ពលរដ្ឋរិះគន់រដ្ឋាភិបាលដែលបិទបញ្ចប់ការកែប្រែដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ទាំងអយុត្តិធម៌
2024.11.28
ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបលើកឡើងថា ការប្រកាសបិទបញ្ចប់ការកែប្រែដីតំបន់២ មកជាតំបន់៣ នៃតំបន់បឹងទន្លេសាបរបស់រដ្ឋាភិបាល បានបន្សល់ភាពឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ពួកគាត់ ដោយសារអាជ្ញាធរថ្នាក់ខេត្ត មិនបានកាត់ឆ្វៀលដីឱ្យពលរដ្ឋតាមបញ្ជាថ្នាក់ដឹកនាំ។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាល បិទបញ្ចប់ការកាត់ឆ្វៀលដី ទាំងដែលបញ្ហានៅរាយប៉ាយបែបនេះ ពួកគាត់នឹងលើកគ្នាតវ៉ានៅតាមមូលដ្ឋានបន្តទៀត។
ខណៈប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ដីបង្កបង្កើនផល នៅតំបន់២ និងតំបន់៣ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ លោក ហ៊ុន ម៉ាណែត បានប្រកាសបិទបញ្ចប់ការកែប្រែដីពីតំបន់៣ មកតំបន់២ នៅជុំវិញបឹងទន្លេសាបទាំងស្រុង។
ពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែវិច្ឆិកា ថា ពលរដ្ឋរាប់រយគ្រួសារនៅឃុំភ្នំលៀប និងឃុំប្រាសាទ កំពុងរងវិបត្តិផ្លូវចិត្តក្រោយពីបាត់បង់ដីអាស្រ័យផលនៅតំបន់២ បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ខំឱ្យពលរដ្ឋចាប់ឆ្នោតដោះដូរក្បាលដី។ លោកបន្តថា រដ្ឋាភិបាលមិនគួរបិទបញ្ចប់យន្តការវាស់វែងដីតំបន់២ បែបនេះឡើយ ព្រោះពលរដ្ឋជាច្រើនបាត់បង់ដីស្រែដែលជាឆ្នាំងបាយ ដែលលោកអះអាងថា ដោយសារភាពមានៈ និងអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម ដែលធ្វើរបាយការណ៍ភូតកុហកទៅកាន់ថ្នាក់លើ។
លោក គង់ រិទ្ធ៖ «ហ្នឹងហើយ បន្សល់ទុកនូវការមិនទាន់ជ្រះស្រឡះស្រួលបួល។ ជាក់ស្ដែង ដីដែលខ្ញុំធ្វើអាស្រ័យផលរាល់ថ្ងៃនេះ ដែលគេចាប់ឈ្មោះប្រជាជនប៉ះឃុំភ្នំលៀបខ្លះ ប៉ះឃុំប្រាសាទខ្លះហ្នឹង គឺដីស្រែហ្នឹងនៅមានផលពេញស្រែនៅឡើយ មិនទាន់ប្រមូលផលទេ។ ចំណែកពួកខ្ញុំ នៅតែកាន់គោលការណ៍ថាខ្ញុំមិនព្រមយកដីនៅខាងឃុំភ្នំលៀប ហើយក៏ខ្ញុំនៅការពារដីខ្ញុំមិនឱ្យគេ»។
ការថ្លែងរបស់ប្រជាពលរដ្ឋរូបនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានប្រកាសបិទបញ្ចប់ការកែសម្រួលដីនៅតំបន់ជុំវិញបឹងទន្លេសាប ជាពិសេសតំបន់៣ មកជាតំបន់២ តទៅទៀត។ លោក ហ៊ុន ម៉ាណែត បន្តថា ការបិទបញ្ចប់ការកែសម្រួលនេះ គឺដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដោយគិតចាប់ពីឆ្នាំ២០២២ មក រដ្ឋាភិបាលបានកែសម្រួលដីពីតំបន់៣ មកជាតំបន់២ ដល់ទៅជាង ៨ម៉ឺនហិកតារ ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ ឬធ្វើជាម្ចាស់កម្មសិទ្ធិ សម្រាប់អ្នកដែលបានអាស្រ័យផលជាក់ស្ដែងចាប់ពី ១០ឆ្នាំឡើងទៅ។
រដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាប ជា ៣តំបន់ មានដូចជា ដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបាន តំបន់២ ជាដីដែលអាចអាស្រ័យផលបាន ប៉ុន្តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ គឺជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបាន។
ទោះជាយ៉ាងណា ទំនាស់ដីនៅតំបន់២ ក្នុងស្រុកព្រះនេត្រព្រះ នេះបានកើតឡើងរហូតឈានដល់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ មកគំរាមពលរដ្ឋមិនឱ្យតវ៉ា កាលពីខែកក្កដា ក្នុងពេលអាជ្ញាធរចុះវាស់វែងនិងដាំបង្គោលក្បាលដី។ យន្តការវាស់វែងដីរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្រួញដីពលរដ្ឋពីសរុបជាង ១៦០០ហិកតារ មកនៅជាង ៨០០ហិកតារ ហើយថែមទាំងបានបន្សល់នូវបញ្ហាចម្រូងចម្រាសដែលកើតចេញពីយន្តការបង្ខំឱ្យពលរដ្ឋទាំងពីរឃុំ ចាប់ឆ្នោតដូរដីគ្នាទៅវិញទៅមក។ ពលរដ្ឋអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រើឧបាយឱ្យពលរដ្ឋផ្ដិតមេដៃ ហើយធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ថា ពលរដ្ឋបានស្ម័គ្រចិត្តព្រមទទួលយកដំណោះស្រាយនេះ។
ដោយឡែក នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង វិញ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ទាមទាររដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីនៅតំបន់២ បន្ទាប់ពីពួកគាត់បានអាស្រ័យផលនៅលើដីនេះ ជាង៣០ឆ្នាំទៅហើយ។
ពលរដ្ឋនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក សុង ម៉ាញ លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនត្រូវបិទបញ្ចប់ការកែប្រែដីពីតំបន់៣ និងតំបន់២ ទាំងអយុត្តិធម៌ បែបនេះនោះទេ ព្រោះប្រជាពលរដ្ឋនៅឃុំព្រែកនរិន្ទ រាប់ពាន់គ្រួសារកំពុងទទួលរងភាពអយុត្តិធម៌ ដោយសារអាជ្ញាធរមិនបានកាត់ឆ្វៀលដីតំបន់២ នេះនៅឡើយ។
លោក សុង ម៉ាញ៖ «បានអីឱ្យក្រុមជំនាញត្រួតមើលដីហ្នឹង ថាតើដីហ្នឹងគួរកាត់មិនកាត់ ម៉េចអីម៉េច? តើដីហ្នឹងពីជំនាន់ណាមក? អ៊ីចឹងឱ្យគាត់មកស្រាវជ្រាវរកពិតប្រាកដមក គាត់អត់ធ្វើ។ ដល់ពេលអ៊ីចឹង កាត់ទាំងសោះកក្រោះអ៊ីចឹង ប្រជាជនគាត់មិនអាចយល់ព្រម»។
ចំណែកពលរដ្ឋនៅភូមិព្រែកនរិន្ទ ម្នាក់ទៀត គឺលោក ភាន កុសល ថ្លែងថា លោកមិនទទួលយកការសម្រេចរបស់លោក ហ៊ុន ម៉ាណែត នោះទេ ព្រោះដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅតំបន់២ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ជាច្រើនហិកតារ មិនត្រូវបានអាជ្ញាធរកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋតាមបញ្ជារបស់អតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន នៅឡើយ។
លោក ភាន កុសល៖ « អត់ចោលទេ ណាមានកូនបួនប្រាំនាក់ហើយ អត់មានដីនៅ ដីកម្មសិទ្ធិ ហើយឱ្យទៅរស់នៅឯណា? សង់ផ្ទះក៏មិនបាន អីក៏មិនបាន ហើយទៅនៅណា? នៅជាន់គ្នា ផ្ទះបួនដប់ តទៅ១០០ជាន់ទៅ តកូនតចៅទៅកុំឱ្យទៅនៅឯណាកើត បើអត់ឱ្យសង់លំនៅឋានលើដីតំបន់២ ហ្នឹង។ ធ្វើស្រែជួនកាលទៅថោក។ ហ្អក៎! មានអាបានផលហើយ លិចទឹកខូចអត់បានច្រូតទៀត គ្នាវេទនាចង់ងាប់ មានទៅណា ទៅថៃ? ទៅថៃវាមិនកើតទៀត អ៊ីចឹងហើយត្រូវតែតវ៉ាដើម្បីរកអាដីតំបន់១ហ្នឹងឯង ដើម្បីយកលុយធនាគារយកអី ដោះទុក្ខប្រជាពលរដ្ឋហ្នឹងឯង»។
កាលពីឆ្នាំ២០២២ នៅមុនពេលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរនៅតាមខេត្តជាប់បឹងទន្លេសាប កាត់ឆ្វៀលដីតំបន់២ ដែលប្រជាពលរដ្ឋអាស្រ័យផលលើសពី ១០ឆ្នាំ ត្រូវផ្ដល់កម្មសិទ្ធិ ឱ្យពួកគាត់កាន់កាប់។
ផ្ទុយពីការអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំ អាជ្ញាធរថ្នាក់ក្រោមជាតិនៅតាមតំបន់មួយចំនួន បែរជាមិនកាត់ឆ្វៀលដីឱ្យពលរដ្ឋ ហើយថែមទាំងរារាំងពួកគាត់មិនឱ្យចូលទៅធ្វើ និងមើលថែស្រូវលើដីចាស់របស់ខ្លួន ខណៈអាជ្ញាធរខ្លះបានបាញ់ថ្នាំពុលបំផ្លាញស្រូវពលរដ្ឋ បណ្ដាលឱ្យពួកគាត់ខាតបង់កាន់តែធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ការចុះបញ្ជីដីតំបន់បឹងទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ បានសម្រេចកំណត់ដីតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ បានចុះបញ្ជីជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ចំណែកដីតំបន់២ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផល បានវាស់វែងជូនប្រជាពលរដ្ឋបានចំនួនជាង ១៦ ម៉ឺនក្បាលដី។ រីឯដីតំបន់១ ដែលជាតំបន់ភូមិឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ បានវាស់វែងរួចចំនួន ៧៦ ម៉ឺនក្បាលដី និងបានចេញប័ណ្ណរួចចំនួន ៥៨ ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា យន្តការកាត់ឆ្វៀល និងបោះបង្គោលដីនៅតំបន់៣ និងតំបន់២ នៅជុំវិញបឹងទន្លេសាប បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បាត់បង់ដីបង្កបង្កើនផល និងរងភាពអយុត្តិធម៌។ លោក អ៊ិន គង់ជិត ស្នើឱ្យរដ្ឋាភិបាល ចុះស្រាវជ្រាវ និងធ្វើអធិការកិច្ចលើភាពមិនប្រក្រតី ជុំវិញការបោះបង្គោលតំបន់បឹងទន្លេសាបជាមុនសិន មុននឹងបិទបញ្ចប់យន្តការនេះ។
លោក អ៊ិន គង់ជិត៖ «ទន្ទឹមនឹងការដែលចុះអង្កេតស្រាវជ្រាវ ឬធ្វើអធិការកិច្ចឃើញមានកំហុសឆ្គងរបស់មន្ត្រីដែលមានការឆកល្វែង ដែលធ្វើខុសពីគោលការណ៍នីតិវិធីច្បាប់ អាហ្នឹងគួរមានវិធានការរដ្ឋបាល និងមានវិធានការផ្លូវច្បាប់ទៅលើមន្ត្រីទាំងនោះ»។
ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់នឹងនៅតែតវ៉ា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បិទបញ្ចប់ការកែប្រែដីពីតំបន់៣ មកតំបន់២ នៅជុំវិញបឹងទន្លេសាប ដោយបន្សល់ទុកនូវបញ្ហារ៉ាំរ៉ៃ និងធ្វើឱ្យប្រជាពលរដ្ឋបាត់ដីស្រែទាំងឈឺចាប់បែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។