ព្រះរាជ​អាជ្ញាជាតិ​និង​​អន្តរជាតិ​​នៃ​សាលាក្ដីខ្មែរក្រហម​បន្ត​ខ្វែង​យោបល់គ្នា​ទៀត​រឿង​កាត់​​ឬ​មិនកាត់ទោស​​លោក​មាស មុត​

ដោយ មួង ណារ៉េត
2021-04-14
Share
ព្រះរាជ​អាជ្ញាជាតិ​និង​​អន្តរជាតិ​​នៃ​សាលាក្ដីខ្មែរក្រហម​បន្ត​ខ្វែង​យោបល់គ្នា​ទៀត​រឿង​កាត់​​ឬ​មិនកាត់ទោស​​លោក​មាស មុត​ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់ផ្តើមសវនាការដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត។
រូប៖ ECCC

​ការខ្វែងយោបល់​គ្នានេះ​ធ្វើឡើង​​ក្រោយ​​សេចក្ដីសម្រេចរបស់​អង្គបុរេជំនុំជម្រះ​​លើរឿងនេះ​រួចទៅ​​ហើយ ប៉ុន្តែនៅតែ​មិន​ដាច់ស្រេច ដោយ​សារ​​តែចៅ​ក្រមជាតិ​ និង​​អន្តរជាតិ​នៃ​អង្គបុរេជំនុំជម្រះ​ក៏ខ្វែងយោបល់​គ្នា​ដែរ។ ក្នុង​សេចក្តីសម្រេច​​របស់​អង្គបុរេជំនុំជម្រះ​កាលពីថ្ងៃទី​០៧ ខែ មេសា សហចៅក្រម​ជាតិ​សម្រេច​ឲ្យ​​តម្កល់​រឿង​នេះ​ដោយ​​មិនចាត់​ការ។

​ប៉ុន្តែសហចៅក្រម​អន្តរជាតិ​សម្រេច​ឲ្យបញ្ជូ​ន​រឿងនេះ​ទៅ​ជំនុំជម្រះ​ដោយ​ស្នើ​ឲ្យ​​អង្គជំនុំជម្រះ​សាលាដំបូង​ទទួល​យក​សំណុំរឿងនេះ ​ទៅចាត់ការ​បន្ត។​ ក្រោយ​សេចក្តីសម្រេច​មិន​ដាច់​ស្រេចបែបនេះ​​ចេញ​រួច អ្នក​ច្បាប់​នៅ​សាលាក្ដីខ្មែរ​ក្រហម​បកស្រាយថា ​សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ ​មានន័យថា សំណុំរឿង​របស់​លោក មាស មុត ត្រូវ​ចប់ត្រឹម​នេះ​ ហើយការ​ស៊ើបអង្កេតរឿងនេះ​កន្លងមក បាន​ត្រឹមតែ​ទុកជា​ឯកសារ​ប្រវត្តិសាស្រ្ត​តែ​​ប៉ុណ្ណោះ។

ទោះជា​យ៉ាងនេះ​ក្ដី សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​កាលពី​ថ្ងៃទី​១៣ ខែមេសា​ ចេញ​សេចក្តីថ្លែងការណ៍មួយ ដោយបក​ស្រាយបញ្ជាក់​ថា រឿងក្តី​​របស់​លោក មាស មុត​ មិន​ទាន់​បញ្ចប់ត្រឹម​នេះនោះទេ។ សហព្រះរាជអាជ្ញាអន្តរជាតិ​អ្នកស្រី ប្រិនដា ហុល្លីស (Brenda J. Hollis) ថា​អង្គបុរេជំនុំជម្រះ​មិន​បាន​សម្រេច​​ឲ្យ​បញ្ឈប់​​រឿង​ក្ដី​នេះ ដោយ​​មិន​ឲ្យ​បន្តទៅ​ជំនុំជម្រះនោះ​ឡើយ។ អ្នកស្រី​យោង​លើ​សម្អាង​ថា យ៉ាងហោចណាស់​​មានចៅក្រម​អង្គបុរេជំនុំជម្រះ​ ៥​នាក់ ក្នុងចំណោម ៧​នាក់ ​យល់ស្រប​ថា ​ដីកា​បញ្ជូនរឿង​លោក មាស មុត ទៅជំនុំជម្រះ​មាន​សុពលភាព ដូច្នេះ​បំពេញ​តាម​លក្ខខណ្ឌតម្រូវ​​សម្រាប់​​សំឡេង​​ភាគច្រើន​លើសលុប។

ដោយសារមូល​ហេតុ​ទាំង​នេះ ហើយផ្អែក​លើបទបញ្ជាផ្ទៃក្នុង​របស់​សាលាក្ដីខ្មែរក្រហម​អ្នកស្រី ប្រិនដា ហុល្លីស ស្នើសុំឲ្យ​សហចៅក្រមស៊ើបអង្កេត​មួយណាក៏​បាន​ ត្រូវ​​បញ្ជូន​រឿងនេះ​ទៅអង្គជំនុំជម្រះ​សាលាដំបូង​ដើម្បី​ចាប់​ផ្តើម​កាត់ក្តី​លោក​មាស មុត។

មាត្រា ៧២ នៃ​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដីខ្មែរក្រហម​ចែងថា ក្នុង​ករណី​អង្គបុរេជំនុំជម្រះ​មិនអាច​រកសំឡេង​គាំទ្រ​ភាគច្រើន​បាន មានន័យ​ថា​ ដីកា​របស់​ចៅក្រមស៊ើបអង្កេត​​ណា​ម្នាក់​​ត្រូវ​​មាន​​សុពលភាព​ឬត្រូវ​តែយក​មក​អនុវត្ត។

ផ្ទុយពីការ​លើកឡើង​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​សហព្រះរាជអាជ្ញាជាតិ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​ជំទាស់​ដោយ​លើកឡើង​ថា សហចៅក្រមជាតិ​​នៃ​អង្គបុរេជំនុំ​ជម្រះ​បាន​សម្រេច​តម្កល់​រឿងនេះ​មិនចាត់ការ​រួចទៅ​ហើយ។ ដូច្នេះ​សហព្រះរាជអាជ្ញាជាតិ ថា​សំណុំរឿង​លោក មាស មុត ត្រូវ​ចប់ត្រឹម​នេះ​ដោយយោង​រឿងនេះ​ទៅ​​នឹង​​​សំណុំរឿង​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហម​មួយ​រូប​ទៀត គឺ​លោក អោ អាន ដែល​ចៅក្រមនៃអង្គ​ជំនុំជម្រះ​សាលាដំបូង​កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០​ សម្រេច​ថា ចប់​នៅត្រឹម​មុន​អង្គសេចក្តី។

​នៅពេល​ដែលចៅក្រ​ម​ និង​ ព្រះរាជអាជ្ញា​នៅសាលាក្ដី​បន្តខ្វែង​យោបល់គ្នា​បែបនេះ ​សាធារណ​ជន​ទូទៅ​ត្រូវ​ស្ថិត​ក្នុង​ភាពស្រពិចស្រពិល​គ្មាន​ទី​បញ្ចប់ដែរ។ គេ​នៅចាំមើលថា តើសំណុំ​រឿង​លោក មាស មុត ដែល​នៅ​តែលតោល​ជាង ១០ ឆ្នាំទៅ​ហើយ​នេះ នឹង​​ចប់​ត្រឹមនេះ ​ឬបន្ត​ទៅមុខ​ទៀត។​

អ្នកដែល​អាចបំភ្លឺរឿងនេះ​បាន គឺ​អ្នកនាំពាក្យ​សាលាក្តីខ្មែរ​ក្រហម​​លោក​ នេត្រ ភក្ត្រា។ ប៉ុន្តែ លោក​មិន​ឆ្លើយតបការ​សុំបំភ្លឺ​របស់​អាស៊ីសេរីទេ។

កន្លងមក​សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ គឺ​ជា​អ្ន​ក​ឈានមុខគេ​ក្នុងការ​ជំរុញឲ្យ​បញ្ចូនសំណុំរឿង​លោក មាស មុត ទៅ​ជំនុំជម្រះ។ ក្រោយ​ចេញ​​សេចក្តីថ្លែង​ការណ៍​របស់​ព្រះរាជអាជ្ញា​អន្តរជាតិ​នេះ ថាតើ​សហចៅក្រម​ស៊ើបអង្កេត​ នឹង​បញ្ជូនសំណុំរឿងនេះ ​ទៅអង្គជំនុំជម្រះ​នៅ​សាលាដំបូង​ឬ​យ៉ាងណា?​

លោក មាស មុត ​អាយុ ៨៣ ឆ្នាំ មាន​ស្រុកកំណើត​​ក្នុង​ខេត្ត​កំពត បច្ចុប្បន្នរស់​នៅ​ក្នុងខេត្ត​​បាត់ដំបង។ លោក​ត្រូវ​​បាន​ចោទ​​ប្រកាន់​ថា ធ្លាប់​ជា​​កម្មាភិបាល​​ជាន់ខ្ពស់​​ក្នុង​របប​​ខ្មែរក្រហម ដោយ​មាន​​តួនាទី​ជា​​សមាជិក​​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​ ១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​​ជា​​លេខា​​ស្វយ័ត​​នៅ​​កំពង់សោម​​ផង។

កិច្ចដំណើរការ​នីតិវិធី​មុន​អង្គសេចក្ដី​ពាក់ព័ន្ធ​នឹង​​ករណីលោក​មាស មុត បានចាប់​ផ្តើមតាំង​ពី​ចុងឆ្នាំ ២០០៨ ដែល​គិតមក​ដល់ពេល​នេះប្រើ​ពេល​ជិត​ ១៣ ឆ្នាំ​ទៅ​ហើយ​ នៅតែមិ​ន​ទាន់ដាច់​ស្រេច។ នេះនៅមិន​ទាន់គិតដល់​កិច្ចដំណើការ​នីតិវិធី ប្រសិន​បើ​​សំណុំរឿងនេះ ត្រូវបញ្ជូន​ទៅជំនុំជម្រះ​ ដែល​អាចស៊ីពេល​រាប់ឆ្នាំទៅ​មុខ​ទៀត។

ក​ន្លង​មករឿងក្ដីនីមួយៗ ​ពាក់ព័ន្ធ​នឹង​​អតីត​កម្មាភិបាល​ខ្មែរក្រហម​សុទ្ធតែ​ប្រើពេលច្រើន​ឆ្នាំក្នុង​ការ​ស៊ើបអង្កេត និង​ជំនុំជម្រះ។ រឿងខ្លះ​​មាន​​រហូត​ជាង​ដល់​ ១០​ឆ្នាំ​ក៏​មាន។

អតីតរដ្ឋមន្រ្តីការបរទេស​ខ្មែរក្រហម​លោក អៀង សារី​ បានស្លាប់​ក្នុង​ពេល​ឃុំខ្លួន​នៅ​សាលាក្ដីខ្មែរក្រហម​ ក្នុងវ័យ ៨៨ ឆ្នាំ ស្លាប់ទាំង​រឿងក្ដី​នៅពាក់​កណ្តាល​ទី។ ​ភរិយា​របស់​លោក អៀង សារី គឺអ្នកស្រី អៀង ធិរិទ្ធ​ ដែលជា​អតីត​រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ចខ្មែរ​ក្រហម​បាន​ស្លាប់​ក្នុងវ័យ ៨៣ ឆ្នាំ ស្លាប់​ក្រោយ​សាលាក្តីដោះលែង ព្រោះ​រក​ឃើញថា អ្នកស្រីគ្មាន​កាយសម្បទា​គ្រប់គ្រាន់ដើម្បី​ចូលរួម​សវនាការ។ រឿងក្តីបងធំទីពីរ​សម័យខ្មែរ​ក្រហម​ គឺលោក នួន ជា ​ប្រើពេលជាង​ ១០ ឆ្នាំ​ ទម្រាំ​សាលា​ក្ដី​នេះ រកឃើញថា គាត់មានទោសត្រូវដាក់ពន្ធនាគារ​អស់មួយជីវិត។ លោកស្លាប់​​ពេលកំពុង​ជា​ប់ឃុំនៅ​មន្ទី​រ​ឃុំឃាំងនៃ​សាលាក្ដីខ្មែរក្រហមកាលពី​ឆ្នាំ ២០១៩ ក្នុងវ័យ ៩៣ ឆ្នាំ។ មេគុកទួលស្លែង​លោក កាំងហ្គេកអ៊ាវ ហៅឌុច​ ប្រើពេល​ជាង​ ១០ ឆ្នាំដែរ ទើប​ជំនុំជម្រះចប់។ សាលាក្ដីខ្មែរ​ក្រហមកាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​អស់​មួយជីវិត ប៉ុន្តែ​លោក​​បានស្លាប់​ក្នុងពន្ធនាគារនាខេត្តកណ្ដាល​ កាលពីឆ្នាំ២០២០ ក្នុងវ័យ ៧៨ ឆ្នាំ។

គុកទួលស្លែង​បន្សល់​ទុកនូវ​ស្លាកស្នាម​អតីតកាល​ជាច្រើន​ រួមទាំង​រូបថត​ជនរងគ្រោះ ដែលគេ​ដាក់តាំង​សម្រាប់ភ្ញៀវ​ទេសចរណ៍។ រូបថតទាំង​នោះ បង្ហាញ​នូវ​ទឹក​មុខ​ក្រៀមក្រំ​របស់​អ្នក​ជាប់ឃុំ ដែល​សុទ្ធតែ​ត្រូវគេថតរូប ​មុនគេយក​ទៅដាក់ឃុំ ​និង​​ធ្វើទារុណ្ឌ​កម្ម រួច​​សម្លាប់​ចោល។ ក្នុងចំណោម​អ្ន​ក​ជាប់ឃុំជា​ង​ ១ម៉ឺន២ពាន់នាក់មានតែ​ប្រមាណជាង ១០នាក់ប៉ុណ្ណោះ ដែលនៅរស់រាន​មាន​ជីវិត​ក្រោយ​របប​ខ្មែរក្រហម។

ជុំវិញរឿង​ជន​រងគ្រោះនៅ​គុកទួល​ស្លែង​នេះ ថ្មីៗ​នេះ មាន​វិចិត្រករជនជាតិ​អៀរឡង់មួយ​រូប គឺលោក​ ម៉ាត់ ឡក់រី (Matt Loughrey) បាន​កែច្នៃរូបថត​អ្នក​ជាប់ឃុំ​មួយ​ចំនួន​ពី​រូប​សខ្មៅ ទៅរូប​ពណ៌ធម្មជាតិ ហើយ​លោក​ថែមទាំង​បាន​កែទឹកមុខ​ជនរងគ្រោះ ដោយបន្ថែម​ស្នាមញញឹម​គ្រប់រូប​ដែលលោកបានកែ។​ រូបថតកែរួច​ទាំង​នេះ លោកបាន​ផ្សាយតាម​​គេហទំព័ររបស់​ក្រុមហ៊ុន​ផ្សព្វផ្សាយរបស់​អាមេរិកមួយឈ្មោះ ​វ៉ៃស៍ (VICE)​ កាល​ពី​សប្តាហ៍មុន។

ការបន្ថែ​ម​ស្នាមញញឹមនេះ ធ្វើឲ្យ​សាធារណៈទូទៅ​​ជាពិសេស​អ្នកធ្លា​ប់​រងគ្រោះ​ក្នុង​សម័យខ្មែរក្រហម​ មិន​អាច​ទទួលយក​បាន​រហូតពួកគាត់​ធ្វើយុទ្ធនាការ​ជាសាកល​ ទាមទារ​​ឲ្យ​​ក្រុមហ៊ុន វ៉ៃស៍ ដករូបទាំង​នេះ ចេញ​វិញភ្លាម។ ជាលទ្ធផល កាល​ពីដើ​ម​សប្តាហ៍ ក្រុមហ៊ុន​នេះ បានដក​រូបទាំ​ងនោះ​ចេញ​វិញ ​រួច​សរសេរ​សេចក្តីថ្លែង​ការណ៍​បង្ហាញការ​សោកស្ដាយ​ដែលមាន​កំហុស​បែបនេះ។

ទោះជាយ៉ាងនេះ​ ពលរដ្ឋខ្មែ​រ​ជា​ច្រើន​ទៀត​ នៅបន្តធ្វើ​យុទ្ធនាការឲ្យវិចិត្រកររូបនេះ ​សុំទោស​ជា​សាធារណៈ ព្រោះពួកគាត់​ចាត់ទុក​ការ​កែរូប​ឈឺចាប់ និង​​ខ្លោ​ច​ផ្សារបស់​ជនរងគ្រោះ ដែល​ស្ថិតនៅមាត់ច​ង្កូម​មច្ចុរាជ ឲ្យទៅ​ជាញញឹម​ពព្រាយ​បែបនេះ គឺជាការ​ប្រមាថមើលងាយ​ព្រលឹងជនរងគ្រោះ​ និង​គ្រួសារ​ និង​ធ្វើ​ឲ្យ​​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ និង​ធ្វើឲ្យស្នា​ម​របួសចាស់​កាន់តែ​ឈឺផ្សា​រ​ខ្លាំង​ឡើងជាដើម។

ជនរងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​និង​​ជាដើម​បណ្តឹ​ង​រដ្ឋប្បវេណីនៅ​សាលាក្តីខ្មែរ​ក្រហម​កញ្ញា សេង ធារី ប្រាប់​អាស៊ីសេរី ថា​កញ្ញាចាត់ទុក​វិចិត្រកររូបនេះ ថា​ជាមនុស្ស​សរសៃប្រសាទ។ កញ្ញាចាត់ទុក​អ្នកកែរូបថត​ជនរងគ្រោះ​រូបនេះ ថាជា​តួត្លុកកំប្លែង ដែលចង់ល្បី​ ប៉ុន្តែ​មានភាព​អមនុស្ស​ និង​​គ្មាន​បេះដូង។

អាស៊ីសេរី មិន​ទាន់​​អាច​សុំការ​បំភ្លឺពី​លោក ម៉ាត់ ឡក់រី (Matt Loughrey) ថា​បើលោក​កែពណ៌រូបថតពីសខ្មៅ​ទៅពណ៌ធម្មជាតិ ចុះហេតុអ្វី​ចាំបាច់កែ​រូបពី​មុខ​ស្ងួត​ ទៅ​ជា​មុខ​ញញឹមពព្រាយ​បែបនេះទៅ​វិញ។

តាម​តាម​រយៈរូបថត​ដើម​របស់ជនរងគ្រោះទាំង​នោះដែលគេបង្ហោះ​ភ្ជាប់​ជាមួយ​រូបកែរួច​បង្ហាញ​ថា រូបដើម​ស្ទើរតែ​ទាំងអស់ ទាំងស្រី​ទាំងប្រុស គ្មាន​ស្នាមញញឹម​នោះ​ទេ ​គឺមុខ​ស្ងួតស្ទើរ​គ្រប់គ្នា៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Bora
Bora says:
Apr 14, 2021 10:20 AM

សូមអោយវិទ្យុអាស៊ីសេរី បន្តនិងបង្កើន ពត៍មាន ឯករាជ្យលើគ្រប់វិស្ស័យនយោបាយ និងសេដ្ឋកិច្ច ដោយតម្លាភាព។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល