អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលកំហុស និង​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន «ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ»

ដោយ ស្ងួន អមរា
2024.04.23
អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលកំហុស និង​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន «ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ» សកម្មភាពអាជ្ញាធរខេត្ត​ព្រះវិហារចុះបង្ក្រាបហិង្សា លើពលរដ្ឋស្រុក​គូលែន កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ព្រះវិហារ អះអាង​ថា អាជ្ញាធរ​បាន​បង្គាប់​បញ្ជា​ឲ្យ​ពួកគេ​សារភាព​ទទួល​កំហុស និង​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ដើម្បី​ជា​ថ្នូរ​ដោះលែង​បាន​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា អាជ្ញាធរ​គួរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ និង​បញ្ឈប់​ការ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ អះអាង​ថា ពលរដ្ឋ​ជាង​២០​នាក់ ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់បង្ខំ​ឲ្យ​ពួកគេ​សារភាព​ទទួលស្គាល់​កំហុស ជា​ថ្នូរ​ក្នុង​ការ​ដោះលែង។

ពលរដ្ឋ​ទើប​ពី​ចេញ​ពន្ធនាគារ នៅ​ឃុំ​ស្រយង់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មេសា ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​បង្ខំ​ពួក​លោក​ឲ្យ​សារភាព​ទទួលស្គាល់​កំហុស និង​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន ទើប​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​កំពុង​ជាប់ឃុំ​ទាំងនោះ​។ លោក​បន្ថែម​ថា បន្ទាប់​ពី​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន ពលរដ្ឋ​ទាំងនោះ​មិន​មាន​ដី និង​ផ្ទះ​ស្នាក់នៅ​ទៀត​នោះ​ទេ បច្ចុប្បន្ន​អ្នកខ្លះ​សុំ​បងប្អូន និង​អ្នកជិតខាង​ស្នាក់នៅ​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ទីតាំង​ឬ​ដី​ទំនេរ​ចែក​ដល់​ពួកគាត់​បាន​រស់នៅ​ចិញ្ចឹម​ជីវិត។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិត​គួរ​ដល់​ពួក​ខ្ញុំ​វា​អត់​មាន​អ្វី​សោះ​វា​បាតដៃ​ទទេ ជួយ​គិតគូរ​ឡើងវិញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ពួក​ខ្ញុំ​មាន​ដី​អាស្រ័យ​ផល ទីជម្រក​កក់ក្ដៅ​មាន​ដី​កម្មសិទ្ធិ​ខ្លួនឯង​សុំ​តែ​ប៉ុណ្ណឹង​អត់​មាន​អ្វី​លើស​ហ្នឹង​ទេ ពួក​ខ្ញុំ​អ្នកក្រ​អត់​មាន​យក​ដី​ឯណា​បាន​លក់​បាន​ដូរ​នោះ​ទេ ពួក​ខ្ញុំ​សុំ​មាន​ដី​កម្មសិទ្ធិ​ខ្លួនឯង​ដើម្បី​រស់»

ពលរដ្ឋ​ដែល​ទើប​ចេញ​ពី​ការ​រត់គេច​ក្នុង​ព្រៃ លោកស្រី ណៃ ធួន ឲ្យ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ដែល​ជាប់​ឃុំ ពលរដ្ឋ​រត់គេច​នៅ​ក្នុង​ព្រៃ​មួយ​ចំនួន​ដែល​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​បាន​នាំគ្នា​ទៅ​ប្រទេស​ថៃ​ហើយ ដើម្បី​រក​ការងារ​ធ្វើ​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​បន្ត​ទៀត ពីព្រោះ​ពួកគេ​មិន​មាន​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល​ទៀត​នោះ​ទេ។

លោកស្រី ណៃ ធួន៖ «គ្នា​គ្មាន​ផ្ទះសម្បែង​គ្មាន​ដីធ្លី បើសិន​ឲ្យ​គ្នា​នៅ​ហ្នឹង​ទៀត​គ្នា​វា​អត់​មាន​អ្វី​ហូប អ៊ីចឹង​គ្នា​មាន​តែ​ចាក​ចេញ​ទៅ​ស្រុក​គេ ដើម្បី​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ បើ​ស្ងាត់ឈឹង​អត់​មាន​ដំណោះស្រាយ​អ្វី គ្នា​គ្មានអ្វី​ទីពឹង​មានតែ​ចាក​ចេញ​ពី​ស្រុក​កំណើត ទៅ​ស្រុក​គេ​មួយ​រយៈពេល»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៣ ខែ​មេសា​។ តែ​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៧ ខែ​មេសា លោក ណុប វុទ្ធី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​ទាំង ២៨​នាក់ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ពីព្រោះ​ពួកគេ​ទទួល​ស្គាល់​កំហុស ដោយ​ជឿ​តាម​ការ​អូសទាញ​របស់​មេខ្យល់​ឱ្យ​ពួកគេ​ទៅ​ចាប់​យក​ដី​រដ្ឋ។

កាលពី​ថ្ងៃទី៦ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ ប្រដាប់​ដោយ​អាវុធ បាន​ចុះ​រុះរើ និង​ដុត​ផ្ទះ សម្បែង និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច។ ក្រៅពី​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​ចាប់​ឃុំខ្លួន​និង​ចោទប្រកាន់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាំងនោះ ពី​បទ​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ទៀត នាំគ្នា​រត់​ពួន​ក្នុង​ព្រៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញ​ថា អាជ្ញាធរ​គួរ​សិក្សា​អំពី​ជីវភាព​របស់​ពលរដ្ឋ​ទាំងអស់​នោះ ប្រសិនបើ​ពួកគេ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល​ពិតប្រាកដ​មែន អាជ្ញាធរ​ត្រូវ​តែ​រក​ដី​សាធារណៈ​របស់​រដ្ឋ ដើម្បី​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគេ​វា​ជា​រឿង​ល្អ​ប្រសើរ។

លោក ប៉ឹក សោភ័ណ៖ «ទន្ទឹម​នឹង​នេះ សូម​អាជ្ញាធរ​ខេត្ត​តាមដាន​សង្កេត​ពិនិត្យ​មើល​អំពី​ស្ថានភាព​ជាក់លាក់​ពួកគាត់​ទាំងអស់​នោះ ហើយ​ផ្ដល់​ជា​លក្ខណៈ​ដី​សម្បទាន​សង្គមកិច្ច​សមរម្យ​ណាមួយ​ដល់​ពួកគាត់»

ប្រជា​ពលរដ្ឋ​ចំនួន​២​ឃុំ គឺ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ជាង​៣០០​គ្រួសារ មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច ជាច្រើន​ឆ្នាំ​មក​ហើយ​។ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ទុក​សម្រាប់​អាស្រ័យ​ផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ព្រម​ដោះស្រាយ​ឱ្យ​ពួកគេ​នោះ​ទេ រហូត​ដេញ​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​មិន​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។