សហគមន៍​ព្រៃឈើ នៅ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់​ជំទប់​ទី២ ឃុំ​ស្រយ៉ង់ ថា លួច​លក់​ដី​ព្រៃ​រាប់​រយ​ហិកតា

ដោយ ម៉ៅ សុធានី
2021-11-10
Share

ប្រជា​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់​ជំទប់​ទី២ ឃុំស្រយ៉ង់ លោក ឌី បូ ថា ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​លក់​ដី​ព្រៃ​អភិរក្ស​អស់​រាប់​រយ​ហិកតារ។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​រូប​នេះ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់​នៅ​ឃុំស្រយ៉ង់ ស្រុក​គូលែន អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តព្រះវិហារ​ស៊ើប​អង្កេត សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស​អស់​ជាច្រើន​ហិកតារ ឋិត​នៅ​ចំណុច​ភ្នំ​ព្រួល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ប្រជា​សហគមន៍​ថ្មីៗ នេះ បាន​ប្រទះ​ឃើញ គ្រឿងចក្រ​ជា​ច្រើន​គ្រឿង និង​កម្មករ​ជាច្រើន​នាក់ ប្រើ​រណា​យន្ត​អារ​រំលំ​ដើម​ឈើ​ធំៗ ដើម្បី​រាន​យក​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​អស់​ជា​ច្រើន​ហិកតារ នៅ​រយៈ​ពេល​ជាង ១ខែ​ចុង​ក្រោយ​នេះ។

ជនជាតិ​ដើម​កួយ​រស់​នៅ​ភូមិ​ស្រយ៉ង់​ខាង​ត្បូង ឃុំស្រយ៉ង់ លោក តុប រ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ វិច្ឆិកា​ថា អាជ្ញាធរ​ឃុំ​រូប​នេះ បាន​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​ឱ្យ​ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់ ប៉ះចំ​ដី​ព្រៃ​អភិរក្ស​ប្រមាណ ២០០ហិកតារ​នឹង​ត្រៀម​ឈូស​ឆាយ​ទាំង​អស់។ លើស​ពី​នេះ ក្នុង​ពេល​ដែល​អាជ្ញាធរ​ឃុំ​រូប​នេះ ចេញ​លិខិត​ផ្ទេរ​សិទ្ធិ​ដីធ្លី សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​កាន់​តែ​កម្រើក​ខ្លាំង​អស់ ៥០ហិកតារ ដោយ​គ្មាន​មន្ត្រី​បរិស្ថាន​ណា​ចុះ​អនុវត្ត​ច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា ប្រជា​សហគមន៍​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន ដែល​អាជ្ញាធរ​ឃុំ​រូប​នេះ បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​មាន​ហត្ថលេខា និង​បោះ​ត្រា​ឃុំ ដើម្បី​ប្រគល់​ដី​ព្រៃ​អភិរក្ស​ទ្រង់​ទ្រាយ​ធំ ឱ្យ​ក្រុម​ឈ្មួញ​ឈូស​ឆាយ៖ «២០០ហិកតារ​ហើយ​គេ​កាប់​រំលើង​ដៃ​មួយ​សារ​ហើយ បាន​គេ​ចាប់​ផ្តើម​ឈូស​ឆាយ បើ​គេ​កាប់​ដៃ​អស់​រលីង​ហើយ។ គេ​ជួល​អ្នក​ស្រុក ​មួយ​ហិកតារ ៥០ម៉ឺន​រៀល ដើម្បី​ឱ្យ​ដួល​សិន»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ជំទប់​ទី២ ឃុំស្រយ៉ង់ លោក ឌី បូ បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​ក្នុង​ទំហំ​ដី​ព្រៃ​អស់​រាប់​រយ​ហិកតារ​ដូច្នោះ​ទេ។ តែ​លោក​ទទួល​ស្គាល់​ថា បាន​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ក្រីក្រ ៥គ្រួសារ ក្នុង​ទំហំ​ដី​ជាង ១០ហិកតារ​ប៉ុណ្ណោះ តាម​សំណើ​របស់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ធ្វើ​កសិកម្ម​ដាំ​ដំឡូង​ចិញ្ចឹម​ជីវិត។ លោក​បញ្ជាក់​ថា ដី​ដែល​លោក​ចុះ​ហត្ថលេខា​នោះ ជា​ដីចម្ការ​របស់​ពលរដ្ឋ ពុំ​មែន​ដី​ព្រៃ​ឋិត​ក្នុង​ដែន​អភិរក្ស របស់​ក្រសួង​បរិស្ថាន​នោះ​ទេ៖ «ពុំ​មែន​ជា​ការ​ពិត​ទេ អត់​មាន​រាប់​រយ​ហិកតារ​ទេ បើ​ខ្ញុំ​ធ្វើ ៥ហិកតារ​មាន។ ពលរដ្ឋ​គាត់​ដោះដូរ​គាត់​ខ្វះខាត ​គាត់​ឱ្យ​យើង​ផ្ទេរ​ឈ្មោះ​មួយ ​ទៅ​ឈ្មោះ​មួយ ៤ ទៅ ៥ហិកតារ​មាន។ ដី​នេះ គឺ​គេ​ខាន​ធ្វើ​យូរ​ហើយ​ ពលរដ្ឋ​អត់​គេ​ធ្វើ​ស្រឡះ​ដាំ​ដំឡូង ​គេ​លក់​ឱ្យ​បងប្អូន​មួយ​ទៀត​ទៅ»

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ស៊ើប​អង្កេត​បញ្ហា​នេះ​ជា​បន្ទាន់ និង​ជំរុញ​ឱ្យ​មាន​ការ​ទទួលខុស​ត្រូវ​ទាំង​អ្នក​ប្រព្រឹត្ត រួម​ទាំង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស​ទាំង​នោះ។

មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក ខេត្តព្រះវិហារ ​លោក ​ឡោ ចាន់ ពន្យល់​ថា អាជ្ញាធរ​ឃុំ​ដែល​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​ដីធ្លី នៅ​តំបន់​ការពារ​ គឺ​ជា​ទង្វើ​ល្មើសច្បាប់៖ «ព្រោះ​ដី​តំបន់​ការពារ​គឺ​មាន​ព្រះរាជក្រឹត្យ ​ឡាយ​ព្រះហស្តលេខា​ព្រះ​មហាក្សត្រ​ ពុំ​មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ស៊ីញេ​ជាន់​ព្រះ​រាជ​ក្រឹត្យ​នោះ​ទេ»

កាល​ពី​ខែ​ឧសភា ឆ្នាំ២០២១ កន្លង​ទៅ ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ និង​ត្រូវ​មោឃភាព​ចោល​រាល់​ការ​ចុះ​ហត្ថលេខា កាន់កាប់​ដី​ក្នុង​តំបន់​ការពារ រួម​ទាំង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ។ ក្រសួង​រក​ឃើញ​ថា រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន​នៅ​តែ​បន្ត​ចុះហត្ថលេខា​បញ្ជាក់​ការ​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ និង​ពាក្យ​ស្នើ​សុំ​កាន់​កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ខុស​ច្បាប់។

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក មាន​ផ្ទៃដី​ចំនួន​ជាង ៤ម៉ឺន ២ពាន់​ហិកតារ (៤២.០៩៧) ស្ថិត​ក្នុង ស្រុក​សង្គមថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុកជីក្រែង ខេត្តសៀមរាប។ ដែន​អភិរក្ស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៧ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល