ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ម្នាក់​ដែល​សម្រាល​កូន​​បាន​​១​​ខែ ស្នើ​តុលាការ​​ខេត្ត​កោះកុង​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​នឹង​​បណ្ដឹង​​ឧកញ៉ា​ ហេង​ ហុយ

ដោយ សន ចាន់រដ្ឋា
2021-11-03
Share
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ម្នាក់​ដែល​សម្រាល​កូន​​បាន​​១​​ខែ ស្នើ​តុលាការ​​ខេត្ត​កោះកុង​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​នឹង​​បណ្ដឹង​​ឧកញ៉ា​ ហេង​ ហុយ សមត្ថកិច្ច​បាន​យក​ដីកា​ប្រគល់​ឱ្យ​លោកស្រី អិប តឹង ដែលទើប​សម្រាល​កូន​បាន ១ ខែ​ឱ្យចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តឹង​របស់​លោកឧកញ៉ា ហេង ហ៊ុយ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់ ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ​ខេត្ត​កោះកុង ពន្យារ​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី ពាក់ព័ន្ធ​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​របស់​ឧកញ៉ា ហេង ហ៊ុយ​ដោយ​សារ​​លោក​ស្រី​មិន​ទាន់​មាន​មេធាវី​ការ​ពារ​ក្ដី និង​មាន​បញ្ហា​សុខភាព ក្រោយ​សម្រាល​កូន​ស្រី​បាន​ជិត​១​ខែ។ លោកស្រី​ស្នើ​សុំ​តុលាការ​ពិនិត្យ​មើល​សំណុំរឿង​នេះ​ឡើង​វិញ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ព្រោះ​ថា ​បណ្ដឹង​របស់​អ្នក​មាន​អំណាច​រូប​នោះ គឺ​កើត​ចេញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ពលរដ្ឋ​ដែល​ទាមទារ​ដំណោះស្រាយ​ដីធ្លី​។

តំណាង​ពលរដ្ឋ​ ១៩៧ ​គ្រួសារ នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង លោកស្រី អិប តឹង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ស្រីមិន​អាច​ទៅ​ចូល​រួម​សវនាការ​នៅ​សាលា​​ដំបូង​ខេត្ត​កោះកុង ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​លោក​ ហេង ហ៊ុយ លើ​ហ្វេសប៊ុក (Facebook) តាម​ដីកា​កោះ​របស់​តំណាង​អយ្យ​ការនៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ​បាន​​ទេ ដោយ​សារ​ស្ថានភាព​សុខភាព​នៅ​តែ​ទន់​ខ្សោយ ក្រោយ​សម្រាល​កូន​បាន​ ២០ ​ថ្ងៃ។

លោក​ស្រី លើក​ឡើង​ថា ចំណាត់​ការ​របស់​តុលាការ​នេះ ធ្វើ​​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ទេ ដោយ​តុលាការ​កាត់​ចោល​ការ​ឆ្លើយ​បំភ្លឺ​នៅ​ដំណាក់​កាល​តំណាង​អយ្យការ​និង​​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ បែរ​ជា​សម្រេច​បើក​សវនាការ​ផ្ទាល់​តែ​ម្ដង ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​លោក ហេង​ ហ៊ុយ។

លោកស្រី​បន្ត​ថា តុលាការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ និង​ដាក់​ចេញ​ចំណាត់​ការ​បន្ទាន់​មក​លើ​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​ នៅ​ពេល​មាន​បណ្ដឹង​ពី​លោក​ ហេង​ ហ៊ុយ​។ ចំណែក​​​បណ្ដឹង​​របស់​ពលរដ្ឋ​ដែល​ប្ដឹង​​ឧកញ៉ា​​រូប​នេះ​ ករណី​ប្រើ​គ្រឿង​ចក្រ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ផ្ដល់​សំណង​សមរម្យ​ បែរ​ជា​តុលាការ​ទុក​ចោល​មិន​ចាត់​ការ​ទៅ​វិញ។

សកម្មជន​ដីធ្លី​ដែល​ទើប​សម្រាល​កូន​រូប​នេះ ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ម្ចាស់​ដី ដែល​ត្រូវ​បាត់​បង់​ដី​ស្រែ​ចម្ការ​មិន​ទទួល​ដំណោះស្រាយ​ហើយ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ថែម​ទៀត៖ «ចំពោះ​បង​២​ករណី​ម្នាក់​ឯង។ ហើយ​ប្រជាពលរដ្ឋ​ជាប់​បណ្ដឹង​ដូច​គ្នា​១០​នាក់​ទៀត​ សុំ​ឲ្យ​គាត់​ទម្លាក់​​ចោល​​ទាំង​អស់ ពី​ព្រោះ​នេះ​ជា​រឿង​ដីធ្លី​ មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ មិន​មែន​ជា​រឿង​បរិហារ​កេរ្តិ៍ មិន​មែន​ជា​រឿង​ញុះញង់​ទេ។ ពួក​ខ្ញុំ​ទៅ​ ហេតុ​អ្វី​តុលាការ​ថា​ខ្ញុំ​ទៅ​ញុះ​ញង់​​នៅ​ក្រសួង​​ដែនដី​ នៅ​សាលា​ខេត្ត​កោះកុង នៅ​ក្រសួង​មហាផ្ទៃ។ ខ្ញុំ​ចង់​ឲ្យ​គាត់​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ចុះ​មក​ស្រាវជ្រាវ​មក​ ថា​តើ​ពួក​ខ្ញុំ​និយាយ​រឿង​ដី​ ឬ​និយាយ​រឿង​បទ​បរិហារ​កេរ្តិ៍​លោក​ ហេង ហ៊ុយ»។

លោកស្រី អិប តឹង គឺ​ជា​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​រង​បណ្ដឹង​ពី​ក្រុមហ៊ុន​ ហេង ហ៊ុយ អភិវឌ្ឍន៍​ ២​ករណី​។ ករណី​ទី​១ ​តុលាការ​បាន​ចោទ​ប្រកាន់​លោកស្រី​ និង​ពលរដ្ឋ​៩​នាក់​ទៀត​ពី​បទ «ញុះញង់​ បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សង្គម» នៅ​គ្រា​ដែល​ពលរដ្ឋ​នាំ​គ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​កន្លង​មក ហើយ​១​ករណី​ទៀត តុលាការ​ចោទ​លោកស្រី​ពី​បទ​ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ចំពោះ​លោក ហេង ហ៊ុយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កោះកុង​លោក ស៊ូ សុវណ្ណារ៉ា បាន​ទេ​ នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​លើក​។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុងលោក ឃុន តឿន បាន​ចេញ​ដីកាកោះ​ហៅ​លោកស្រី អិប តឹង រស់​នៅ​ភូមិ​តានី ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ឱ្យ​បង្ហាញ​ខ្លួន​នៅ​សវនាការ នា​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រោម​បទ​ចោទ បរិហារកេរ្តិ៍​ជា​សាធារណៈ តាមបណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ។

លោក ហេង ហ៊ុយ ដែល​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ផ្កាយ​២​នៅ​ខេត្ត​កោះកុង បាន​លើក​ឡើង​ក្នុង​បណ្ដឹង​ដាក់​ទៅ​អធិការ​នគរបាល​ស្រុក​ស្រែអំបិល កាល​ពី​ថ្ងៃ​ទី៦​ ខែ​សីហា ថា​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ឈ្មោះ អិប តឹង គឺ​ជា​ការ​ភូត​កុហក​បោក​ប្រាស់ ​​មួល​បង្កាច់ ​បង្ខូច​កេរ្តិ៍​ ធ្វើឱ្យ​មាន​ការ​រើស​អើង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បក​ស្រាយ​រឿង​នេះពី​លោក​ ហេង ហ៊ុយ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ ដោយ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុងលោក ហ៊ួរ អ៊ីន សង្កេត​ឃើញ​ថា រាល់​បណ្ដឹង​ចោទ​ប្រកាន់​តំណាង​​ប្រជាពលរដ្ឋ​ឡើង​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី ដែល​ភាគី​ក្រុមហ៊ុន​មិន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់​អ្នក​ភូមិ​ ដែល​​តែង​តែ​ចេញ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

លោក​យល់​ថា​ តុលាការ​គួរ​ពិចារណា​សំណុំ​រឿង​ប្រឆាំង​នឹង​ពលរដ្ឋ​នេះ​ឡើង​វិញដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ដើម្បី​បញ្ចៀស​​កុំ​ឲ្យ​មានការ​រិះគន់​ពី​សាធារណជន៖​ «ការ​បង្ហោះ​សារ​ហ្នឹង ជួនកាល​វា​ជា​ន័យ​ចង់​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​លំបាក​របស់​ពួកគាត់​ទេ។ ហើយ​ក៏​ដូច​ជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ​។ ហើយ​តុលាការ​ដើម្បី​កុំ​ឲ្យ​មហាជន​មាន​ការ​រិះគន់​ថា​ ឲ្យ​តែ​ឧកញ៉ា ក្រុមហ៊ុន ប្ដឹង​មាន​ចំណាត់ការ​លឿន​ អ៊ីចឹង​តុលាការ​គួរ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​សិន​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ។ ហើយ​ដើម្បី​បង្ហាញ​ពី​ការ​វិនិច្ឆ័យ​សេចក្ដី​ដោយ​យុត្តិធម៌​ ដើម្បី​ឲ្យ​មហាជន​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) បាន​ទុក​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់ចោល​ ក្រោយ​ពី​ឈប់​ដាំ​ដំណាំ​អំពៅ​ ហើយ​រោងចក្រ​ផលិត​ចេញ​ស្ករ​ស​ ក៏​មិន​ឃើញ​មាន​សកម្មភាព​ទៀត​ដែរ។

ទោះបីជា​វិវាទ​ដីធ្លី​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី​បដិសេធ​មិន​ដោះស្រាយ​ជា​ច្រើន​ដង​ក៏​ដោយ​ ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត​ពីរ​រយគ្រួសារ​(២០០)​ នៅ​តែ​ទទូច​ស្នើ​សុំ​អាជ្ញាធរ​ ពន្លឿនការ​ដោះស្រាយ​បញ្ចប់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ឲ្យ​បាន​ឆាប់ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​មក​លើ​តំណាង​ពួកគាត់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល