ពលរដ្ឋ​នៅ​បឹង​តា​មោក​ចោទ​ប្រកាន់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ថា ប្រើ​ហិង្សា និង​បំផ្លាញ​តូប​ពួកគាត់

ដោយ ទីន ហ្សាការីយ៉ា
2023.12.20
ពលរដ្ឋ​នៅ​បឹង​តា​មោក​ចោទ​ប្រកាន់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ថា ប្រើ​ហិង្សា និង​បំផ្លាញ​តូប​ពួកគាត់ លោកស្រី គង់ តឿ ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​តាមោក និង​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញប្រទាញប្រទង់​ និង​រុញច្រាន​គ្នា ក្នុង​ពេល​រារាំង​ការ​តវ៉ា​របស់​ពលរដ្ឋ​រឿង​ដីធ្លី នៅ​បឹង​តាមោក ​កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

ពលរដ្ឋ​នៅ​បឹង​តា​មោក​អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រើ​ហិង្សា​លើ​ពួក​គាត់ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​រុះរើ​តូប​លក់​ឥវ៉ាន់។ មន្ត្រី​សង្គម​ស៊ីវិល​ថា​សកម្មភាព​របស់​អាជ្ញាធរ​ដែល​បាន​បំផ្លាញ​តូប និង​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន។

ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី១៩ ខែធ្នូ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បណ្ដាល​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រង​របួស​ស្រាល ក្នុង​ពេល​ក្រុម​អាជ្ញាធរ​ជិត ២០នាក់ បាន​ចុះ​ទៅ​រុះរើ​ផ្ទះ និង​តូប​មួយ​កន្លែង​​ដែល​​លក់​ដូរ​របស់​របរ​តិច​តួច​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត។

ក្រោយ​មាន​អំពើ​ហិង្សា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចេញ​លិខិត​សា​ជា​ថ្មី​ឱ្យ​ម្ចាស់​តូប​រុះរើ​មុន​រយៈ​ពេល​បី​ថ្ងៃ​មុន​ពេល​ដែល​អាជ្ញាធរ​ចុះ​រុះ​រើ​ម្ដង​ទៀត។ ទោះ​ជា​យ៉ាង​ណា ប្រជា​ពលរដ្ឋ​អាស្រ័យ​ផល​ពី​​​បឹង​តាមោក​អះអាង​ថា​ពួកគាត់​នឹង​​រួម​គ្នា​ការពារ ទោះ​បី​ជា​ពួកគាត់​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ និង​រង​អំពើ​ហិង្សា​ពី​អាជ្ញាធរ​ទៀត​ក៏ដោយ។

ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​តាមោក​ លោកស្រី គង់ តឿ លើក​ឡើង​ថា អាជ្ញាធរ​បាន​បំផ្លាញ​តូប​លោកស្រី ដែល​ទើប​នឹង​សាង​សង់​សម្រាប់​ផ្កាឈូក ខ្ចង ខ្ចៅ ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែល​មាន​ជន ពិការ និង​ចាស់​ជរា​ក្នុង​បន្ទុក។ លោកស្រី គង់ តឿ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​ថា ជា​អំពើ​ឃោរឃៅ និង​ប្រើ​ប្រាស់​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ដេញ​ពលរដ្ឋ​ចេញ​ ដើម្បី​កាត់​ដី​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច។

លោកស្រី គង់ តឿ៖ «មើល​នេះ ដៃ​ខ្ញុំ​ទទឹក​អស់​ក្បាល​ជង្គង់ អូស​ខ្ញុំ​រហូត។ ខ្ញុំ​យល់​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​រំលោភ​សិទ្ធិ​ឃោរឃៅ​ជា​ទី​បំផុត គ្មាន​ចិត្ត​បេះ​ដូង​ខ្មែរ​សុទ្ធ​មិនមែន​ឈាម​ខ្មែរ ចង់​លើស​អា ពត ទៀត។ មិន​អ៊ីចឹង​មិន​មែន​គាត់​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ឃើញ​ខ្វិន​ឃើញ​ខ្វង់​ទាំង​អស់»

ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​តាមោក​ម្នាក់​ទៀត លោកស្រី វ៉ន ផា លើក​ឡើង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រើ​ហិង្សា​លើ​ពួកគាត់​ដែល​ជា​ស្ត្រី ដែល​ចេញ​មុខ​តវ៉ា​ការ​ពារ​តូប​ដែល​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់​ប៉ុណ្ណោះ។ លោកស្រី វ៉ន ផា បន្ត​ថា​រដ្ឋាភិបាល​តែង​តែ​លំអៀង​ទៅ​កាន់​អ្នកមាន​លុយ​មាន​អំណាច ដែល​អាច​ទទួល​បាន​ដី​រាប់​សិប​ហិកតារ ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​បណ្ដេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅឋាន​ទៅវិញ។

លោកស្រី វ៉ន ផា៖ «ហេតុ​អ្វី​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​លើ​ទឹក​ដី​ខ្មែរ​អត់​បាន ហេតុ​អី​ក៏​ខាង​អាជ្ញាធរ​ខណ្ឌ​មក​បណ្ដេញ​ពួក​ខ្ញុំ​មិន​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​តូប​លក់​ដូរ​គ្រាន់​តែ​ចិញ្ចឹម​ជីវិត​នេះ លក់​ដូរ​តាម​ដង​ផ្លូវ​តាម​តូប​បន្តិច​បន្តួច​នេះ ហេតុ​អី​ក៏​គាត់​មិន​ឱ្យ​ធ្វើ​បើ​បាន​លុប​៣ពាន់​ហិកតារ​លុប​អស់»

ជា​មួយ​គ្នា​នេះ​ តំណាង​ពលរដ្ឋ​បឹង​តាមោក លោកស្រី ស៊ា ដាវី លើក​ឡើង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ធ្នូ​នេះ បាន​យក​លិខិត​ជូន​ដំណឹង​ឱ្យ​គ្រួសារ​លោកស្រី គង់ តឿ រុះរើ​តូប​របស់​ពួកគាត់​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ លោកស្រី ស៊ា ដាវី ថា​ប្រសិន​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ចុះ​មក​រុះរើ​ម្ដង​ទៀត សហគមន៍​នឹង​រួម​កម្លាំង​គ្នា​ការពារ​តូប​របស់​ពួក​គាត់ ទោះ​ប្រឈម​នឹង​រង​អំពើ​ហិង្សា ឬ​ចាប់​ខ្លួន​ក្ដី។

លោកស្រី ស៊ា ដាវី៖ «ព្រោះ​អី​ពួក​បង​មិន​ដឹង​ពឹង​ខាង​ណា​​ បើ​អាជ្ញាធរ​ខណ្ឌ​ក្រុង​សង្កាត់​​អ្នក​ចុះ​មក​ចាត់​ការ​​ បក​ធ្វើ​បាប​ មិន​ដឹង​ប្ដឹង​នរណា​ មាន​តែ​កម្លាំង​ប្រជាពលរដ្ឋ​ការពារ​ផ្ទះសម្បែង​ហ្នឹង​ឯង​ ការ​ពារ​ទៅ​សាមគ្គី​គ្នា​ការពារ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង និង​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន បាន​ទេ​នៅ​ថ្ងៃ​ទី២០ ធ្នូ។

ទាក់​ទិន​រឿង​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល ​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត ថ្លែង​ថា សកម្មភាព​របស់​អាជ្ញាធរ​នេះ​គឺ​រំលោភ​សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​តាំង​ពី​មុន​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​ទៅ​ទៀត។

លោក វណ្ណ សុផាត៖ «ឥឡូវ​ចោទ​ប្រកាន់​ថា​ពួក​គាត់​រស់​នៅ​ដោយ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ចុះ​បើ​ដី​សាធារណៈ​របស់​រដ្ឋ​អាច​ធ្វើ​អនុប្រយោគ​ទៅ​ជា​ដី​ឯក​ជន ​ ហើយ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ឱ្យ​អ្នក​មាន​អំណាច​ ឱ្យ​ទៅ​សែស្រឡាយ​បក្ស​ពួក​អ្នក​មាន​អំណាច​បាន​ ប៉ុន្តែ​ប្រជាពលរដ្ឋ​បែរ​ឱ្យ​មិន​សួរ​ថា​អា​ហ្នឹង​មក​ពី​ហេតុ​អ្វី»

ក្នុង​ពេល​អាជ្ញាធរ​រក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​បឹង​តា​មោក​នោះ អតីត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​ចំនួន ៧៧ដង ដែល​មាន​ទំហំ​ជាង ២ពាន់ ៤រយ​ហិកតា (.៤០៤) នៃ​ទំហំ​សរុប (.២៣៩) ហិកតារ ដោយ​បាន​កាត់​ឱ្យ​ទៅ​ សែស្រឡាយ​របស់​លោក និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​កង​រាជ​អាវុធហត្ថ និង​អ្នក​ជំនួញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។