ពលរដ្ឋ​ជិត​៥០​នាក់​តវ៉ា​នៅ​ខាងមុខ​សាលាក្រុង​ភ្នំពេញ ស្នើសុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី

ដោយ សុជីវី
2024.05.17
ពលរដ្ឋ​ជិត​៥០​នាក់​តវ៉ា​នៅ​ខាងមុខ​សាលាក្រុង​ភ្នំពេញ ស្នើសុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី ពលរដ្ឋ​នៅ​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពឹង ខណ្ឌ​ដង្កោ តវ៉ា​នៅ​ខាងមុខ​សាលារាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០២៤។
រូប​ភាព​ផ្ដល់​ដោយ​ពលរដ្ឋ​តវ៉ា

ពលរដ្ឋ​ជិត​៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​ឧសភា នាំគ្នា​ទៅ​តវ៉ា​នៅ​ខាងមុខ​សាលាក្រុង​ភ្នំពេញ ស្នើសុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី លើ​ដី​ទំហំ ២​ហិកតារ នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ក្រុងភ្នំពេញ។

ពួកគាត់​បាន​លើក​បដា ដែល​បង្ហាញ​ពី​ការឈឺចាប់​ថា ដីធ្លី​នេះ​ជា​អាយុជីវិត​របស់​ពួកគាត់ បើ​បាត់បង់​ដីធ្លី​ប្រៀប​បាន​នឹង​ការ​ដកហូត​អាយុជីវិត​របស់​ពួកគាត់​ដូច្នោះ​ដែរ។

ក្រុម​ពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ក្រុង​ចាត់វិធានការ​រក្សា​ដី​ទំហំ ២​ហិកតារ ដែល​ពលរដ្ឋ​បាន​រស់នៅ អាស្រ័យ​ផល និង​មាន​កន្លែង​កប់​សព​ជា​យូរ​មក​ហើយ​នោះ ឱ្យ​រួច​ពី​ការប៉ុនប៉ង​រំលោភបំពាន​យក​ពី​ក្រុម​ឈ្មួញ ដែល​ចេញមុខ​ប្ដឹង​ដណ្ដើម​ដី​ពី​ពលរដ្ឋ។

ពួកគាត់​ទាមទារ​ឱ្យ​សាលាក្រុង​ភ្នំពេញ និង​ក្រសួង​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ឱ្យ​ពួកគាត់ ពីព្រោះ​ពួកគាត់​បាន​កាន់​ដី​នោះ​មាន​ប្លង់​ទន់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ។

ពលរដ្ឋ​ម្នាក់ លោក សម សីលា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពួកគាត់​ស្នើសុំ​តែ​ម្យ៉ាង​គត់​គឺ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​រស់នៅ​លើ​ដី​នេះ។

លោក សម សីលា៖ «ប្រជាពលរដ្ឋ​គាត់​អត់​មាន​ចង់បាន​ការចរចា​សង​សំណង​អី​ទេ គ្រាន់តែ​ចង់បាន​ប្លង់​រឹង​។ ប្រជាជន​គាត់​មានតែ​ប្លង់​ទន់​ទេ​រហូតដល់​.​ខែ​៥ ឬ​ខែ​៧ ឆ្នាំ​២០២២ រដ្ឋាភិបាល​គេ​ចាប់ផ្ដើម​ធ្វើការ​ចុះឈ្មោះ​ជា​ប្រព័ន្ធ​សម្រាប់​ធ្វើ​ប្លង់ដី​ថ្មី​ប្លង់ដី​រឹង រហូតដល់​យើង​ចុះឈ្មោះ​បានសម្រេច​គេ​ឱ្យ​កន្ទុយ​សន្លឹក​រង់ចាំ​ប្លង់​រឹង​។ គេ​វាស់វែង​ជា​ប្រព័ន្ធ មានការ​វាស់​ពី​សុរិយោដី​។ ដល់​ធ្វើ​ហើយ​យើង​បាន​កន្ទុយ​សន្លឹក​យើង​រង់ចាំ​។ រហូតដល់​ខែ​៣ ថ្ងៃទី​២២ ឆ្នាំ​២០២៤ យើង​ទៅ​បើក​ប្លង់​រឹង​។ ដល់​ថ្ងៃ​ទៅ​បើក​ប្លង់​រឹង​ហ្នឹងហើយ​ទើប​យើង​ដឹង​ថា ដី​យើង​មាន​បណ្ដឹង។ ទើប​ដឹង​ថា ដី​យើង​ហ្នឹង​មាន​បណ្ដឹង»

ក្នុង​ពេល​តវ៉ា ពលរដ្ឋ​បាន​លើក​បដា​មួយចំនួន​ដែល​សរសេរ​ថា ដី​ផ្ទះ​គឺជា​ជីវិត​របស់​ពួក​យើង ការ​មិន​ចេញ​ប្លង់​រឹង​ឱ្យ​ពួក​យើង ប្រៀប​ដូចជា​ការ​ដកហូត​អាយុជីវិត​របស់​ពួក​យើង​អ៊ីចឹង​ដែរ ពួក​យើង​ឈឺចាប់​ណាស់ រស់នៅ​ក្រោម​ម្លប់​សន្តិភាព​ទៅ​ហើយ បែរជា​អាជ្ញាធរ​ធ្វើ​រឿង​បែបនេះ​ដាក់​ពួក​យើង​ទៅវិញ។

ពលរដ្ឋ​ចេញ​តវ៉ា​នេះ បន្ទាប់​ពី​មាន​ឈ្មោះ លឹម លីណា តំណាង​ក្រុមហ៊ុន អេកូមេហ្គា ប្ដឹង​ពលរដ្ឋ​៥០​គ្រួសារ​រារាំង​មិន​ឱ្យ​អាជ្ញាធរ​ចេញ​ប្លង់​រឹង​ឱ្យ​ពលរដ្ឋ ដោយ​សំអាង​ថា គេ​បាន​ទិញ​ដី​នេះ​កាលពី​ឆ្នាំ​២០១៥។

បើ​ទោះ​ជា​យ៉ាងណា ពលរដ្ឋ​នៅតែ​អះអាង​ថា ពួកគាត់​ជា​ម្ចាស់​ដី ពីព្រោះ​ដី​នៅ​តំបន់​នោះ​ធ្លាប់​ជា​ដីស្រែ ជា​កន្លែង​កប់​សព ហើយ​ពួកគាត់​មួយចំនួន​បាន​ទៅ​ទិញ​ដី​ពី​ម្ចាស់​ដី​នៅ​តំបន់​នោះ​ពុះ​ឡូត៍​លក់​ផង​ដែរ ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៤​មក ដែល​បច្ចុប្បន្ន​នេះ​ក៏​មាន​លំនៅឋាន​ស្របច្បាប់​របស់​ពលរដ្ឋ​ថែមទៀត​។ ពួកគាត់​អះអាង​ថា មិន​ធ្លាប់​លក់​ដី​នៅ​ដី​ទីនោះ​ឱ្យ​ក្រុមហ៊ុន​ណា​ទេ ឬ​មាន​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ជាក់​ថា ដី​នោះ​ជា​របស់​ក្រុមហ៊ុន​ណា​ដែរ។

ពលរដ្ឋ​ម្នាក់ទៀត លោក សឿន សុខុម អះអាង​ថា​លោក​បាន​ទិញ​ដី​នៅ​តំបន់​នេះ​តាំងពី​ឆ្នាំ​២០១៤ ហើយ​លោក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​មក​សង់ផ្ទះ ដែល​លោក​កំពុង​រស់នៅ​សព្វថ្ងៃ ដោយមាន​ឯកសារ​ស្របច្បាប់ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌដង្កោ​។ លោក​ថា ដី​នេះ​ជា​ញើស​ឈាម​របស់​គ្រួសារ​លោក​ក្នុង​រយៈពេល​ជិត​កន្លះ​ជីវិត​មកនេះ។

លោក សឿន សុខុម៖ «ព្រោះ​អី​ដឹង​ស្រាប់​ហើយ​ខ្ញុំ​ក៏​អាយុ​ច្រើន​មាន​ជំងឺ​ឈឺ​ស្កាត់​ពាក់​កណ្ដាល​ជីវិត​ជាង​រួច​ទៅ​ហើយ​។ ខ្ញុំ​ចេះតែ​ភ័យ​បារម្ភ ព្រោះ​មានកូន​ទឹម​បាន​រៀនសូត្រ​បាន​បន្តិចបន្តួច គ្រាន់​បាន​ថ្ងៃក្រោយ​ទៅ​មានផ្ទះ​មាន​សម្បែង​នៅ បែរជា​មានរឿង​រ៉ាវ​អ៊ីចឹង ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ភ័យ​បារម្ភ»

ពលរដ្ឋ​បាន​ចូល​ជួប​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ភ្លាមៗ​នៅ​ក្រោយ​ការ​តវ៉ា​នេះ។ ពលរដ្ឋ​ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​អាជ្ញាធរ​ប្រាប់​ពួកគាត់​ថា ក្រុមហ៊ុន អេកូមេហ្គា មាន​សេចក្ដី​ជូនដំណឹង ឬ​ស..ណ ពី​រដ្ឋាភិបាល​ដែល​កាត់​ដី​ឱ្យ​ក្រុមហ៊ុន​នេះ។

land_dangko.jpg
ពលរដ្ឋ​នៅ​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពឹង ខណ្ឌ​ដង្កោ តវ៉ា​នៅ​ខាងមុខ​សាលារាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០២៤។ រូប​ភាព​ផ្ដល់​ដោយ​ពលរដ្ឋ​តវ៉ា

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ភាគី​ក្រុមហ៊ុន អេកូមេហ្គា ដែល​តំណាង​ដោយ​ឈ្មោះ លឹម លីណា និង​មន្ត្រី​សាលាក្រុង​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ នៅ​យប់​ថ្ងៃទី​១៦ ខែ​ឧសភា។

បើ​ទោះ​ជា​យ៉ាងណា​ពលរដ្ឋ​បញ្ជាក់​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ​សុំ​ពេល​២​សប្ដាហ៍​ទៀត ដើម្បី​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បន្ត​ទៀត។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​ពលរដ្ឋ​តវ៉ា​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នេះ ហើយក៏​ជា​លើក​ទី​២​ដែរ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​សន្យា​ថា នឹង​រក​ដំណោះស្រាយ ប៉ុន្តែ​បញ្ហា​ចំពោះមុខ​របស់​អាជ្ញាធរ ដែល​អាជ្ញាធរ​ពិបាក​ដោះស្រាយ​គឺ​ភាគី​ដើមបណ្ដឹង​មិន​មក​ជួប​រក​ដំណោះស្រាយ។

ក្រុម​ពលរដ្ឋ​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ចេញ​ប្លង់​រឹង​បញ្ជាក់​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​រស់នៅ​លើ​ដី​នេះ។

ករណី​ក្រុមហ៊ុន​បាន​ស..ណ ពី​រដ្ឋាភិបាល​ដែល​នាំ​ឱ្យ​មាន​ទំនាស់​ដីធ្លី​នេះ​គឺជា​ឧទាហរណ៍​មួយទៀត​នៃ​ផល​ប៉ះពាល់​កើត​ចេញ​ពី​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល ដែល​បញ្ហា​នេះ​កើតមាន​ជា​ហូរហែ​រាប់មិនអស់​។ ករណី​បែប​នេះ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​ផ្នែក​សិទ្ធិ​ដីធ្លី​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ទុក​ឱ្យ​ពលរដ្ឋ​បាន​រស់​នៅ និង​អភិវឌ្ឍ​នៅ​ហ្នឹង​កន្លែង​ជាជាង​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​រំលោភ​យក​ដី​ពលរដ្ឋ និង​បណ្ដេញ​ពួកគាត់​ចេញទៅ​ទីតាំង​ផ្សេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ធនាគារ​ជាតិ​នៃ​កម្ពុជា​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន «ហួយវ័ន ផេ» របស់​លោក ហ៊ុន តូ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។