តុលាការ​ខេត្ត​ស្វាយរៀង​​ដោះលែង​​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​​​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន

ដោយ ខែ សុណង
2021-09-17
Share
តុលាការ​ខេត្ត​ស្វាយរៀង​​ដោះលែង​​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​​​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន តំណាងប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តស្វាយរៀងអ្នកស្រី ឥន្ទ សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ ដែលត្រូវបានតុលាការដោះលែងនៅក្រៅឃុំវិញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

តំណាង​សហគមន៍​ចេក​មាស​ពីរ​នាក់ ស្នើ​ដល់​តុលាការ​ខេត្ត​ស្វាយរៀង​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់ បន្ទាប់​ពី​តុលាការ​បាន​ដោះលែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ពេល​ថ្មីៗនេះ។​​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក៏​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​ស្វាយរៀងទម្លាក់​ចោល​បទ​ចោទ​ចំពោះ​ពលរដ្ឋ​ទាំង​ពីរ​នាក់​ដែរ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ។

តំណាង​ពលរដ្ឋ​ម្នាក់លោកស្រី យស់ សុភ័ណ្ឌ​ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញាថា តុលាការ​បាន​ដោះលែង​លោកស្រី និង​លោកស្រី ឥន្ទ សូត្រ ឲ្យ​បាន​ជួបជុំ​ក្រុម​​គ្រួសារ​​វិញ​​ហើយ ក្រោយ​ឃុំ​ខ្លួន​ពួក​លោកស្រី​អស់​រយៈពេល​២០ថ្ងៃ​។

លោក​ស្រីឲ្យ​ដឹង​ថា ករណី​វិវាទ​ដី​ធ្លី​រឿង​ធ្វើ​ប្រឡាយ​ទឹក​នោះ ​នឹង​មិន​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ជិត១​រយ​គ្រួសារ​តទៅ​ទៀត​ទេ ដោយសារ​តែអ្នក​​ភូមិ​ចេក​មាស ក្នុង​ឃុំ​ឈើ​ទាល ​និង​អ្នក​ភូមិ​ធ្នង់​ ក្នុង​ឃុំ​ស្វាយ​ធំ យល់​ព្រម​ផ្ដិត​ស្នាម​មេ​ដៃ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ លក់​ដី​ស្រែ​ពួកគាត់​ឲ្យ​ក្រសួង​ធនធាន​ទឹក​ ក្នុង​តម្លៃ​ដី​១ម៉ែត្រ​ការ៉េ ​៩​រយ​រៀល។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​តុលាការ​ខេត្ត​ស្វាយ​រៀង​ទម្លាក់​ចោល​បទ​ចោទ​លើ​លោកស្រី និង​​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ ដើម្បី​ឲ្យ​ពួក​លោកស្រី​មាន​សេរីភាព​ពេញ​លេញ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​៖ «សូម​ទម្លាក់​ចោល​នូវ​បទ​ចោទ​ទាំង​អស់​ហ្នឹង​កុំ​ឲ្យ​មាន​ការ​រឹត​ត្បិត​អី​បន្ត​ទៀត។ សូម​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ កុំ​មាន​បទ​ចោទ​បន្ត​ទៀត​អី ព្រោះ​ពួក​ខ្ញុំ​ឥឡូវ​ ដោយ​សារ​តែ​រដូវ​កូវីដ​ហ្នឹង​ផង អត់​បាន​ចេញ​ទៅ​រក​ស៊ី​ឯណា​ ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន​ៗ​ទៅ​ ព្រោះ​ដោយ​សារ​តែ​កូវីដ​ហ្នឹង​ផង។ ហើយ​រឹតត្បិត​ពាក់​ព័ន្ធ​រឿង​តវ៉ា​ដីធ្លី​ហ្នឹង​ធ្វើ​ឲ្យ​ពួក​យើង​កាន់​តែ​វេទនា​ទៀត​ឥឡូវ​នេះ»

សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ដោះលែង​តំណាង​សហគមន៍​ចេកមាស​២​នាក់ គឺ​លោកស្រី ឥន្ទ សូត្រ និង​លោកស្រី យស់ សុភ័ណ្ឌ​ នៅ​ឲ្យ​ក្រៅ​បណ្ដោះ​អាសន្ន កាលពី​ថ្ងៃទី១៥ ខែកញ្ញា។  ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​បន្ទាប់​ពី​មេធាវី​បាន​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគាត់​បាន​បង់​ប្រាក់​ផាក​ពិន័យ​ម្នាក់២​លាន​រៀល​ឲ្យ​អាជ្ញាធរ​ ពាក់ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នា​តវ៉ា​ដីស្រែ ដែល​អាជ្ញាធរ​ចោទ​ថា ល្មើស​នឹង​ច្បាប់​​ស្ដីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ខេត្ត​ស្វាយរៀងលោក ទេព ផល្លា បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង​ (Licadho​) លោក​ នុត​ បូពិណ្ណារ័ត្ន ​មាន​ប្រសាសន៍​ថា បទ​ល្មើស​ប្រឆាំង​នឹង​តំណាង​ពលរដ្ឋ​២​នាក់​នេះ គឺ​ជា​បទល្មើស​ស្រាល ដែល​តុលាការ​អាច​អនុញ្ញាត​ឲ្យ​ពួកគាត់​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​៖ «បទល្មើស​ គ្រាន់​តែ​ផាក​ពិន័យ​គាត់​ហ្នឹង វា​គ្រប់​គ្រាន់​ហើយ។ បើ​យើង​និយាយ​មែនទែន ទម្លាក់​បទ​ព្រហ្មទណ្ឌ​ចោល​ទៅ​ យើង​ផាក​ពិន័យ​គាត់។ ជា​វិធានការ​ យើង​ផាក​ពិន័យ​គាត់​ទៅ។ ក្នុង​មាត្រា​១០​ហ្នឹង​ក៏​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែរ។ តែ​បើ​យើង​និយាយ​ពី​ទោស​ វា​តូច​បំផុត​។ អ៊ីចឹង​គាត់​មាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ​ហើយ​ ទោះ​បី​ជា​យ៉ាង​ណា គាត់​មាន​មេធាវី ក៏​គេ​អាច​ធានា​គាត់​នៅ​ក្រៅ​ឃុំ​បាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែសីហា សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​សម្រេច​ឃុំ​ខ្លួន​តំណាង​​​សហគមន៍​​ចេក​មាស ២​នាក់ គឺ​លោក​ស្រី ឥន្ទ សូត្រ និង​លោកស្រី យស់ សុភ័ណ្ឌ ​ដាក់​​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​​បទ​​ចោទ​​តាម​មាត្រា១០ និង១១ ​នៃ​ច្បាប់​​ស្ដីពី​វិធាន​ការ​ទប់​ស្កាត់​ការ​​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ-១៩ ដោយ​សារ​មិន​​គោរព​​តាម​វិធាន​ការ​​រដ្ឋ​បាល​ខេត្ត ​ដែល​បាន​ដាក់​ចេញ។

ការ​ចោទ​ប្រកាន់​នោះ ធ្វើ​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ស្វាយ​រៀង ក្រោយ​ពី​មាន​ពលរដ្ឋ​ប្រមាណ​៧០​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា ដោយ​មិន​ពាក់​ម៉ាស់ នៅ​លើ​ដីស្រែ​ពួកគាត់ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ​ក្នុង​ជម្លោះ​ដីធ្លី​ កាល​ពី​ថ្ងៃ​ទី​២ ខែសីហា​។

ពលរដ្ឋ​​ជាង​១រយ​គ្រួសារ ដែល​​រស់​​នៅ​​អាស្រ័យ​​ផល​​ធ្វើ​​ស្រែ​​លើ​​ដី​​សរុប​ជិត ​១០០ ​ហិកតារ តាំង​​ពី​​ឆ្នាំ​១៩៧៩ នោះ​បាន​​ស្នើ​​សុំ​​អាជ្ញាធរ​​ខេត្ត​​ស្វាយ​​រៀង និង​​ក្រសួង​​ធនធាន​​ទឹក​​ប្ដូរ​គោល​​នយោបាយ​​ផ្ដល់​​សំណង​​​ឲ្យ​​ពលរដ្ឋ​​ពី​​ ៩រយ​រៀល(៩០០)​ក្នុង​​ម៉ែត្រ​​ការ៉េ ទៅ​ ១ម៉ឺន ​២ពាន់​រៀល ឬ​​៣​ដុល្លារ​​ក្នុង១​​ម៉ែត្រ​​វិញ។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​សំណើ​នេះ។

បើ​ទោះ​បី​ជាង​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា​ តុលាការ​ខេត្ត​ស្វាយរៀង គួរ​ទម្លាក់​ចោល​បទ​ចោទ​ចំពោះ​តំណាង​ពលរដ្ឋ​ទាំង​២​នាក់​នេះ ព្រោះ​ថា ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ ដើម្បី​បញ្ចប់​​ជម្លោះ​​ដីធ្លី​នេះ​ហើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល