ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន​មិន​ទទួល​យក​គោល​នយោបាយ​រដ្ឋាភិបាល ខណៈ​អាជ្ញាធរ​បញ្ចប់​ការ​ដោះស្រាយ

ដោយ សន ចាន់រដ្ឋា
2022.03.30
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន​មិន​ទទួល​យក​គោល​នយោបាយ​រដ្ឋាភិបាល ខណៈ​អាជ្ញាធរ​បញ្ចប់​ការ​ដោះស្រាយ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន នៅ​ខេត្ត​កោះកុង ប្រមាណ ១០០នាក់ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​រក​ដំណោះស្រាយ កាល​ពី​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ប្រជាពលរដ្ឋ​ ៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​ចំនួន​បី​នៃ​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង​មិន​ទទួល​យក​សំណង​គោលនយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូ​ញៀន (Union Developemnt Group) ដោយ​សារ​សំណង​នោះ​តិច​តួច​ គ្មាន​តម្លាភាព និង​យុត្តិធម៌​។ ពលរដ្ឋ​ស្នើ​សុំ​អាជ្ញាធរ និង​ក្រសួង​ដែន​ដី​ចុះ​ទៅ​ពិនិត្យ​ដីធ្លី​ជាក់​ស្ដែង និង​ផ្ដល់​​សំណង​សម​ស្រប​ទៅ​តាម​ទំហំ​ដី​ដែល​ពួកគាត់​បាត់បង់​ទៅ​ក្រុមហ៊ុន​រយៈពេល​ជាង ​១០​ឆ្នាំ​មក​នេះ។

ការ​មិន​ព្រម​ទទួល​យក​សំណង​របស់​រដ្ឋាភិបាល ពីសំណាក់​​ប្រជាពលរដ្ឋ​​រស់​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញីមាស និង​ឃុំ​កោះ​ស្ដេច ធ្វើ​ឡើង​ចំ​ថ្ងៃ​ឱសានវាទ ដែល​​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ កាល​ពី​ថ្ងៃ​ទី​១៨ មីនា ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​គម្រោង​របស់​ក្រុម​ចិន​យូ​ញៀន (Union) ប្រញាប់​ទៅ​ទទួល​យក​គោលនយោបាយ​ចាប់​ដី​ឡូត៍ ​ប្ដូរ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ត្រឹម​ថ្ងៃ​ទី​៣០ មីនា។

ក្នុង​លិខិត​ដដែល​នោះ អាជ្ញាធរ​ព្រមាន​ថា បើ​ពលរដ្ឋ​ខន​ខាន​មិន​បាន​ទទួល​យក​ដំណោះស្រាយ​តាម​ការ​កំណត់​ទេ​ នោះ​បញ្ជាក់​ថា​ ពលរដ្ឋ​បាន​បោះ​បង់​ចោល​សិទ្ធិ​ទទួល​យក​គោល​នយោបាយ​របស់​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើយ។

តំណាង​ពលរដ្ឋ​ លោកស្រី ឆាយ គឹមលិច ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣០​ មីនា​​ថា ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​មិន​ព្រម​ទទួល​សំណង​ ភាគ​ច្រើន​គឺ​អ្នក​រស់​នៅ​អាស្រ័យ​ផល​ក្នុង​ដី​មាន​ទំនាស់​ចាប់​ពី​ឆ្នាំ​១៩៧៩ ហើយ​ទំហំ​ដី​ស្រែ​ចម្ការ​របស់​គ្រួសារ​នីមួយ ចាប់​ពី​ ១៥​ហិកតារ​ដល់​៥០​ហិកតារ ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ រហូត​ដល់​ក្រសួង។ លោក​ស្រី ឆាយ គឹម​លិច​ ដែល​មាន​ដី​ចម្ការ​ទំហំ​ ២៥​ហិកតារ​ស្ថិត​ក្នុង​ប្លង់​របស់​ក្រុម​ហ៊ុន​ចិន ឲ្យ​ដឹង​ថា អាជ្ញាធរ​សម្រេច​មិន​ផ្ដល់​សំណង​ណាមួយ​ជូន​លោក​ស្រី​ទេ ដោយ​សារ​ដី​លំនៅឋាន​ ​ស្ថិត​ខុស​ពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

លោក​ស្រី ​បញ្ជាក់​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ផ្ដល់​ដី​ចម្ការ ៣ហិកតារ ដី​លំនៅឋាន​កន្លះ​ហិកតារ និង​ប្រាក់ ៩ពាន់ (.០០០ដុល្លារ​ ចំពោះ​ពលរដ្ឋ​ប្រភេទ​ទី១ ហើយ​ផ្ដល់​តែ​ដី ២ហិកតារ​ចំពោះ​ពលរដ្ឋ​ប្រភេទ​ទី​២​ គឺ​ជា​សំណង​ ដែល​ពួកគាត់​មិន​អាច​ទទួល​បាន​ទេ។ តំណាង​ពលរដ្ឋ​រូប​នេះ ​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែន​ដី​ចុះ​ទៅ​ពិនិត្យ​ដីធ្លី​ជាក់​ស្ដែង និង​ផ្ដល់​សំណង​សម​ស្រប​ទៅ​តាម​ទំហំ​ដី​ដែល​ពួកគាត់​បាត់បង់​ទៅ​ក្រុមហ៊ុន​រយៈពេល​ជាង ១០ឆ្នាំ​មក​នេះ៖ «បង​ប្អូន​ប្ដេជ្ញា​ថា​មិន​យក​ជា​ដាច់​ខាត​ គោលនយោបាយ​២​ហិកតារ​ ៣​ហិកតារ​ហ្នឹង។ បង​ប្អូន​ស្នើ​សុំ​ថា កុំ​ដោះស្រាយ​បែង​ចែក​ បំបែក​បំបាក់ បង្ខិត​បង្ខំ គំរាមកំហែង​អី។ សូម​ជួយ​ដោះស្រាយ​បញ្ចប់​ទៅ​ កុំ​ឲ្យ​នៅ​រង​គ្រោះ​បន្ត​ទៀត។ ខ្ញុំ​សូម​ស្នើ​សុំ​ដល់​គណៈកម្មការ​ដោះស្រាយ​ទាំង​អស់​ សូម​ពិចារណា​ សារ​ជា​ថ្មី​ម្ដង​ទៀត កុំ​ឲ្យ​បងប្អូន​ នៅ​ដើរ​តវ៉ា​ខាត​បង់​ពេល​វេលា​ បាត់​បង់​ការ​សិក្សា​កូន។ ខាត​ពេល​វេលា​ ខាត​ទាំង​លុយ​។ ជំពាក់​បំណុល​ធនាគារ​ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រឹត​តែ​ពិបាក​ទៅៗ»

កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៥០នាក់​ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង ដើម្បី​ស្នើ​សុំ​ផ្ដល់​សំណង​ដំណោះស្រាយ​ដីធ្លី​ឲ្យ​បាន​សមរម្យ​ជាង​នេះ។ នៅ​ពេល​នោះ អភិបាល​រង​ខេត្ត​កោះ​កុង​ លោក សុខ សុទ្ធី បាន​ចេញ​មក​ជួប​ពលរដ្ឋ​ ដោយ​សន្យា​ថា​នឹង​បញ្ជូន​សំណើ​ដាក់​ជូន​ថ្នាក់​លើ ហើយ​សុំ​ឲ្យ​ពលរដ្ឋ​អត់​ធ្មត់​ក្នុង​រង់​ចាំ​ដំណោះស្រាយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​រឿង​នេះ ពី​អភិបាល​រង​ខេត្ត​កោះ​កុង ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ លោក សុខ សុទ្ធី បាន​ទេ​ នៅ​ថ្ងៃ​ទី៣០ មីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ជុំ​វិញ​រឿង​នេះ អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះ​កុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា ករណី​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី មិន​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​​នៅ​សេសសល់​នេះ គឺ​បង្ហាញ ពី​ការ​មិន​ទទួល​ខុស​ត្រូវ និង​ភាព​បរាជ័យ​របស់​អាជ្ញាធរ ចំពោះ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែន​ដី គួរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ជូន​ប្រជាពលរដ្ឋ ឲ្យ​ស្រប​នឹង​ទំហំ​ដី​ជាក់​ស្ដែង​របស់​ពួកគាត់​ដែល​បាន​បាត់​បង់ ទើប​វិវាទ​នេះ​អាច​បញ្ចប់​ទៅ​បាន៖ «ទោះ​បី​ជា​អាជ្ញាធរ​បាន​ដោះស្រាយ​ជម្លោះ​យ៉ាង​ច្រើន​ រវាង​អ្នក​ប្រភេទ​ទី១ ទី២ ទី៣ ប៉ុន្តែ​កាល​ណា​មិន​បាន​ដោះស្រាយ​ជម្លោះ​ប្រជាពលរដ្ឋ​ ដែល​នៅ​សេស​សល់​នេះ បង្ហាញ​ថា​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ​យូញៀន គឺ​មិន​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ឲ្យ​បាន​ជោគជ័យ​ទេ។ អាជ្ញាធរ​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ មិន​ខ្វាយខ្វល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ រាប់​សិប​ឆ្នាំ​មក​ហើយ​។ ការ​តវ៉ា​រយៈពេល​ជាង​ ១០​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ»

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.១០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)

គម្រោង​អភិវឌ្ឍន៍​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់ ៣រយ​គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ។ កាល​ពី​ឆ្នាំមុន ក្រសួង​រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ ក្រោម​ច្បាប់​សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយ​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ការ​ច្បាម​យក​ដី និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​គោល​នយោបាយ​ដីធ្លី​នេះ ស្នើ​សុំ​រដ្ឋាភិបាល​បើក​វេទិកា​ពិភាក្សា​ជាមួយ​ពលរដ្ឋ និង​ផ្ដល់​សំណង​សមរម្យ ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋ​ទាំងនោះ​ប្រកាន់​ជំហរ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ផ្ដល់​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទេ​ ពួកគាត់​នឹង​នាំ​គ្នា​ចេញ​តវ៉ា​តាម​ស្ថាប័ន​រដ្ឋ លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល