ប្រជាសហគមន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែងមិនហ៊ានអនុវត្តច្បាប់លើអ្នកនៅពីក្រោយខ្នង នៃការកាប់ទន្ទ្រានដីព្រៃជាង៤ពាន់ហិកតា
2022.05.04

ប្រជាសហគមន៍ការពារព្រៃឈើខកចិត្តចំពោះអាជ្ញាធរខេត្តស្ទឹងត្រែង ដែលមិនអើពើស៊ើបអង្កេត និងអនុវត្តច្បាប់លើមេខ្លោង ដែលកាប់ទន្ទ្រានដីព្រៃបម្រុងទុកក្នុងភូមិក្របីជ្រុំទំហំ ជាង ៤ ពាន់ហិកតា បើទោះបីជាពួកគាត់បានកំណត់អត្តសញ្ញាណមេខ្លោង និងអ្នកពាក់ព័ន្ធរួចហើយក្តី។ ពួកគាត់សង្ស័យថា អាជ្ញាធរឃុំ និង ស្រុកមួយចំនួន មានជាប់ពាក់ព័ន្ធ នឹងសកម្មភាពកាប់ឈើមានតម្លៃ និងទន្ទ្រានដីព្រៃនៅតំបន់នោះ ធ្វើជាទ្រព្យបុគ្គល។
ពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន្ត កំពុងតាមដានដោយយកចិត្តទុកដាក់ ពីចំណាត់ការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងករណីដីព្រៃបម្រុងទុកទំហំសរុបប្រមាណ ៥ ពាន់ហិកតា ឋិតនៅជាប់ភូមិកំណើតរបស់ពួកគាត់ ត្រូវក្រុមអ្នកមានអំណាច ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានខ្លះ លបកាប់ទន្ទ្រានអស់ស្ទើរទាំងស្រុងនៅរយៈពេលជិត១ឆ្នាំចុងក្រោយនេះ។
អ្នកភូមិអះអាងថា ពួកគាត់បានកំណត់អត្តសញ្ញាណមេខ្លោង ២នាក់ បញ្ជូនឈ្មោះទៅអាជ្ញាធរខេត្តនេះ រួចហើយ ប៉ុន្តែមកទល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់ចាត់វិធានការតាមច្បាប់។
តំណាងពលរដ្ឋលោក គី គុណនី រៀបរាប់ថា ពួកលោក នៅមិនទាន់ស្ងប់ចិត្តនៅឡើយទេ ព្រោះអាជ្ញាធរមិនទាន់ឃាត់ខ្លួនមេខ្លោង២នាក់ រួមទាំងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ លោកថា ពួកលោកមានភស្តុតាង និងសាក្សីច្បាស់លាស់ ដែលបញ្ជាក់ថា លោក លី ប៉ាវ និងម្នាក់ទៀត អតីតមន្ត្រីយោធា ឈ្មោះ អាន ឌីគង់ហ៊ាង គឺជាមេក្លោងបញ្ជាឱ្យក្រុមកម្មករ កាប់ឈើធំៗ និងទន្ទ្រានដីព្រៃបម្រុងទុក ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ រហូតមកទល់ពេលនេះ អស់ជាច្រើនពាន់ហិកតា។
លោកបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពកាប់ទន្ទ្រានព្រៃនៅតំបន់នោះបានផ្អាកហើយ ប៉ុន្តែអាជ្ញាធរមិនទាន់វែកមុខ រកអ្នកពាក់ព័ន្ធ មកផ្ដន្ទាទោសនៅឡើយទេ៖ «ខ្ទង់ ៤ ពាន់ហិកតារជាង ឡើងវាល គេកាប់រំលំចោលៗ តូចធំអី កាត់ចោលៗ វាលល្វឹងល្វើយ។ មិនថា នរណាទេឱ្យតែពាក់ព័ន្ធរឿងនេះ ចង់ឱ្យវែកមុខឱ្យឃើញ និងផ្តន្ទាទោស។ ពួកខ្ញុំដឹងហើយជនល្មើស តែថ្នាក់ខេត្ត និងស្រុក មិនអើពើ ក្នុងការស៊ើបអង្កេតនេះ»។
តំណាងប្រជាសហគមន៍រូបនេះ សោកស្តាយព្រៃរេចរឹល និង ព្រៃរបោះ ដែលជាជម្រកសត្វព្រៃ និងជាកន្លែងដែល អ្នកភូមិឃ្វាលគោក្របី កំពុងឈានទៅរកបាត់បង់ទាំងស្រុង។ លោកថា ក្រុមឈ្មួញបានសម្រុកកាប់ឈើមានតម្លៃ និង ទន្ទ្រានដីព្រៃឱ្យក្លាយជាវាលរហោឋាន ធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទផ្អើលទៅរស់នៅតំបន់ផ្សេង។
ទន្ទឹមនឹងនេះ កន្លងទៅ ក្រុមឈ្មួញបានប្រើកម្លាំងកម្មករជាច្រើននាក់ កាប់ផ្តួលដើមឈើតូចធំ រួចដុតកម្ទេចចោល ធ្វើឱ្យព្រៃបម្រុងទុកនៅចំណុច ភ្នំដី ត្រពាំងត្រែង ទួលច្រែស និង អូរស្នែងក្របី វិនាសហិនហោច។ លោកបញ្ជាក់ថា អ្នកភូមិបានរាយការណ៍រឿងនេះ ប្រាប់អាជ្ញាធរឱ្យជួយទប់ស្កាត់តាំងពីដើមទីមកម្ល៉េះ ប៉ុន្តែគ្មានបានផលឡើយ៖ «ភូមិ ឃុំ និង ស្រុកមិនចូលរួមទេ ប្រហែលជា អត់មានកាប់ទន្ទ្រានល្វឹងល្វើយអ៊ីចឹងទេ។ កន្លែងប្រជាពលរដ្ឋចិញ្ចឹមគោក្របី វាកាត់បិទផ្លូវអស់រលីង វាពិបាកចិញ្ចឹមសត្វ និងការអភិរក្សសត្វព្រៃ វានឹងហិនហោច»។
កាលពីចុងខែមីនាកន្លងទៅ ប្រជាសហគមន៍ មន្ត្រីបរិស្ថាន និង សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសរណាយន្ត ០៧គ្រឿង និង ម៉ូតូ ២គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដែលបម្រើឱ្យសកម្មភាពកាប់ទន្ទ្រានព្រៃបម្រុងទុកនេះ។ លើសពីនេះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យទាំងនេះ ទៅតុលាការ ហើយតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យទាំងនេះនៅពន្ធនាគារខេត្តនេះ នៅថ្ងៃបន្ទាប់។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខេត្តបានដោះស្រាយរឿងនេះរួចហើយ ដោយបានណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ ដោះស្រាយពាក្យបណ្តឹងរបស់ពលរដ្ឋ ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោកមិនទាន់បញ្ជាក់លម្អិតបានទេ។ លោកថា លោកស្វាគមន៍ចំពោះសំណើរបស់ អង្គការសង្គមស៊ីវិល ដែលស្នើឱ្យអាជ្ញាធរដោះស្រាយរឿងនេះ៖ «នេះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរ ដែលខិតខំប្រឹងប្រែងដែលអនុវត្តកន្លងមក គឺអនុវត្តតាមគោលការណ៍នានា ដែលកំណត់ជាធរមាន»។
កាលពីដើមខែមេសាកន្លងទៅ អភិបាលរងស្រុកសេសាន លោក អ៊ីវ ឡន បានចុះពិនិត្យសកម្មភាពកាប់ទន្ទ្រានដីព្រៃបម្រុងទុកនៅតំបន់នោះ ដោយសន្យាប្រាប់អ្នកភូមិថា អាជ្ញាធរនឹងអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធជាធរមាន ហើយដីព្រៃដែលគេកាប់ទន្ទ្រាន នឹងនៅតែជាសម្បត្តិរបស់រដ្ឋដដែល។
ទន្ទឹមនឹងនោះ ប្រជាសហគមន៍បានចង្អុលមុខ បុរសម្នាក់ឈ្មោះ លី ប៉ាវ ដែលរួមដំណើរជាមួយ អាជ្ញាធរស្រុករូបនេះ ដោយស្រែកថា លោក លី ប៉ាវ គឺជាមេខ្លោង កាប់ទន្ទ្រានដីព្រៃអស់រាប់ពាន់ហិកតារ។ អ្នកភូមិបន្តថា លោក លី ប៉ាវ បានធ្វើរបងហ៊ុមព័ទ្ធយកដីព្រៃបម្រុងទុក ជាង១ ពាន់ហិកតារ នៅមិនទាន់ឃើញ អាជ្ញាធរចុះអនុវត្តច្បាប់នៅឡើយទេ។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបំភ្លឺរឿងនេះ ពីលោក លី ប៉ាវ ដែលពលរដ្ឋបានប្តឹងចោទប្រកាន់ ប៉ុន្តែអ្នកលើកទូរសព្ទនិយាយថា ច្រឡំលេខ។
ចំណែក អតីតមន្ត្រីយោធា លោក អាន ឌីគង់ហ៊ាង បដិសេធការចោទប្រកាន់នេះ ដោយលោកចាត់ទុកថា ជារឿងមិនពិត។ លោកបញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធកាប់រានដីព្រៃទាំងនេះទេ។
ជុំវិញរឿងនេះ មន្ត្រីសមាគមអាដហុក លោក ប៊ី វ៉ាន់នី ជំរុញឱ្យអាជ្ញាធរខេត្តត្រូវតែយកច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាល មកអនុវត្តឱ្យបានតឹងរ៉ឹង ជាពិសេសត្រូវតាមដានចំពោះសកម្មភាពរបស់មន្ត្រីមូលដ្ឋាន ដែលកំពុងដោះស្រាយរឿងនេះ។ លោកសង្កត់ធ្ងន់ថា ជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ អាជ្ញាធរត្រូវតែស៊ើបអង្កេត និងចាប់ខ្លួន ផ្ដន្ទាទោសតាមច្បាប់៖ «ស្នើសុំឱ្យអាជ្ញាធរខេត្តមានវិធានការច្បាស់លាស់ មិនថា មន្ត្រី និង ពលរដ្ឋទេ ឱ្យតែប្រព្រឹត្តល្មើសច្បាប់ ត្រូវតែយកមកអនុវត្តច្បាប់ ហើយត្រូវស្នើគ្នាចំពោះមុខច្បាប់»។
ប្រជាសហគមន៍បន្ថែមថា ដីព្រៃដែលក្រុមឈ្មួញសម្រុកកាប់ទន្ទ្រាន ជាកន្លែងអាស្រ័យផលព្រៃឈើ របស់អ្នកភូមិរាប់រយគ្រួសារជាយូរមកហើយ។ ដីព្រៃនៅតំបន់នោះ សល់ព្រៃរបោះ និង ព្រៃរនាម ប្រមាណ ៥ ពាន់ហិកតារកំពុងប្រឈមការបាត់បង់ទាំងស្រុង ហើយព្រៃនេះ មានសត្វព្រៃជាច្រើនប្រភេទរស់នៅ ដូចជា អណ្តើក ឈ្លូស ខ្ទីង ស្វា និង ជ្រូកព្រៃជាដើម។ កន្លងមកអ្នកភូមិធ្លាប់ស្នើឱ្យអាជ្ញាធរ ការពារព្រៃទាំងនោះ ជាតំបន់អភិរក្ស ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់ ឃ្វាលគោក្របី និង រកអនុផលព្រៃឈើជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។