តំណាង​ពលរដ្ឋ​ជាង ១០០គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី​ប្តឹង​យោធា​ផ្កាយ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព

ដោយ សេក បណ្ឌិត
2021-11-30
Share
តំណាង​ពលរដ្ឋ​ជាង ១០០គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី​ប្តឹង​យោធា​ផ្កាយ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យជម្លោះដីធ្លី ដែលពលរដ្ឋចោទមន្ត្រីយោធាផ្កាយពីរម្នាក់ថា ឈូសឆាយរំលោភយកដីសមូហភាពរបស់អ្នកភូមិ កាល​ពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
រូប៖ សហគមន៍ផ្តល់ឱ្យ

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ១០២គ្រួសារ ​ប្ដឹង​មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់ ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ពាក់ព័ន្ធ​នឹង​ការ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ម្នាក់។ អ្នកភូមិ​ចោទ​ថា មន្ត្រី​យោធា ឈ្មោះ អ៊ុំ ណាគ្រី បាន​ឃុបឃិត​ជាមួយ អភិបាល​ស្រុក​អូររាំង លោក សៀក មុនី រំលោភ​យក​ដី​សមូហភាព​របស់​ពួកគាត់​ជាង ១០០ហិកតារ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​តំណាង​ឱ្យ​ពលរដ្ឋ ១០២គ្រួសារ រស់​នៅ​ភូមិពូឆប ឃុំដាក់ដាំ ស្រុក​អូររាំង អំពាវនាវ​ឱ្យ​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី ស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​ពួក​គាត់ ដោយ​យុត្តិធម៌ ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ និង​ដី​សមូហភាព។

តំណាង​ពលរដ្ឋ​លោកស្រី ផូន ស្រូន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ វិច្ឆិកា​ថា លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​រួច​ហើយ តែ​មន្ត្រី​តុលាការ​នៅ​មិន​ទាន់​កោះ​ហៅ​លោក អ៊ុំ ណាគ្រី មក​បំភ្លឺ​នៅ​ឡើយ​ទេ។ លោកស្រី​ថា អ្នក​ភូមិ​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​បង្ហាញ​ថា មន្ត្រី​យោធា​ម្នាក់​នេះ បាន​ហ៊ុមព័ទ្ធ​របង និង​សង់​ផ្ទះ ដើម្បី​រំលោភ​យក​ដី​សមូហភាព របស់​អ្នកភូមិ​ជាង ១០០ហិកតារ​ជា​បន្ត​បន្ទាប់​នៅ​រយៈ​ពេល ២ខែ​ចុង​ក្រោយ​នេះ។ លោកស្រី​បន្ថែម​ថា កន្លង​ទៅ​មន្ត្រី​យោធា​រូប​នេះ បាន​ប្រើ​ហិង្សា​មក​លើ​លោកស្រី ដើម្បី​គំរាម​មិន​ឱ្យ​ថតរូប ពី​សកម្មភាព​បោះ​របង​រំលោភ​យក​ដី​សមូហភាព៖ «ខាង​គាត់​ទាំង​អស់​ មន្ត្រី​សុរិយោដី ​អាជ្ញាធរ មេឃុំ ​អត់​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទេ។ តែ​ពួកគាត់​មក​ ដោះស្រាយ​ឱ្យ​ខាង អ៊ុំ ណាគ្រី ​គ្នា​គាត់​ទាំង​អស់។ គាត់ (អ៊ុំ ណាគ្រី) មាន​ទាំង​ប៉ូលិស មាន​តាំង ប៉េអិម ជួយ​ការពារ​ខាង​ហ្នឹង​ទាំង​អស់។ តែ​ខាង​ពលរដ្ឋ​គេ​អត់​ស្ដាប់​ផង»

កាល​ពី​សប្ដាហ៍​មុន​អ្នកភូមិ​ជិត ១០០នាក់ បាន​លើក​គ្នា​តវ៉ា​ជាង ២០ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​ដី​សមូហភាព​ជាង ១០០ហិកតារ ដែល​អ្នក​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​យក​ដី។ អ្នកភូមិ​ចោទ​អភិបាល​ស្រុក​អូររាំង លោក សៀក មុនី ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួយ រំលោភ​យក​ដី​សមូហភាព​ទាំង​នោះ។ លើស​ពី​នេះ លោក សៀក មុនី និង​មន្ត្រី​យោធា ផ្កាយ​ពីរ លោក ណាគ្រី បាន​លប​បោះ​បង្គោល​របង​ទាំង​យប់ និង​សង់​រោង​រំលោភ​យក​ដី​សមូហភាព​ជាង ១០០ហិកតារ នៅ​ចំណុច​អូរ​ទេ និង​តំបន់​ភ្នំ​រន្ទះ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

រីឯ​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត លោក ភូ សិលា ឱ្យ​ដឹង​ថា អ្នក​ភូមិ​ជិត ១០០នាក់ នៅ​តែ​បន្ត​ដាក់​វេន​គ្នា​តវ៉ា និង​ដេក​យាម​ដី​ជាង ៣០ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តែ​គ្មាន​បាន​ផល​នោះ​ឡើយ។ លោក​ថា បច្ចុប្បន្ន​មន្ត្រី​យោធា​រូប​នេះ និង អភិបាល​ស្រុក​អូររាំង នៅ​តែ​បន្ត​បោះ​បង្គោល​របង​នៅ​លើ​ដី​មាន​ជម្លោះ​នោះ បើ​ទោះ​បី​ជា​ក្រុម​ពលរដ្ឋ​បាន​ស្រែក​តវ៉ា​ក្ដី។

លោក​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត​នេះ​មិន​បាន​ដោះស្រាយ​ក្ដី​កង្វល់​របស់​អ្នកភូមិ​នោះ​ទេ ហើយ​ពួក​លោក នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ពេល​ឆាប់ៗ នេះ៖ «គាត់​ប្រុង​យក​ដី​ហ្នឹង ​គាត់​រួមដៃ​គ្នា​ឈូស​ឆាយ​ហើយ ឥលូវ​ហ្នឹង​គាត់​ចាប់​ផ្ដើម​បោះ​បង្គោល ​ហើយ​គាត់ (សៀក មុនី) អត់​ចេញ​មុខ​ទេ ​ឱ្យ​តំណាង​អ្នក​បោះ​បង្គោល​គឺ​បូរី។ ខ្ញុំ​យល់​ឃើញ​ថា ពិបាក​ដែរ​គេ​អត់​ជួយ​ដោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ ​មាន​អារម្មណ៍​ថា​ សោក​ស្ដាយ​ចំពោះ​អាជ្ញាធរ»

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ​ពី​អភិបាល​ស្រុក​អូររាំង ​លោក សៀក មុនី បាន​នៅ​ឡើយ​ទេ​ តាំង​ពី​ថ្ងៃ​ទី២២ ២៣ ដល់​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។ ចំណែក​លោក អ៊ុំ ណាគ្រី ដែល​ពលរដ្ឋ​ចោទ​ថា មក​បោះ​បង្គោល​របង​រំលោភ​យក​ដី សមូហភាព​របស់​ពួកគាត់ ក៏​មិន​ទាន់​អាច​ទាក់​បាន​ដែរ។

រីឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ន សារ៉ុម អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ជុំ​វិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​រំលោភ​យក​ដី​សមូហភាព ដែល​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​ជា​អំពើ​ល្មើស​ច្បាប់ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​អយ្យការ និង​អាជ្ញាធរ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា អាជ្ញាធរ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ក៏​ត្រូវ​មាន​ទោស​ដែរ៖ «ដី​សមូហភាព​ដែល​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច លោក​ប្រើប្រាស់​មាន​សិទ្ធិ​ត្រឹមតែ​អាស្រ័យផល ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​មាន​អំណាច​រំលោភ​យក។ តំណាង​អយ្យការ​ត្រូវ​តែ​បញ្ជា​ឱ្យ​ មន្ត្រី​នគរបាល​យុត្តិធម៌​ខាង​ធនធាន​ធម្មជាតិ ព្រៃ​ឈើ​ត្រូវ​តែ​បង្ក្រាប​ ក៏​សាង​សំណុំ​រឿង​មក​តុលាការ ​ដើម្បី​ផ្ដន្ទាទោស»

អ្នកភូមិ​ឱ្យ​ដឹង​ថា ដី​សមូហភាព​ទំហំ​ជាង ១០០ហិកតារ ដែល​មន្ត្រី​យោធា​ផ្កាយ​ពីរ លោក ណាគ្រី និង អភិបាលស្រុក​អូររាំង​លោក សៀក មុនី ព័ទ្ធ​របង​រំលោភ​យក ដោយ​តំបន់​ខ្លះ​មាន​ព្រៃ​កប់​សព ​ព្រៃ​អារក្ស ​កន្លែង​ឃ្វាល​គោ​ក្របី និង​មាន​ចម្ការ​របស់​អ្នកភូមិ​ជា​ច្រើន​គ្រួសារ។

ជន​ជាតិ​ដើម​ព្នង​ចាត់​ទុក​ដី​នៅ​តំបន់​នោះ ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាំដុះ​ចិញ្ចឹមជីវិត​ជាង ៣០ឆ្នាំ​មក​ហើយ ប្រសិន​បើ​បាត់បង់​នឹង​ប៉ះពាល់​ជីវភាព​ពួកគាត់​ធ្ងន់ធ្ងរ។ តំណាង​ពលរដ្ឋ លោកស្រី ផូន ស្រូន បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្ដឹង​ថា មន្ត្រី​យោធា​ផ្កាយ​ពីរ លោក ណាគ្រី តែងតែ​ដើរ​ធ្វើ​ប្លង់​រឹង​ពាស​ពេញ​ព្រៃ ដើម្បី​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ប៉ះពាល់​ស្រែ​ចម្ការ​បែប​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជា​ច្រើន​គ្រួសារ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល