ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​រដ្ឋាភិបាល​​ដោះស្រាយ​​វិវាទ​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មី​រវាង​ក្រុមហ៊ុនOCICជាមួយ​ពលរដ្ឋ​ម្ចាស់ដី​ដោយ​សន្តិវិធី

ដោយ ជាតិ ចំណាន
2021-09-22
Share
ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​រដ្ឋាភិបាល​​ដោះស្រាយ​​វិវាទ​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មី​រវាង​ក្រុមហ៊ុនOCICជាមួយ​ពលរដ្ឋ​ម្ចាស់ដី​ដោយ​សន្តិវិធី ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ខិតខំជំនះតស៊ូការពារដីរបស់ខ្លួន​ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​វិវាទ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​ OCIC និង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោលការណ៍​ច្បាប់​ក្នុង​ការ​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ។ ចំណែក​អាជ្ញាធរ​វិញ អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ថ្មី​ចំពោះ​វិវាទ​នេះ​ទេ ក្រៅ​ពី​ជម្រើស​ដែល​បាន​ផ្ដល់​ជូន​ពលរដ្ឋ​កន្លង​មក គឺ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​១​ម៉ែត្រ​ការ៉េ​តម្លៃ​៨​ដុល្លារ ឬ​ដោះដូរ​ដី​ទៅ​តាំង​ផ្សេង។

សមាគម សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០​ស្ថាប័ន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយដោយ​បង្ហាញ​ក្ដី​បារម្ភ​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ម្ចាស់ដី​និង​ក្រុមហ៊ុន​ OCIC ​របស់​ឧកញ៉ា​ ពុង ឃាវ​សែ ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី លើ​ទំហំ​ដី​ជិត​៣​ពាន់​ហិកតារ ក្នុង​ខេត្ត​កណ្ដាល។

ក្នុង​លិខិត​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិលលើក​ឡើង​អំពី​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ក្នុង​ទ្រង់​ទ្រាយ​ធំរវាង​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ កាល​ពី​ពេល​កន្លង​មក ដោយ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​៣០​នាក់ ហើយ​មនុស្ស​ ៩​នាក់​ ក្នុង​ចំណោម​នោះ​ត្រូវ​តុលាការ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ ក្រោយ​មក​ក៏​មាន​ការ​ដោះលែង​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

សង្គម​ស៊ីវិល​ មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​នោះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋ​និង​ភាគី​ក្រុមហ៊ុន​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ដីឲ្យ​បាន​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារចៀស​វាង​នូវ​ការ​ព្រមព្រៀង​ណាមួយ​ដែល​មាន​ការ​បង្ខិត​បង្ខំ និង​រក្សា​ឲ្យ​បាន​នូវការ​គោរព​សិទ្ធិ​មនុស្ស​ពី​គ្រប់​ភាគី​។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា អាជ្ញាធរ​រដ្ឋ​និង​ភាគី​ក្រុមហ៊ុន​គួរ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី​ តម្លាភាព យុត្តិធម៌​ និង​ផ្ដល់​សំណង​តាម​ច្បាប់​ដែល​មាន​ចែង៖ «យើង​ចង់​ឃើញ​មាន​ដំណោះស្រាយ​មួយ​សមស្រប​ បាន​​ន័យ​ថា​ តម្លា​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ពី​ព្រោះ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ចង់​បាន​ផល​ប្រយោជន៍​និង​ផល​ចំណេញ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ហ្នឹង​ គួរ​តែ​ទទួល​បាន​ដំណោះស្រាយ​និង​ផល​ប្រយោជន៍​សមរម្យ​ ស្រប​ទៅ​តាម​គោលការណ៍​នៃ​​ការ​​អភិវឌ្ឍ​ហ្នឹង»

មាត្រា​២២ នៃ​ច្បាប់​អស្សាមិករណ៍ចែង​ថា ប្រាក់​សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ម្ចាស់​អចលនវត្ថុ ម្ចាស់​កម្មសិទ្ធិ ត្រូវ​គិត​តាម​តម្លៃ​ទីផ្សារ ឬ​ថ្លៃ​ជំនួស​នៅ​កាល​បរិច្ឆេទ​នៃ​ការ​ចេញ​​សេចក្ដី​ប្រកាស​​ស្ដី​អំពី​គម្រោង​អស្សាមិករណ៍។

បន្ថែម​លើស​នេះ មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា កម្មសិទ្ធិ​ឯក​ជន​ស្រប​ច្បា់ប់​ ស្ថិត​នៅ​ក្រោម​ការ​គាំ​ពារ​នៃ​ច្បាប់​ ហើយ​ដែល​នឹង​ដក​ហូត​​សិទ្ធិ​ពី​ជន​ណាមួយ​នោះ លុះ​ត្រាតែ​ប្រយោជន៍​សាធារណៈ​ត្រូវ​បាន​​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ហើយ​ត្រូវ​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​យុត្តិធម៌។

ទាក​ទង​នឹង​សំណង​នេះ អាជ្ញាធរ​អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ថ្មី​ដោះ​ស្រាយ​វិវាទ​នេះ​ទេ ក្រៅ​ពី​ជម្រើស​ដូច​ដែល​បាន​ផ្ដល់​ជូន​ពលរដ្ឋ​កន្លង​មក គឺ​ពលរដ្ឋ​អាច​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ ១​ម៉ែត្រ​ការ៉េ​តម្លៃ​ ៨​ដុល្លារ ឬ​ដោះដូរ​ដី​ទៅទី​តាំង​ផ្សេង។

អភិបាល​ខេត្ត​កណ្ដាលលោក គង់ សោភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​ថា ការ​កំណត់​តម្លៃ​ដី​ ១​ម៉ែត្រ​ការ៉េ​ ៨​ដុល្លារ​នោះ គឺ​ផ្អែក​ទៅ​តាម​ការ​វាយ​តម្លៃ​ មុន​គម្រោង​ព្រលាន​យន្ត​ថ្មី​ចាប់​ផ្ដើម​សាងសង់។ លោក​ទទួល​ស្គាល់​ថា តម្លៃ​ដី​នេះ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​ ហើយ​បន្ត​ការ​តវ៉ា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ អភិបាល​ខេត្ត​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​គម្រោង​នេះ​ទាំង​អស់​គ្នា​ ដើម្បី​បាន​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​៖ «គោលការណ៍​ដែល​ផ្ដល់​ឲ្យ​ហ្នឹង គឺ​មុន​សាង​សង់​ព្រលាន ៨​ដុល្លារ​១ម៉ែត្រ​ការ៉េ ប៉ុន្តែ​មិន​ទាន់​ទទួល​យក​វា​អូស​បន្លាយ​ពេល​ ហើយ​ដី​ក៏​វា​ប្រែប្រួល​ខ្លះ។ ហើយ​ការ​ដូរ​ដី​ ១​ហិកតារ​ទល់​នឹង​១​ហិកតារ​វិញ​ ដែល​ខុស​ទីតាំង​ដែល​រដ្ឋ​កំពុង​ចាំបាច់​ណាស់​ការ​កសាង​ព្រលាន​ដើម្បី​អភិវឌ្ឍ​សក្ដានុពល​ទូទាំង​ប្រទេស​។ ហើយ​ក្នុង​នោះ ក៏​ដូច​ដី​១ហិកតារ​ជាង​ដែល​វា​ឆ្ងាយ​ពី​គោលដៅ​ស្រុក​របស់​គាត់​ហ្នឹង​ដែរ។ ហើយ​ឡើង​អី​យ៉ាង​ណា​នោះ ដូច​ជា​មិន​ដែល​មាន​គោលការណ៍​ណាមួយ​ថ្មី​ទេ»

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា​ ពុង​ ឃាវ​សែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប​ជាង​៣រយ​គ្រួសារ (​៣៣០) នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​អូស​បន្លាយ​ជាង​៣​ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី​ ៣ដុល្លារ ​ទៅ ​៨​ដុល្លារ ក្នុង​ដី​១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជាហៅ​កាត់​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅឆ្នាំ​២០២៣​។ ព្រលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ (១.៥០០​លាន)លើ​ផ្ទៃដីជិត​បី​ពាន់​ហិកតារ(២.៦០០)​

ទោះបីជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​ពី​គ្រប់​ភាគី ​ដោះស្រាយ​ស្រាយ​វិវាទ​នេះ​ដោយ​អហិង្សា និង​ឈរ​លើ​​គោលការណ៍​ច្បាប់​ ដើម្បី​ធានា​ដល់​សិទ្ធិ​ម្ចាស់​ដី​ និង​សំណង​សមរម្យ​ដល់​សហគមន៍ ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល