ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា កូន​មន្ត្រី​ជាន់​ខ្ពស់ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់​ពីរ​នាក់ នៅ​អូស្ត្រាលី​នោះ គឺ​ឈ្មោះ ឌឿន ឧត្ដមសេនីយ៍

ដោយ ថា ថៃ
2024.09.25
ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា កូន​មន្ត្រី​ជាន់​ខ្ពស់ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់​ពីរ​នាក់ នៅ​អូស្ត្រាលី​នោះ គឺ​ឈ្មោះ ឌឿន ឧត្ដមសេនីយ៍ លោក ឌឿន សុវណ្ណ ជា​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជាឪពុក​លោក ឌឿន ឧត្តមសេនីយ៍ ដែលតុលាការ​អូស្ត្រាលី កាត់​ទោសឲ្យ​ជាប់​គុក ១២ឆ្នាំ រឿង​បើក​ឡាន​ក្នុង​លឿន​បំពាន​ភ្លើង​ស្តុប​ក្រហម ហើយ​បុក​ប្តី​ប្រពន្ធ​មួយ​គូ​ស្លាប់​ កាល​ពី​ព្រលប់​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្នៀត ខេត្តព្រៃវែង/2023-08-12

អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​បញ្ជាក់​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៤ កញ្ញា​ថា កូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​តុលាការ​អូស្ត្រាលី កាត់​ទោស​ឲ្យ​ជាប់​គុក ១២ឆ្នាំ និង ៩ខែ ដោយសារ​បើក​ឡាន​បុក​មនុស្ស​ស្លាប់​ចំនួន​ពីរ​នាក់​នោះ មាន​ឈ្មោះ​ថា ឌឿន ឧត្ដមសេនីយ៍ និង​ពុំ​មែន​ជា​មន្ត្រី​ស្ថិត​ក្នុង​ក្របខ័ណ្ឌ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​ឡើយ។ ចំណែក​ឈ្មោះ ឌឿន ឧត្ដម វិញ អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ អះអាង​ថា ជា​រូបវន្ត​បុគ្គល​ផ្សេង ដែល​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​សរុប និង​ស្ថិតិ​នៃ​អគ្គលេខាធិការដ្ឋាន ហើយ​កំពុង​បំពេញ​ការងារ​ជា​ធម្មតា។

 

Doeun_Oudomseney_printscreen_from_7news_TV.JPG
រូប៖ លោក ឌឿន ឧត្ដមសេនីយ៍ កូនប្រុស​របស់​លោក ឌឿន សុវណ្ណ ជា​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ពង្រឹង​មូលដ្ឋាន​នៅ​ឃុំ​ព្រៃស្នៀត ខេត្តព្រៃវែង។ រូបពី​ទូរទស្សន៍ 9News អូស្ត្រាលី

វីឌីអូស្ដីអំពីលោក ឌឿន ឧត្ដមសេនីយ៍ (ស្ដាំ) ក្នុង​ករណី​បើក​ឡាន​បំពាន​ភ្លើង​ក្រហម ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​​ប្ដីប្រពន្ធ​ជនជាតិ​នេប៉ាល់ វ័យ​ក្មេង​មួយគូ ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ព្រលប់​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៣។

ទោះ​ជា​យ៉ាង​ណា​ក្ដី អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ពុំ​បាន​បញ្ជាក់​លម្អិត​អំពី​ប្រវត្តិ​លោក ឌឿន ឧត្ដមសេនីយ៍ ឬ​ទំនាក់ទំនង​រវាង​បុរស​ទាំង​ពីរ​នេះ​ឡើយ ដោយ​ព្យាយាម​ការពារ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​កូន​ប្រុស​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​របស់​ខ្លួន។

ការ​ចេញ​សេចក្ដី​បញ្ជាក់​ព័ត៌មាន​នេះ គឺ​បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី និង​បណ្ដាញ​សារព័ត៌មាន​អូស្ត្រាលី បាន​ចុះ​ផ្សាយ​ថា បុរស​ដែល​តុលាការ​អូស្ត្រាលី​កាត់ទោស​ឲ្យ ជាប់​គុក​ជាង ១២ឆ្នាំ ដោយសារ​បើក​ឡាន​បុក​មនុស្ស​ស្លាប់​ពីរ​នាក់​នោះ មាន​ឈ្មោះ​ថា ឌឿន ឧត្តម។ កន្លង​មក វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រួម​ទាំង​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សុំ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ និង​ឆ្លើយតប​សំណួរ​តាម បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នោះ​ទេ។

កេរ្តិ៍​ឈ្មោះ​របស់​លោក ឌឿន សុវណ្ណ ចាប់​ផ្ដើម​ល្បី​សុះសាយ​ឡើង​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ពី​កូន​ប្រុស​ពៅ​របស់​លោក ឈ្មោះ ឌឿន ឧត្ដមសេនីយ៍ ត្រូវ​បាន​តុលាការ​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២០ ខែកញ្ញា កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១២ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​បើក​ឡាន​ក្នុង​ល្បឿន​លឿន​បំពាន​ភ្លើង​ស្តុប​ក្រហម ហើយ​បណ្ដាល​ឲ្យ​បុក​ប្ដី​ប្រពន្ធ​មួយ​គូ​ស្លាប់ នៅ​ទីក្រុងម៉ែលប៊ន (Melbourne)

Doeun_Sovann_and_Keut_Rith_FB_CPP_Prey_Sneat_Prey_Veng_101523.jpg
រូបថត​អនុស្សាវរីយ៍ រវាងលោក កើត រិទ្ធ (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ។ រូប​ពី​ហ្វេសប៊ុក​គណបក្សប្រជាជន​កម្ពុជា ឃុំព្រៃស្នៀត ខេត្តព្រៃវែង/2023-10-15

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។