ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​វាល​យន្ត​ហោះ​ថ្មី​ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​ ក្រោយ​បាត់​បង់​ដី​ស្រែ

ដោយ ឡេង ម៉ាលី
2021-11-17
Share
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​វាល​យន្ត​ហោះ​ថ្មី​ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​ ក្រោយ​បាត់​បង់​ដី​ស្រែ
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វាល​យន្ត​ហោះ​ថ្មី ក្នុង​ខេត្ត​កណ្ដាល ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី​ (OCIC) និង​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្ទះ និង​វាស់​វែង​ដី​ភូមិ​ពួកគាត់។ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​វិវាទ​ដីធ្លី​ដ៏​ចម្រូងចម្រាស​នេះ ចាត់​ទុក​សកម្មភាព​នេះ​ថា​ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ ព្រោះ​អាជ្ញាធរ​និង​ក្រុមហ៊ុនមិនបាន​បើក​វេទិកា​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ច្បាស់​ជា​មុន​សិន អំពី​គោល​បំណង​នៃ​ការ​វាស់​វែង​នេះ។

អ្នក​ភូមិ​កំពង់​តា​ឡុង ៦៦គ្រួសារ បង្ហាញ​ទុក្ខ​កង្វល់​មួយ​កម្រិត​ថែម​ទៀត អំពី​ផ្ទះ​សម្បែង ​និង​ដី​លំនៅឋាន​ក្នុង​ឃុំ​បឹងខ្យាង ខណៈ​ដែល​ពូក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ​នៅ​ឡើយ ​ពាក់ព័ន្ធ​នឹង​ដី​ស្រែ ដែល​បាន​បាត់បង់​ក្នុង​តំបន់​សាងសង់​វាល​យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន ​អូ.ស៊ី.អាយ.ស៊ី (OCIC)

Kandal_Steung_protest_for_their_farm_land_grabbed_by_OCIC_and_barred_entry_by_Policy_091221.jpg
ក្រុម​អ្នក​ភូមិ​នៅ​ឃុំបឹងខ្យាង ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល តវ៉ាចំពោះកម្លាំងនគរបាល នៅ​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២១ ដែល​ដាក់​របាំង​រារាំង​ពួក​គាត់​មិន​ឱ្យចូល​ទៅ​មើល​ដីស្រែ ប៉ះពាល់​ដោយ​គម្រោងសង់វាលយន្តហោះថ្មី របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។ រូប៖ ពលរដ្ឋឱ្យ

ពលរដ្ឋ​ដែល​មាន​ដី​និង​ផ្ទះ​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន លោកស្រី ឃឹម ម៉ាលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ថា អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង ​ចេញ​លិខិត​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​មុន ​១​ថ្ងៃ​ ឲ្យ​ចូល​រួម​ជាមួយ​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​វាស់​វែង​ដី​ និង​វាយ​តម្លៃ​អំពី​ប្រភេទ​សំណង់​ផ្ទះ​សម្បែង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បើក​វេទិកា​ពន្យល់​ប្រាប់​ពលរដ្ឋ​ពី​រឿង​នេះ​ឲ្យ​ដឹង​ច្បាស់​នោះ​ទេ​។

លោក​ស្រីឲ្យ​ដឹង​ថា អ្នក​ចុះ​វាស់​វែង​ដី​ និង​ពិនិត្យ​មើល​ផ្ទះ​របស់​លោក​ស្រី​ គឺ​ជា​ក្រុម​ការងារ​របស់​ក្រុមហ៊ុន ​អូ.ស៊ី.អាយ.ស៊ី (OCIC) ដែល​មាន​មេការ​ម្នាក់​ឈ្មោះ ​លោក​ ជូ កុក​សាយ ជា​អ្នក​ដឹកនាំ ដោយ​មិន​មាន​មន្ត្រី​ពី​ក្រសួង​ដែនដី ឬ​មន្ទីរ​សុរិយោដី​ចូល​រួម​ដូច​ការ​អះអាង​របស់​អាជ្ញាធរ​ទេ។ លោក​ស្រី​បន្ត​ថា បញ្ហា​ដី​ស្រែ​របស់​ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ ស្រាប់​តែ​មក​ដល់​ពេល​នេះ ខាង​ក្រុមហ៊ុន​បន្ត​ចុះ​វាស់​ដី​ និង​ផ្ទះ​ក្នុង​ភូមិ​របស់​ពួកគាត់​បន្ថែម​ទៀត។

លោក​ស្រីចាត់​ទុក​សកម្មភាព​នេះថា ​ជា​ការ​បំពាន​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​បង្ក​ឲ្យ​ពួកគាត់​ភ័យ​ខ្លាច​ពី​ការ​បណ្ដេញ​ចេញ​ផ្ទះ​សម្បែង​នៅ​ពេល​ខាង​មុខ​ ដូច​ដែល​ក្រុមហ៊ុន​និង​អាជ្ញាធរ​ប្រើ​កម្លាំង​រំលោភ​យក​ដី​ស្រែ​ពេល​កន្លង​មក៖ «រាល់​ថ្ងៃ​ខ្ញុំ​ដេក​អត់​លក់​ទេ ទាំង​បង​ប្អូន​ខ្ញុំ ដោយ​សារ​ញឹក​ឃើញ​ថា មើល​ដី​ស្រែ​ខ្ញុំ គេ​ដាក់​កង​កម្លាំង​មក គេ​ឈូស​យក​អា​លីង។ ថ្ងៃ​ណាមួយ​ផ្ទះ​ខ្ញុំ​ដែល​គេ​ចង់​បាន​ហើយ បើ​ពួក​ខ្ញុំ​មិន​ងើប​ឈរ​ទៅ​តវ៉ា​ទេ គេ​នឹង​ដាក់​កម្លាំង​យក​មក​បណ្ដេញ​ទៀត។ ខ្ញុំ​មើល​ទៅ​ដូច​យ៉ាប់​តែ​ម្ដង​ខាង​អាជ្ញាធរ។ គាត់​អត់​មាន​គិត​ថា ដំណោះស្រាយ​ឲ្យ​ប្រជាជន​ទទួល​យក​បាន​អី​សិន​ ចាំ​ធ្វើ។ ក្នុង​ការ​អភិវឌ្ឍ​ ខ្ញុំ​អត់​មាន​ឃាត់​ទេ ឲ្យ​អភិវឌ្ឍន៍​ចុះ តែ​ឲ្យ​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ផង​ទៅ។ កុំ​អភិវឌ្ឍន៍​ឲ្យ​ប្រជា​រាស្ត្រ​ដេក​មិន​លក់ ម្ដង​ថា​ត្រឹម​នេះ ម្ដង​ថា ត្រឹម​នោះ ស្រេច​តែ​មាត់​គាត់​និយាយ។ វា​អត់​មាន​ការ​ពិត​អី​ឲ្យ​ជាក់​ស្ដែង​មួយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី តំណាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លោក ជូ កុកសាយ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សៅវឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ការ​ចុះ​វាស់​វែង​នេះ ដើម្បី​សិក្សា​ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ក្រុមហ៊ុន​​នេះ គឺ​ធ្វើ​ខុស​ច្បាប់​ ដែល​តម្រូវ​ឲ្យ​មាន​ការ​បើក​វេទិកា​សាធារណៈ​ ប្រឹក្សា​យោបល់​ និង​យល់​ព្រម​ពី​សហគមន៍​ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ជា​មុន​សិន។ លោក​បន្ត​ថា​ នេះ​អាច​ជា​សញ្ញា​បង្ហាញ​​អំពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ​ នៅ​ថ្ងៃ​ណាមួយ​។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ពិនិត្យ​មើល​ច្បាប់​អស្សាមិករណ៍ និង​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​បន្ត​ដោះស្រាយ​ផ្ដល់​សំណង​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ច្បាប់ និង​ដោយ​សន្តិវិធី៖ «ច្បាប់​របស់​យើង​មាន អ៊ីចឹងការ​ប្រើ​ប្រាស់​ហិង្សា កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រព័ន្ធ​តុលាការ​ដើម្បី​ឆក់​យក​ដី​ប្រជាពលរដ្ឋ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ ឃើញ​ថា​វា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។ អ៊ីចឹង​ហើយរា​រដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​ដំណោះស្រាយ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​ជូន​ពួកគាត់។ បើ​មិន​អ៊ីចឹង​ទេ! ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា បើ​ដល់​ផ្ទះ​ដល់​អី​ហើយ វា​អាច​ប្រឈម​នឹង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ហើយ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ធ្ងន់ធ្ងរ​ទៀត។ វា​ចូល​ទៅ​ដល់​អតីត​វិញ​ដូច​ជា​នៅ​ដី​ក្រហម បូរី​កីឡា​ជា​ដើម»

មាត្រា២២ នៃ​ច្បាប់​អស្សាមិករណ៍ ចែង​ថា ប្រាក់​សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ម្ចាស់​អចលនវត្ថុ ម្ចាស់​កម្មសិទ្ធិ ត្រូវ​គិត​បាន​តម្លៃ​ទីផ្សារ ឬ​ថ្លៃ​ជំនួស​នៅ​កាល​បរិច្ឆេទ​នៃ​ការ​ចេញ​សេចក្ដី​ប្រកាស​ស្ដី​អំពី​គម្រោង​អស្សាមិករណ៍។

បន្ថែម​លើស​នេះ មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចែង​ថា កម្មសិទ្ធិ​ឯក​ជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំ​ពារ​នៃ​ច្បាប់​ ហើយ​ដែល​នឹង​ដក​ហូត​សិទ្ធិ​ពី​ជន​ណាមួយ​នោះ លុះ​ត្រាតែ​ប្រយោជន៍​សាធារណ​ត្រូវ​បាន​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​យុត្តិធម៌។

កាល​ពី​ពេល​ថ្មីៗ ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​ជា​សំណង​តាម​តម្លៃ​ដី​ទីផ្សារ​បច្ចុប្បន្ន ចាប់​ពី ៨០ដុល្លារ​ដល់ ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដើម្បី​ឲ្យ​ពួកគាត់​អាច​ទៅ​រក​ទិញ​ដី​នៅ​ទីតាំង​ថ្មី​បាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​រឿង​នេះ ក៏​ស្នើ​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​ពី​គ្រប់​ភាគី ដើម្បី​ដោះស្រាយ​ស្រាយ​វិវាទ​នេះ​ដោយ​អហិង្សា និង​ឈរ​លើ​​គោលការណ៍​ច្បាប់ ដើម្បី​ធានា​ដល់​សិទ្ធិ​ម្ចាស់​ដី​ និង​សំណង​សមរម្យ​ដល់​សហគមន៍ ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល