ពលរដ្ឋ​ជាង​​១​រយ​​គ្រួសារ​​ប៉ះ​ពាល់​​ពី​​គម្រោង​​ផ្លូវ​​ក្រវ៉ាត់​​ព្រំដែន​​នៅ​ខេត្ត​កំពត ស្នើ​ឱ្យ​​អាជ្ញាធរ​​ផ្តល់​​សំណង​​សមរម្យ​​ជូន​​ពួក​​គាត់​

ដោយ សន ចាន់រដ្ឋា
2022.04.25
Share on WhatsApp
Share on WhatsApp

ពលរដ្ឋ​ជាង​១រយ (១០៣) គ្រួសារ​បាត់​បង់​​ដី​ស្រែ​ពី​គម្រោង​សាង​សង់​ផ្លូវ​ក្រវ៉ាត់​ព្រំ​ដែន​របស់​រដ្ឋា​ភិបាល​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០១ រហូត​ដល់៣០៧  នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ស្នើ​ដល់​អាជ្ញាធរ​ពាក់​​ព័ន្ធ​ផ្តល់​សំណង​ផល​​ប៉ះ​​ពាល់​តាម​​តម្លៃ​​ទី​ផ្សារ និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​ថ្មី​លើ​ក្បាល​ដី​ដែល​នៅ​សេសសល់​ជូន​ពួកគេ​ឱ្យ​បាន​ឆាប់។ ប៉ុន្តែ​អាជ្ញាធរ​មូល​ដ្ឋាន​ថា ​ករណីនេះ​ហួស​ដែនសមត្ថ​កិច្ច។ មន្រ្តី​សង្គម​សង្គម​វិល​លើក​ឡើង​ថា​ ការ​ដក​ហូត​ដី​ស្រែ​របស់​ពលរដ្ឋដោយ​មិន​ផ្តល់​សំណង​ជា​មុន គឺ​ជា​ការ​រំលោភ​បំពាន​កម្ម​សិទ្ធិ​ឯក​ជនដោយ​ខុសច្បាប់។

ប្រជា​ពលរដ្ឋ​​ជាង​១រយ​គ្រួសារ រស់​នៅ​​ក្នុង​​ភូមិ​​ចំនួន​​ប្រាំ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុកកំពង់​ត្រាច ស្នើ​យ៉ាង​​ទទូច​​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ ពន្លឿន​ការ​​ដោះ​ស្រាយ​​បញ្ហា​វិវាទ​​ដី​ធ្លី​​របស់​​ពួក​គាត់​​ដែល​បាន​ដក​ហូត​យក​ទៅ​​​សាង​សង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ជាប់ប្រទេស​វៀត​ណាម។ អ្នក​ភូមិ​​សោយ​​ស្ដាយ​ចំពោះ​​អាជ្ញាធរ ដែល​​អូស​​បន្លាយ​ដោះ​​ស្រាយ​​វិវាទ​ដីធ្លី​​របស់​​ពួក​គាត់​ជា​ច្រើន​ឆ្នាំ ហើយ​​ធ្វើ​​ពួក​គេ​​​គ្មាន​​ដី​​​ធ្វើ​​ស្រែ​ចម្ការ​​ចិញ្ចឹម​​ជីវិត។

តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​លោក ​ឌី គន្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ខែ​មេសាថា រ​យៈ​ជាង​៤ឆ្នាំ​មក​ហើយ ដែល​កង​កម្លាំង​វិស្វរ​កម្ម​របស់​រដ្ឋា​ភិបាល​បាន​ដកហូត ដីស្រែ​របស់​ពលរដ្ឋ​ជាង​១រយ​គ្រួសារ​យក​ទៅ​សាង​សង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ដោយ​ពុំ​បាន​ឆ្លង​កាត់​ការ​ពិភាក្សា និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គាត់​នោះឡើយ។ លោក​បន្ត​ថា ​ក្រោយ​ពី​មាន​គម្រោង​នេះ ធ្វើ​​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន សម្ពោធ​ផ្លូវ​ចិត្ត ព្រោះ​បាត់​បង់​ដី​ស្រែ​បង្ក​បង្កើន​ផល ហើយ​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​លំបាក​លំបិន និង​ជាប់​បំណុល​ធនាគារ​ជា​ដើម។ តំណាងកសិករ​រូប​នេះ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​អភិបាល​ខេត្ត​កំពត​ដែល​​មិន​​អើពើ​ដោយះស្រាយ​សំណើ​របស់​ពលរដ្ឋ ហើយ​អាជ្ញាធ​បែរ​ជា​ព្យាយាម​ទប់​ស្កាត់ និង​គំរាមកំហែង​ពលរដ្ឋ​រង​គ្រោះ​ណា​ដែល​ហ៊ាន​ប្តឹង​ទាម​ទារ​សំណង​ពី​រដ្ឋ​ទៅ​វិញ៖ «ទោះ​យ៉ាង​ណា យើង​មិន​បោះ​បង់​ចោល​ការ​ស្វែង​រក​ការ​គាំទ្រ​ក្នុងក្រប​ខណ្ឌ​ផ្លូវ​ច្បាប់ឬ​គោល​នយោ​បាយ​ទេ មិន​ថា​តាម​នីតិ​វិធី​រដ្ឋ​បាល តាម​ការកៀង​គរ​កសិករ​ទៅ​មុខ​សាលាខេត្ត​ដើម្បី​ស្វែង​រក​យុត្តិធម៌​សង្គម​​ជូន​គ្រួសារ​ជន​រងគ្រោះ​ជាង​មួយ​រយ​គ្រួសារ​ដែល​បាត់​បង់​ឆ្នាំ​ងបាយ​របស់​គាត់​ច្រើន​ឆ្នាំ​មក​ហើយ មិន​មាន​ការ​អើពើ​ពី​អាជ្ញាធរ​បេះដូង​ស​ណា​មួយ​មាន​ឆន្ទៈ មនសិការ សម្បជញ្ញៈមួយ​ខ្វល់​ពី​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​នៅ​ឡើយ​បាទ»

ជុំវិញរឿងនេះ មេឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់​ត្រាចលោក សេក ឈិន ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​រង​ផល​ប៉ះ​ពាល់​ដី​ស្រែ​ពី​គម្រោង​សាង​សង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ជាប់ប្រទេស​វៀត​ណាម​នេះ រដ្ឋា​ភិបាល​មិន​ទាន់​ផ្ដល់​សំណង​ជូន​ពួក​គាត់​នៅ​ឡើយទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ករណី​នេះ​ហួសពី​ដែន​សមត្ថ​កិច្ច​របស់​ឃុំ ហើយ​លោកជំរុញ​ឱ្យ​​​សួរ​ថ្នាក់​​លើ​វិញ​៖ «គេ​សម្រប​​សម្រួល​យ៉ាង​មិច​អត់​ដឹង​ទេ ប៉ុន្តែ​ប្រាំ ប្រាំ​មួយ​ខេត្ត​ចឹង​ដូច​គ្នា​អត់​ទាន់​អភិវឌ្ឍន៍ អត់​ទាន់​ចាក់​គ្រួស​ផង គ្រាន់​តែ​គេ​លើ​ក​ព្រំប្រទាល់​វៀតណាម​៣០ម៉ែត្រ យើង​៣០​ម៉ែត្រ ថ្នាក់​ជាតិ​គេ​ដោះ​ស្រាយ​ ​ខ្ញុំ​មិន​ដឹង​ធ្វើ​មិច​ទេ អាហ្នឹង​ជា​គោលការណ៍​របស់​រដ្ឋាភិ​បាល»

ចំណែក​ប្រធាន​គណៈកម្មា​ធិការ​ចំរុះ​កិច្ច​ការ​ព្រំដែន​កម្ពុជាលោក វ៉ា គឹមហុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ករណី​នេះ​អាជ្ញាធរ​ដែន​ដី​ពុំ​មាន​សិទ្ធិ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ឱ្យពលរដ្ឋ​បាន​ទេ ទាល់តែ​​សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ជាមុន​សិន។ លោក​បន្ត​ថា​ ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដែល​បាត់​បង់​ដីស្រែ​នៅ​តាមព្រំដែន​ទាំង​នោះ គឺ​ជឿ​តាម​ការ​ញុះញង់​ពី​បុគ្គល​មួយ​ចំនួន​ដែល​នាំ​ឱ្យ​ពលរដ្ឋប្រឆាំង​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​សាង​សង់​ផ្លូវ​នៅ​តាម​ព្រំដែន៖ «ខ្លះ​ក៏​អត់​ស្រែ​ចេះ​តែ​និយាយ​ទៅ​ ដូចជា​នៅ​ត្បូង​ឃ្មុំ​មាន​ស្រែណា​សុទ្ធ​តែ​ពួក​នយោ​បាយ​ចាក់​ថា​ មាន​ស្រែ​ចំការ​បាត់​ទៅ​វៀត​ណាម​កាន់​កាប់ ចេះ​តែ​និយាយ​ចឹង​ទៅ ប៉ុន្តែ​បើ​ច្បាស់​លាស់​ក្រសួង​ដែន​ដី​គេ​អាច​ធ្វើ​បាន បើ​បាត់មែន​ទែន​ទៅ​តវ៉ា​ទៅ»

ទោះយ៉ាង​ណា ពលរដ្ឋ​រង​គ្រោះ​អះអាង​ថា ​ពួក​គាត់​បាន​អាស្រ័យ​ផល​លើ​ដី​ធ្វើស្រែ​​នោះ​​ចំនួន​ពី​កន្លះ​ហិកតា​ទៅ​១ហិកតា​ក្នុង​មួយ​គ្រួសារ​តាំង​ពី​ឆ្នាំ១៩៧៩ និងមាន​ប្លង់​កម្ម​សិទ្ធិ​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ត្រឹម​ត្រូវ។ ពួក​គេ​លើក​ឡើងថា ស្រាប់​តែ​នៅ​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ចំរុះ និង​គ្រឿង​ចក្រ​ឈូសឆាយ​ដក​ហូត​ដីស្រែ​របស់​ពួក​គាត់​ចំនួន​១០៣​គ្រួសារ ហើយ​រដ្ឋា​ភិបាល​យក​ទៅ​​សាង​សង់​គម្រោង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា-វៀសណាម​ ចន្លោះ​បង្គោល​ព្រំដែនលេខ​៣០១​រហូត​ដល់​៣០៧ ស្ថិត​នៅ​​ភូមិ​​ចំនួន​​ប្រាំ ក្នុង​ឃុំ​ព្រែ​កក្រឹស ស្រុក​កំពង់ត្រាច ​​ខេត្ត​​កំពត។ 

ពួកគេ​ឱ្យ​ដឹង​ថា​កាល​ពី​ខែ​មករា ឆ្នាំ២០២០ រដ្ឋា​ភិបាល​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ឱ្យ​រដ្ឋ​បាល​​សាលា​ខេត្ត​កំពត រៀបចំ​គណៈ​កម្ម​ការ និង​ក្រុម​ការ​ងារបច្ចេក​ទេស​ដោះ​ស្រាយ​សំណើ​របស់​ពលរដ្ឋ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចាត់​វិធាន​ការ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ពលរដ្ឋ​រង​គ្រោះទាំង​នោះ​ស្នើ​​ដល់​​អាជ្ញាធរ​​ពាក់​ព័ន្ធ​ពន្លឿង​នីតិ​វិធី​ដោះ​ស្រាយ​ដោយ​ផ្តល់​សំណាងសមរម្យ​ស្រប​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ​ជាង១០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ថ្មី​ចំពោះ​ដី​ធ្លី​ដែល​នៅ​សេស​សល់​ពី​គម្រោង​នោះ​ជូន​ប្រជា​ពលរដ្ឋ ដើម្បី​​ឱ្យ​​ពួក​​គាត់​​មាន​​លទ្ធ​ភាព​​​ចិញ្ចឹម​​គ្រួសារ។

ជុំវិញរឿង​នេះ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុកលោក នី សុខា មាន​ប្រសាសន៍​​ថា​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​ពន្លឿនការ​ដោះ​ស្រាយ និង​ផ្តល់​សំណង​តាម​ច្បាប់​ចំពោះ​ការ​យក​ដីស្រែ​របស់​ពលរដ្ឋ​រងផល​ប៉ះ​ពាល់​ពី គម្រោង​ផ្លូវ​នៅ​តាម​ព្រំដែន​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការ​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ លោក​ថា ​ការដែល​ដក​ហូត​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ដោយ​មិន​បាន​ផ្តល់​សំណង់​ត្រឹម​ត្រូវ គឺ​ជា​រំលោភ​កម្ម​សិទ្ធិ​ឯកជន និង​រដ្ឋ​ធម្ម​នុញ្ញ។ ដូច្នេះ​លោក​​​ស្នើ​​​​​ដល់​​​រដ្ឋា​​​ភិបាល​​គួរ​​ដោះ​ស្រាយ​បញ្ហា​​​​​​ដីធ្លី​​នេះ​​​ឱ្យ​​​បាន​​​ឆាប់៖ «យើង​មិន​ប្រឆាំង ឬ​រារាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋា​ភិបាល​ក្នុង​កសាងផ្លូវតាមក្រវ៉ាត់ព្រំដែលជាផ្លូវសារធារណៈទេ ប៉ុន្តែនៅក្នុង​​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះ​រាជា​​ណា​ចក្រ​​​កម្ពុជាយើង ប្រសិន​បើ​រដ្ឋា​ភិបាល​បាន​កសាង​ដោយ​ដក​រហូត​ដីដែល​ជា​សម្បត្តិ កម្ម​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​យក​ទៅ​ធ្វើ​ជា​សម្បត្តិ​សាធារណៈ នោះ​រដ្ឋាភិ​បាល​ត្រូវ​តែ​ដោះ​ស្រាយ​សំណង​សមរម្យ​និង​យុត្តិ​ធម៌​ជា​មុន​ជូន​ប្រជាពល​រដ្ឋ»។ 

មាត្រា៤៤ នៃ​​​រដ្ឋ​ធម្មនុញ្ញ​ចែង​​​ថា កម្ម​​សិទ្ធិ​​​ឯក​​​ជន​​ស្រប​​​ច្បាប់ ស្ថិត​​​នៅ​​​ក្រោ​ម​​ការ​​គាំ​ពារ​​​នៃ​​​ច្បាប់ ហើយ​​​ដែល​​​នឹង​​​ដក​​​ហូត​​​សិទ្ធិ​​​ពី​​​ជន​​ណា​​មួយ​​​នោះ លុះ​​ត្រា​​តែ​​ប្រយោជន៍​​​សាធារណៈ​​​ត្រូវ​​​បាន​​​ធ្វើ​​​ក្នុង​​​ករណី​​​ដែល​​​ច្បាប់​​បាន​​​បញ្ញត្តិ​​​ទុក ហើយ​​ត្រូវ​​​ផ្ដល់​​​សំណង​​​ជា​​​មុន​ ដោយ​​​សម​រម្យ និង​​​យុត្តិធម៌។ ទោះ​​ជា​ច្បាប់​​​ចែ​ង​បែប​​នេះ​ក្ដី ​អាជ្ញាធរ​​បាន​​​រង​​ការ​រិះគន់​​​ជា​​បន្ត​​បន្ទាប់​​​ជុំវិញ​​ការ​​​មិ​ន​​​ដោះ​ស្រាយ​​​សំណង​​​សមរម្យ​​ជូន​​ពល​រដ្ឋ។

ទោះ​​ជា​​យ៉ាង​​ណា​​​​ពលរដ្ឋ​​​​ប្រកាន់​​​​ជំហរ​​​​ថា បើ​​រដ្ឋា​ភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ ​​មិន​​​ព្រម​​​​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស និង​អាច​ទទួល​យក​បាន​ទេ ពួក​​គាត់​​​​នឹង​លើ​ក​គ្នា​ប្រមូល​ផ្តុំ​​​​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពត​ឆាប់ៗ​នេះ រហូត​ដល់​ទីបញ្ចាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល