ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី

ដោយ ជាតិ ចំណាន
2021-09-19
Share
ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​តវ៉ាបិទ​​ផ្លូវ​​ជាតិ​​លេខ​​៥ប្រមាណជាង ៣ម៉ោង ដើម្បី​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះ​ស្រាយ​រឿង​​ដីធ្លីរបស់​ពួកគាត់ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋរស់​នៅ​ស្រុក​បរិបូរណ៍​ ខេត្ត​​​​​​​កំពង់ឆ្នាំង​ នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ជាប់​ព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់ ​ ដើម្បី​ទាមទារ​​​ឲ្យ​អាជ្ញាធរ​​​ដោះ​ស្រាយ​​​​​វិវាទ​ដីធ្លី​​ ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​។ ​ពលរដ្ឋ​ឈរ​បិទ​ផ្លូវ​អស់​រយៈពេល​ជាង​៣ម៉ោង​ ទើប​រំសាយ​វិញ​ ក្រោយ​អាជ្ញាធរ​ស្រុក ​​ចុះ​អន្តរាគមន៍​រឿង​នេះ។

អ្នក​ស្រុក​បរិបូរណ៍​ប្រមាណ​៤០០នាក់​ ប្រមូល​ផ្ដុំ​គ្នា​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៥ និង​លើក​បដា​អម​ដោយ​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ខាង​ផ្លូវ​ចូល​វត្ត​ចំបក់​រង្សី នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​និង​ខេត្ត​ពោធិ៍សាត់ ​ពន្លឿន​ការ​ដោះស្រាយ​និង​ទទួល​ស្គាល់​ដី​ស្រែ​ពួកគាត់ ​ស្ថិត​នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។

ពលរដ្ឋ​ម្នាក់លោក លាស់​ ចាន់ថា ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​រក​ដំណោះស្រាយ​រឿង​នេះ ដោយសារអាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​នៅ​បន្ត​សកម្មភាព​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​ដែល​បាន​ស្ទូង​ដក​រួច​រាល់ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បរិបូរណ៍​ដែល​ចុះ​មក​ជួប​ពលរដ្ឋ​ ស្នើ​ឲ្យ​ពលរដ្ឋ​រំសាយ​ការ​តវ៉ា​នេះ ហើយ​រើស​តំណាង​១០​នាក់ ដើម្បី​ទៅ​ជួប​ពិភាក្សា​ដោះស្រាយ​រឿង​នេះ​ជាមួយ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​នៅ​ដើម​សប្ដាហ៍​ក្រោយ។ លោករំពឹង​ថា ​អាជ្ញាធរ​ទាំង​ពីរ​ខេត្ត​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឲ្យបាន​ឆាប់៖ «ឆ្នាំងហ្នឹង​ ស្ទូង​ដក​រួច​អស់​ហើយ ដោយ​អាជ្ញាធរ​មួយ​ចំនួន​គាត់​កកូរ​កកាយ​ដី​ប្រជាពលរដ្ឋ​ប៉ះពាល់​ទៅ​លើ​ស្រូវ​គាត់​អត់​សប្បាយ​ចិត្ត​។ ខ្ញុំ​គិត​ថា​ឲ្យ​ឈ្នះ​ទាំង​អស់​គ្នា​ ពោធិ៍សាត់​ក៏​ឈ្នះ កំពង់ឆ្នាំង​យើង​ក៏​ឈ្នះ​ ព្រោះ​យើង​ការងារ​តែមួយ​ទាំង​អស់​គ្នា។ ដី​គាត់​មាន​ប៉ុណ្ណា​សុំ​ឲ្យ​គាត់​ប៉ុណ្ណឹង​មក។ ហើយ​មាន​លិខិត​បញ្ជាក់​អី​ត្រឹមត្រូវ​មក​ ធ្វើ​ឲ្យ​គាត់​អៃ់​ចិត្ត​។ សុំ​តែ​ប៉ុណ្ណឹង​ទេ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាល​ស្រុក​បរិបូរណ៍​លោក យឹម សារិន បាន​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​មិន​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា​ លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា ប្រវត្តិ​នៃ​ដី​ជម្លោះ​នោះ​ គឺ​អ្នក​ស្រុក​បរិបូរណ៍ ពិតជា​ធ្លាប់​ធ្វើ​ស្រែ​អាស្រ័យ​ផល​លើ​ដី​​នោះ តាំង​ពី​យូរ​មក​ហើយ​មែន។ អភិបាលស្រុក​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា​ ដំណោះស្រាយ​​បន្ទាប់​ គឺ​ខាង​​ស្រុក បាន​​​ដាក់​សំណើ​​នេះ​ ទៅ​ឲ្យ​​​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ស្នើសុំ​​​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​។

ទាក់​ទង​នឹង​រឿង​នេះ ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​កំពង់ឆ្នាំង​លោក សំ ចាន់គា សង្កេត​ឃើញ​ថា ដី​នោះ​ មាន​វិវាទ​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​បី​រយ (៣០០) ​គ្រួសារ ដែល​ខក​ខាន​ ចូល​ទៅ​បង្ក​បង្កើន​ផល។

លោកសោក​ស្ដាយ​ចំពោះ​​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​វិវាទ​ដី​នេះ ច្រើន​ឆ្នាំ​មក​ហើយ តែ​ដោះស្រាយ​មិន​ចេញ។ លោក​សង្ស័យ​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ រាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់​លើ ឬ ​មាន​ភាព​មិន​ប្រក្រតី​អ្វី​មួយទើប​បណ្ដាល​ឲ្យ​ អាជ្ញាធរ​ថ្នាក់​ខេត្ត មិន​អាច​ដោះស្រាយ​បាន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះយល់​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ គួរ​តែ​ស្រុះស្រួល​គ្នា ​បង្កើត​គណៈកម្មការ​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​​វិវាទ​​ដី​នៅ​តំបន់​នេះ ទើប​អាច​ដោះស្រាយ​បញ្ចប់​បាន៖ «យើង​មើល​ឃើញ​ថា​អាជ្ញាធរ​ខេត្ត​ហ្នឹង អត់​បាន​តាម​រឿង​ហ្នឹង​ទេ គឺ​ធ្វើ​ទៅ​តាម​ការ​ញុះញង់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ហ្នឹង។ ការ​រាយការណ៍ ភូត​កុហក​ពី​ថ្នាក់​ក្រោម​ហ្នឹង បាន​ធ្វើ​ឲ្យ​រឿង​ហ្នឹង​ដោះ​មិន​ចេញ​ អូស​បន្លាយ​អ៊ីចឹង​»​

ដី​មាន​ជម្លោះ​​ដែល​មាន​ទំហំ​សរុប​ជាង​មួយ​ពាន់​ហិកតារ (.០០០)​ គឺ​ស្ថិត​ភូមិ​ក្បាល​ដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​​ ជាប់​នឹង​ព្រំប្រទល់​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង។ អ្នកស្រុក​បរិបូរណ៍ អះអាង​ថា មាន​ពលរដ្ឋ​ជាង​បី​រយ​គ្រួសារ (៣០០ធ្លាប់​អាស្រ័យ​ផល​លើ​ស្រែ​នោះ ត​ពី​​​ឪពុក​ម្ដាយ​របស់​ពួកគាត់​មក​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​ដូរ​ទី​លំនៅ​ទៅ​ខេត្ត​កំពង់​ឆ្នាំង​វិញ​។

ពលរដ្ឋ​អះអាង​ថា ដើមហេតុ​នៃ​វិវាទ​នេះ គឺ​បណ្ដាល​មក​ពី​​​រដ្ឋាភិបាល ​​បាន​កាត់​ឆ្វៀល​ដី​ស្រែ​របស់​ពួកគេ​​​ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន អភិវឌ្ឍន៍។ ​​ក្រោយ​ពីពលរដ្ឋ​ចេញ​តវ៉ា និង​ដាក់​​​ញត្តិ​​អស់​ច្រើន​ឆ្នាំ​ ទើប​ខាង​ក្រុមហ៊ុន​ចិន​បាន​ដក​ចេញ​ទៅ​វិញ។ តែ​ក្រោយ​មក​ទៀត ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​កាត់​ដី​នោះ ឲ្យ​ទៅ​ពលរដ្ឋ​​ រស់​នៅ​​ស្រុក​ក្រគរ​​ ជា​អ្នក​​អាស្រ័យ​ផល​វិញ។

ពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​ស្នើ​ដល់​អាជ្ញាធរ​ទាំង​ពីរ​ខេត្ត​ ចុះ​ពន្លឿន​ដោះស្រាយ​វិវាទ​នេះជូន​​ពលរដ្ឋឲ្យបាន​ឆាប់ ព្រោះ​ពួក​គាត់​អាច​ធ្វើ​ស្រែ​បង្ក​បង្កើន​ផល​លើ​ដី​នោះ​បាន​តែ​១​ដង​គត់ ក្នុង​១​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល