ពលរដ្ឋសហគមន៍ឡពាងខេត្តកំពង់ឆ្នាំងខកចិត្តដែលតុលាការពន្យារពេលប្រកាសសាលក្រម
2022.05.05

ពលរដ្ឋសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ប្រមាណ៥០នាក់ ខកចិត្តដែលតុលាការ ខេត្តនេះ ពន្យារពេលប្រកាសសាលក្រមសំណុំរឿងតំណាងពួកគេទៅថ្ងៃទី២៤ ខែឧសភា បើទោះជាគ្មានភស្តុតាងដាក់បន្ទុកក្ដី។
បងប្រុសសកម្មជនការពារបឹងធម្មជាតិឃុំឡពាង ស្រុកកំពង់ត្រឡាច លោក រាជ សីម៉ា ដែលកំពុងជាប់ឃុំ គឺ លោក ស្ងួន ញឿន ថ្លែងនៅយប់ថ្ងៃទី៤ ឧសភា ថា តុលាការបានយកសាក្សីចុងចោទពីខាងប្អូនប្រុសលោក ៣នាក់ ចូលបំភ្លឺក្នុងសវនាការ ប៉ុន្តែគ្មានសាក្សីពីខាងដើមចោទនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋដែលជាដើមបណ្ដឹង ប្ដឹងលោក រាជ សីម៉ា ពីបទបង្ករបួសស្នាមនោះ ពុំដែលមានវត្តមានក្នុងបន្ទប់សវនាការឡើយ ហើយក៏បានដកពាក្យបណ្ដឹងចេញវិញ ក្រោយប្ដឹងប្អូនប្រុសលោកបានមួយថ្ងៃប៉ុណ្ណោះ។ លោក ស្ងួន ញឿន ឆ្ងល់ថា ហេតុអ្វីបានជាតុលាការនៅតែបន្តសំណុំរឿងនេះថា មិនព្រមដោះលែងខ្លួនប្អូនប្រុសលោក ដែលគ្មានកំហុសដូច្នេះ?៖ «ចំពោះការកាត់ក្ដីនេះតុលាការគាត់បានសួរសាក្សី៣នាក់ហ្នឹង ឆ្លើយអស់ហើយមិនមានភស្តុតាងណា ហើយតុលាការក៏មិនបានមកស៊ើបអង្កេតដែរ ហើយតុលាការហ្នឹងគឺ បានអះអាងថា គាត់បានស៊ើបអង្កេតរួចហើយ លោកស្រីមេធាវីគាត់ក៏បានអានពាក្យបណ្ដឹងរបស់ភាគីម្ខាងទៀត បានប្ដឹង១ថ្ងៃហើយដកបណ្ដឹងវិញភ្លាមៗ ដោយសារអ្នកនោះគាត់ផឹកស្រាស្រវឹងដោយខ្លួន€ហ ហើយបែរជាមកចោទទម្លាក់កំហុសមកលើលោក រាជ សីម៉ា»។
លោក រាជ សីម៉ា ត្រូវបានតុលាការឃុំខ្លួនកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ពីបទបង្ករបួសស្នាម លើអ្នកភូមិសូវង្ស ដែលចូលទៅរកត្រីក្នុងបឹងពោធិ៍ ជាបឹងអភិរក្ស។ បងប្រុសលោក រាជ សីម៉ា លោក ស្ងួន ញឿន អះអាងថា អ្នកភូមិដែលប្ដឹងប្អូនប្រុសលោក បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មុនឈ្លោះប្រកែកជាមួយ លោក រាជ សីម៉ា ទៅទៀត តែតុលាការបែរជាចោទប្អូនប្រុសលោក ពីបទបង្ករបួសស្នាមទៅវិញ។ ប៉ុន្តែលោក រាជ សីម៉ា គឺជាសកម្មជនការពារបឹងធម្មជាតិ ក្នុងសហគមន៍ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺជាបុគ្គលដែលសកម្ម និងជាតំណាងពលរដ្ឋក្នុងការតវ៉ាដីធ្លីពីក្រុមហ៊ុន។
ពលរដ្ឋសហគមន៍ឡពាង ប្រកាន់ជំហរថា នៅថ្ងៃដែលតុលាការគ្រោងប្រកាសសាលក្រមថ្ងៃទី២៤ ឧសភា ខាងមុខ ពួកគាត់នឹងប្រមូលផ្ដុំគ្នា ម្ដងទៀត ទៅគាំទ្រលើកទឹកចិត្តដល់លោក រាជ សីម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។