រដ្ឋាភិបាល​​ថា សេចក្ដី​​ស្នើ​ច្បាប់​​របស់​​ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ជា​​ឧបករណ៍​​ដាក់​​សម្ពាធ​​លើ​​កម្ពុជា

ដោយ មួង ណារ៉េត
2021-10-31
Share
រដ្ឋាភិបាល​​ថា សេចក្ដី​​ស្នើ​ច្បាប់​​របស់​​ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ជា​​ឧបករណ៍​​ដាក់​​សម្ពាធ​​លើ​​កម្ពុជា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក៣រូបក្នុងចំណោម៦រូបដែលស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា​ឆ្នាំ២០២១ មាន​ដូចជា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey)លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និង​លោក ឌិក ឌើប៊ិន (Dick Durbin)។
រូប៖ RFA

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា សេចក្តី​ស្នើ​ច្បាប់​របស់​ក្រុម​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​ចង់​ដាក់​ទណ្ឌកម្មមន្ត្រី​កម្ពុជា​នោះ គឺ​ជា​ឧបករណ៍​ភូមិសាស្ត្រ​នយោបាយ។ ការ​លើក​ឡើង​បែបនេះ គឺ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក ៦រូប ទើប​បាន​បញ្ជូន​ជា​ផ្លូវការ​នូវ​ខ្លឹមសារ​នៃសេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២១ ឬ S.3052 ទៅ​ឱ្យ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ដើម្បី​ពិនិត្យ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់ថា ដើម្បី​គេច​ផុត​ពី​ច្បាប់​ដាក់ទណ្ឌកម្ម​នេះ រដ្ឋាភិបាល​ត្រូវតែ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។

តំណាង​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ស្ដី​ពី​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​កម្ពុជា ថា​ជា​ឧបករណ៍​ដាក់​សម្ពាធ មិនមែន​សម្រាប់​ជួយ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៣១ ខែតុលា​ថា សេចក្ដី​ស្នើ​ច្បាប់​របស់​ក្រុម​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នេះ មាន​ទិសដៅ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា មិនមែន​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំងពីរ​នោះ​ឡើយ។ លោក​បន្ត​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​​លក្ខណៈ​អយុត្តិធម៌ ប៉ុន្តែ​លោក​យល់​ថា វា​នឹង​មិន​មាន​ប្រសិទ្ធភាព​លើ​កម្ពុជា​នោះ​ទេ៖ «បើ​ច្បាប់​ហ្នឹង​ជោគជ័យ​នៅ​ក្នុង​ព្រឹទ្ធសភា គេ​ផ្ញើរ​ទៅ​នីតិប្រតិបត្តិ ប្រធានាធិបតី​យក​ទៅ​អនុវត្ត​យ៉ាង​ដូចម្តេច អាហ្នឹងគឺ​ថា​ទិសដៅ​ដាក់​សម្ពាធ មិនមែន​ជា​ទិសដៅ​ក្នុង​ការ​កសាង​មិត្តភាព កសាង​កិច្ច​សហប្រតិបត្តិការ កសាង​នូវ​ការងារ​បរទេស​រួមគ្នា​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

លោក ផៃ ស៊ីផាន ថ្លែង​ទៀត​ថា ការ​ស្នើ​ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដូច្នេះ​មិន​ប្រាកដ​ថា លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹង​យល់​ព្រម​ចុះ​ហត្ថលេខា​ប្រកាស​​ឱ្យ​ប្រើ​ច្បាប់​នេះ​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ព្យាយាម​ពន្យល់​អ្នកនយោបាយ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ថា ច្បាប់​នេះ​មិន​បម្រើ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ឡើយ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​បង្ហាញ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី «លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា​ឆ្នាំ ២០២១» (Cambodia Democracy and Human Rights Act of 2021) ទៅ​កាន់​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក មាន​ដូចជា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey)លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និង​លោក ឌិក ឌើប៊ិន (Dick Durbin) ជាដើម បាន​ពិនិត្យ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ពីរ​លើក​រួចមក​ហើយ និង​បាន​បញ្ជូន​បន្ត​ទៅ​គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក។ សេចក្តី​ស្នើ​ច្បាប់​នេះ មាន​គោលដៅ​លើកកម្ពស់​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្តី​ស្នើ​ច្បាប់​នេះ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​រាល់​អ្នកទោស​នយោបាយ ទម្លាក់​រាល់​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកកាសែត និង​សកម្មជន​សង្គម​ស៊ីវិល​ ជាពិសេស​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​បញ្ចៀស​ពី​ការ​ដាក់​ទណ្ឌកម្ម។

សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​ឆ្លង​កាត់​នីតិវិធី​ជាច្រើន​ទៀត ដើម្បី​អាច​ក្លាយ​ជា​ច្បាប់ ជាពិសេស​គឺ​ការ​យល់​ព្រម​ពី​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ​បើ​អាច​ចូល​ជាធរមាន​​មែន ច្បាប់​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន ​និង​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​របប​សព្វថ្ងៃ ព្រមទាំង​មន្ត្រី​យោធា ឬ​កង​សន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ទាំងនោះ​រួមមាន ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​លាក់​ទុក​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ហាមប្រាម​មន្ត្រី​ទាំង​នោះ​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ជា​ដើម។

កន្លងទៅ ក្រៅពី​សេចក្តី​ស្នើ​ច្បាប់​នេះ សមាជិកសភា​សហរដ្ឋ​អាមេរិក​ជា​ច្រើន​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ទាំង​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​គាំទ្រ​ជា​ខ្លាំង​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា។ ជាក់ស្តែង​ដូចជា​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១ ឬ​HR.4686​ដែល​​ផ្តួច​ផ្តើម​​ដោយ​តំណាងរាស្ត្រ​អាមេរិកជាដើម។ ការ​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​នេះ គឺព្រោះ​តែ​របបលោក ហ៊ុន សែន បាន​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ជាពិសេស​របប​នេះ​បាន​ងាក​ទៅ​រក​ប្រទេស​ចិន​ខ្លាំងពេក រហូតដល់​មាន​ការ​សង្ស័យ​អំពី​លទ្ធភាព​នៃ​កងទ័ព​ចិន​នៅ​កម្ពុជា ដែល​បង្ក​ក្ដី​បារម្ភ​ដល់​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ទៀត​ផង។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា វាយតម្លៃ​ថា សហរដ្ឋអាមេរិក​ទំនងជា​មិន​រារែក​ក្នុង​ការ​បង្កើត​ច្បាប់ ឬ​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនោរ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក​ ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន(Joe Biden) ផ្ដល់​តម្លៃ​ខ្ពស់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បែរជា​កំពុង​ដើរ​ថយក្រោយ។ លោក វណ្ណ ប៊ុនណា យល់​ថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មេដឹកនាំ​កម្ពុជា​គិតគូរ​ចំពោះ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ៖ «ច្បាប់​ហ្នឹង​ចេញ​មក គឺ​វា​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក​ល្អក់កករ ដោយសារ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​គាត់​ផ្ដល់​តម្លៃ​ទៅ​ដល់​ការ​ដឹកនាំ​នយោបាយ​ទៅ​រក​បក្ស​តែមួយ។ អ៊ីចឹង​ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ពួកគាត់​ដែរ ដោយសារ​ច្បាប់​ហ្នឹង​ភាគច្រើន​គេ​សំដៅ​ដាក់​ទណ្ឌកម្ម​ទៅលើ​ជា​បុគ្គល ជាជាង​មក​លើ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង»។

ទោះបីជា​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ក៏​ដោយ ក៏​មន្ត្រី​គ្រាក់ៗ ឈ្មួញ​ទុច្ចរិត និង​ក្រុមហ៊ុន​មួយចំនួន​ដែល​មាន​រឿង​អាស្រូវ​ពុករលួយ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បាន​ទទួល​រង​ទណ្ឌកម្ម​​ពី​សហរដ្ឋ​អាមេរិក​​រួច​ទៅ​ហើយ ក្រោម​ច្បាប់​សាកល​គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act)។ អ្នក​ទាំង​នោះ រួម​មាន​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម និង​សមាជិកគ្រួសារ៣ នាក់​ទៀត មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​លោក ព្រមទាំង​ក្រុម​ហ៊ុន​រដ្ឋ​ចិន យូឌីជី (UDG) ដែល​កំពុង​វិនិយោគ​នៅ​ខេត្ត​កោះកុង។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម ឬ​សម្ពាធ​ដទៃ​ទៀត​ពី​សហគមន៍​អន្តរជាតិ បើ​រដ្ឋាភិបាល​ព្រម​ដោះស្រាយ​បញ្ហា​មួយចំនួន។ ចំណុច​ទាំងនោះ មាន​ជាអាទិ៍ ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ ការ​ចរចា និង​ស្រុះស្រួល​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង ព្រមទាំង​រក្សា​គោល​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​ស្របតាម​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល