សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ

ដោយ ឡេង ម៉ាលី
2023.02.14
Share on WhatsApp
Share on WhatsApp
សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម ស៊ីថរ (ដើរមុខ) ពេលមកចូលរួមសវនាការ កាលពីថ្ងៃទី២៨ ខែ​ធ្នូ ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ ទុក​ជា​បាន​ការ​តាម​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដដែល។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​របស់​មេធាវី​ការពារ​ក្ដី កញ្ញា ឈឹម ស៊ីថរ នៅ​ព្រឹក​ថ្ងៃ​ទី១៣ កុម្ភៈ។ ក្រុម​កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ។

ចៅក្រម​សាលា​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ ផ្ដល់​សំអាង​ថា ការ​សម្រេច​ឱ្យ កញ្ញា ឈឹម ស៊ីថរ បន្តជាប់​ឃុំ គឺ​ដើម្បី​តាមដាន​លើ​សំណុំរឿង​នេះ និង​រង់ចាំ​ការ​ជំនុំ​ជម្រះ​ពី​តុលាការ​ម្ដង​ទៀត។

ទោះបីជា កញ្ញា ឈឹម ស៊ីថរ មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្ដី ក៏​កញ្ញា មិន​តក់ស្លុត​នឹង​ការ​សម្រេច​របស់​តុលាការ​នេះ​ឡើយ ។ ខណៈ​ពេល​សមត្ថកិច្ច​ដឹក កញ្ញា ឈឹម ស៊ីថរ ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស (ម២) វិញ កញ្ញា​ញញឹម​បែរ​ទៅ​រក​ក្រុម​កូដករ ដែល​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ សាលា​ឧទ្ធរណ៍​បញ្ជាក់​ពី​ភាព​ស្វាហាប់ និង​ឆន្ទៈ​មនសិការ​របស់​កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា កញ្ញា ឈឹម ស៊ីថរ មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​តុលាការ​គួរតែ​ដោះ​លែង​កញ្ញា​ឱ្យ​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​កញ្ញា ឈឹម ស៊ីថរ ពីព្រោះ​តាម​ច្បាប់ កញ្ញា​គ្មាន​ទោស​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា ដោយសារ​តុលាការ​មិន​បាន​ប្រាប់​ពី​បម្រាប​ដល់​កញ្ញា ដូច្នេះ​ការ​ចាប់ចង​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ហើយ​តុលាការ​គួរតែ​កាត់​ក្ដី​ដោយ​អព្យាក្រឹត្យ។

លោក រស់ សុដ្ឋា៖ «បើ​កាល​ណា​យើង​ធ្វើ​អ៊ីចឹង វា​គេ​ហៅ​ថា ប្រទេស​មួយ​ស្តង់ដារ​ពីរ​ហើយ ដល់​អ៊ីចឹង​ទៅ​ការ​អនុវត្ត​នីតិវិធី​អត់​ជាក់លាក់ ដូច្នេះ​គិត​ថា គួរតែ​បាន​នៅ​ក្រៅ​ឃុំ​ខុស​ពី​នីតិវិធី​ច្បាប់ បើ​យើង​មើល​ទាំង​អស់​គ្នា​ទៅ​តាម​អង្គ​នៃ​ច្បាប់ បើ​សិន​ជា​មាន​ការ​ភាព​ត្រឹមត្រូវ​វា​លុះ​ត្រា​បង្ហាញ​ឱ្យ​ឃើញ​ថា តុលាការ​មាន​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​ជាមួយ ឈឹម ស៊ីថរ បើសិន​អត់​ហើយ​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់ ទាក់ទង​ដូច​ករណី​ដូច​ប្អូន​ស្រី ឈឹម ស៊ីថរ ហ្នឹង​បាទ»

សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ កុម្ភៈ ខុស​ពី​រាល់​ដង​ដោយ​មាន​ការ​ប្ដូរ​ទីតាំង​ពី​មហាវិថី​សម្ដេច សុធារស សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ មក​ផ្លូវ​លោក​តា​ក្រហម​ក ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្បែរ​អគារ​សាលា​យុត្តិធម៌​វិញ។ ថ្វី​ដ្បិត​តែ​មាន​ការ​ផ្លាស់ប្ដូរ​ទីតាំង​ក៏​ដោយ ក៏​ក្រុម​កូដករ​ណាហ្គា វើលដ៍​ជាង ៥០នាក់ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ឃ្លាំមើល​ពី​ក្រៅ​របង និង​ស្រែក​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ដែរ។

តំណាង​កូដករ​ម្នាក់ គឺ​លោកស្រី រី សុវណ្ណឌី ថ្លែង​ថា លោកស្រី​សោកស្ដាយ​ដែល​តុលាការ​មិន​ឱ្យ កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ។ លោកស្រី​បន្ត​ថា ការ​សម្រេច​បែប​នេះ មិន​យុត្តិធម៌​សម្រាប់​កញ្ញា​ឡើយ ពី​តុលាការ​មិន​បាន​ប្រាប់​ពី​បម្រាប ដែល​ហាម​ឃាត់​នោះ​ទេ។

លោកស្រី រី សុវណ្ណឌី៖ «សូម​ឱ្យ​សាធារណជន​ទាំង​អស់​ជួយ​តាមដាន ពីព្រោះ​ឥឡូវ​នេះ វា​នៅ​ក្នុង​ករណី វា​នៅ​អត់​ទាន់​ច្បាស់ គេ​កាត់ក្ដី​យើង​ម៉េច​ទេ។ ប៉ុន្តែ បើ​មាន​ការ​ចូលរួម​ពី​មហាជន​ផ្សេង​ច្រើន អ៊ីចឹង​ការ​ឈឺឆ្អាល​ទាំង​អស់​ហ្នឹង វា​ធ្វើ​ឱ្យ​ការ​កាត់ក្ដី ក៏​អាច​ជួយ​ឱ្យ​មាន​ភាព​យុត្តិធម៌​ជាង​ដូច​រាល់​ថ្ងៃ​ហ្នឹង​ដែរ»

កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ផ្សេងទៀត ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ខែ​មីនា ឆ្នាំ២០២២ ប៉ុន្តែ​សមាជិក​សហជីព អះអាង​ថា ពួក​គាត់​មិន​បាន​ទទួល​ការ​ជូន​ដំណឹង និង​ដីកា​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ឡើយ។ សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទីពីរ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២២ បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​វិញ ក្រោយ​ពី កញ្ញា វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី (Australia) ក្រោម​បទ​ចោទ​ល្មើស​បម្រាប ពី​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ប៉ុន្តែ​មេធាវី និង​កញ្ញា ឈឹម ស៊ីថរ អះអាង​ថា ខ្លួន​មិន​ដឹង​ពី​បម្រាម​របស់​តុលាការ​ឡើយ។ ចំណែក​ឯ​កូដករ​ប្រមាណ ១០នាក់​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ជា​បន្ត​បន្ទាប់ ។

ក្រុម​កូដករ​លើក​ឡើង​ថា ការណ៍​ដែល​តុលាការ​មិន​ព្រម​ដាក់​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ គឺ​ដោយ​សារ​ចង់​បង្ខំ​កម្មករ​ទាំង​នោះ ឱ្យ​ទទួល​យក​សំណង​រួច​បញ្ចប់​រឿង​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។