ប្រពន្ធ​សកម្មជន​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​រតនគិរី​ អំពាវនាវ​រក​យុត្តិធម៌​ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ប្តី​

ដោយ ទីន ហ្សាការីយ៉ា
2021-09-22
Share
ប្រពន្ធ​សកម្មជន​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​រតនគិរី​ អំពាវនាវ​រក​យុត្តិធម៌​ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ប្តី​ សកម្មជនកាពារព្រៃឈើ លោក ឆន ផល្លា ពាក់អាវស ដៃជាប់ខ្នោះ កំពុងអង្គុយមុខបន្ទប់សវនាការ នៃសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី ២០ កញ្ញានេះ។
រូប៖ អង្គការសិទ្ធិមនុស្សអាដហុក

ប្រពន្ធ​សកម្មជន​​ការពារ​​ព្រៃឈើ​​ម្នាក់​ជា​​ជន​ជាតិ​​ដើម​ភាគ​តិច​​ទំពូន​​អំពាវ​នាវ​​ឱ្យ​​តុលាការ​​ខេត្តរតនគិរី ​ទម្លាក់​​បទ​ចោទ​​ប្រកាន់​​មក​​លើ​​លោក​ ឆន ផល្លា​ និង​​ដោះ​​លែង​​គាត់​​ឱ្យ​​មាន​​សេរីភាព​​វិញ។​ លោក​ស្រី​បញ្ជាក់​ថា​ តុលាការ​គួរតែ​ផ្តន្ទាទោស​អ្នក​ដែល​បំផ្លាញ​​ធនធាន​ធម្មជាតិ ​មិន​គួរ​ដាក់​ទោសទណ្ឌ ​និង​​ធ្វើ​បាប​មក​​លើ​​ប្តី​​របស់​​លោក​ស្រី​ ដែល​បាន​ការពារ​ប្រយោជន៍​ជាតិ​នោះទេ​។

ស្ត្រី​ជន​ជាតិ​ដើម​ភាគតិច​ទំពូន​រស់​នៅ​ភូមិ​សមុទ្រ​ក្រោម​ ឃុំសេដា​ ស្រុក​លំផាត់​ បង្ហាញ​ពី​ភាព​អយុត្តិធម៌ ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគិរី ​មក​លើ​ប្តី​របស់​លោក​ស្រី ​ដែល​ចេញ​មុខ​ការពារ​ព្រៃឈើ ​ប្តឹង​ក្រុម​ឈ្មួញ ​និង​អាជ្ញាធរ​មួយ​ចំនួន ​ទៅ​តុលាការ​ជា​ច្រើន​ករណី​

ប្រពន្ធ​លោក​ ឆន ផល្លា​ ​គឺ​លោកស្រី ​ហាំ ស្លុង អះអាង​ថា​ ប្តី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ ​ហើយ​ការ​ចាប់ខ្លួន​នេះ ​គឺ​ជា​រឿង​យុត្តិធម៌​និង​ធ្វើ​បាប​គ្រួសារ​លោកស្រី​។

លោកស្រី​បន្ថែមថា ​លោកឆន ផល្លា ​ទើប​តែ​មក​រស់​នៅ​ក្នុង​ភូមិ​ជា​ថ្មី​ទៀត ​នៅ​អំឡុង​ខែមីនា​ ឆ្នាំ​២០២១ ​ព្រោះ​ជា​ច្រើន​ខែ​កន្លង​ទៅ ​លោក​បាន​ភៀសខ្លួនទៅ​រស់​នៅ​ខេត្ត​កំពង់​ចាម ​ដោយសារអាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ ​បាន​កៀរគរ​ពលរដ្ឋ​ជាច្រើន​នាក់​ ព្រួត​គ្នា​វាយ​លោក ​បង្ខំ​ឱ្យ​ដក​ពាក្យ​បណ្ដឹងដែល​បណ្ដាល​ឱ្យ​បាក់​ឆ្អឹង​ជំ​នី​​មួយ។​ ស្ត្រី​វ័យ ​៣៧ ​ឆ្នាំ​រូបនេះត្អូញ​ថា ​អាជ្ញាធរ​បាន​ចាប់ខ្លួនប្តី​របស់​លោក​ស្រី​ នឹង​បង្ក​ឱ្យ​ប៉ះពាល់​ជីវភាព​គ្រួសារកាន់​តែ​យ៉ាប់យ៉ឺន ព្រោះ​គ្រួសារ​លោកស្រី ​ពឹង​ផ្អែក​លើ​ប្តី​ទាំងស្រុង​ ជាពិសេស​ត្រូវ​ចិញ្ចឹម​កូនៗ ​៣នាក់ ​ដែល​កំពុង​សិក្សា​៖ «កូន​តូចៗ ​អត់​មាន​ពី​ណា​រក​ចិញ្ចឹម​ខ្ញុំ ​បង​អើយ​ខ្ញុំ​លំបាក​វេទនា​មែនទែន​។ តាំង​ពី​ឆ្នាំ​ទៅ ​ខ្ញុំ​ធ្វើ​អី​ក៏​អត់​បាន​ដែរ​ ខ្ញុំ​អត់​បាន​រក​ស៊ី​អី​ទេ​បង​។ ​ក្រ​កម្សត់​មែន​ទែន​ឥឡូវ​ ខ្ញុំ​សូមសំណូមពរ​ឱ្យ​តុលា​កា​រគាត់​ជួយ​ដោះ​លែង​ប្តី​ខ្ញុំ​»។

​លោកស្រី ​ហាំ ស្លុង ​បន្ថែមថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា ​ប្តី​របស់​លោក​ស្រី​កាប់​ទន្ទ្រាន​ព្រៃឈើ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ចាប់​តាំង​ពី​រៀបការ​ជា​មួយ​​លោកស្រី​ជិត​ ២០ឆ្នាំ​កន្លង​ទៅ​នេះ ​លោក ​ឆន ផល្លា​ មិន​ដែល​កាប់​រុករាន​ដី​ព្រៃ​នោះ​ទេ។​ លោកស្រី​ថា ​បច្ចុប្បន្ន​គ្រួសារ​លោកស្រី ​មាន​ដី ​១២ ​ហិកតារ​ជា​ទ្រព្យ​កេរ​ឪពុក​ម្តាយ ​សម្រាប់​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត ​ហើយ​ប្តី​របស់​លោក​ស្រី​ ដើរ​ស៊ីឈ្នូល​កិន​ស្រូវ​ឱ្យ​អ្នកភូមិ​នៅ​មូលដ្ឋាន៖ «តាំង​ពី​យក​ខ្ញុំ​គាត់​អត់​ចេះ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ សូម្បី​តែ​កាំបិត​គាត់​អត់​ចេះ​កាប់​ឈើ​ដែរ​។ ​ខ្ញុំ​ហ៊ាន​ធានាបង ​ខ្ញុំ​ហ៊ាន​ស្បថ គាត់​អត់​ដែរ​ធ្វើ​ស្រែ​ទេ​។ ​ម៉ែ​ឪ​ខ្ញុំ​ចែក​ឱ្យ​ ខ្ញុំ​ចេះ​តែ​ដាំ​ទេ​បង»។

​​សកម្មជន​ការពារ​ព្រៃឈើរូបនេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្តរតនគិរី​ចាប់​ខ្លួនពីបទកាប់រុករានដីព្រៃដោយខុសច្បាប់ ហើយតុលាការ បាន​បញ្ជូន​លោក ​ឆន ផល្លា ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ខេត្តរតនគិរី​ជា​បណ្តោះ​អាសន្ន កាលពីល្ងាចថ្ងៃ​ទី​​២០ ​ខែកញ្ញា។

លោក ​ឆន ផល្លា ​វ័យ​ជាង​ ៤០​ ឆ្នាំ តែងតែរិះគន់អាជ្ញាធរពាក់ព័ន្ធករណីទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារឋិត​នៅ​តំបន់​ភ្នំអាត ភ្នំ​ម៉ាហើល និង​តំបន់​បឹង​យក្សម៉ាយ ក្នុង​​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ទទួលរង​ការ​កាប់​ទន្ទ្រាន អារ​រំលំ​ឈើ និង​ឈូស​ឆាយ​ព្រៃ បែប​អនាធិបតេយ្យ​គ្មាន​ការទប់ស្កាត់។

លោក​ជា​ដើម​បណ្តឹង ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី​ ទៅ​តុលាការ​ ៧​ សំណុំ​រឿង​ ដែល​ភាគ​ច្រើន​ជាសំណុំរឿង​បណ្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ពី​បទ​អនុគ្រោះបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់​។ ​លើស​ពី​នេះ ​លោក​ធ្លាប់​ត្រូវ​អភិបាល​ស្រុក​លំផាត់​លោក​ នូ ថេរ ​និង​នគរបាល​គំរាម​ចាប់​ខ្លួន​ជា​ច្រើន​លើក ​នៅ​ពេល​ដែល​លោកថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន ​រិះគន់​ធ្ងន់ៗ​ពីការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ និង​ការ​ឈូសឆាយ​ដី​ព្រៃ​អស់​ជា​ច្រើន​ពាន់​ហិកតារ ដោយ​គ្មានការ​អនុវត្ត​ច្បាប់​

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទងសុំការ​បំភ្លឺ​រឿង​នេះពីអ្នក​នាំ​ពាក្យ​តុលាការ​ខេត្តរតនគិរី​លោក ​កែវ ពិសុទ្ធ ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​២១ ខែ​កញ្ញា​ ព្រោះ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។ រី​ឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​នេះលោក​ នាង ​សំអាត ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​។

ជុំវិញ​រឿង​នេះ ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ នៃ​សមាគម​អាដហុក​លោក​ ប៉ែន ប៊ុណ្ណារ៍ ​ចាត់​ទុក​ការ​ចាប់ខ្លួន ​សកម្មជន​ព្រៃឈើ​រូបនេះ​ គឺ​ជា​រឿង​អាម៉ាស់​មួយរបស់​អាជ្ញាធរ​ខេត្តរតនគិរី​។ លោក​សង្កត់​ធ្ងន់​ថា ​ព្រៃឈើ​ជា​ច្រើន​ពាន់​ហិកតារ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ​ត្រូវ​គេ​កាប់​បំផ្លាញ ​ធ្វើជា​កម្ម​សិទ្ធិ​ មិន​ឃើញ​អាជ្ញាធរ​ចាប់ខ្លួនជន​ប្រព្រឹត្ត ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ផ្តន្ទាទោសតាម​ច្បាប់​ បែរ​ជា​មក​ធ្វើ​ទុក្ខ​បុក​ម្នេញលើ​ពលរដ្ឋ​ការពារ​ព្រៃឈើ​ទៅ​វិញ ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​៖ «ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​ការពារ​បរិស្ថាន​ធ្លាក់​ចុះ​ដោយសារ​ការ​មិន​ចុះ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​។​ ជា​ប្រវត្តិសាស្ត្រ​បង្ហាញ​កូន​ចៅ​ជំនាន់​ក្រោយ​ថា​ អ្នក​ការពារ​បរិស្ថាន​​ត្រូវ​បាន​ឃុំ​ខ្លូន​។ ចំណែក​ជនល្មើស​រាប់​ពាន់​នាក់​ រស់​នៅ​យ៉ាង​សុខស្រួល​ ហើយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ដី​រដ្ឋ​ទៀត​»។

​កន្លងទៅ ​លោក ​ឆន ផល្លា ​និង​អ្នកភូមិ ​៣នាក់​បាន​ផ្តិត​មេដៃ​ដាក់​បណ្ដឹង​ទៅ​តំណាង​អយ្យការ​ខេត្ត​រតនគិរី​ជាបន្ទាន់ ដើម្បី​ប្ដឹង​មេភូមិ អនុ​ភូមិ និង​មេ​សហគមន៍​ ពី​បទ​ញុះញង់​ពលរដ្ឋឲ្យ​លក់​ដី​ព្រៃ​អភិរក្ស ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ខុសច្បាប់។ មក​ទល់​ពេល​នេះ​ព្រៃ​សហគមន៍ ភូមិ​សមុទ្រក្រោម ឋិត​ក្នុង​តំបន់ភ្នំ​អាត រហូតដល់​ភ្នំ​ហើល ដែល​ជា​ជម្រក​សត្វព្រៃ​ត្រូវ​គេ​កាប់​ឈើ​មានតម្លៃ​អស់ទាំង​ស្រុង និង​កំពុង​សម្រុក​កាប់​ទន្ទ្រានយក​ដី​លក់​ជា​បន្តបន្ទាប់។

កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧ សមាជិក​សហគមន៍​ភូមិ​សមុទ្រក្រោមរក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​មូល​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ចំណុច​ភ្នំ​អាត ដែល​មេភូមិ​ឈ្មោះ ខាំផ សាវ៉ាត និង​ប្រធាន​សហគមន៍​លោក ថាន់ ម្ហើល បាន​ផ្ដិតមេដៃ លើ​កិច្ចសន្យាលក់​ឈើ​មូលរាប់រយម៉ែត្រគូប ក្នុង​ព្រៃ​នោះ​ទៅ​ឲ្យ​ឈ្មួញ​ជន​ជាតិ​​វៀតណាម ក្នុង​តម្លៃ ១ម៉ឺន៥ពាន់​ដុល្លារ​ ដើម្បី​ដឹក​លក់​នៅ​ប្រទេស​វៀតណាមបំពាន​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល