"ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគួរយកគំរូតាមតុលាការបារាំងក្នុងការកាត់ក្ដីបទចោទទាក់ទងនឹងសេរីភាពបញ្ចេញមតិ"
2022.10.14

អ្នកវិភាគនយោបាយថា តុលាការនៅប្រទេសកម្ពុជា គួរយកគំរូតាមតុលាការបារាំង ក្នុងការកាត់ក្ដីសំណុំរឿងទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិ ដូចរឿងក្ដីរបស់លោក សម រង្សី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលថ្មីៗនេះ។ អ្នកសិក្សាផ្នែកច្បាប់ យល់ស្របចំពោះការលើកឡើងយ៉ាងដូច្នេះ ហើយថា តុលាការបារាំងអាចកាត់ក្ដីប្រកបដោយភាពយុត្តិធម៌ទៅបាន ដោយសារប្រព័ន្ធយុត្តិធម៌នៅប្រទេសបារាំងមានភាពឯករាជ្យ។
អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែតុលា ថា ចៅក្រមតុលាការប្រទេសបារាំង មិនបានផ្ដោតសំខាន់ទៅលើការរកការពិតក្នុងករណី ធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក ហុក ឡង់ឌី នោះទេ ប៉ុន្តែបានផ្ដល់តម្លៃខ្ពស់ទៅលើ សេរីភាពខាងការនិយាយស្ដី ដោយបានចាត់ទុកការលើកឡើងរបស់លោក សម រង្សី គ្រាន់តែជាការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។ លោកបណ្ឌិតបន្ថែមថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីរឿងក្ដីរវាងលោក សម រង្សី និង លោក ហ៊ុន សែន ប្រព័ន្ធតុលាការនៅកម្ពុជា គួរយកគំរូការកាត់ក្ដីតាមតុលាការបារាំង ទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងជាពិសេសសកម្មជននយោបាយ ដើម្បីលើកកម្ពស់ស្ថានភាពសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា៖ «រឿងនរណាបង្កឱ្យធ្លាក់ឧទ្ធម្ភាគចក្រហ្នឹង ក៏គេអត់ច្បាស់លាស់ គ្រាន់តែគេដឹងឮតែប៉ុណ្ណឹង គេអត់យកជាការទេ ព្រោះវាអត់ច្បាស់លាស់ សំខាន់គឺសេរីភាពបញ្ចេញមតិរបស់លោក សម រង្សី ហ្នឹង អ៊ីចឹងហើយបានគេសម្រេចថា រឿងចោទប្រកាន់គេវាអត់ជាប់ ហើយតែកាលណាអត់ជាប់វាចាញ់ហើយ។
លោក ហ៊ុន សែន និងកូនប្រសាគឺលោក ឌី វិជ្ជា បានរួមគ្នាប្ដឹងលោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ទៅតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ ចំពោះការដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំផែនការសម្លាប់ អតីតមេប៉ូលិសក្រុងភ្នំពេញ ដែលជាដន្លងរបស់ខ្លួន គឺលោក ហុក ឡង់ឌី។
បណ្ដឹងនេះកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន គឺជាអ្នកបញ្ជាឲ្យសម្លាប់លោក ហុក ឡង់ឌី តាមរយៈធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡង់ឌី កំពុងជិះពីភ្នំពេញទៅខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
ជុំវិញរឿងនេះដែរ អ្នកវិភាគច្បាប់ លោក វ៉ន ចាន់ឡូត យល់ស្របចំពោះការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ។ ជាមួយគ្នានេះ លោកយល់ថា តុលាការបារាំងអាចកាត់ក្ដីប្រកបដោយភាពយុត្តិធម៌ទៅបាន ដោយសារស្ថាប័នតុលាការនៅប្រទេសបារាំងមានឯករាជ្យភាព ហើយលោកថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏អាចយកគំរូភាពលើដំណើរការចៅក្រមកាត់ក្ដីតាមរយៈ ការផ្ដល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដោយធ្វើការសម្រេចសេចក្ដីមិនលំអៀងដោយសារ អំណាច ឋានៈអ្វីឡើយ។ ទោះជាយ៉ាងណា លោក វ៉ន ចាន់ឡូត យល់ឃើញថា ការដែលលោក ហ៊ុន សែន ប្រកាសថា ខ្លួនបានឈ្នះក្ដីលើលោក សម រង្សី នៅតុលាការបារាំងនោះ គឺជាការបំភាន់ប្រជាពលរដ្ឋ៖ «តុលាការគេសម្រេចឱ្យឯកឧត្ដម សម រង្សី ឈ្នះក្ដីទៅលើរឿងហ្នឹង ដល់តែឈ្នះក្ដីមានន័យថា កម្មវត្ថុនៃមេធាវីរបស់ដើមបណ្ដឹង គឺសម្ដេច ហ៊ុន សែន ដែលលើកឡើងថា កូនក្ដីមិនជាប់ពាក់ព័ន្ធទេ នៅពីក្រោយការសម្លាប់ ហុក ឡង់ឌី ធ្លាក់យន្តហោះអីហ្នឹង អ៊ីចឹងអាហ្នឹងជាកម្មវត្ថុរបស់មេធាវីទេ អាហ្នឹងខ្ញុំសូមបញ្ជាក់អ៊ីចឹង ហើយអ្វីដែលគាត់សាទរ វាគឺជាការបំភាន់មួយទៅកាន់មតិសាធារណៈ ហើយគាត់ហាក់ដូចជាមិនបានបើកចិត្តទទួលយកនូវការពិត នៃការសម្រេចរបស់តុលាការនៅស្រុកបារាំងទៅវិញទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា មិនបានប្រកែកចំពោះលទ្ធផលសម្រេចក្ដីរបស់តុលាការបារាំងនោះទេ ប៉ុន្តែលោកបានសរសើរ និងអរគុណទៅដល់តុលាការប្រទេសបារាំង ដែលបានផ្ដល់យុត្តិធម៌ដល់លោកទៅវិញ៖ «ដំបូងខ្ញុំសូមអរគុណ ក្រុមការងាររបស់ខ្ញុំ ដែលមានមេធាវី នឹងមានថ្នាក់ដឹកនាំក្រសួងការបរទេស អគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំងទាំង៤រូប ដែលបានការពារក្ដីនេះ ដោយជោគជ័យ។ ខ្ញុំអរគុណចំពោះតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌សម្រាប់ខ្ញុំ ភាពស្អាតស្អំសម្រាប់ខ្ញុំ»។
កន្លងមក ក្រុមអ្នកតាមដានស្ថានការណ៍សង្គមនិងអ្នកច្បាប់ តែងលើកឡើងថា អាជ្ញាធរកម្ពុជាយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍បម្រើប្រយោជន៍នយោបាយ ក្នុងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ដោយពួកគេគ្រាន់តែបញ្ចេញរិះគន់រដ្ឋាភិបាល តាមរយៈការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិតែប៉ុណ្ណោះ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិមកដល់ពេលនេះបានជាប់បណ្ដឹងនៅក្នុងតុលាការមានជាង ១០ករណីហើយ។ បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក បណ្ដឹងបរិហារកេរ្តិ៍ របស់លោក ហេង សំរិន ថា ជាអ្នកកាត់ទោសសម្ដេចឪនរោត្តម សីហនុ ថាក្បត់ជាតិ កាលពីលោក ហេង សំរិន នៅជាប្រធានរដ្ឋ បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស និងបណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី ជាដើម។
អង្គការគម្រោងយុត្តិធម៌ពិភពលោកបានដាក់កម្ពុជានៅក្នុងចំណាត់ថ្នាក់បាតតារាងផ្នែកនីតិរដ្ឋក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២១ កន្លងទៅ ខណៈតុលាការនៅតែជាប់ឈ្មោះថា ជាស្ថាប័នដែលរួមរឹតដោយអំពើពុករលួយ និងស្ថិតក្រោមការបង្គាប់បញ្ជាផ្នែកនយោបាយពីសំណាក់គណបក្សកាន់អំណាច និងរដ្ឋាភិបាលលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។