អាជ្ញាធរ​រារាំង​ពលរដ្ឋ​បឹង​តាមោក​មិន​ឱ្យ​ដង្ហែ​ក្បួន​ទៅ​សាលា​ខណ្ឌ​ព្រែកព្នៅ

ដោយ ហ៊ុំ ចំរើន
2024.05.11

ក្រុម​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ និង​កងកម្លាំង​នគរបាល​រារាំង​ពលរដ្ឋ​បឹង​តាមោក ខណៈ​ពួកគាត់​កំពុង​ដង្ហែ​ក្បួន​ទៅ​សាលា​ខណ្ឌ​ព្រែកព្នៅ ដើម្បី​សុំ​ជួប​ជែក​ពិភាក្សា​ជាមួយ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ នៅ​ថ្ងៃទី​១០ ខែឧសភា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ហើយ​អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។

ក្រុម​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​រារាំង និង​ប្រើ​អំពើ​ហិង្សា​រុញច្រាន​ពលរដ្ឋ​បឹង​តា​មោក​បណ្ដាល​ឱ្យ​កុមារ និង​មនុស្ស​ចាស់​រង​របួស​ស្រាល​ចំនួន​៣០​នាក់ នៅពេល​ពួកគាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ពី​បញ្ហា​ដីធ្លី​របស់​ពួកគាត់។

ពលរដ្ឋ​រងគ្រោះ​បឹង​តាមោក លោកស្រី វ៉ន ផា ចាត់ទុក​ការប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​គឺ​ជា​រូបភាព​គំរាមកំហែង និង​រំលោភ​បំពាន​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់។

លោកស្រី វ៉ន ផា៖ «ខ្ញុំ​យល់​ឃើញ​ថា ស្រុក​ខ្មែរ​ហេតុអ្វី​ក៏​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​អ៊ីចឹង​មានតែ​ការប្រើ​អំពើ​ហិង្សា​មានការ​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ​រហូត​មានការ​យុត្តិធម៌​លើ​ប្រជាពលរដ្ឋ​។ មានតែ​ការ​តែ​វាយដំ​ប្រើ​អំពើ​ហិង្សា​តែប៉ុណ្ណោះ​គ្មាន​ការ​ដោះស្រាយ​តាម​សន្តិវិធី​គឺ​មាន​តែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ»

ពលរដ្ឋ​បឹង​តា​មោក​ជាង​១០០​នាក់​មាន​ទាំង​មនុស្ស​ចាស់ និង​កុមារ​បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​១៥១​ឆ្ពោះទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សាកសួរ​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែឧសភា ថា គោលបំណង​នៃ​ការ​ដើរ​ដង្ហែ​ក្បួន​នេះ​គឺ ដើម្បី​ជជែក​បញ្ហា​ពី​ការណ៍​ដែល​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បង្ខំ​ឱ្យ​ពលរដ្ឋ​ចំនួន​៦​គ្រួសារ​រុះរើ​ផ្ទះ​ចេញពី​ដី​លំនៅឋាន​ពួកគាត់​។ លោកស្រី​ហួសចិត្ត​នឹង អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ដែល​រក​គ្រប់​វិធីសាស្ត្រ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​ដើម្បី​យក​ដី​ឱ្យ​អ្នកមាន​លុយ។

លោកស្រី ស៊ា ដាវី៖ «រំលោភសិទ្ធិ​ពលរដ្ឋ​ពួក​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ទៅ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​គាត់​បំភ្លឺ​លិខិត​ដែល​គាត់​ជូនដំណឹង ឱ្យ​ពួក​យើង​រុះរើ​ផ្ទះ​គ្រាន់តែ​ពួក​យើង​សុំ​ដើរ​សន្តិវិធី​យើង​ជូនដំណឹង​ហើយ​ថា យើង​ដើរទៅ​សាលា​ខណ្ឌ​យើង​ដើរកាត់​ផ្សារ​ព្រែក​ព្នៅ​។ ហេតុ​ក៏​មិន​ឱ្យ​ពួក​យើង​ដើរ​ផ្លូវ​នេះ​ពួក​យើង​បង់ពន្ធ​ជូន​រដ្ឋ​ដូចគ្នា​យើង​សុំ​តែ​សម្រួល​ចរាចរណ៍​ឱ្យ​ពលរដ្ឋ»

កាលពី​ថ្ងៃទី​០៨ ខែ​ឧសភា អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក ធឹម សំអាន បាន​លិខិត​ព្រមាន​ឱ្យ​ពលរដ្ឋ​ចំនួន​០៦​គ្រួសារ រួមមាន​លោក សាយ សារិទ្ធ លោកស្រី លី សំបូរ លោក ទ្រី ប៊ុនឈឿន លោក តឹក ប៊ុនណន លោក រុន វ៉ាន់ថន និង​លោក សួន ពិសិដ្ឋ រុះរើ​ផ្ទះ​ចេញពី​ដី​លំនៅឋាន​ជាបន្ទាន់​ដោយ​ទុក​ពេល​ឱ្យ​ត្រឹម​ថ្ងៃ​២៤ ខែឧសភា​។ ករណី​ពលរដ្ឋ​មិន​រើចេញ​ទេ​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ទ្រព្យ​ដែល​ខូចខាត​ឡើយ​។ លោក ធឹម សំអាន អះអាង​ថា ការណ៍​ដែល​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​គឺ​ដើម្បី​សាងសង់​ស្ពានបេតុង​ប្រវែង​៤០​ម៉ែត្រ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៥១ ទៅ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​លេខ​៥២​។ ចំណែក​ពលរដ្ឋ​ដែល​រុះរើ​ផ្ទះ​ចេញ អាជ្ញាធរ​រៀបចំ​កន្លែង​ដោះដូរ​ដី​ទៅ​កន្លែង​ថ្មី និង​សង់ផ្ទះ​ជូន​ពួកគាត់​។ ទោះ​យ៉ាងណា​ពលរដ្ឋ​អះអាង​ថា ពួកគាត់​អាស្រ័យ​ផល​លើ​ដី​ផ្ទះ​របស់​ពួកគាត់​ចាប់តាំងពី​ចាប់​ឆ្នាំ​១៩៩០ និង​មិន​ទទួល​យក​គោលការណ៍​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ​ឡើយ ព្រោះ​ដី​មាន​នោះ​ទំហំ​តូច​គឺ​ទទឹង​៤​ម៉ែត្រ​កន្លះ​បណ្ដោយ​១៨ ម៉ែត្រ និង​ពិបាក​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ប្រចាំថ្ងៃ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន និង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរ​គួរតែ​ឆ្លើយតប​ទៅ​នឹង​ក្ដី​កង្វល់​របស់​ពលរដ្ឋ ជាជាង​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់ ដែល​នាំ​ឱ្យ​ពួកគាត់​បង់​ជំនឿ​លើ​អាជ្ញាធរ ។ លោក​បន្តថា អាជ្ញាធរ​គួរតែ​ធ្វើការ​វាយតម្លៃ និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុន​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ដែល​ជា​ការរំលោភ​លើ​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ។

លោក នី សុខា៖ «ថា​ទី​១ យើង​កុំអាល​ធ្វើការ​ចោទប្រកាន់​យើង​ត្រូវ​ស៊ើបអង្កេត ឬក៏​ប្រមូល​ព័ត៌មាន​ឱ្យ​សព្វ​ជ្រុងជ្រោយ​សិន ។ ថា​តើ​ប្រជាពលរដ្ឋ​គាត់​ទៅ​រស់នៅ​តំបន់​ហ្នឹង មូលដ្ឋាន​របស់​គាត់​យ៉ាងម៉េច ថា​គាត់​រស់នៅ​ស្របច្បាប់​កន្លែង​ណា​មិន​ស្របច្បាប់​កន្លែង​ណា​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​បាន​តម្លាភាព​ចៀសវាង​យើង​កុំឱ្យ​មានការ​ប្រមូល​ព័ត៌មាន​ដោយ​ភាព​អយុត្តិធម៌​ដោយ​ភាព​ត្រឹមត្រូវ​អាហ្នឹង​ល្អជា​រឿង​ល្អ»

ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នេះ​គឺ​មិនមែន​ជា​លើក​ទី​១​ទេ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ អាជ្ញាធរ​បានឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ ឃ្លាំង​ដាក់​សម្ភារៈ តូប​លក់​អីវ៉ាន់ អាង​ចិញ្ចឹម​ត្រី និង​ការសាងសង់​សំណង់​មិន​រៀបរយ​ផ្សេងទៀត​ឱ្យ​ចេញ​ពី​ដី​រដ្ឋ​ឱ្យ​ឆាប់រហ័ស ដើម្បី​យក​ដី​កាយ​ប្រឡាយ​រំដោះ​ទឹក​បម្រើ​ផលប្រយោជន៍​សាធារណៈ​។ កាន់តែ​អាក្រក់​ជាង​នេះ​ទៅ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ទាំង​នោះ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី គំរាមកំហែង និង​ការ​តាម​ឃ្លាំមើល​គ្រប់​រូបភាព​។ ពលរដ្ឋ បឹង​តា​មោក​ប្ដេជ្ញា​ថា ពួកគាត់​ស៊ូស្លាប់​ដើម្បី​ការពារ​ដី​សហគមន៍​ពីព្រោះ​ដី​ផ្ទះ​គឺជា​អាយុជីវិត និង​ជម្រក​សម្រាប់​កូនៗ​របស់​ពួកគាត់​រស់នៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។