ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ​កំពុង​ប្រឈម​បញ្ហា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ

ដោយ វែន សុមេធ
2020.11.30

ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​គ្រួសារ​ទៀត​រស់នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន បាន​បង្ហាញ​ពី​ទុក្ខវេទនា និង​ភាព​អយុត្ត​ធម៌​ជា​ច្រើន​កើត​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​បាន​វិនិយោគ​ដី​ឱ្យ​ក្រុមហ៊ុន​ចិន​ហេង​ហ្វូ (Hengfu Group) ជាង ៤ម៉ឺន​ហិកតារ​កាល​ពី​ឆ្នាំ២០១១។ អ្នកភូមិ​ស្ដី​បន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិបត្តិ​ធ្លី​ដី​នេះ​ទេ តែ​បែរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ណា​ដែល​ទាមទារ​ដី​ស្រែ​របស់​ខ្លួន​ចិញ្ចឹម​ជីវិត។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​ប្រើស​ក្អក​ឃុំ​ម្លូព្រៃ​ពីរ​ស្រុក​ឆែប​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ស្រប​ពេល​ដែល​អាជ្ញាធរ​មិន​ឈឺឆ្អាល​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួក​គេជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ភូមិ​ថា នៅ​គ្រា​ដែល​ពួកគេ​ងើប​តវ៉ា​ទាមទារ​ដីស្រែ​ពី​ក្រុមហ៊ុន​ចិន​ម្តងៗ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រើ​លេស​ចោទ​ពួក​គេ​ថា ជា​ក្រុម​បក្ស​ប្រឆាំង ដើម្បី​ដាក់​សម្ពាធ​មិន​ឱ្យ​តវ៉ា។

ជនជាតិ​ដើម​ភាគតិច​កួយ​លោកស្រី អៀម ហ៊ន វ័យ ៥០ឆ្នាំ​រៀប​រាប់ទាំង​ទឹក​ភ្នែក​ថា គ្រួសារ​លោកស្រី​មាន​ដី ៦ហិកតារ​ជា​ដី​កេរ​ដូនតា​គ្រប់គ្រង​ជាច្រើន​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង​ហ្វូ រំលោភ​ឈូស​ឆាយ​អស់​ទាំង​ស្រុង កាល​ពី​ឆ្នាំ២០១៥។ លោកស្រី​បាន​ស្រែក​តវ៉ា និង​ប្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​ដោះ​ស្រាយ​ជា​ច្រើន​លើក​តែ​អាជ្ញាធរ​បែរ​ជា​ចោទ​គ្រួសារ​លោកស្រី​ថា មក​ធ្វើ​ស្រែ​ដី​របស់​រដ្ឋ​ផ្សេង​ទៅ​វិញ។ លើស​ពី​នេះ​ទៀត​អាជ្ញាធរ​ភូមិ​ហាក់​រើសអើង​គ្រួសារ​លោកស្រី និង​តែងតែ​គំរាម​កំហែង ដើម្បី​ដាក់​សម្ពាធ​មិន​ឱ្យ​តវ៉ា៖
«បើ​គ្រាន់តែ​ដីស្រែ​ទទួល​ធ្វើ​ដីស្រែ​ចិញ្ចឹម​ជីវិត​មិន​បាន បើ​ហារ​ឡើង​សុទ្ធ​ដី​រដ្ឋៗ ខ្ញុំ​នៅ​ប្រឈម​រហូត​រឿង​ដី ខ្ញុំ​ថា ខ្ញុំ​មិន​ឈប់​ប្រឈម​ទេ​បើ​ខ្ញុំ​មិនបាន​ដី​ខ្ញុំ​មិន​ឈប់​ប្រឈម​ទេ។ ក្នុង​ការ​ប្រឈម​ពិបាក​ណាស់ ឱ្យ​តែ​ខ្ញុំ​បាន​ដី​ខ្ញុំ​ចែក​ឱ្យ​កូន​ធ្វើស្រែ​ខ្ញុំ​ឈប់​ប្រឈម​ហើយ ចាស់​ប៉ុណ្ណឹង​ហើយ»

ស្ត្រី​ដដែល​បន្ថែម​ថា នៅ​គ្រា​ដែល​ក្រុមហ៊ុន​ចិន​ផ្អាក​ដំណើរ​ការ កាល​ពី​ចុង​ឆ្នាំ២០១៩ គ្រួសារ​លោកស្រី​បាន​ទៅ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដែល​ក្រុមហ៊ុន​រំលោភ​យក​មាន​ទំហំ​ ​៦​ហិកតារ ក៏​ប៉ុន្តែ​នៅ​ពេល​ប្រមូល​ផល​ ​នៅ​ពេលថ្មីៗនេះ​ ​លោកស្រី​បាន​ច្រូតកាត់​តែ​ ​២​ហិកតារ​ប៉ុណ្ណោះ​ ​នៅសល់ ៤ហិកតារ​ទៀត អាជ្ញាធរ​រារាំង និង​គំរាម​កំហែង​មិន​ឱ្យ​ប្រមូល​ផល​បន្ត​ទៀត។ លោកស្រី​បន្ថែម​ថា អ្នក​ភូមិ​ប្រើស​ក្អក​ភាគ​ច្រើន រស់​ពឹង​ផ្អែក​លើ​មុខ​របរ​ធ្វើ​ស្រែ ក៏​ប៉ុន្តែ​បើ​គ្មាន​ដី​ធ្វើ​ស្រែ​ហើយ​នោះ នឹង​ប្រឈម​ខ្វះខាត​ស្បៀង​អាហារ​នៅ​ឆ្នាំ​ក្រោយ ប៉ះពាល់​ជីវភាព៖
«ខ្ញុំ​ឈឺ​យូរ​ណាស់​តាំង​ពី​ក្រុមហ៊ុន​ហ្នឹង​ចូល​មក ខ្ញុំ​ឈឺ​គេ​យក​ដី​ខ្ញុំ​អស់​ខ្ទម​ខ្ញុំ​ពីរ​ល្វែង ៤ គុណ​នឹង ៥ គេ​ឈូស​កម្ទេច​អស់ ហើយ​ដល់​ពេល​ប្រាប់​អាជ្ញាធរ​ណា គេ​អត់​ដោះ​ស្រាយ​ទេ។ តែ​សម្រាប់​អាជ្ញាធរ​ទេ ដែល​គេ​អត់​ទទួល​ស្គាល់​ថា ដី​ខ្ញុំ​ព្រោះ​គេ​មិន​ចង់​ឱ្យ​ខ្ញុំ​មាន​ជីវិត​រស់»

លោកស្រី អៀម ហ៊ន បន្ថែម​ថា ជម្លោះ​ដីធ្លី​នេះ​បាន​ធ្វើ​ឱ្យ​កូន​ៗ​របស់​លោកស្រី ២នាក់​បោះបង់​ការ​សិក្សា​បច្ចុប្បន្ន​នៅ​សល់​តែ​កូន ៣នាក់ កំពុង​បន្ត​សិក្សា​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ទី​រួម​ខេត្ត។ លោកស្រី​បារម្ភ​ថា កូនៗ របស់​លោកស្រី ៣នាក់ អាច​នឹង​ប្រឈម​បោះបង់​ការ​សិក្សា ព្រោះតែ​ជម្លោះ​ដីធ្លី​អូស​បន្លាយ​ពេល ជា​ពិសេស​ប៉ះពាល់​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ក្មេងៗ។ ចំណែក​ភូមិ​ប្រើស​ក្អក​ជា​ច្រើន​នាក់​ទៀត ក៏​ប្រឈម​ប៉ះពាល់​ជីវភាព​ស្រដៀងគ្នា​នេះ​ដែរ៖
«ដូច​ជា​សត្វ​មុន​ថា ចូល​គុក​ដោយសារ​តែ​ដី​ឯង គេ​យក​ដី​ឯង​គេ​មិន​ថា ចូល​គុក​ផង គ្រាន់តែ​ខ្ញុំ​ច្រូត​ស្រូវ​កណ្ដាល​ផ្លូវ ៣​ទៅ ៤កណ្តាប់ គេ​ចង់​យក​ខ្ញុំ​ទៅ​ដាក់​គុក។ ខ្ញុំ​ថា ឈឺ​ប៉ុណ្ណា​រាល់​ថ្ងៃ​ខ្ញុំ​ឈឺ​ខ្ញុំ​ដេក​មិនដែល​លក់​ទេ រាល់​យប់​រាល់ៗ ព្រឹក»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ​លោក យ៉ុង គឹមហឿង និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៣០ វិច្ឆិកា។ ចំណែក​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេងហ្វូ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរ លោក ស៊ុត វ៉ន ប្រាប់​អាស៊ី​សេរី​ថា អ្នកភូមិ​ប្រមេរ ៣៦៧គ្រួសារ នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នៅឡើយ​ទេ ហើយ​មកទល់​ពេល​នេះ ជម្លោះ​ដីធ្លី​នេះ កំពុង​ប្រឈម​មុខ​គ្នា​រវាង​ពលរដ្ឋ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ភូមិ រហូតដល់​ថ្នាក់​ស្រុក។ លោក​ថា ការ​អូស​បន្លាយពេល​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាត​ប្រយោជន៍​ច្រើន ជាពិសេស​ត្រូវ​ចំណាយ​ពេល និង​ធនធាន​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា និង​ដាក់​ញត្តិ​ស្វែងរក​ដំណោះ​ស្រាយ៖
«ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ផ្អាក​ដំណើរការ​តាំង​ពី​ឆ្នាំ២០១៩។ ឥឡូវ​ខាង​មេការ​ក្រុមហ៊ុន គាត់​ជួល​ឱ្យ​កម្មករ​មកពី​ខេត្ត​ផ្សេងៗ ក៏​ដូច​ជា​អាជ្ញាធរ​ឱ្យ​ដាំ​ស្រូវ ហើយ​បង​ប្អូន​ខ្លះ​គាត់​ភ្ជួរ​ពង្រីក​ផ្ទៃដី​របស់​គាត់​ដែរ​បាត់បង់​ហ្នឹង យក​ដី​របស់​គាត់​វិញ។ ប៉ុន្តែ​នៅតែ​មិនទាន់​ដំណោះស្រាយ»

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ សង្កេត​ឃើញ​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ហាក់​រង​សម្ពាធ​ពី​អាជ្ញាធរ ដែល​ចោទ​អ្នក​ភូមិ​ថា ជា​ក្រុម​បក្ស​ប្រឆាំង។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​អើពើ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឱ្យ​ដាច់​ស្រេច​នោះ​ទេ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​បាន​ផ្អាក​ដំណើរ​ការ​ក្ដី។ រីឯ​ពលរដ្ឋ​នៅតែ​រង់ចាំ​ដង្ហើម​យុត្តិធម៌ ដើម្បី​ទទួល​បាន​ដី​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវិត៖
«ដល់​ពេល​ក្រុមហ៊ុន​លែង​ប្រតិបត្តិការ ពួក​សហគមន៍​គាត់​ចូល​ទៅ​ប្រើប្រាស់​ដី​ហ្នឹង​វិញ​ ​ត្រូវ​បាន​អាជ្ញាធរ​ហ្នឹង​គាត់​ហាម​ឃាត់​អ៊ីចឹង ដល់​ពេល​ទំនាស់​កើត​ឡើង​រវាង​អ្នក​ខាង​ក្រៅ​ជាមួយ​អ្នក​សហគមន៍​ខាង​ក្នុង ហើយ​ដល់​ទៅ​អាជ្ញាធរ​គាត់​ការពារ​អ្នក​ខាង​ក្រៅ»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេងហ្វូ
(Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤ម៉ឺន​ហិកតារ (៤២.០០០) តាំង​ពី​ឆ្នាំ២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន៥ ទៀត។ វត្តមាន​ក្រុមហ៊ុន​ចិន​ហេង​ហ្វូ (Hengfu Group) ចាប់​ពី​ឆ្នាំ២០១១ មក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ២ពាន់​គ្រួសារ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១ម៉ឺន​នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​២៥ ឃុំ​ចំនួន១០ និង​ស្រុក​ចំនួន៣ គឺ​ស្រុក​ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែង​មានជ័យ។ ប្រជា​សហគមន៍​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ​លុប​ប្រភព​ទឹក​អូរ​ធម្មជាតិ​បំផ្លាញ​ទំហំ​ព្រៃ​ឈើ​ធំធេង និង​បាន​ឈូស​ឆាយ​ដី​ទួល​ប្រាសាទ​បុរាណ ៤កន្លែង និង​ស្ថានីយ​បុរាណ​ផ្សេងៗ ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។