ក្រសួងរៀបចំដែនដីសន្យាឆ្លើយតបនឹងពលរដ្ឋជាង១៥០០នាក់ដែលឡើងមកសុំពន្លឿនដំណោះស្រាយដីធ្លី
2023.03.31
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាឆ្លើយតបនៅដើមខែក្រោយនេះ ទៅនឹងសំណើសុំពន្លឿនដំណោះស្រាយបញ្ហាដីធ្លី របស់ក្រុមប្រជាពលរដ្ឋជាង ១ពាន់ ៥រយនាក់នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលបានឡើងមកដាក់ញត្តិ និងតាមដានញត្តិដែលពួកគាត់បានដាក់នាពេលកន្លងមក។
ក្រុមប្រជាពលរដ្ឋប្រមាណ ១ពាន់ ៥រយនាក់ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅលោក ហេង ហ៊ុយ និងលោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានធ្វើដំណើរចាកចេញពីភ្នំពេញត្រឡប់ទៅស្រុកវិញកាលពីយប់ថ្ងៃទី២៩ មីនា បន្ទាប់ពីពួកគាត់បានដាក់ញត្តិនៅសហភាពអឺរ៉ុប និងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យមានការពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដែលបានអូសបន្លាយជាងមួយទសវត្សរ៍មកនេះ។ នៅថ្ងៃទី៣០ មីនា អ្នកតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តកោះកុង១៧នាក់ បន្តស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ខណៈខុទ្ទកាល័យលោក ហ៊ុន សែន មិនបានទទួលយកញត្តិពីពួកគាត់ឡើយ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តកោះកុងម្នាក់លោក ឈឹម សាផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣០ មីនា ថា ខាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទទួលញត្តិពីពួកលោកឡើយ ដោយគ្រាន់តែជួយកែសម្រួលញត្តិឡើងវិញ ដើម្បីឱ្យពួកលោកយកទៅដាក់នៅក្រសួងមហាផ្ទៃ។ លោកបន្តថា ចំពោះមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញ បន្ទាប់ពីទទួលញត្តិរួចនៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៩ មីនា បានសន្យាឱ្យតំណាងឡើងមកក្រសួងជាថ្មីនៅថ្ងៃទី៧ ខែមេសាក្រោយនេះ ដើម្បីទទួលយកលទ្ធផលដោះស្រាយពីក្រសួង។
លោក ឈឹម សាផាន៖ «ក្រសួងដែនដី ខ្ញុំដាក់ហើយ ហើយ៧ថ្ងៃទៀត ក្រសួងឱ្យឡើងមកទទួលលទ្ធផល។ អត់ដឹងថា កិច្ចការ(ឆ្លើយតប)យ៉ាងម៉េចទេ គ្រាន់តែវ៉ៃត្រាចូល(ក្រសួង)ហើយ គេជូនដំណឹងក្រោយ»។
លោក ឈឹម សាផាន ដែលមានអាយុ៦៨ឆ្នាំទៅហើយនោះ បានបន្ថែមថា ញត្តិដែលបានដាក់ទៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ មីនា គឺស្នើឱ្យបញ្ជូនមន្ត្រីក្រសួង ចុះធ្វើអធិការកិច្ចស៊ើបអង្កេតលើអាជ្ញាធរមូលដ្ឋាន។ លោកបញ្ជាក់ថា ការស្នើឱ្យចុះធ្វើអធិការកិច្ចនេះ ដោយសារអាជ្ញាធរភូមិឃុំ ពុំបានផ្សព្វផ្សាយឱ្យពលរដ្ឋអាចដាក់ពាក្យប្ដឹងជំទាស់ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានអភិវឌ្ឍរំលោភដីរបស់ពួកគាត់។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីនៅតែមិនអាចសុំការបំភ្លឺពីក្រុមមន្ត្រីរបស់រដ្ឋាភិបាល មានដូចជាមន្ត្រីនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ដោយសារពួកលោកមិនលើកទូរស័ព្ទ។
ក្នុងចំណោមពលរដ្ឋទាំង ១ពាន់ ៥រយនាក់ឡើងមកតវ៉ាដាក់ញត្តិនេះ ក្នុងនោះមកពីខេត្តកំពង់ស្ពឺជិត១ពាន់នាក់ និងមកពីខេត្តកោះកុងជាង ៥រយនាក់ ដោយពួកគាត់បានចំណាយថវិកាផ្ទាល់ខ្លួនជួលរថយន្តប្រហែល១០០គ្រឿង ជិះធ្វើដំណើរឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ។
ពួកគាត់ខ្លះមិនបានសម្រាកអស់ជិតពីរយប់ ពីរថ្ងៃ ដោយសាររថយន្តដឹកក្រុមពលរដ្ឋមកពីខេត្តកោះកុងប្រហែល៥០០នាក់ ក្នុងនោះភាគច្រើនជាស្ត្រី ខ្លះជាមនុស្សចាស់ និងស្ត្រីកូនខ្ចី ត្រូវបានកងកម្លាំងសមត្ថកិច្ចដាក់របាំងស្ទាក់នៅតាមផ្លូវ នៅពាក់កណ្ដាលយប់អធ្រាត្រ រហូតធ្វើឱ្យពួកគាត់ត្រូវបង្ខំចិត្តចុះដើរដោយថ្មើរជើង តាំងពីម៉ោងជាង ១យប់រហូតដល់ម៉ោង៧កន្លះព្រឹក ក្នុងចំងាយផ្លូវប្រមាណ២០គីឡូម៉ែត្រ ទើបសមត្ថកិច្ចដោះលែងរថយន្តឱ្យមកដឹកពួកគាត់បន្តដំណើរមកដល់រាជធានីភ្នំពេញ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺលោកស្រី មុំ សុភី លើកឡើងដែរថា មន្ត្រីក្រសួងរៀបចំដែនដី បានសន្យាឆ្លើយតបទៅនឹងការសុំពន្លឿនដំណោះស្រាយនៅថ្ងៃទី៧ ខែមេសាក្រោយនេះ ដោយលើកហេតុផលថា ដើម្បីយកពេលវេលាប្រជុំជាមួយអន្តរក្រសួង។
លោកស្រីថា៖ «ខ្ញុំមកដល់ផ្ទះម៉ោង១១មួយយប់។ ត្រឡប់មកវិញអស់ហើយ ព្រោះគេ (មន្ត្រី) ឆ្លើយតប ហើយក្រសួងសន្យាមួយសប្ដាហ៍។ មួយសប្ដាហ៍ហ្នឹង ទៅយកលិខិតពីគេហើយ បញ្ជូនទៅខេត្តដោះស្រាយអ៊ីចឹង»។
ក្រុមពលរដ្ឋ១.១៩៧គ្រួសារ មកពីឃុំចំនួន៣ គឺឃុំរស្មីសាមគ្គី និងឃុំត្រពាំងជោ ក្នុងស្រុកឱរ៉ាល់ និងឃុំអមលាំងក្នុងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០១១។ លោក លី យ៉ុងផាត់ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក ហេង ហ៊ុយ ក៏មានទំនាស់ដីធ្លីជាមួយក្រុមពលរដ្ឋនៅខេត្តកោះកុងចំនួន ៥សហគមន៍ ដែលមានជិត ១.៥០០គ្រួសារ នៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកថ្មបាំង។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត លើកឡើងថា ការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទាំងនេះ ហាក់មានភាពស្មុគស្មាញ ដោយសាររដ្ឋាភិបាលមិនមានឆន្ទៈនយោបាយដោះស្រាយឱ្យបានពិតប្រាដក ហើយកន្លងមក នៅពេលពលរដ្ឋឡើងមកតវ៉ាមកដល់ថ្នាក់ជាតិម្ដងៗ ជាធម្មតាតែងមានការសន្យាស្វែងរកដំណោះស្រាយដើម្បីឱ្យពលរដ្ឋស្ងប់ចិត្តវិលទៅផ្ទះវិញប៉ុណ្ណោះ។ លោកបន្តថា មូលហេតុធ្វើឱ្យទំនាស់ដីធ្លីជាច្រើនករណី ខ្លះអូសបន្លាយជាងមួយទសវត្សរ៍ ទៅជាង២ទសវត្សរ៍ ដោយសារអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ត ចេះតែបន្តរុញដាក់ទៅគ្នាទៅវិញមក។
លោក វណ្ណ សុផាត៖ «ដូចខ្ញុំបានជម្រាបអ៊ីចឹង ជាបទពិសោធន៍ ពេល(ពលរដ្ឋ)ឡើងមកក្រសួង ក្រសួងរុញទៅថ្នាក់ខេត្ត ហើយថ្នាក់ខេត្តថា បានរបាយការណ៍ហ្នឹង ចាំរាយការណ៍ទៅថ្នាក់លើ។ អ៊ីចឹង! ថ្នាក់លើរបស់គាត់ហ្នឹង គឺមានតែថ្នាក់ជាតិហ្នឹងទៀត វិលចុះវិលឡើងអ៊ីចឹងទៅ ហើយប្រជាពលរដ្ឋបន្តធ្វើការសំណូមពរដោយគ្មានការដោះស្រាយបន្តទៀត។ អ៊ីចឹងហើយ! បានករណីដីធ្លីមួយៗហ្នឹង នៅរហូតដល់១០ឆ្នាំ ខ្លះរហូតដល់ជាង២០ឆ្នាំ គឺដោយសារអ៊ីចឹង»។
ក្រុមពលរដ្ឋដែលឡើងមកតវ៉ាដល់ក្រសួងស្ថាប័នថ្នាក់ជាតិនៅពេលនេះ បានកើតឡើងបន្ទាប់ពីមានសមាជិករងគ្រោះដីធ្លីរបស់ពួកគាត់ម្នាក់ បានសន្លប់ និងស្លាប់ ដោយសារការអង្គុយរង់ចាំអស់ជិត១០ម៉ោងនៅខាងមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ មីនា ដើម្បីសុំជួបអភិបាលខេត្ត អ្នកស្រី មិថុនា ភូថង និងអភិបាលរងខេត្ត លោក សុខ សុទ្ធី។ អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត យល់ឃើញថា ទាល់តែមានភ្លើងខៀវ ឬបញ្ជាពីលោក ហ៊ុន សែន អាជ្ញាធរថ្នាក់ខេត្ត អាចនឹងដុតដៃដុតខ្លះដើម្បីដោះស្រាយបញ្ហាដីធ្លីទាំងនេះជួនពលរដ្ឋឱ្យបានឆាប់ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។