តំណាងកូដករណាហ្គាវើលដ៍ឈឺចាប់ក្រោយពីតុលាការចោទប្រកាន់ពីបទញុះញង់
2023.03.23

ក្រុមកូដករណាហ្គាវើលដ៍(NagaWorld) ចំនួន៤នាក់ បានចូលសវនាការនៅសាលាដំបូងរាជធានភ្នំពេញនៅថ្ងៃទី២១ ខែមីនា។ ពួកគេឈឺចាប់ ដែលតុលាការចោទប្រកាន់ពីបទញុះញង់ ពីព្រោះពួកគេ ជាអ្នកការពារសិទ្ធិការងារជូនកម្មករ បែរជារងអំពើអយុត្តិធម៌បែបនេះទៅវិញ។ ការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍ គឺស្របតាមច្បាប់ការងារ ហើយតុលាការគួរតែផ្ដល់ភាពយុត្តិធម៌ជូនពួកគេវិញហើយ។
ក្រុមកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ចំនួន ៤នាក ចូលសវនាការក្នុងសំណុំរឿងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនានេះ។ អ្នកទាំងបួននោះរួមមាន តំណាងសហជីពចំនួន ៣នាក់គឺលោកស្រី រី សុវណ្ណឌី ស៊ុន ស្រីពេជ្រ ហៃ សុភាព និងសកម្មជនសហជីពកញ្ញា តូច សេរីមាស។ ពួកគេស្ថិតនៅក្នុងតំណាងកូដករចំនួន ៩នាក់ ដែលត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ រួមជាមួយនឹងកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពប្រចាំនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងកំពុងជាប់ឃុំជាលើកទី២។
នៅក្នុងបន្ទប់សវនាការ មានតំណាងមកពីអង្គការសង្គមស៊ីវិល តំណាងការិយាល័យអង្គការសហប្រជាជាតិ និងតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនចូលរួម។
នៅខាងមុខតុលាការវិញ មានក្រុមកូដករណាហ្គាវើលដ៍ មកឃ្លាំមើលដំណើរនៅក្រោមកម្ដៅថ្ងៃប្រមាណ៥០នាក់ ។ ពួកគេភាគច្រើនពាក់អាវសហជីពណាហ្គាវើលដ៍ ដែលមានពណ៌ខៀវត្រួយចេក និងពណ៌ក្រហម ព្រមទាំងកាន់បដារូបភាពកញ្ញា ឈឹម ស៊ីថរ និងរូបដែលកូដករព្រមព្រៀង លើកដៃបោះឆ្នោតធ្វើកូដកម្ម។
ខ្លឹមសារបដានោះសរសេរថា៖ «ប្រជាធិបតេយ្យសហជីព សមាជិកជាអ្នកសម្រេចចិត្ត គ្មាននរណាញុះញង់ឡើយ»។
ជាមួយគ្នានេះមន្ត្រីពន្ធនាគារ ហាក់រឹតបន្តឹងការដឹកតំណាងកូដករ គឺកញ្ញា ឈឹម ស៊ីថរ ដោយមានមន្ត្រីនគរបាលឈរបាំងសងខាងកញ្ញា ដើម្បីការពារមិនឲ្យអ្នកកាសែតថតរូបភាព។
ក្នុងពេលសាកសួរនៅក្នុងសវនាការនោះតំណាងកូដករណាហ្គាវើលដ៍ម្នាក់លោកស្រី រី សុវណ្ណឌី បានស្រែកយំដោយក្ដីឈឺចាប់ នៅចំពោះមុខចៅក្រមសាលាដំបូង។ តំណាងកូដករអ្នកស្រី រី សុវណ្ណឌី ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងសវនាការ ព្រះរាជអាជ្ញាតែងតែសួរនាំ និងប្រើពាក្យថា ក្រុមសហជីព គឺតែងតែធ្វើបាតុកម្មខុសច្បាប់ ដែលប្រាសចាកពីអ្វីដែលក្រុមកូដករកំពុងតែ ធ្វើកូដកម្ម ដើម្បីទាមទារលក្ខខណ្ឌមួយចំនួនជាមួយថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។ លោកស្រី និយាយទាំងសំឡេងខ្សឹកខ្សួលថា សហជីពដែលតែងតែប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីជួយកម្មករ ពេលកម្មករជួបលក្ខខណ្ឌការងារលំបាក ឬត្រូវភ្ញៀវប្រើប្រាស់អំពើហិង្សា គឺមានតែសហជីពទេជាអ្នកជួយកម្មករ តែពេលនេះបែរជាតុលាការចោទពីបទព្រហ្មទណ្ឌ រហូតមានការចាប់ដាក់ពន្ធនាគារជាដើម។
អ្នកស្រី រី សុវណ្ណឌី៖ «នៅពេលដែលពួកយើងរងភាពអយុត្តិធម៌ពីថៅកែហើយ យើងបែរជាមាន ទទួលការចោទប្រកាន់ ហើយការចោទប្រកាន់ទាំងអស់នោះទៀត វាបង្ហាញ ចង់និយាយថា វាបង្ហាញ យើងជាជនរងគ្រោះ មិនបានទទួលយុត្តិធម៌ហើយ គេចោទមួយតង់ទៀត ហើយគេចាប់ដាក់គុកទៀត ហ្នឹងជាអារម្មណ៍ដែលខ្ញុំអត់អាចទប់ទឹកភ្នែកបាននៅពេលក្នុងសវនាការហ្នឹង»។
ពាក់ព័ន្ធករណីនេះ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា សវនាការនៅព្រឹកនេះ ភាគច្រើនសួរនាំអំពីប្រភពថវិកាក្នុងការធ្វើកូដកម្ម។ លោកស្រីបន្តថា តំណាងអយ្យិកាប្រើប្រាស់ពាក្យថា ក្រុមកូដករណាហ្គាវើលដ៍ធ្វើបាតុកម្ម ប៉ុន្តែភាគីក្រុមកូដករនៅតែនិយាយថា សកម្មភាពដែលកូដករធ្វើគឺជាកូដកម្មនៅក្នុងការទាមទាររកដំណោះស្រាយវិវាទការងាររវាងកម្មករ និងថៅកែ។ លោកស្រី និយាយទាំងក្ដុកក្ដួលដែរថា តំណាងសហជីពព្យាយាមបង្ហាញពីការជួយការពារទៅដល់កម្មករ និងរងការគាបសង្កត់ តែចុងក្រោយ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ទៅវិញ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ពេលដែលមានបញ្ហាកូវីដទៅទៀត និយោជកហ្នឹងកាត់បន្ថយកម្មករនិយោជិកទៅទៀត អ៊ីចឹងឲ្យពួកគាត់ទៅរស់នៅទីពឹងអ្វី ម្ល៉ោះហើយថ្នាក់ដឹកនាំសហជីព ទៅរកជំនួយនេះ យកមកជួយកម្មករនិយោជិកនេះ វាជាបំណែកមួយនៃការគាំទ្រ មិនឲ្យមានចលាចលវឹកវរនៅក្នុងសង្គមទៅវិញទេ ហេតុអ្វីបានជាត្រូវចោទគាត់មកក្លាយជាអ្នកបង្កឲ្យមានភាពវឹកវរក្នុងសង្គមទៅវិញ សួរថា គ្រាន់តែជួយដើម្បីឲ្យកម្មករមានភាព ស្រេកឃ្លាន អត់ឃ្លាន កូនៗកម្មករប្រឈមមុខនឹងការអត់ចំណី តើធ្វើអ៊ីចឹងវាក្លាយទៅជាភាពវឹកវរសង្គម»។
ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សំណួរដែលចៅក្រម និងព្រះរាជអាជ្ញា ចោទសួរទៅកាន់តំណាងសហជីពទាំងអស់ នៅក្នុងសវនាការនោះ ភាគច្រើនគឺផ្ដោតទៅលើប្រភពថវិកា និងថាតើមានបានយកថវិកាទាំងនោះ មកប្រើប្រាស់ក្នុងអំឡុងពេលធ្វើកូដកម្មដែរឬទេ។ លោកបន្តថា តំណាងសហជីពបានឆ្លើយថា ប្រភពថវិកាមួយចំនួនគឺទទួលបានមកពីអង្គការអន្តរជាតិ ដើម្បីយកមកទ្រទ្រង់ជីវភាព ការហូបចុក ជាដើម ព្រោះកម្មករណាហ្គាវើលដ៍មិនបានទទួលប្រាក់ពីរដ្ឋាភិបាល៤០ដុល្លារដូចកម្មករនៅរោងចក្រកាត់ដេរនោះទេ។ លោកបន្ថែមថា ការដែលសហជីពណាហ្គាវើលដ៍ទទួលជំនួយមនុស្សធម៌ពីអន្តរជាតិ ដើម្បីទ្រទ្រង់ជីវភាព នៅក្នុងពេលការរាតត្បាតជំងឺកូវីដ១៩ មិនមែនជារឿងខុសច្បាប់នោះទេ។
លោក អំ សំអាត៖ «កូដកម្មគឺ គេអនុវត្តតាមច្បាប់ការងារ បានន័យថា នៅពេលដែលមានវិវាទរវាងនិយោជក ជាមួយនឹងកម្មករនិយោជិកហើយ ការជ្រើសរើសនៅក្នុងការទាមទាររកដំណោះស្រាយគឺ អាចទៅតាមច្បាប់ការងារបើសិនដោយជម្រើសដែលគាត់បោះឆ្នោត សម្រេចថា មិនប្ដឹងទៅតុលាការ ជាចុងក្រោយហើយ អាចជ្រើសរើសការធ្វើកូដកម្មដោយសន្តិវិធី គាត់អាចធ្វើកូដកម្មបាន បាទអ៊ីចឹងការធ្វើកូដកម្ម មិនស្ថិតក្រោមច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីទេ វានៅក្នុងច្បាប់ការងារ»។
ទាក់ទងនឹងសំណុំរឿងនេះ តុលាការបានលើកពេលសវនាការជំនុំជម្រះទៅថ្ងៃទី២៨ ខែមីនាខាងមុខទៀត។
កន្លងមក ក្រុមអង្គការសិទ្ធិមនុស្ស និងសហជីពជាតិ-អន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទម្លាក់បទចោទលើ កញ្ញា ឈឹម ស៊ីថរ និងតំណាងសហជីពណាហ្គាវើលដ៍ ពីព្រោះពួកគេពុំបានប្រព្រឹត្តកំហុសឡើយ ហើយរដ្ឋាភិបាល ត្រូវចាត់វិធានការច្បាប់ទៅលើថៅកែណាហ្គាវើលដ៍ ដើម្បីលើកកម្ពស់សិទ្ធិការងារឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។