សាច់ញាតិ​​ប្រតិកម្ម​ការ​​សម្រេច​​របស់​​តុលាការ​​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន​​ពលរដ្ឋមាន​ជម្លោះដី​ធ្លី​៩​​នាក់

ដោយ ខែ សុណង
2021-09-14
Share
សាច់ញាតិ​​ប្រតិកម្ម​ការ​​សម្រេច​​របស់​​តុលាការ​​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន​​ពលរដ្ឋមាន​ជម្លោះដី​ធ្លី​៩​​នាក់ តុលាការ​ខេត្តកណ្តាល​បញ្ជូន​ពលរដ្ឋ​ដែល​​មាន​​ជម្លោះដីធ្លី​​នៅ​​តំបន់​​សាងសង់​​ព្រលាន​យន្តហោះអន្តរជាតិ​​ថ្មី​នៅ​ស្រុកកណ្តាលស្ទឹង ៩ នាក់ទៅឃុំខ្លួននៅពន្ធនាគារ ​កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (រូប៖ អង្គការអាដហុក)
រូប៖ អង្គការសិទ្ធិមនុស្សអាដហុក

ចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាលលោក វ៉ាន់ សុបញ្ញា បាន​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពលរដ្ឋមានជម្លោះដីធ្លី​ ៩​​នាក់ ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ថា​ បាន​ប្រើ​ហិង្សា​លើ​នគរបាល ១៣ នាក់ ឱ្យ​មាន​របួស​ស្នាម។ ការ​ចោទ​នេះ គឺ​យោង​ទៅ​ហេតុការណ៍​ក្នុង​ពេល​តវ៉ា​ដីធ្លី នៅ​ព្រលាន​យន្ត​ហោះ​ថ្មី នៅ​ភូមិ​កំពង់​តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ពេល​សមត្ថកិច្ច​បង្ក្រាប​ពលរដ្ឋ​តវ៉ា។ គ្រួសារ​និង​សាច់ញាតិ​ពលរដ្ឋ​ទាំង ៩​នាក់ ប្រតិកម្ម​ចំពោះ​ការ​ចោទប្រកាន់​នេះ។

គ្រួសារ​និង​សាច់ញាតិ​អ្នក​ជាប់​ឃុំ ៩​នាក់ យល់​ថា ការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្ដាល​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ​ទ្វេដង។

បងស្រី​បង្កើត​របស់​លោកស្រី ឃឹម ចិត្រា ដែល​តុលាការ​ចោទ​ប្រកាន់ គឺ​លោកស្រី ផុន សឿន ថ្លែង​ទាំង​ទឹក​ភ្នែក​ថា បទ​ចោទ​ពលរដ្ឋ​នេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​រង​ទុក្ខ​វេទនា បែកបាក់​ក្រុម​គ្រួសារ និង​កាន់​តែ​ក្រីក្រ​ថែម​ទៀត ដោយសារ​គម្រោង​អភិវឌ្ឍន៍​នេះ៖ «គេ​ថា​យក​អត្តសញ្ញាណ​ប័ណ្ណហ្នឹង​មក​ឲ្យ​ធានា​ប្អូន​ចេញ​ហើយ​ខំ​ជិះ​មក​ទាំង​យប់ អរ​ណាស់​បាន​ចេញ​មើល​ប្អូន​ឈឺ​នៅ​ផ្ទះ​ម្នាក់​ឯង ឥឡូវ​គេ​ប្រាប់​ថា ​ប្អូន​ខ្ញុំ​គេ​បញ្ជូន​ទៅ​ទៀត​ហើយ។ គេ​បង្ខំ​ឲ្យ​យក​ ៨​ដុល្លារ​ហើយ​ដូរ​ដី ប្អូន​ខ្ញុំ​អត់​យក ​វា​ថា​ដី​មាន​តិចតួច​យក​ប៉ុណ្ណឹង​ទៅ​រស់នៅ​កន្លែង​ណា​បាន វា​អត់​ព្រម។ នាយក​រដ្ឋមន្ត្រី​សម្ដេច ហ៊ុន សែន ជួយ​ដោះលែង​ប្អូន​ខ្ញុំ​វិញ​មក ជួយ​ផង​ក្រីក្រ​មាន​ដី​តិចតួច​ដោះស្រាយ​ឲ្យ​គ្នា​សមរម្យ​មិន​តវ៉ា​អី​ទេ»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពីចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​សម្រេច​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពលរដ្ឋ ៩​នាក់ ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ សាលាដំបូង​ខេត្ត​កណ្ដាល ចោទ​ថា ពលរដ្ឋ​ទាំង ៩​នាក់​នោះ បាន​ប្រើ​ហិង្សា​លើ​នគរបាល ១៣ នាក់ ឱ្យ​មាន​របួស​ស្នាម ក្នុង​ពេល​តវ៉ា​ដីធ្លី នៅ​ព្រលាន​យន្ត​ហោះ​ថ្មី នៅ​ភូមិ​កំពង់​តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង។ ពលរដ្ឋ​ទាំង ៩​នាក់ មាន​ស្ត្រី​ ៤នាក់ និង​បុរស ៥​នាក់ ជា​អ្នក​ឃុំ​បឹង​ខ្យាង ឃុំ​កណ្ដោក ខេត្ត​កណ្ដាល និង​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ។

ពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​តាឡុង ជា​ឪពុក​របស់​លោកស្រី ឌុក វណ្ណាត ដែល​កំពុង​ជាប់​ឃុំ គឺ​លោក ឌុក ខន ថ្លែង​ថា សមត្ថកិច្ច​បាន​ប្រមូល​ភស្តុតាង​យ៉ាង​ច្រើន​ដើម្បី​ចោទ​ប្រកាន់​និង​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ខុស​ពី​ការ​ពិត។ ប៉ុន្តែ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​មក​លើ​ពលរដ្ឋ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ បែរ​ជា​មើល​មិន​ឃើញ​ទៅ​វិញ៖ «សម្រាប់​តែ​ឥឡូវ​ទៅ​ដល់​តុលាការ​តាំង​ពី​ចប​កាប់ ចប​ជីក តា​សេះ រណារ​អា​ទឹកកក ហើយ​ដប​សាំង​កន្លះ​កញ្ឆេរ។ ប៉ូលិស​ហ្នឹង​សាហាវ​ណាស់​បង​អើយ សាហាវ​មែន​ទែន មក​ដល់​វាយ​គ្នា​ឡើង ធាក់​ជញ្ជាំង​ធាក់​ទ្វារ ធាក់​បង្អួច​បែក​អស់​ហើយ ឡើង​ចាប់​មនុស្ស​ដល់​លើ​ផ្ទះ បន្ទប់​លើ​ក៏​ឡើង​ទៅ​ចាប់​ដែរ។ ឡើង​ទៅ​វាយ​ទៅ​ធាក់​ផ្ទះ​ទល់មុខ​ផ្ទះ​ពូរ៉ា​ហ្នឹង គាត់​លក់​សាំង យក​ដប​សាំង​យក​កាំបិត យក​ចប​ជីក​មក វា​អត់​មាន​ផង​ពេល​បាតុកម្ម​ហ្នឹង​ឥឡូវ​ស្រាប់​តែ​ប្រមូល​មក​តាម​ផ្ទះ​យក​មក​គ្រប់​អស់ គេ​ចោទ​នេះ​ចោទ​ធ្ងន់​ណាស់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទងចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាលលោក វ៉ាន់ សុបញ្ញា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ទាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា។

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ឃុំ​បឹងខ្យាង គឺ​លោកស្រី សុង សុខរីន ជា​បងស្រី លោក សុង ពេជ្ររ៉ា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​​ពួកគាត់​គ្រាន់​តែ​ការពារ​កម្មសិទ្ធិ​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​ដែរ ពួកខ្ញុំ​ប្រជាពលរដ្ឋ​ដែល​មាន​ប្លង់​រឹង កម្មសិទ្ធិ​ស្រប​ច្បាប់​ហើយ​មាន​ទោស​ទៀត សូម​អំពាវនាវ​ដល់​សម្ដេច​ពុក សម្ដេច​ម៉ែ​ជួយ​បងប្អូន​ខ្ញុំ​ផង បង​ប្អូន​ទាំង​អស់​ទាំង ៩​នាក់​ហ្នឹង​ផង។ មិន​សមរម្យ​ទេ​ព្រោះ​ដី​កម្មសិទ្ធិ​ខ្លួន​ឯង​សោះ​ចាប់​ខ្លួន។ ហើយ​ខ្លួន​គាត់​ប្រើ​មាន​កាំភ្លើង​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​នោះ​ផង មាន​ដំបង​ឆក់ មាន​ឡាន​បាញ់​ទឹក គាត់​មាន​កម្លាំង​ជា​ច្រើន​ប្រហែល​ បួន​រយ​នាក់ (៤០០) ប្រជាពលរដ្ឋ​ខ្ញុំ​ហ្នឹង​អត់​មាន​អី​តតាំង​ទេ ហើយ​គេ​ចាប់​ដាក់​ពន្ធនាគារ​ទៀត»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា កម្លាំង​នគរបាល និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល ​ប្រមាណ បីរយនាក់ (៣០០​) ប្រដាប់​ដោយ​ខែល និង​ដំបង បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រមាណ មួយរយនាក់(១០០) នៅ​ក្នុង​ភូមិ​កំពង់​តាឡុង ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង ឲ្យ​រង​របួស​ជា​ច្រើន​នាក់ និង​ចាប់​ខ្លួន​ពលរដ្ឋ ៣០​នាក់។

ហេតុ​ការណ៍​នេះ កើត​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​ដុត​សំរាម​នៅ​ខាង​មុខ​រនាំង​ដែក​ដែល​សមត្ថកិច្ច​បិទ​ផ្លូវ​របស់​កម្លាំង​សមត្ថកិច្ច ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​​ផ្លូវ​​ឲ្យ​ពួកគាត់​អាច​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ពួកគាត់​ដែល​ត្រូវ​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី (OCIC) របស់​ឧកញ៉ា​ ពុង ឃាវ​សែ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈូស​លុប​បំផ្លាញ​ចោល ដើម្បី​យក​ដី​សាងសង់​ព្រលាន​យន្ត​ថ្មី​ខ្នាត​អន្តរជាតិ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ហាម​ឃាត់ មិន​ឱ្យ​ពួកគាត់​ចូល​ទៅ។

សាលា​ខេត្ត​កណ្ដាល​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា មាន​ប្រើ​ដំបង គប់​ដុំ​ថ្ម បាញ់​ចម្ពាម​កៅស៊ូ និង​គប់​ដប​សាំង​ដាក់​កម្លាំង​សមត្ថកិច្ច​ឲ្យ​រង​របួស ១៣​នាក់ ទើប​នាំ​ឲ្យ​មានការ​ប្រើ​កម្លាំង​បំបែក​ក្រុម​ពលរដ្ឋ និង​ចាប់​ខ្លួន​មនុស្ស ៣០​នាក់។ ក្នុង​ចំណោម​ពលរដ្ឋ ៣០​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន មាន​២១ នាក់​ត្រូវ​បាន​ដោះលែង​វិញ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ដោយ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ច​សន្យា​ឈប់​តវ៉ា។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ការ​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច ឬ​ហិង្សា​ដាក់​គ្នា​នាំ​ឲ្យ​មាន​របួស​ស្នាម​ទាំង​សងខាង​នេះ គឺ​ដោយសារ​តែ​ការ​អូស​បន្លាយ​មិន​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ។ លោក​ថា រឿង​នេះ សមត្ថកិច្ច​គួរ​តែ​ត្រឹម​តែ​ធ្វើ​ការ​អប់រំ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​វិញ៖ «បើ​មិន​ចឹង​ទេ​ខ្ញុំ​យល់​ថា ការ​កើត​ឡើង​នូវ​វិវាទ​ដីធ្លី​នេះ​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​ទេ នៅ​តែ​បន្ត​រ៉ាំរ៉ៃ​អូស​បន្លាយ​អ៊ី​ចឹង​ទៅ ហើយ​យើង​ព្រួយ​បារម្ភ​អាច​កើត​មាន​ករណី​ផ្សេងៗ​បន្ត​ទៀតដែរ គួរ​តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​មាន​ការ​ពិនិត្យ​និង​ជជែក​គ្នា​រក​ដំណោះស្រាយ​ឡើង​វិញ ដើម្បី​បញ្ចប់​នូវ​វិវាទ​ដីធ្លី​នៅ​ព្រលាន​យន្ត​ហោះ​ដែល​កំពុង​សាងសង់​ហ្នឹង»។

ថ្វី​បើ​មាន​ការ​ដោះលែង​អ្នក​ភូមិ​ខ្លះ និង​បន្ត​ចោទ​ប្រកាន់​នេះ អ្នក​ភូមិ​មួយ​ចំនួន​កំពុង​បន្ត​រត់​គេច និង​លាក់​ខ្លួន មិន​ហ៊ាន​នៅ​ផ្ទះ​ទេ ព្រោះ​ភ័យ​ខ្លាច​សមត្ថកិច្ច និង​អាជ្ញាធរ ដែល​បាន​ព្យាយាម​តាម​ស្វែង​រក​ពួកគេ​ដោយ​សង្ស័យ​ថា​ ជា​តំណាង​ពលរដ្ឋ និង​នាំ​គ្នា​រៀបចំ​ឯកសារ​ស្នាម​មេដៃ និង​ថត​ចម្លង​ប្លង់​ដី គ្រោង​ដាក់​ញត្តិ​រក​ដំណោះស្រាយ​នៅ​តាម​ស្ថាប័ន​រដ្ឋ ក្នុង​រាជធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល