អ្នកច្បាប់​ថា បទ​ញុះញង់​ត្រូវ​តុលាការ​បកស្រាយ​ឲ្យ​យឺត​ដូច​កៅស៊ូ ដើម្បី​ប្រយោជន៍​នយោបាយ ជាង​រក​យុត្តិធម៌​សង្គម

ដោយ មួង ណារ៉េត
2021-09-03
Share
អ្នកច្បាប់​ថា បទ​ញុះញង់​ត្រូវ​តុលាការ​បកស្រាយ​ឲ្យ​យឺត​ដូច​កៅស៊ូ ដើម្បី​ប្រយោជន៍​នយោបាយ ជាង​រក​យុត្តិធម៌​សង្គម ក្រសួង​យុត្តិធម៌។
Photo: RFA

អ្នកច្បាប់​ថា "បទ​ញុះញង់"បាន​ក្លាយ​ជា​បទ​ចោទ​ដ៏​ពេញនិយម ដែល​តុលាការ​បកស្រាយ​ឲ្យ​យឺត​ដូច​កៅស៊ូ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន ដែល​ហ៊ាន​រិះគន់​បញ្ហា​សង្គម និង​នយោបាយ​។ ពួកគាត់​ស្នើ​ឲ្យ​កែប្រែ​ស្ថានភាព​អនុវត្ត​ច្បាប់​ដូច​បច្ចុប្បន្ន ឲ្យ​ប្រសើរ​ជាង​នេះ បើ​មិន​ដូច្នេះ​ទេ វា​ចំណេញ​តែ​ប្រយោជន៍​នយោបាយ ខាត​ប្រយោជន៍​យុត្តិធម៌​ព្រហ្មទណ្ឌ និង​សង្គម។

អ្នកច្បាប់​បារម្ភ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា ហាក់ដូចជា​បំពាន​ក្រម ដែល​ហាម​ការ​បកស្រាយ តាម​សទិសភាព ឬ​ភាព​ប្រហាក់ប្រហែល​។ លោក​មេធាវី ផែង ហេង ថា​ច្បាប់ ហាម​ការ​បកស្រាយ​ច្បាប់ ដូច​ទាញ​ឲ្យ​យឺត​ដូច​កៅស៊ូ ព្រោះ​បើ​ធ្វើ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា​ចៅក្រម និង​ព្រះរាជអាជ្ញា​លម្អៀង​ខាង​នយោបាយ ក្នុង​បកស្រាយ​ច្បាប់ ដើម្បី​ចោទប្រកាន់​មនុស្ស៖ «ក្នុងករណី​បកស្រាយ​បែប​ហ្នឹង វា​ទាល់តែ​ប្រភេទ​បទល្មើស​ឧក្រិដ្ឋ​ក្បត់ជាតិ​ធំៗ​។ ប៉ុន្តែ​បើ​ត្រឹមតែ​បទមជ្ឈិម​បទ​អ្វី គេ​មិន​ខំប្រឹង​ពង្រីក​នោះ​ទេ​។ វា​មិន​ខុស​អ្វី​ពី​អា​ពត (ប៉ុល ពត) ដែល​ថា សុខចិត្ត​សម្លាប់​ខុស មិន​ឲ្យ​ដោះលែង​ខុស​នោះ​!»

ជាទូទៅ រាល់​ច្បាប់​នីមួយ​សុទ្ធ​តែ​មាន​កំណត់ហេតុ នៃ​ការ​ជជែក​ដេញដោល​គ្នា ពេល​បង្កើត​ច្បាប់​។ ដូច្នេះ​លោក ផែង ហេង ថា ការ​បកស្រាយ​ច្បាប់ គឺ​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​នៅ​ត្រឹម​កម្រិត​នៃ​ខ្លឹមសារ​នៃ​ការ​ជជែក​តាក់តែង​មាត្រា​ច្បាប់​ហ្នឹង​តែប៉ុណ្ណោះ។

កម្ពុជា​ឆ្លងកាត់​របប​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​ជា​ហូរហែ​។ ហេតុ​ដូច្នេះហើយ ទើប​ច្បាប់​របស់​តុលាការ​កម្ពុជា​ភាគច្រើន​កើត​ចេញពី​ប្រព័ន្ធ​ច្បាប់​កុម្មុយនីស្ត និង​ចាស់​គម្រិល។

ប្រធាន​ក្រុម​អ្នកច្បាប់​អមរិន្ទ្រលោក​មេធាវី សុក សំអឿន ថា លោក​សង្កេត​ឃើញ​ថា តុលាការ​បកស្រាយ​ច្បាប់ ហាក់ដូចជា​ដើម្បី​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ ជាង​ជាង​បកស្រាយ​វា ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ និង​សេរីភាព៖ «ប្រទេស​ខ្លះ​គេ​ឈប់​ប្រើ​ពាក្យ​ញុះញង់​ហ្នឹងហើយ​។ គេ​ឈប់​ប្រើ​ពាក្យ​ញុះញង់​ហ្នឹង​ហើយ​។ គេ​ប្រើ​ពាក្យ​ផ្សេង​វិញ ដូចជា​លើកទឹកចិត្ត ឬ​ជំរុញ​វិញ។ យើង​នៅ​ប្រើ​ច្បាប់​ចាស់​ដដែល​។ តុលាការ​យើង​វា​ចេញ​ពី​ប្រព័ន្ធ​ច្បាប់​កុម្មុយនីស្ត ព្រោះ​អតីត​របស់​យើង យើង​នៅ​ក្នុង​រដ្ឋ​កម្ពុជា យើង​ប្រព័ន្ធ​ច្បាប់សង្គម​និយម​កុម្មុយនីស្ត។ ដូច្នេះ​ទស្សនៈ​មាន​ភាព​ចង្អៀត ហើយ​តុលាការ​បកស្រាយ មិនមែន​ផ្អៀង​ទៅ​រក​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទេ គឺ​ផ្អៀង​ទៅ​រក​ការ​ចោទ​ប្រកាន់»

អាច​ដោយសារ តែ​ការ​បកស្រាយ​ច្បាប់ ផ្អៀង​ទៅ​រក​ការចោទប្រកាន់ ដើម្បី​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​នេះ ទើប​ធ្វើ​ឲ្យ​សកម្មជន​សង្គម និង​នយោបាយ​ជាច្រើន តែងតែ​ជាប់ទោស​ពី​បទ​ញុះញង់​នេះ។

យុវជន​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក ហេង គឹមហុង មិន​ភ្ញាក់ផ្អើល​ក្នុង​រឿង​នេះ​ទេ ព្រោះ​លោក​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​មាន​ចែង​លើ​ក្រដាស​នោះ​ទេ ព្រោះ​ប្រព័ន្ធ​ច្បាប់​ជាតិ​នៅ​មាន​ភាព​ទន់ខ្សោយ ដែល​ជា​អំណោយផល​ដល់​អ្នកនយោបាយ ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​វាយប្រហារ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លួនឯង៖ «ជាទូទៅ​នៅក្នុង​សង្គម​ដែល​ពុំ​មាន​ប្រជាធិបតេយ្យ​មាំទាំ ឬ​មាន​ប្រជាធិបតេយ្យ​ទន់ជ្រាយ​ហ្នឹង ជាទូទៅ​អ្នកដឹកនាំ​នយោបាយ ដែល​ជា​មនុស្ស​ដែល​ស្រលាញ់​អំណាច​ជាង​ស្រលាញ់​តួនាទី និង​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ហ្នឹង តែងតែ​ធ្វើការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុម​សកម្មជន ជាពិសេស​ក្រុម​អ្នក​ដែល​និយាយ​ការពិត ឥត​ការពារ​។ ជា​ក្រុម​មួយ​ដែល​ជា​ផ្ទាំង​ស៊ីប សម្រាប់​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​ក្រុម​អ្នក ដែល​ស្រលាញ់​អំណាច ឬ​ក្រុម​អ្នក​ដែល​មាន​ការ​ព្រួយបារម្ភ​ខ្លាច​សកម្មជន​សង្គម បើក​កកាយ​អំពី​កំហុស​ខុសឆ្គង​របស់​ខ្លួន ទៅកាន់​សាធារណជន ឲ្យ​បានឃើញ​អំពី​ដំបៅ ឬ​របួស ឬ​ស្លាកស្នាម​ដែល​ខ្លួន​ខំ​លាក់​យូរ​យារ​ណាស់​មក​ហើយ»

ទោះបីជា​យ៉ាងនេះ​ក្ដី ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា បទ​ញុះញង់​នេះ មាន​សារសំខាន់​ណាស់ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​កម្ពុជា។

ក្នុងចំណោម​សកម្មជន​សង្គម នយោបាយ សិទ្ធិមនុស្ស ដីធ្លី បរិស្ថាន ធនធាន​ធម្មជាតិ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​កំពុង​ជាប់ឃុំ​ចំនួន ៨៦​នាក់ គិត​ចាប់ពី​ចុង​ខែ​កក្កដា ឆ្នាំ ២០២០ ដល់​ចុងខែ​សីហា ឆ្នាំ ២០២១ មាន ៦៥ នាក់ ជាប់​ចោទ​ពី​បទ "ញុះញង់" គ្រប់គ្នា​។ ជា​សង្ខេប ៧៥​ភាគ​រឿង​នេះ​រឿង​ក្តី​ទាំងនេះ គឺ​តុលាការ​ប្រើ​បទ​ចោទ​តែមួយ គឺ​ញុះញង់។

លោក ងួន លី យុវជន​ដាំតាង៉ែន នៅ​ស្រុក​កំរៀង ខេត្ត បាត់ដំបង ត្រូវ​ជាប់គុក ១០​ខែ ក្រោយ​ពី​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ ថា​មិនបាន​ជួយ​ទិញ​ផ្លែ​តាង៉ែន ឬ​ផ្លែ​មៀន​របស់​កសិករ​នៅ​ស្រុក​គាត់។ តុលាការ​ចោទប្រកាន់​គាត់ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

លោក នី ណាក់ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាប់គុក ១៦​ខែ ក្រោយ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល ដោយ​ប្រើ​ពាក្យ​ទិញ​ម៉ាស់​ពាក់​ឲ្យ​កូន​មាន់​។ បទ​ចោទ​នៅក្នុង​រឿ​ងនេះ គឺ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដែរ។

លោក ធន ច័ន្ទថា ជាប់ឃុំ​តាំងពី​ខែ​កុម្ភៈ ក្រោយ​បង្ហោះ​សារ​រិះគន់​រឿង​វ៉ាក់សាំង​ចិន​គ្មាន​គុណភាព​។ លោក​ជាប់ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដែរ។

សកម្មជន​សិទ្ធិ​ការងារ និង​ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ ២​ឆ្នាំ ដោយសារ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។ បទ​ចោទ​គឺ «ញុះញង់ ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

យុវតី​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា និង ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា ជាប់ឃុំ​មួយឆ្នាំ​ហើយ ដោយសារតែ​យុទ្ធនាការ​សុំ​កុំ​ឲ្យ​អាជ្ញាធរ​លុប​បឹង​តាមោក។ បទ​ចោទ​គឺ​ញុះញង់។

នេះ​គ្រាន់តែ​ការ​រៀបរាប់​ត្រួសៗ អំពី​ករណី​ចោទប្រកាន់ ដោយ​ប្រើ​បទ​ចោទ​ញុះញង់ ក្នុង​ចំណោម ៦៥ ករណី​នោះ​តែ​ប៉ុណ្ណោះ។

ទាំង​អ្នកច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា បកស្រាយ​ច្បាប់​យ៉ាងណា ឲ្យ​លម្អៀង​ទៅ​ខាង​ប្រយោជន៍​សេរីភាព ការគោរព​សិទ្ធិមនុស្ស និង​ភាព​យុត្តិធម៌​សង្គម។

ជាង​នេះ​ទៅ​ទៀត ក្នុងករណី​ដែល​មន្ត្រី​តុលាការ នៅតែ​បកស្រាយ​ច្បាប់​ឲ្យ​យឺត​ដូច​កៅស៊ូ​បែបនេះ ពួកគាត់​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ ត្រង់​មាត្រា​អំពី​ការ​ញុះញង់​ទាំងនេះ ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​ឲ្យ​លម្អិត ដើម្បី​បញ្ចៀស​ការ​យក​មាត្រា​ច្បាប់​នេះ មក​ធ្វើទុក្ខបុកម្នេញ​សកម្មជន និង​ប្រជា​ពលរដ្ឋ។

សំខាន់​ជាង​នេះ ពួកគាត់​ស្នើ​ថា ដើម្បី​ពង្រឹង​ស្ថាប័ន​តុលាការ​ឲ្យ​ឯករាជ្យ គឺ​ទាល់តែ​មន្ត្រី​តុលាការ ត្រូវ​ឈរ​លើ​គោលការណ៍​ឯករាជ្យ ចៀសវាង​អគតិ (ភាព​លម្អៀង) ទាំង​បួន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​ច្បាប់​ផង និង​ដើម្បី​ប្រយោជន៍​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ​រឹងមាំ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល