ជនជាតិដើមព្នងជាង ១០០គ្រួសារនៅមណ្ឌលគិរីស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតដីព្រៃសហគមន៍ជាង ១០០ហិកតារ ដែលឈ្មួញរំលោភយក
2025.01.09
ព្រៃសហគមន៍ង្លាវក្រាច់មានផ្ទៃដីជាង ២ពាន់ហិកតារ នៅខេត្តមណ្ឌលគិរីដែលជនជាតិដើមភាគតិចព្នងជាង ១០០គ្រួសារ តស៊ូការពារជាង២០ ឆ្នាំមកហើយ កំពុងប្រឈម ការបាត់បង់ទ្រង់ទ្រាយធំ ពីសំណាក់ក្រុមអ្នកមានលុយមានអំណាច គប់គិតជាមួយអាជ្ញាធរមូលដ្ឋាន។
ជនជាតិដើមភាគតិចព្នងជាង១០០គ្រួសារ បានផ្តិតមេដៃស្នើឱ្យរដ្ឋាភិបាល ស៊ើបអង្កេតពីភាពមិនប្រក្រតី នៃការផ្តល់ប្លង់កម្មសិទ្ធិឯកជន រំលោភយកព្រៃអភិរក្សនេះជាង ១០០ ហិកតារបន្ថែមទៀត។
ព្រៃសហគមន៍ង្លាវក្រាច់ ឋិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជនជាតិដើមភាគតិចព្នងចាត់ទុកថា ជាឋានសួគ៌ទេសភាព មានទឹកជ្រោះ ជម្រកសត្វព្រៃ និងជ្រលងភ្នំខ្ពង់រាប និងព្រៃឈើជាច្រើន ផ្តល់អនុផលព្រៃឈើមានតម្លៃ កំពុងប្រឈមការបាត់បង់ដីធ្លី និងធនធានធម្មជាតិ កាន់តែខ្លាំងឡើង ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់សហគមន៍។
ប្រជាសហគមន៍បានកំណត់អត្តសញ្ញាណឈ្មួញម្នាក់ឈ្មោះ ម៉េង ហេង រស់នៅរាជធានីភ្នំពេញគឺជាមេខ្លោងស្នើសុំកាត់ឆ្វៀលដីព្រៃអភិរក្សនេះ ទំហំ ១៣៨ ហិកតារ ក្នុងនោះប៉ះចំដីព្រៃសហគមន៍ង្លាវក្រាច់ទំហំ ៨៦ ហិកតារ និងសហគមន៍ស្រែអំពូមទំហំជាង ៥១ ហិកតារ។
អនុប្រធានសហគមន៍ លោក ចែង វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ មករា ថា ពេលនេះអាជ្ញាធរខេត្តមណ្ឌលគិរី និងអាជ្ញាធរថ្នាក់ជាតិនៅមិនទាន់ដោះស្រាយពាក្យបណ្តឹងរបស់ពួកគាត់នៅឡើយទេ ធ្វើឱ្យអ្នកភូមិខ្លះ ភ័យខ្លាចក្រែង បាត់បង់ព្រៃសហគមន៍ជាង ១០០ហិកតារបន្ថែមទៀតធ្លាក់ក្នុងដៃបុគ្គលមានលុយមានអំណាច និងអាជ្ញាធរខិលខូច។
លោកថា ព្រៃអភិរក្សនេះជាអាយុជីវិតរបស់ពួកគាត់ ដែលខិតខំការពារជាច្រើនឆ្នាំមកហើយ អាជ្ញាធរមិនត្រឹមតែមិនលើកទឹកចិត្តសហគមន៍ការពារនោះទេ មកទល់ពេលនេះមានសមាជិកសហគមន៍០៤នាក់ហើយ កំពុងជាប់បណ្តឹងនៅតុលាការ ដោយសារតែការពារព្រៃអភិរក្សនេះ។
លោក ចែង វណ្ណា៖ «ពួកខ្ញុំអ្នកការពារខាងក្រោមបែរជាគ្មានន័យអីអ៊ីចឹង! លាភសក្ការៈបានទៅលើតែអ្នកមានអំណាចខ្ញុំអ្នកការពារលំបាកវេទនា សំខាន់ពលរដ្ឋគាត់នៅជាមួយសត្វព្រៃ ពឹងព្រៃឃ្វាលគោក្របីអត់មានទេឡូវ ប្រសិនបើបាត់បង់ព្រៃសេសសល់ទៀតពលរដ្ឋវេទនាខ្លាំង»។
ព្រៃសហគមន៍ង្លាវក្រាច់ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជាង ២ ពាន់ ២រយហិកតា (២.២៨១) ដែលប្រជាសហគមន៍បានដាក់ពាក្យស្នើសុំជាតំបន់អភិរក្សរបស់សហគមន៍កាលពីឆ្នាំ ២០០៧ ឋិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន ឃើញមានលិខិត១សន្លឹករបស់អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចុះហត្ថលេខាកាលពីថ្ងៃទី ០៣ កក្កដា ២០២៣ ឯកភាពសំណើសុំចុះបញ្ជីដីកម្មសិទ្ធិឯកជន ទំហំផ្ទៃដីចំនួន ១៣៨ ហិកតារ និង ៣០ អា ឋិតក្នុងក្រុងសែនមនោរម្យ និងស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ អតីតរដ្ឋមន្ត្រីរូបនេះក៏បានស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន រៀបចំនីតិវិធី ឆ្វៀលដីទៅឱ្យបុរសម្នាក់ឈ្មោះ ម៉េង ហេង រស់នៅរាជធានីភ្នំពេញ។
សមាជិកសហគមន៍ម្នាក់ទៀត លោកស្រី រឿង ហែង ប្រាប់វិទ្យុអាស៊ីសេរីថា ឈ្មួញមានឥទ្ធិពលនិងអាជ្ញាធរខិលខូចមួយចំនួន នៅតែមានមហិច្ឆតាឃុបឃិតគ្នា លួចធ្វើប្លង់កម្មសិទ្ធិឯក រំលោភយកដីព្រៃអភិរក្សទ្រង់ទ្រាយធំ ធ្វើឱ្យអ្នកភូមិខ្លះ ព្រួយបារម្ភខ្លាចបាត់បង់ដីព្រៃសហគមន៍នេះ។
លោកស្រីថា ព្រៃសហគមន៍នេះ មិនត្រឹមតែជាធនាគារធម្មជាតិមានតម្លៃប៉ុណ្ណោះទេ តែវាក៏ជាជម្រកធនធានសម្បូរបែប ជួយសេដ្ឋកិច្ចសហគមន៍រកអនុផលព្រៃឈើ ឃ្វាលគោ និង ធ្វើចម្ការវិលជុំចិញ្ចឹមជីវិត ជាដើម៖
លោកស្រី រឿង ហែង៖ «អាជ្ញាធរមិនទទួលស្គាល់រហូតឱ្យតែមានការស្នើសុំ អ៊ីចឹងខ្ញុំព្រួយបារម្ភដែរ មិនមែនខ្លាចទេ តែជាក់ស្តែងអត់សូវមានសុវត្ថិភាពទេ បារម្ភខ្លាំងជាងគេគឺយើងនៅជាប់បណ្តឹង ហើយគេសោយសុខលើគំនរទុក្ខរបស់យើង ពេលខ្លះទៀតយើងចំណាយពេល និងថវិកាផ្ទាល់ខ្លួនសព្វយ៉ាងទៀត»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ស៊ុន សារុន បាននៅឡើយទេនៅថ្ងៃទី៧ មករា។ រីឯឈ្មួញម្នាក់ ឈ្មោះ ម៉េង ហេង ដែលពលរដ្ឋចោទថា ជាមេខ្លោងរំលោភយកដីព្រៃអភិរក្សនេះ ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ចំណែកសមាជិកក្រុមប្រឹក្សាសង្កាត់រមនា លោក ក្រះ ជ្រើង មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មានពីការកាត់ឆ្វៀលដីចេញពីព្រៃសហគមន៍នេះទនៅឡើយទេ ហើយមកទល់ពេលនេះការដោះស្រាយបញ្ហាដីធ្លីក្នុងតំបន់នោះ ហាក់ដូចជាស្ងាត់ ទំនងជារដ្ឋាភិបាលមិនទាន់សម្រេចបែបណានៅឡើយទេ។
លោកថា ក្នុងនាមអាជ្ញាធរមូលដ្ឋានគាំទ្រសហគមន៍ ការពារព្រៃឈើ។
លោក ក្រះ ជើង៖ «ការការពារធនធានធម្មជាតិក្នុងនាមខ្ញុំជាអាជ្ញាធរមូលដ្ឋានហ្នឹង ខ្ញុំត្រូវតែគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុក លោក ប៊ី វ៉ាន់នី ស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតករណីអាជ្ញាធរមួយចំនួនមានជាប់ពាក់ព័ន្ធរំលោភយកដីព្រៃសហគមន៍ និងត្រូវចាត់វិធានការលើក្រុមឈ្មួញ ដែលរៀបចំឯកសារមិនប្រក្រតី ដើម្បីរំលោភយកដីព្រៃអភិរក្សនេះខុសច្បាប់។
លោកថា អាជ្ញាធរគួរតែចូលរួមការពារទ្រព្យសម្បត្តិរបស់រដ្ឋនិងលើកទឹកចិត្តសហគមន៍ដែលខំអភិរក្សព្រៃ។
លោក ប៊ី វ៉ាន់នី៖ «មានប្លង់រឹងប៉ុន្តែជាក់ស្ដែងសុទ្ធតែដីព្រៃដែលយើងគួរតែពិនិត្យមើលឡើងវិញ ពិសេសខាងព្រះរាជអាជ្ញាប្រសិនបើចេញប្លង់លើដីព្រៃផ្ទុយនឹងច្បាប់ភូមិបាល និងច្បាប់ធនធានធម្មជាតិយើងត្រូវតែធ្វើការស្រាវជ្រាវកុំបណ្តែតបណ្ដោយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញឱ្យរដ្ឋាភិបាលគួរតែចាប់អារម្មណ៍ពីសុខទុក្ខ របស់ជនជាតិដើមភាគតិច ដែលកំពុងរងភាពអយុត្តិធម៌ មិនត្រឹមតែបាត់បង់ធនធានធម្មជាតិ ដែលជាឆ្នាំងបាយរបស់ពួកគាត់ប៉ុណ្ណោះទេ បច្ចុប្បន្នសូម្បីតែដីធ្លីក្នុងតំបន់អភិរក្ស ក៏កំពុងប្រឈមការរំលោភបំពានដែរ។
ប្រជាសហគមន៍បន្ថែមថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយ ពាក់បណ្តឹងរបស់ពួកគាត់នោះថាអ្នកភូមិយ៉ាងហោចណាស់ ជាង១០០នាក់ នឹកលើកគ្នាតវ៉ានៅសាលាខេត្តមណ្ឌលគិរីនិងស្ថាប័នថ្នាក់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។