លោក ម៉ម សូណង់ដូ ទាមទារ​ឲ្យ​កម្ពុជា​បង្កើត​ច្បាប់​សោតទស្សន៍

លោក ម៉ម សូណង់ដូ មាន​គម្រោង​ដឹកនាំ​បាតុកម្ម​មួយ​ដើម្បី​តវ៉ា​សុំ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ថែម និង​បង្កើត​ទូរទស្សន៍​សំបុក​ឃ្មុំ។ ប៉ុន្តែ​គម្រោង​នោះ​នៅ​មាន​ភាព​ចម្រូងចម្រាស ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បន្ទោស​ថា ការ​ប្រុង​ធ្វើ​បាតុកម្ម​នោះ គ្រាន់​តែ​ជា​លេស​មិន​ព្រម​បង់​ពន្ធ​ចូល​រដ្ឋ​ប៉ុណ្ណោះ ពីព្រោះ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ជំពាក់​ប្រាក់​សោតទស្សន៍​ច្រើន​ពាន់​លាន​រៀល មិន​ទាន់​បាន​បង់​ចូល​រដ្ឋ​នៅ​ឡើយ។
ដោយ អ៊ុក សាវបូរី
2013.12.31
Share on WhatsApp
Share on WhatsApp
ម៉ម សូណង់ដូ ២០១២ ៣០៥ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែង​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​តែ​មាន​ច្បាប់​សោតទស្សន៍​សិន មុន​នឹង​ក្រសួង​ព័ត៌មាន​ទារ​ប្រាក់​បង់​ពន្ធ​សោតទស្សន៍​ពី​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ខណៈ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហើប​ថា លោក ម៉ម សូណង់ដូ ត្រូវ​បង់​ប្រាក់​ជំពាក់​រាប់​លាន​រៀល​ជា​មុន​សិន​មុន​សុំ​ធ្វើ​បាតុកម្ម។

លោក ម៉ម សូណង់ដូ ថ្លែង​បន្ត​ថា ប្រាក់​បង់​ពន្ធ​ជូន​រដ្ឋ ដូចជា​អាជ្ញាប័ណ្ណ និង​រលក​ធាតុអាកាស គឺ​បាន​បង់​ប្រចាំ​ខែ​ច្រើន​ពាន់​ដុល្លារ។ ប៉ុន្តែ​ការ​ទាមទារ​ប្រាក់​សោតទស្សន៍ លោក​សន្យា​បង់​ដរាប​ណា​ច្បាប់​បាន​បង្កើត​ហើយ ហើយ​អាច​ផ្ដល់​ប្រយោជន៍​ស្មើ​គ្នា​គ្រប់​ស្ថានីយ​វិទ្យុ​ជាង ១០០ នៅ​ប្រទេស​កម្ពុជា។

លោក ម៉ម សូណង់ដូ៖ «ជា​ច្បាប់​បង់​តាក់​សោតទស្សន៍ ហើយ​ខ្ញុំ​ចង់​យល់​ពី​ច្បាប់​សោតទស្សន៍​ហ្នឹង​មាន​អី​ខ្លះ? ត្រូវ​បង្ហាញ​ខ្ញុំ​សិន ហើយ​គាត់​អត់​ព្រម​បង្ហាញ គាត់​គិត​តែ​ពី​ទារ​លុយ ហើយ​កម្រិត​វិទ្យុ​ម៉េច​កើត? ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជូន​លុយ ហើយ​បង់​តាក់​ជូន​ក្រសួង​ព័ត៌មាន​ដែរ បើ​សិន​ជា​មាន​ច្បាប់​មួយ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឲ្យ​វិទ្យុ​មាន​ភាព​ស្មើ​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ជម្រាប​សួរ​ព័ត៌មាន​តប​នឹង​ការ​ទាមទារ​របស់​លោក ម៉ម សូណង់ដូ បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣។

ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា ជា​រៀង​រាល់​ឆ្នាំ គ្រប់​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់ ត្រូវ​តែ​បង់​ពន្ធ រួម​ទាំង​ពន្ធ​អាជ្ញាប័ណ្ណ​ជាដើម ទោះ​បី​ច្បាប់​សោតទស្សន៍​មិន​ទាន់​មាន​ក៏ដោយ៖ «ទី​១ គឺ​គាត់​ត្រូវ​បង់​ពន្ធដារ សម្រាប់​កិច្ច​ការងារ​ពាណិជ្ជកម្ម ទី​២ គាត់​ត្រូវ​បង់​ប្រាក់​តម្លៃ បង់​ចូល​រដ្ឋ នៅ​ក្នុង​ការងារ​ដែល​គាត់​ជា​ម្ចាស់​ស្ថានីយ ត្រូវ​មាន​កាតព្វកិច្ច​មួយ ត្រូវ​បង់​លុយ​ជូន​រដ្ឋ​នៅ​ពេល​ដែល​យើង​ទទួល​បាន​អាជ្ញាប័ណ្ណ គឺ​គេ​បញ្ជាក់​ហ្នឹង​ហើយ មិន​ពាក់ព័ន្ធ​នឹង​ច្បាប់​សោតទស្សន៍​ទេ»

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក នី ចរិយា ថ្លែង​ថា លោក ម៉ម សូណង់ដូ អាច​បង់​តែ​ប្រាក់​រលក​ធាតុអាកាស និង​ប្រាក់​អាជ្ញាប័ណ្ណ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ពន្ធដារ ហើយ​លោក ម៉ម សូណង់ដូ គាត់​មិន​អាច​បង់​ប្រាក់​សោតទស្សន៍ ខណៈ​ច្បាប់​នោះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ទេ៖ «ទី​២ ទាក់ទង​ទៅ​នឹង​ថា តើ​ច្បាប់​សោតទស្សន៍​គ្រប​ដណ្ដប់​ទៅ​លើ​វិទ្យុ ឬ​ទេ? បើ​សិន​មិន​គ្រប​ដណ្ដប់​ទៅ​លើ​វិទ្យុ​ទេ គឺ​អត់​មាន​ទាក់ទង​ទេ ព្រោះ​ថា លោក ម៉ម សូណង់ដូ មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍»

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ ឲ្យ​ដឹង​ថា គាត់​បាន​ស្នើ​សុំ​បន្ថែម​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត​នានា ដែល​វិទ្យុ​នេះ​មិន​បាន​ឮ​ដល់​តំបន់​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​សុំ​បង្កើត​ទូរទស្សន៍។ ប៉ុន្តែ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន តាំង​ពី​ឆ្នាំ​២០០៦ មក ទើប​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចង់​លើក​គ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​២៩ ខែ​ធ្នូ ហើយ​បាន​អាក់​ខាន​ដោយសារ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ពាក្យ​សុំ​ធ្វើ​បាតុកម្ម ដែល​មិន​ទាន់​ត្រូវ​តាម​ទម្រង់​ច្បាប់។

លោក ម៉ម សូណង់ដូ បន្ថែម​ថា តាម​ច្បាប់​បាតុកម្ម​បាន​កំណត់​ឲ្យ​ដាក់​ពាក្យ​សុំ​ធ្វើ​បាតុកម្ម​ឲ្យ​បាន​មុន ៥​ថ្ងៃ ហើយ​អ្នក​ចូល​រួម​បាតុកម្ម​ចំនួន ២០០​នាក់។ លោក​ថា លោក​គោរព​តាម​ការ​ណែនាំ​កាល​ពី​ថ្ងៃ​២៩ ខែ​ធ្នូ របស់​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ។ ហេតុ​នេះ លោក​ដាក់​ពាក្យ​សុំ​ធ្វើ​បាតុកម្ម​ជា​ថ្មី រួច​ហើយ​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣០ ខែ​ធ្នូ។ លោក​បន្ត​ថា បាតុកម្ម​នឹង​ធ្វើ​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​មាន​ទូរទស្សន៍ និង​វិទ្យុ អាច​បន្ថែម​កម្លាំង​ផ្សាយ​បន្ត​ទៅ​តំបន់​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ស្ដាប់​ឮ​ការ​ផ្សាយ​វិទ្យុ និង​ចង់​មើល​ការ​ផ្សាយ​ទូរទស្សន៍​សំបុក​ឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។