សង្គមស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា ​ឈូស​ឆាយ​​ផ្ទះ​ពលរដ្ឋ​ជិត​ ១០០​​គ្រួសារ​​ដោយ​​គ្មាន​​ដំណោះ​​ស្រាយ​​សមរម្យ

ដោយ សន ចាន់រដ្ឋា
2021-09-17
Share
សង្គមស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា ​ឈូស​ឆាយ​​ផ្ទះ​ពលរដ្ឋ​ជិត​ ១០០​​គ្រួសារ​​ដោយ​​គ្មាន​​ដំណោះ​​ស្រាយ​​សមរម្យ គ្រឿងចក្ររបស់អាជ្ញាធរខេត្តព្រះវិហារ ឈូសឆាយផ្ទះពលរដ្ឋ នៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ កាលពីថ្ងៃទី ១៥ កញ្ញា ២០២១។
រូប៖ អាដហុក ព្រះវិហារ

ពលរដ្ឋ ​និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា​ យក​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​និង​គ្រឿង​ចក្រ​ឈូស​​ឆាយ​ បំផ្លិច​បំផ្លាញ​លំ​នៅ​ឋាន​ពលរដ្ឋ​ជាច្រើន​​ខ្នង​ដោយ​​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​នោះ​ទេ។​ ពួកគាត់​ថា ​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ដីកា​ដក​ហូត​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ​​ដោយ​​មិន​​បាន​​ផ្តល់​​ដំណឹង​​ប្រាប់​​ពលរដ្ឋ​ឱ្យ​ត្រៀម​លក្ខណៈ​រុះរើ​ដោយ​ខ្លួនឯង​នោះ​ទេ​ ធ្វើ​ឱ្យ​ពួកគាត់​ជួប​លំបាក​ បាត់បង់​ទី​ជម្រ​ក​។

មន្ត្រី​សង្គម​ស៊ីវិល ​និង​ពលរដ្ឋឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ​ខែកញ្ញា​ថា ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បានបញ្ជូន​កម្លាំង​ប្រដាប់​អាវុធរាប់​រយនាក់ ​និង​គ្រឿង​ចក្រ​ជាច្រើន​គ្រឿង ​ឈូស​ឆាយ​​ផ្ទះ​សម្បែង​ពលរដ្ឋ​ជិត​ ១០០​ខ្នង​ ឋិត​ក្នុង​ភូមិ​ភារកិច្ច ​សង្កាត់​ប៉ាល់​ហាល ​ក្រុងព្រះវិហារ។  ក្រៅ​ពី​នេះ ​អាជ្ញាធរ​បាន​បិទ​ផ្លូវ​ចាប់​ពី​ថ្ងៃ​ទី​១៥ ​រហូត​ដល់​ថ្ងៃ​ទី ​១៧ ​ខែកញ្ញា ​ដោយ​ហាម​ឃាត់​មិន​ឱ្យ​អ្នកកាសែត​ និង​ពលរដ្ឋ​ចេញ​ចូល​តំបន់​នោះ​ទេ។​

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្តព្រះវិហារលោក ​ឡោ ចាន់ ​ហួស​ចិត្ត​នៅគ្រា​ដែល​អាជ្ញាធរ​ខេត្ត​នេះ ​បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​យ៉ាង​ច្រើន​លើស​លុប​ដើម្បី​​គំរាម​កំហែង​ ឈូស​កម្ទេច​ផ្ទះ​ពលរដ្ឋ​ទាំង​តូច​ធំ​អស់​ជិត ​១០០​ខ្នង​ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទីជម្រក​ និង​ខ្លះ​ទៀត​រស់​នៅ​តាម​ចិញ្ចឹម​ផ្លូវ​។ ​លោក​បញ្ជាក់​ថា ​អាជ្ញាធរ​​កំពុង​អនុវត្ត​ដីកា​ដក​ហូត​ដី​នៅ​តំបន់​នោះ ​ពី​អ្នកភូមិ​ ដោយ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​នោះ​ទេ។​ លោក​យល់​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​៖ «គេ​មិនមែន​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ​គេ​មិនមែន​យក​បញ្ហា​ដាក់​លើ​តុ​ ដើម្បី​ពិភាក្សា​នេះ ​គេ​ទៅ​គេ​ធ្វើ ​គេ​មិន​បាន​រក​ដំណោះ​ស្រាយ​អត់​មាន​ទេ គឺ​គេ​ប្រើ​កម្លាំង​កម្ទេច​យក​តែ​ម្តង»។

មន្ត្រី​សង្គមស៊ីវិល​រូបនេះ​បន្ថែម​ថា​ ក្នុង​ពេល​អាជ្ញាធរ​រុះរើ ​សមត្ថកិច្ច​បាន​ដក​ហូត​ទូរសព្ទដៃ​របស់​ពលរដ្ឋ​ម្នាក់ ​មិន​ឱ្យ​ថត​រូបភាព ​និង​រារាំង​អ្នក​សារព័ត៌មានមិន​ឱ្យ​ចូល​ទៅ​តំបន់​នោះ​ទៀត​ផង​។ លោក​ថា ​ពលរដ្ឋ​ជិត​ ១០០​គ្រួសារ ​ដែល​អាជ្ញាធរ​រុះរើ​លំ​នៅ​ឋាន​នោះ ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​ ដូច្នេះ​អាជ្ញាធរ​គួរតែ​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់ ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​ និង​ដោយ​សន្តិវិធី៖ «អ្នក​ខ្លះ​ពុំ​មាន​ដីទេ ​និង​អ្នក​ខ្លះ​ដី ​បែរ​ជា​អាជ្ញាធរ​កម្ទេច ​ដោយមិន​ទុក​ឱ្យ​រើ​ដោយ​ស្ម័គ្រ​ចិត្ត​ ហើយមិនទុកពេល ដើម្បីឱ្យពួកគាត់​ដោះស្រាយ​ដោយ​សន្តិវិធី​។ ​នេះ​ហើយ ​ដែល​ជា​ការ​រំលោភ​សិទ្ធិ​ និង​ជា​ការ​បណ្តេញ​ចេញ​ដោយ​ខុស​ច្បាប់​»។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទងសុំការ​បំភ្លឺ​រឿង​នេះពី​អភិបាល​រង​ខេត្ត​ព្រះវិហារ​ ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះគឺ​លោក ​អ៊ុង វុឌ្ឍី ​បាន​នៅ​ឡើយទេ​ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ ព្រោះ​ទូរសព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​លើក​។ ​ចំណែកអភិបាល​ក្រុង​ព្រះវិហារ​លោក​ ប៉ុក ងួន ​បដិសេធ​បំភ្លឺ​រឿងនេះ ​ដោយ​លោក​ថាកំពុង​ជាប់​រវល់​

ប៉ុន្តែ​កន្លង​ទៅ ​អ្នកភូមិ​ថា ​អាជ្ញាធរ​ក្រុង ​និង​ខេត្ត ​ធ្លាប់​ចុះ​ជួប​ក្រុម​ពលរដ្ឋឱ្យបញ្ឈប់​ការ​សង់​សំណង់​ និង​រស់​នៅ ​លើ​ដី​នៅ​តំបន់​នោះ ​ដែល​ឋិត​ក្នុងដីកា​ដក​ហូត ​របស់​រដ្ឋបាល​ខេត្តព្រះវិហារ។​ ប៉ុន្តែ​ពលរដ្ឋ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ មុន​នឹង​បណ្តេញ​ពួកគាត់​ចេញ ​ព្រោះ​អ្នកភូមិ​ដែល​​តាំង​ទី​លំ​នៅ​តំបន់​នោះ ​ជា​ពលរដ្ឋ​ក្រីក្រ ​ខ្វះ​ដី​រស់​នៅ​

ពលរដ្ឋ​មួយ​រូប គឺ​លោក ​ទឹម បូណា ​ប្រាប់​អាស៊ីសេរី​ថា​ អ្នកភូមិខ្លះ​មាន​ដីក្បាល ​៦ម៉ែត្រ​ ដល់​ ២០ម៉ែត្រ ​បណ្តោយ ​៣០ម៉ែត្រ ​ដល់ ​៥០ម៉ែត្រ​ ​ជា​ដី​ប្រភេទ​លំ​នៅឋាន​។ ​លោក​ទទួល​ស្គាល់​ថា​ ពលរដ្ឋ​ភាគច្រើន ​បាន​បង្ខំ​ចិត្ត​មក​តាំង​ទី​លំនៅ​ដោយ​ខុសច្បាប់ ​ប៉ុន្តែ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ​ ខ្វះ​ខាត​ដី​រស់នៅ ​ដូច្នេះ​អាជ្ញាធរ​គួររតែ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ​ដើម្បី​ផ្តល់​លទ្ធភាព​ ឱ្យ​ពួកគាត់​រស់​នៅ​ចិញ្ចឹម​ជីវិត​៖ «ពលរដ្ឋ​គាត់​លម្អក់​នៅ ​ដើម្បី​ដំណោះស្រាយ​ពី​ព្រោះ​គាត់​ គឺ​ជា​បុគ្គល​ដែល​អត់​អ៊ីចឹង​។ ​អ៊ីចឹង​គាត់​មិន​ចង់​រុះរើ​ទេ ​រង់ចាំអាជ្ញាធរ​នឹង​មាន​ដំណោះស្រាយ​ណា​មួយ​សមគួរ ​ដើម្បី​ឱ្យ​ពួកគាត់​រស់​នៅ​បាន​។ ​ហេតុ​នេះ​ហើយ ​ដែល​គាត់​មិន​ព្រម​ដើរ​ចេញ​ទៅ ​គេ​​អនុវត្ត​ច្បាប់​»។

ទោះ​យ៉ាង​ណា ​មន្ត្រីឃ្លាំ​មើល​សិទ្ធិមនុស្សលោក ​ឡោ ចាន់​ ឱ្យដឹងថា អ្នកភូមិ​បាន​តាំង​ទី​លំនៅក្នុង​តំបន់នោះ​ជា​បន្ត​បន្ទាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ ​ដូចនេះ​លោក​ថា​អាជ្ញាធរ​គួរតែ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ ​និង​ដោយ​សន្តិវិធី ​មិន​គួរ​ឈូសឆាយ​លំ​នៅ​ឋាន​ពួកគាត់​ដូច្នោះ​ទេ។  លោក​បន្ថែម​ថា​ អាជ្ញាធរ​បាន​អនុវត្ត​ដីកា​ដក​ហូត ​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​នេះ  ពុំ​មាន​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​ក្រុម​ពលរដ្ឋ​នោះទេ​ ព្រោះ​ពលរដ្ឋ​ភាគច្រើន​មិន​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​នោះ​ឡើយ​ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល