោល​សំណើ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​ស្នើ​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ

ដោយ មួង ណារ៉េត
2021-05-20
Share
ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ទាត់​ចោល​សំណើ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​ស្នើ​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ (ឆ្វេង) លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ក្នុង​របប​កមពុជា​ប្រជាធិបតេយ្យ និង​ (ស្ដាំ) អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់ផ្តើមសវនាការដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត។
រូប៖ ហ្វេសប៊ុក ECCC

សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ទាំង​ជាតិ និង​អន្តរជាតិ​ ទាត់ចោល​សំណើ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​ស្នើ​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី២០ ខែឧសភា សហ​ចៅក្រម​ទាំង​ពីរ​នៃ​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត អះអាង​ថា សេចក្ដី​សម្រេច​មិន​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​នេះ បាន​បញ្ជាក់​ច្បាស់​រួច​ទៅ​ហើយ​ នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​ជាតិ នៃ​​អង្គ​បុរេ​ជំនុំជម្រះ កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ដែល​បិទ​ផ្លូវ​តវ៉ា​នោះ។ ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​ថា សហ​ព្រះរាជអាជ្ញា​អន្តរជាតិ មិន​យល់​ខ្លឹមសារ​នៃ​ពាក្យ​ពេចន៍​របស់​សហ​ចៅក្រម​ជាតិ​នៃ​អង្គ​បុរេ​ជំនុំជម្រះ ទើប​ដក​ស្រង់​យក​ធ្វើ​សេចក្ដី​យោង​ដោយ​មិន​ត្រឹមត្រូវ។ ជាង​នេះ​ទៅ​ទៀត សហ​ចៅក្រម​ស៊ើបអង្កេត បដិសេធ​ការ​យល់​ឃើញ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​ថា ចៅក្រម​អង្គ​បុរេ​ទាំង​ប្រាំ​រូប ឯកភាព​គ្នា និង​មាន​សំឡេង​ស្រប​គ្នា​ជា​ឯកច្ឆន្ទ​ថា អាច​បញ្ជូន​សំណុំ​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​បាន។

មិនតែប៉ុណ្ណោះ សហ​ចៅក្រម​ស៊ើប​អង្កេត បារម្ភ​អំពី​ហានិភ័យ​នៃ​ការ​ជាប់​គាំង​សំណុំ​រឿង​លោក​ មាស មុត ដែល​គួរ​តែ​បញ្ចប់​ដោយ​ខ្លួនឯង​ដោយ​អង្គ​បុរេ​ជំនុំជម្រះ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បញ្ចប់​បែប​នេះ ដែល​នាំ​ឲ្យ​បំពាន​សិទ្ធិ​របស់​ជន​ជាប់​ចោទ ក្នុង​ការ​ទទួល​បាន​នូវ​ការ​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ស្ថាពរ និង​ឆាប់​រហ័ស។

មិន​ខុស​ពី​សំណុំ​រឿង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែរ សំណុំ​រឿង​លោក មាស មុត នេះ​មាន​ភាព​ចម្រូងចម្រាស និង​ខ្វែង​យោបល់​គ្នា​រវាង​ភាគី​ជាតិ និង​អន្តរជាតិ គ្រប់​ស្ថាប័ន​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។ ភាគី​ជាតិ តែងតែ​ជំទាស់​ការ​កាត់​ក្តី​បន្ថែម​លើ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ ដោយ​ឈរ​លើ​សម្អាង​ថា អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ទាំង​នោះ មិន​មែន​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់ ឬ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ ភាគី​អន្តរជាតិ តែង​តែ​យល់​ថា សាលាក្ដី​ខ្មែរ​ក្រហម មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​រឿង​ពួក​គាត់​ទៅ​ជំនុំជម្រះ ព្រោះ​ពួក​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​នោះ។

ប៉ុន្តែ​លើក​នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ធ្លាប់​ចេញ​ដីកា​ឲ្យ​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ បែរ​ជា​យល់​ស្រប​គ្នា​ជាមួយ​ភាគី​សហ​ចៅក្រម​ជាតិ​ថា មិន​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ​វិញ និង​ឲ្យ​បិទ​បញ្ចប់​រឿង​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ការពារ​សិទ្ធិលោក មាស មុត ព្រោះ​យោង​លើ​សម្អាង​ថា អង្គ​បុរេ​ជំនុំជម្រះ​សម្រេច​ច្បាស់លាស់​រួច​ហើយ​រឿង​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី រឿង​ក្ដី​របស់​លោក មាស មុត នេះ​មិន​ទាន់​បិទ​បញ្ចប់​ឆាប់ៗ នោះ​ដែរ ព្រោះ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល