សហគមន៍​ភូមិ​ជើង​ឯក​ជាង ៣០គ្រួសារ ធ្វើ​ពិធី​សែនបួងសួង​​សុំកុំ​ឱ្យ​​អាជ្ញាធរ​ភ្នំពេញ​បណ្ដេញ​ពួក​គាត់​ដោយ​បង្ខំ

ដោយ សុជីវី
2022.08.15
Share on WhatsApp
Share on WhatsApp

ប្រជា​សហគមន៍​តា​តុ ៣៥គ្រួសារ បាន​ធ្វើ​បុណ្យ និង​សែនព្រេន សុំ​សេចក្ដី​សុខ​ចម្រើន បញ្ចៀស​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ប្រជា​សហគមន៍​ទាំង​នោះ រស់នៅ​ភូមិ​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ភូមិ កាល​ពី​ថ្ងៃ​ទី១៤ សីហា ដើម្បី​រៀបចំ​ពិធី​បុណ្យ​បែប​ប្រពៃណី បំណង​បន្ទន់​ចិត្ត​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ពួក​គាត់​តាំង​ទីលំនៅ​តំបន់​នោះ​ដោយ​សុខសាន្ត។

តំណាង​សហគមន៍ លោក ឡាយ សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ សីហា​ថា អ្នក​ភូមិ​ជាង ៣០គ្រួសារ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​បណ្ដេញ​ដោយ​បង្ខំ ប៉ះពាល់​ជីវភាព​គ្រួសារ ហើយ​កូន​ចៅ នឹង​ប្រឈម​បោះបង់​ការសិក្សា។

ហេតុ​នេះ ពួក​គាត់​ធ្វើ​ពិធី​បុណ្យ​តូច​មួយ ដើម្បី​រៀបចំ​ពិធី​សូត្រ​មន្ត និង​សែនព្រេន សុំ​សេចក្ដី​សុខ​ចម្រើន។ លោក​ថា បំណង​របស់​អ្នក​ភូមិ ស្នើ​ឱ្យ​អាជ្ញាធរ ក្រុងភ្នំពេញ កាត់​ឆ្វៀល​ដី​តំបន់​នោះ ចេញ​ពី​គម្រោង​អភិវឌ្ឍន៍ និង​ កុំ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ផ្ទះ​សម្បែង ព្រោះ​ពួក​លោក​បាន​មក​រស់នៅ​តំបន់​នេះ ជិត ២០ ឆ្នាំ​មក​ហើយ៖ «កាល​មុខ​ខ្ញុំ​ឮ​ព័ត៌មាន​ថា សាលាក្រុង​ថា ពួក​ខ្ញុំ​រស់​នៅ​លើ​ដី​រដ្ឋ។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ និង​សុំ​ឆ្វៀល​ពី​ការ​អភិវឌ្ឍ​ដី​ក្នុង​សហគមន៍»

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច ​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ សីហា។

តែ​យ៉ាង​ណា អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ ធ្លាប់​និយាយ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ថា មិន​អាច​ឱ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​បាន​ទេ ដោយ​ត្រូវ​រក្សា​ដី​សហគមន៍​ទុក​ធ្វើ​ប្រឡាយ​ទំហំ ៣ម៉ែត្រ។ លោក​ថា តំបន់​ដែល​ពលរដ្ឋ​រស់​នៅ ជា​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ ប៉ះចំ​កន្លែង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ដើម្បី​រំដោះ​ទឹក​ភ្លៀង។

កាល​ពី​ចុង​ខែឧសភា ឆ្នាំ២០២២ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ផ្ញើ​លិខិត​មួយ​សន្លឹក ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ពី​មូលហេតុ​សំខាន់ ដែល​ចាំបាច់ ត្រូវ​អភិវឌ្ឍន៍ នៅ​តំបន់​ដែល​ពលរដ្ឋ​ជាង ៣០គ្រួសារ​កំពុង​រស់នៅ លើ​ដី​មាត់​ប្រឡាយ ៣ម៉ែត្រ ដែល​ប្រឡាយ​នេះ ជា​កន្លែង​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង។ លោក​បញ្ជាក់​ថា មាត្រា ១៥​នៃ​ច្បាប់​ភូមិបាល ចែង​ថា ការ​ចូល​កាន់កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវ​ទុក​ជា​មោឃៈ។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត ពន្យល់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ រស់​នៅ​ជាង ២០ឆ្នាំ​ហើយ អាជ្ញាធរ​គួរតែ​ផ្តល់​ដំណោះស្រាយ​ដោះដូរ​ដី នៅ​តំបន់​ណា​មួយ ដើម្បី​ឱ្យ​ពួក​គាត់ រស់​នៅ​សមរម្យ និង​ថ្លៃថ្នូរ។ លោក​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ អាស្រ័យ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ ប្រសិន​បើ​អាជ្ញាធរ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ទឹកភ្នែក ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ រដ្ឋ​គួរតែ​ផ្តល់​សំណង​សមរម្យ ដើម្បី​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ទិញ ដី​នៅ​តំបន់​ផ្សេង​ទៀត អាច​រស់នៅ​បាន​ក្នុង​ភាព​ថ្លៃថ្នូរ​ជា​មនុស្សជាតិ​។ លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ដី​តំបន់​នោះ អាជ្ញាធរ​ថា ជា​ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​អភិវឌ្ឍ ហេតុអ្វី​រដ្ឋ​មិន​បណ្ដេញ​ពួក​គាត់​ចេញ តាំង​ពី​ដំបូង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។