អ្នកវិភាគថា សេចក្តីព្រាងច្បាប់​កំណត់​សញ្ជា​តិតែ​មួយ​មើល​ងាយ​ដល់​អង្គព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ

ដោយ​លោក មួង ណារ៉េត
2021-10-10
Share
អ្នកវិភាគថា សេចក្តីព្រាងច្បាប់​កំណត់​សញ្ជា​តិតែ​មួយ​មើល​ងាយ​ដល់​អង្គព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ (​ខាងឆ្វេង​) ​ព្រះ​ឆាយា​លក្ខណ៍​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ និង (ខាងស្ដាំ) លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន
ទំព័រ​ហ្វេសប៊ុក​របស់​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី និងលោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន

អ្នកវិភាគ​ថា​ ​សេចក្តីព្រាងច្បាប់​កំណត់​សញ្ជាតិ​តែមួយ​ ​គឺ​ធ្វើឡើង​ដោយ​ខ្វះ​ការពិចារណា​ ​និង​ជា​ការ​មើលងាយ​ដល់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​។​

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​គ្រោង​បើក​កិច្ចប្រជុំ​ពេញអង្គ​ជាបន្ទាន់​មួយ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​១​ ​ខែ​ ​តុលា​នេះ​ ​ដើម្បី​ពិនិត្យ​ ​និង​រៀបចំសេចក្តី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ​លើ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីព្រាងច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​ ​ចំពោះ​មេដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ​ ​ត្រូវ​បាន​មេដឹកនាំ​នៃ​របប​ឯក​បក្ស​លោក​ ​ហ៊ុន​ ​សែន​ ​សម្រុក​ឲ្យ​រៀបចំ​ធ្វើ​រួចរាល់​ ​ត្រឹម​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្រ្តី ​កាលពី​ថ្ងៃ​ទី​ ​០៨​ ​ខែ​ ​តុលា​ ​ថា​ទាល់តែ​អ្នក​ទាំងនោះ​ ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ ទើ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ ​និង​ស្នេហាជាតិ​ពិតប្រាកដ​ <<វាមានផលប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្ដីភាពចំពោះជាតិមាតុភូមិ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ?>>​ 

​ការ​ស្នើ​ច្បាប់​ដែល​ចាត់ទុកជា​ការប្រញាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុងពេលដែល​ព្រះមហាក្សត្រ​ខ្មែរ​ ​ដែល​ជា​មនុស្ស​កំពូល​ផុតលេខ​ និង​ជា​អ្នក​មើលការខុសត្រូវ​លើ​ស្ថាប័នជាតិ​កំពូលៗ​ជាច្រើន​នោះ​ ​មាន​សញ្ជាតិ​លើស​ពី​មួយ​។​

​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​មាន​សញ្ជាតិ​ខ្មែរ​ ​បារាំង​ ​និង​សញ្ជាតិ​ឆេកូ ​ដែល​ជា​សញ្ជាតិ​កិត្តយស​។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​ចែង​អំពី​ព្រះរាជ​តួនាទី​កំពូល​ៗ​ជាច្រើន​ថ្នាក់​ជាតិ​ ​សម្រាប់​ព្រះអង្គ​ ​ដូចជា​ ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ​ (​មាន​ចែង​ក្នុង​មាត្រា​ ​៧​) ​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពលខេមរភូមិន្ទ​ (​មាត្រា​ ​២​៣​)​ជា​ព្រះអធិបតី​នៃ​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ​ (​មាត្រា​ ​២​៤​ ​នៃ​រដ្ឋធម្មនុញ្ញ​) ​ជា​ប្រធាន​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ​ ​និង​ ​និរន្តរ៍ភាពជាតិ (​មាត្រា​ ​៨​) ​ជា​អ្នកធានា​ឯករាជ្យជាតិ​ ​អធិបតេយ្យ​ ​និង​បូរាណ​ភាព​ទឹកដី​ ​ធានា​ការគោរព​សិទ្ធិ​ ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​ (​មាត្រា​ ​៨​) ​និង​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល​ ​ដើម្បី​ធានា​ការប្រព្រឹត្ត​ទៅ​នៃ​អំណាចសាធារណៈ​ ​ឲ្យ​មាន​ភាព​ទៀងទាត់​ (​មាត្រា​ ​៩​) ​ជាដើម​។​

​អ្នកវិភាគ​នយោបាយ​ ​និង​បញ្ហា​សង្គម​ ​លោក​ ​គឹម​ ​សុខ​ ​ដែល​ហ៊ាន​និយាយ​រិះគន់​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​និង​កំពុង​រស់នៅ​និរទេស​ខ្លួន​ ​នៅ​ប្រទេស​ហ្វាំងឡង់​ (​F​inland​) ​ថា​ច្បាប់​នេះ​មិន​ត្រឹមតែ​គ្មាន​បាន​ប្រយោជន៍អ្វី​សម្រាប់​ជាតិ​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​ឥឡូវ​វា​គឺជា​ការប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ​ទៅទៀត​ ​បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ​មាត្រា​ ​៧​ ​ចែង​ថា​ព្រះមហាក្សត្រ​ ​មិន​អាច​នរណា​រំលោភបំពាន​បាន​ឡើយ​ <<​ចំណុចទីមួយគឺ​មើលងាយ​ព្រះមហាក្សត្រ​តែម្ដង​ ​ពេល​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​និង​ក្រុម​របស់​គាត់​បញ្ជាក់​ថា​ ​ទាល់តែ​អ្នកមាន​សញ្ជាតិ​ខ្មែរ​តែមួយ​ ​ទើប​ជា​មនុស្ស​ដែល​ស្នេហាជាតិ​នោះ​ណា៎​! ​ដូច្នេះ​ព្រះមហាក្សត្រ​សញ្ជាតិ​លើស​ពី​មួយ​ ​មិន​ស្នេហាជាតិ​ទេ​អ៊‍ីចឹង​? ​ជា​ការ​មើលងាយ​ចំ​ ​ចំពោះ​ព្រះមហាក្សត្រ​។​ ​ទី​ពី​​​រកា​រយ​ក​ច្បាប់​ហ្នឹង​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​យោបល់​ ​ឬក៏​ថ្វាយ​យោបល់​ពី​ព្រះមហាក្សត្រ​ហ្នឹង​ ​មិនមែន​យកទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​យោបល់​ទេ​។​ ​មែនទែន​ទៅ​គឺជា​ការព្រមាន​ព្រះមហាក្សត្រ​>>​។​

​ការព្រមាន​ព្រះមហាក្សត្រ​នេះ​ ​លោក​ ​គឹម​ ​សុខ​ ​ចង់​សំដៅ​លើ​កា​រដាក់​សម្ពាធ​ពី​លោក​ ​ហ៊ុន​ ​សែន​ ​ទៅលើ​អង្គ​ព្រះមហាក្សត្រ​ ​ឲ្យ​ជួយ​បន្ត​សម្របសម្រួល​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​ ​ដោយសារ​ព្រះមហាក្សត្រ​ខ្មែរ​ ​មាន​ប្រវត្តិ​កសាង​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កុម្មុនិស្ត​មួយ​នេះ​ ​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អះអាង​ថា​ ​លោក​ស្មោះស្ម័គ្រ​ប្តូរផ្តាច់​ការពារ​រាជ​បល្ល័ង្គ​នោះ​ ​ធ្លាប់​បាន​ព្រមាន​រម្លាយ​របប​រាជា​និយម​ចោល​ម្តង​រួច​ទៅ​ហើយ​ ​នៅពេលដែល​ព្រះមហាក្សត្រ​ ​មិនព្រម​ឡាយ​ព្រហត្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​កាលពី​ឆ្នាំ​២​០​០​៥​ <<​ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ​ហើយ​ថា​ ​ព្រះអង្គ​ខ្ញុំ​និយាយ​ជាមួយ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់ថុល​ ​នែ​! កុ​ល​ ​ផេង​ ​នែ​! ​អ៊ឹង​ ​កន្ថាផាវី​ ​នែ​! ​ស៊ី​សុវត្ថិ​ ​ប៉ាណា​រ៉ា​ ​លើ​យន្តហោះ​ ​ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ជួប​តាម​ទូរស័ព្ទ​ថា​ ​ព្រះអង្គ​! ​បើ​លើក​នេះ​វា​ពិបាក​ស៊ី​ញ៉េ​ត្រូវ​ពិនិត្យ​ឡើងវិញ​ ​យើង​គួរ​ទុក​រាជា​និយម​ ​ឬ​ធ្វើ​សាធារណរដ្ឋ​ ​ឲ្យ​វា​មាន​ប្រធានាធិបតី​តែម្ដង​ ​ឬ​ហោច​ណាស់​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ ​នូវ​មាត្រា​ណាមួយ​ដែល​កាលណា​ដាក់​ទៅ​ ​ក្នុងរង្វង់​ប៉ុន្មាន​ថ្ងៃ​ត្រូវ​ចុះហត្ថលេខា​ ​ឬ​ឡាយព្រះហស្តលេខា​ ​បើមិនដូច្នោះទេ​ ​គឺ​នឹង​ចូលជាធរមាន​>>​។​

​ដូចគ្នា​នេះ​ដែរ​ ​អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត​ ​យល់ស្រប​ថា​ច្បាប់​នេះ​ ​គ្មាន​បានការ​អ្វី​ ​ក្រៅតែ​ពី​បំពេញចិត្ត​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ទប់អារម្មណ៍​ក្រេវក្រោធ​មិនបាន​ ​បែរជា​ច្រឡោ​ទ​ខឹង​លោក​ ​សម​ ​រង្ស៊ី ​ហើយ​ជ្រុល​ទៅ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​នោះ​ដែរ​។​

​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​និង​ចាស់​វស្សា​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​ថា​ការ​ ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​នេះ​ ​កើតឡើង​ដោយ​ការ​មិនបាន​គិតពិចារណា​វែងឆ្ងាយ​របស់​មេដឹកនាំ​ខ្មែរ​ ​និង​ការ​ហៃអើ​តាម​គ្នា​ ​តាម​ការ​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ធ្វើ​ញ្ញត្តិ​គាំទ្រ​សេចក្តីស្នើ​ច្បាប់​ដែល​ឥតបានការ​នេះ​ <<​ប្រតិកម្ម​ ​និង​ខឹង​ទៅ​ ​សម​ ​រង្ស៊ី ​ទោសៈ​ហ្នឹង​គឺ​ធ្វើឲ្យ​គាត់​ហ្នឹង​មិនបាន​គិតវែងឆ្ងាយ​។​ ​ដូច្នេះ​មនុស្ស​តែ​កាលណា​យើង​ខឹង​ ​យើង​មាន​ទោសៈ​ ​អា​ហ្នឹងហើយ​គេ​ហៅថា​មោឃ​វា​បាំង​ ​វា​បាំងគំនិត​បញ្ញា​យើង​ហ្នឹង​!>>​។​

​សេចក្តីព្រាងច្បាប់​នេះ​ ​មាន​ញ្ញត្តិ​គាំទ្រ​ព្រោងព្រាត​ពី​គ្រប់​មជ្ឈដ្ឋាន​ ​សូម្បីតែ​ខាង​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ដែល​សេចក្ដីព្រាងច្បាប់​នេះ​ ​មិន​ពាក់ព័ន្ធ​គ្នា​អ្វី​ទាល់តែសោះ​ក៏ដោយ​ ​ក៏​ចេញ​ញ្ញត្តិ​គាំទ្រ​នឹងគេ​ដែរ​។​ ​ជាង​នេះ​ទៅទៀត​សូម្បីតែ​តុលាការ​ដែល​ស្ថាប័ន​ត្រូវ​ឯករាជ​ពី​រដ្ឋាភិបាល​នោះ​ ​ក៏​ចេញ​ញ្ញត្តិ​គាំទ្រ​ច្បាប់​នេះ​ដែរ​។​

​ប៉ុន្តែ​ ​បើ​តាម​លិខិត​របស់​គណបក្សប្រជាជន​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​ ​០​៦​ ​ខែ​ ​តុលា​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​សាយ​ ​ឈុំ​ ​បាន​ណែ​នាំឲ្យ​ក្រសួង​ ​ស្ថាប័ន​រាជធានី​ខេត្ត​នីមួយៗ​ ​រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ ​ជួយ​ចាត់ចែង​ធ្វើ​ញ្ញត្តិ​នេះ​។​

​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​របប​ក្រុងភ្នំពេញ​ ​ធ្វើ​ច្បាប់​សម្រាប់​តែ​សំដៅ​លើ​មនុស្សម្នាក់​។​ ​របប​នេះ​ធ្លាប់ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​តែមួយ​នេះ​ដែរ​ ​សម្រាប់​ស្ថាប័នជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជ​ប​) ​ដោយ​រារាំង​កុំឲ្យ​អ្នកស្រី​ ​ពុង​ ឈីវហ្កិច​ ​ដែល​កាលណោះ​ជា​ប្រធាន​អង្គការ​លី​កា​ដូ ​អាច​ធ្វើជា​សមាជិក​ ​គជ​ប​ ​បាន​ ​ព្រោះ​អ្នកស្រី​មាន​សញ្ជាតិ​ពីរ​ ​គឺ​សញ្ជាតិ​ខ្មែរ​ ​និង​បារាំង​។​ ​របប​នេះ​ ​ក៏​ធ្លាប់ធ្វើ​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ ​សំដៅ​ធ្វើ​ទុក​បុកម្នេញ​លោក​ កឹម​ ​សុខា​ ​និង​ធ្វើ​ច្បាប់​ឯក​ពន្ធភាព​ ​ដើម្បី​ធ្វើបាប​សម្ដេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ជាដើម​។​

​ឥឡូវ​ច្បាប់​នេះ​ ​កំពុង​រំកិល​ទៅមុខ​យ៉ាង​ប្រញាប់​ ​ដែល​អាច​នឹង​ត្រូវ​អនុម័ត​ក្នុងពេលឆាប់ៗ​។​ ​ព្រះមហាក្សត្រ​ ​បើ​ទោះបីជា​ព្រះអង្គ​សព្វ​ ​និង​មិន​សព្វព្រះរាជហឫទ័យ​ ​ក៏​លោក​ ​គឹម​ ​សុខ​ ​ថា​ព្រះអង្គ​ប្រហែលជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំ​ព្រះទ័យ​ ​ចុះ​ហេត្ថលេខា​លើ​ច្បាប់​នេះ​នោះ​ដែរ​ ​ព្រោះ​គេច​ង​ច្បាប់​បិទផ្លូវ​របស់​ព្រះអង្គ​រួច​ទៅ​ហើយ​ <<​បើ​យើង​ផ្អែក​តាម​រដ្ឋ​ធម្មនុញ្ញ ​ទោះបី​ព្រះអង្គ​ឡាយ​ឬ​មិន​ឡាយ​ព្រះហត្តលេខា​ ​មិនមែន​ជា​កំហុស​របស់​ព្រះអង្គ​ទេ​ ​ព្រោះ​រដ្ឋធម្មនុញ្ញ​ ​តម្រូវ​ឲ្យ​ព្រះអង្គ​ត្រូវតែ​ឡាយ​ព្រះហត្តលេខា​ពី​សំណើ​របស់​រដ្ឋាភិបាល​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​>>​។​

​ប៉ុន្តែ​បើ​ទោះបីជា​ព្រះមហាក្សត្រ​ ​មិន​ឡាយព្រហ្តលេខា​លើ​ច្បាប់​នោះ​ ​ក៏មាន​មនុស្សម្នាក់​ទៀត​របស់​គណបក្ស​កាន់អំណាច​ ​ដែល​ជា​ប្រមុខរដ្ឋ​ស្តីទី​ ​ចាំ​ចុះហត្ថលេខា​ជំនួស​ព្រះអង្គ​បាន​ដែរ​ ​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ​។​

​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​​មហាក្សត្រ​ខ្មែរ​ ​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ​ព្រះរាជា​បច្ចុប្បន្ន​ ​ដូច​ជាប់ឃុំឃាំង​ក្នុង​វាំង​ ​និង​មិន​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​ ​តួនាទី​និង​ការទទួលខុសត្រូវ​សំខាន់​ៗ​ ​ជាច្រើន​បាន​ ​ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ​មិនបាន​អនុវត្ត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ ​ក្នុង​ការ​លើកស្ទួយ​ស្ថាប័ន​ព្រះមហាក្សត្រ​នោះ​ឡើយ​។​

​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ​ ​លោក​ ​សឺន​ ​ស៊ូប៊ែរ្តិ៍ ​បញ្ជាក់​ថា​ ​អង្គ​ព្រះមហាក្សត្រ​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​កុំថាឡើយ​កិច្ច​ការដោះស្រាយបញ្ហា​ជាតិ​ធំ​ៗ​ ​សូម្បីតែ​សេរីភាព​ ​ក្នុង​ការ​បំពេញ​ព្រះ​រាជកិច្ច​ ​ដូចជា​គ្រាន់តែ​ចុះ​សួរសុខទុក្ខ​ប្រជា​រាស្រ្ត​នៅកន្លែង​ណា​ ​ទៅតាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ ​ក៏​ទ្រង់​មិន​អាច​ធ្វើ​បាន​ផង​ ​គឺ​ទ្រង់​មិនដែល​បាន​ទៅតាម​ព្រះទ័យ​លោក​នោះ​ទេ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​សេចក្តីព្រាងច្បាប់​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ប៉ុនប៉ង​ធ្វើ​ដើម្បី​បិទផ្លូវ​លោក​ ​សម​ ​រង្ស៊ី ​មិន​ឲ្យ​ឡើង​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី​នេះ​ ​ប៉ុន្តែ​ប៉ះពាល់​ដែល​អាច​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ដែរ​នោះ​ ​ឥឡូវ​ត្រូវ​អ្នកឃ្លាំមើល​សង្គម​ ​ថា​អាច​កំពុង​ប្រឈម​នឹង​កំណាត់ផ្លូវ​រលាក់​មួយ​ ​ក្រោយ​លោក​ ​សម​ ​រង្ស៊ី ​ប្រកាស​ថា​ ​លោក​អាច​លា​ពី​សញ្ជាតិ​បារាំង​មួយរំពេច​ ​ដើម្បី​កាន់​តំណែង​ជានា​យក​រដ្ឋ​មន្រ្តី ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល