ពលរដ្ឋ​​​​​រិះគន់​​រដ្ឋាភិបាល​​ឆ្វៀល​ដី​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ខេត្ត​សៀមរាប​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ថា ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ​

ដោយ ជី វិតា
2021-09-19
Share
ពលរដ្ឋ​​​​​រិះគន់​​រដ្ឋាភិបាល​​ឆ្វៀល​ដី​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ខេត្ត​សៀមរាប​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ថា ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ​ (កណ្តាល) ឧកញ៉ា ឡេង ណាវាត្រា និង​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់ឧបត្ថម្ភប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ កំពុង​ទទួល​ផល​ត្រលប់មក​វិញ​បណ្តើៗ​ហើយ។
រូប៖ ហ្វេសប៊ុកឧកញ៉ា ឡេង ណាវាត្រា

ប្រជាពលរដ្ឋ​​​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ រិះគន់​រដ្ឋាភិបាល​ដែលបានឆ្វៀល​ដី​គម្រប​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ក្នុង​ខេត្ត​នេះ​ឱ្យ​ឧកញ៉ា ឡេង ណាវាត្រា​ ថា ជា​រឿង​អយុត្តិធម៌​ និង​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២​។ ប្រតិកម្ម​​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅតំបន់នោះ​ឱ្យ​​ឧកញ៉ា​ ឡេង ណា​វាត្រា​ ហើយ​ឧកញ៉ា​រូប​នេះ​បាន​​អង្កន់ដីទាំងនោះទៅ​ជា​ដី​ឡូត៍​លក់​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​។

ប្រជាពលរដ្ឋ​នៅ​​ខេត្ត​សៀមរាប​ពោលថា ពលរដ្ឋ​​ប្រមាណ​១ពាន់​គ្រួសារ​បាន​កាន់​កាប់​ដី​នៅ​បន្ទាយស្រី​នោះ​​ប្រមាណ​២០​ឆ្នាំ​ហើយ​​ ប៉ុន្តែ​ពួកគាត់​គ្មាន​សិទ្ធិ​លក់ដូរ​​​ដូច​​ឧកញ៉ា ឡេង ណា​វាត្រា​​ នោះទេ​។ អ្នក​ស្រុក​បន្ទាយស្រី លោក​ព្រហ្ម សុព្រឹក្ស ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ថា ​លោក​និង​ប្រជាពលរដ្ឋ​​ជា​ច្រើន​គ្រួសារ​ទៀត​​បាន​​កាន់​កាប់​ដី​គម្រប​ព្រៃឈើ​នៅ​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី តាំង​ពី​ឆ្នាំ​២០០១​រហូត​មក។ ​លោក​បន្ត​ថា ​ពួក​លោក​ធ្លាប់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​​​ធ្វើ​​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ​ប៉ុន្តែ​មិន​​ទទួល​បាន​លទ្ធផល​នោះ​​ទេ​។ ​លោក​បញ្ជាក់​ថា ​​ការ​ដែល​អាជ្ញាធរ​​​​មិន​ចេញ​ប័ណ្ណ​ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ ព្រោះ​ពួកគាត់​ដាំដុះ​ដោយ​ភ័យ​ខ្លាច​ និង​មិន​អាច​លក់​ដី​យក​​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ឡើយ៖ «យើង​មិន​សប្បាយ​ចិត្ត​ ហើយ​វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ ដាច់​កន្លែង​ហ្នឹង​យើង​មិន​គាំទ្រ។ ​បើ​សិន​បើ​អត់​ឥឡូវ​យើង​ឱ្យ​អត់​ទាំង​អស់​គ្នា​ទៅ​មិន​អាច​ក្រុម​ហ៊ុន ​ណា​អាច​ទិញ​លក់​ដូរ​បាន​ទេ។ ​អីចឹង​​ដល់​ប្រជាពលរដ្ឋ​មិន​អាច​លក់​ដូរ​បាន​ដល់​ក្រុម​ហ៊ុន ​ឡេង ណាវាត្រា គេ​លក់​បាន​នៅ​តំបន់​ហ្នឹង​។ ខ្ញុំ​មាន​អន្ទឹល ​សង្ស័យ​មួយ​ទៀត​ថា​ ដី​នៅ​តំបន់​ហ្នឹង​វា​មាន​ហាង​ឆេង មាន​ក្រុម​ហ៊ុន ​វិនិយោគ​គេ​ចង់​បាន​អីចឹង រយៈ​កាល​កន្លង​មក​យើង​អាច​ទិញ​លក់​ដូរ​បាន​ ដល់​តែ​ឆ្នាំ​២០២០​មក​ដល់​ឥឡូវ​នេះ​យើង​មិន​អាច​លក់​ដូរ​បាន​»

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​ម្នាក់​ទៀត​គឺលោក​ ឡុង សាភន់ ថ្លែង​ថា ​លោក​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារ​សណ្ដាយ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ហើយ​ចង់​លក់​ដី​​នៅ​តំបន់​នោះ​ខ្លះ​ ដើម្បី​​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​​ក្នុង​គ្រាអាសន្ន​នេះ។ លោក​ថា អាជ្ញាធរ​​ធ្វើ​បែប​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ ព្រោះ​អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​នៅ​តំបន់​​នោះ​ឱ្យ​ឧកញ៉ា ឡេង ណា​វាត្រា​ ​យក​ទៅ​ធ្វើ​អាជីវកម្ម​លើ​ដី​នោះ​ដោយសេរី​៖ «ដល់​ចុះ​វា​ពិបាក​ដែរ ដល់​បង​ប្អូន​ត្រូវ​ការ​លក់​ទៅ​ក៏​ជាប់​គម្រប​ព្រៃឈើ​ទាំង​អស់​ហ្នឹង​ឯង​ទាល់​តែ​គេ ឆ្វៀល​គម្រប​បាន​គេ​ធ្វើ​ឱ្យ​​មិន​ដឹង​ថា​ គេ​ឆ្វៀល​ឱ្យ​នៅ​ពេល​ណា។ ចង់​ឱ្យ​តែ​បើក​ឱ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ការ​លក់​ដូរ​ទិញ​ ជិត​បោះ​ឆ្នោត​ផង​ ដល់​មក​បិទ​ចេះ​ទៅ​វា​ស្ទះ​​ទាំង​អស់​ វា​ពិបាក​ដល់​ចេះ​ ពិបាក​ត្រង់​ថា​ ឥឡូវ​វា​គ្មាន​រក​​អី​បាន​វា​ត្រូវ​ការ​ចង់​លក់​ចង់​ដូរ​អី​បន្តិច​​ក៏​លក់​ធ្វើ​សំបុត្រ​មិន​ចេញ​ គេ​អត់​ស៊ីញេ​ឱ្យ​»។​

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេលលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃ​ឈើ​​​ជាង​ ១៧២ ​ហិកតារ ​នៅ​ភូមិ​រំចេក ឃុំ​រំចេក និង​ភូមិ​ខ្នារ ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី​ ឱ្យ​​ឧកញ៉ា ឡេង ណា​វាត្រា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ​ឆ្នាំ​២០២១។ ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ​​បច្ចុប្បន្ន​ដី​ទាំង​នោះ​ត្រូវ​បាន​ឧកញ៉ា​រូប​នេះ​​អង្កន់​​ជា​ដី​ឡូត៍​​លក់​ឱ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ហើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ឧកញ៉ា ឡេង ណាវាត្រា ​ដើម្បី​​ឆ្លើយ​តប​ជុំ​​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា។

​ចំណែក​អភិបាល​ខេត្ត​សៀមរាប​លោក ទៀ សីហា ក៏​មិន​អាច​ទាក់​​ទង​សុំ​អត្ថាធិប្បាយ​​បាន​ដែរ​។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​សាលា​ខេត្តសៀមរាប លោក លី សំរិទ្ធ ​បាន​ប្រាប់សារព័ត៌មានថ្មីៗ​ថា រដ្ឋបាល​ខេត្ត​បាន​ទទួល​អនុក្រឹត្យ​ពី​ការ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​នោះ​​ពី​ឧកញ៉ា ឡេង ណា​វាត្រា​ហើយ​។

លោក​បន្ត​ថា ដី​នោះ​ជា​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ២០០២​ ប៉ុន្តែ​សព្វ​ថ្ងៃ ពុំ​មាន​ព្រៃឈើ​នោះ​ទេ ហើយ​​​ដី​មួយ​ចំនួន​ប្រជាពលរដ្ឋ​បាន​​​​​ធ្វើ​ស្រែ​និង​ដាំដុះ​ផល​ដំណាំ​ និង​ដី​ខ្លះ​ទៀត​ពួកគាត់​បាន​លក់​អស់​ហើយ​​។

ការ​ទទួលបាន​ដីរដ្ឋជិត ​២​រយហិកតា​ នៅ​ពេល​នេះ គឺបន្ទាប់ពី​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ​បាន​​ឧបត្ថម្ភ​ប្រាក់​ជា​ច្រើន​លើក​ខ្ទង់​ម៉ឺន​ រហូត​ដល់​​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​​ឯក​បក្ស​​​ ក្នុង​ការ​ចូលរួម​ចំណែក​ទប់​ស្កាត់​ជំងឺ​កូវីដ និងទិញវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ។ ​ទោះ​ជា​យ៉ាង​ណា​​ អ្នកឃ្លាំមើលយល់ថា ការ​ផ្ដល់​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ​ គឺ​អាច​ក្នុង​បំណង​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​វិញ ជា​ជាង​​ជំនួយ​មនុស្ស​ធម៌ ដើម្បី​​ប្រយោជន៍​ជាតិ។

ក្រៅពី​ឧកញ៉ាឡេង ណាវ៉ាត្រា ក៏មាន​ឧកញ៉ា​មួយចំនួន​ទៀត​បាន​បរិច្ចាគ​ប្រាក់​ជួយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ ហើយ​ពួកគេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឧកញ៉ា​ទាំង​នោះ ​កំពុង​ទទួល​បាន​ផលប្រយជន៍​មក​វិញ​ជា​បន្តបន្ទាប់​ដែរ ក្នុង​នោះ​មាន ឧកញ៉ា  ​ពុង ឃាវ​សែ ដែល​កំពុង​ច្បាម​យក​ដីពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​សាងសាង​ព្រលាន​យន្តហោះថ្មី ​និង ​ឧកញ៉ា​ ឃុន សៀ កំពុង​លុប​ទន្លេ​មេគង្គ និង​កោះ ចាប់​ពី​ចំណុច​ឃុំអរិយក្សត្រ រហូតដល់​ល្វាឯម​ និង​ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល

ជុំ​វិញ​រឿង​នេះ​ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន​ ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា  ការ​ដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​​កាត់​ឆ្វៀល​ដី​ឱ្យ​ឧកញ៉ា​នេះ​ ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​អនុវត្តច្បាប់​ស្តង់​ពីរ​​ បើ​ប្រៀប​ធៀប​ជា​មួយ​ពលរដ្ឋ​ក្រីក្រ​​​។ លោក​បញ្ជាក់​ថា ​ដី​គម្រប​ព្រៃ​ឈើ​រដ្ឋាភិបាល​អាច​ធ្វើ​អនុប្បយោគ​​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​កាន់​កាប់​ស្របច្បាប់​ ឬ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ ដើម្បី​យក​អភិវឌ្ឍន៍​​បាន​ ប៉ុន្តែ​ក្រុម​ហ៊ុន​​មិន​អាច​យក​ទៅ​លក់​​​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​សម្បត្តិ​ឯកជន​​បែប​នេះ​ឡើយ​៖ «នៅ​ក្នុង​សង្គម​យើង​វា​មិន​មែន​មាន​តែ​ករណី​តែ​មួយ​ហ្នឹង​ទេ ​ករណី​ច្រើន​ណាស់​ដែល​វា​បង្ហាញ​អំពី​​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ការ​ផ្ដល់​​កម្មសិទ្ធិ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​​វា​នៅ​មាន​ការ​រើស​អើង​។​ បើ​ប្រជាពលរដ្ឋ​សាមញ្ញ​អីចឹង​ទៅ​មិន​ងាយ​ទេ ប៉ុន្តែ​បើ​សិន​ជា​មន្ត្រី​ជាន់​ខ្ពស់ ជា​ឧកញ៉ា ជា​​ស្អីៗ​ហ្នឹង គឺ​ងាយ​ហ្នឹង​ទទួល​បាន​ណាស់ ហើយ​ខ្លះ​ទទួល​បាន​ដោយ​ស្របច្បាប់ ដូច​អនុក្រឹត្យ​អនុប្រយោគ​ហ្នឹង​ ហើយ​ខ្លះ​ហ្នឹង​គឺ​មិន​ចាំ​បាច់​ប្រាប់​នាយករដ្ឋមន្ត្រី​ទេ ចូល​ទៅ​កាប់​យក​តាម​ចិត្ត​ខ្លួន​ឯង​ហ្មង​នៅ​មាន​ច្រើន​​»។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ​ដី​គម្រប​ព្រៃឈើ​នៅ​ឃុំ​ខ្នារ​សណ្ដាយ ​និង​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី​ មាន​ផ្ទៃ​ដី​ជាង​​១ពាន់​ហិកតារ​ និង​មាន​ចំងាយ​ជាង​៨គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី​ ។ ក្នុង​នោះ​​ផ្ទៃ​ដី​ជាង​៥០​ភាគ​រយ​ជា​កម្មសិទ្ធិ​របស់​​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​កាន់​កាប់​​២០​ឆ្នាំ​មក​ហើយ​។ ពួកគាត់​​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ទាំង​នោះ​ជូន​ដល់​ពួកគាត់​ប្រើប្រាស់​ដោយ ​ស្របច្បាប់ ដើម្បី​ដាំដុះ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​និង​លក់​ដូរ​ខ្លះ​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល