តុលាការ​​បន្ត​សាក​សួរ​សកម្មជន​បរិស្ថាន​ម្នាក់​ទៀត ក្នុង​​បទ​​ចោទ​ថ្មី​​ «​រួម​គំនិត​ក្បត់​»

ដោយ មួង ណារ៉េត
2021-09-07
Share
តុលាការ​​បន្ត​សាក​សួរ​សកម្មជន​បរិស្ថាន​ម្នាក់​ទៀត ក្នុង​​បទ​​ចោទ​ថ្មី​​ «​រួម​គំនិត​ក្បត់​» សង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារដោះលែងកញ្ញា ភួន កែវរស្មី កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២១។
រូប៖ លីកាដូ

ចៅក្រម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សាក​សួរ​សកម្មជន​បរិស្ថាន​ម្នាក់​ទៀត គឺ​កញ្ញា ភួន កែវ​រស្មី ក្នុង​​បទ​​ចោទ​​បន្ថែម ​«​រួម​គំនិត​ក្បត់​» នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា។ សាច់​ញាតិ​ និង​សង្គម​ស៊ីវិល​ រក្សា​ជំហរ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​អស់ លើ​សកម្មជន​បរិស្ថាន​។ 

សាច់​ញាតិ​របស់កញ្ញា ភួន កែវ​រស្មី​ មិន​ចង់​ឲ្យ​តុលាការ​បើក​ការ​សាកសួរ ឬ​ចោទ​ប្រកាន់​​អ្វី​បន្ថែម​ទៀត​ឡើយ ព្រោះ​ការ​​សម្រេច​ទោស និង​ចាប់​ឃុំ​ខ្លួន​​នេះ​ បាន​បង្កើត​ឲ្យ​មាន​ភាព​​អយុត្តិធម៌​ណាស់​ទៅ​ហើយ​។ ម្ដាយ​​របស់កញ្ញា ភួន កែវ​រស្មី គឺលោកស្រី គង់ ម៉ានិត ឲ្យ​ដឹង​ថា ​សាច់​ញាតិ​ទាំង​អស់​​មិន​បាន​មក​ជួប​​កញ្ញា​ ភួន​ កែវ​រស្មី នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទេ នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ដោយសារ​ពួកគាត់​ជាប់​រវល់​ធ្វើការ​។ ប៉ុន្តែកែវរស្មី ធ្លាប់​ទូរស័ព្ទ​​ពី​ពន្ធនាគារ​ទៅ​ប្រាប់​សាច់ញាតិ កុំ​ឲ្យ​មាន​ការ​បារម្ភ​ពី​នាង។ លោកស្រី គង់ ម៉ានិត នៅ​តែ​មាន​មោទនភាព​ចំពោះ​កូន​​ និង​អះអាង​ថា​កូន​ស្រី មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ឡើយ។ លោកស្រី ទាមទារ​ឲ្យ​តុលាការ​ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ កញ្ញា ភួន កែវ​រស្មី​ បន្តទៀត និង​ត្រូវ​ដោះលែង​កញ្ញា ឲ្យ​មាន​សេរីភាពវិញ​៖ «...»។ 

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា​ នេះ បាន​បន្ត​នីតិវិធី​ស៊ើបសួរ​កញ្ញា ភួន កែវ​រស្មី បន្ទាប់​ពី​​​បាន​សួរ​នាំ​ លោក ថុន រដ្ឋា រួច​ កាល​ពី​ថ្ងៃ​ទី​៦ ខែកញ្ញា។ តាម​គម្រោង​នៅ​ថ្ងៃ​ទី​៨ ​លោកនឹង​បន្ត​សាកសួរ​សកម្ម​ជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​​ម្នាក់​ទៀត គឺ​កញ្ញា ឡុង គន្ធា ក្នុង​បទ​ចោទ​ថ្មី​ដូច​គ្នា គឺ​បទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​បរិស្ថាន​កន្លង​មក​។ ជុំវិញ​នីតិវិធី​សាកសួរ​លើ​បទ​ចោទ​បន្ថែម​នេះ វិទ្យុ​អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​ពី​​ចៅក្រម​ស៊ើបសួរលោក អ៊ឹម វណ្ណៈ និង​មេធាវី​ទាំង​២នាក់របស់​កញ្ញា ​ភួន កែវ​រស្មី បាន​ទេ នៅ​ថ្ងៃ​ទី​០៧ កញ្ញា។

តែ​យ៉ាង​ណា​ នាយក​រង​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក អំ សំអាត ​ឲ្យ​ដឹង​ថា ការ​សាកសួរ​នេះ​ក៏​មិន​សូវ​​ខុស​ពី​ករណី​ លោក ថុន រដ្ឋា​ ប៉ុន្មានដែរ គឺ​ក្នុង​បទ​ចោទ​ថ្មី ​ដូច​គ្នា​។ លោក អំ សំអាត នៅ​តែ​ជំរុញ​​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ លើ​សកម្មជន​បរិស្ថាន​ទាំង​អស់។

លោកសង្កេត​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​កន្លង​មក ​​តុលាការ​​ហាក់​​​​មិន​មាន​ភស្តុតាង​ ឬ​​​មូលដ្ឋាន​​ជាក់លាក់​ណា​​អាច​ចោទ​ប្រកាន់​លើ​សកម្មជន​បរិស្ថាន​​បាន​​ទេ ព្រោះ​សកម្ម​ភាព​របស់​សកម្មជន​បរិស្ថាន​​ទាំង​អស់ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ដើម្បី​ផល​ប្រយោជន៍​សង្គម​រួម​​​។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​ ក៏​បារម្ភ​ថា​ បទ​ចោទ​ប្រកាន់​បន្ថែម​​​​ គឺ​បទ​រួម​គំនិត​ក្បត់​​ ​​អាច​ជា​​​ចេតនា​ដាក់​បន្ទុក​បន្ថែម​​លើ​សកម្មជន​បរិស្ថាន​ផង​ដែរ៖ «...»។

​​នគរបាល​ចាប់​ឃុំ​ខ្លួន​​​​​​​កញ្ញា ភួន កែវ​រស្មី និង​សកម្មជន​បរិស្ថាន​២​នាក់​ទៀត គឺលោក ថុន រដ្ឋា និង​កញ្ញា ឡុង គន្ធា ជាង​មួយ​ឆ្នាំ​ហើយ ដោយ​ចោទ​ថា ​ពួកគាត់​ញុះញង់ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ទាមទារ​ឲ្យ​​​​កុំ​​ឲ្យ​មាន​​​ការ​បន្ត​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដែល​ជា​បឹង​ធំ​ជាង​គេ​ក្នុង​ក្រុង​ភ្នំពេញ​​។

កាល​ពី​ខែ​ឧសភា ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញលោក លិ សុខា បាន​ផ្ដន្ទាទោស​​សកម្មជន​​បរិស្ថាន​ទាំង​ ៣ នាក់ ជាប់​ពន្ធនាគារ​ ​ពី​១៨ ​ខែ ទៅ ​២០ ​ខែ និង​ពិន័យ​ប្រាក់​ពី​ពីរ​លាន ​(២លាន​) ​រៀល ទៅ​បួន​លាន​ (៤លាន​) រៀល ក្នុង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ក្នុង​បទ​ចោទ​​ញុះញង់​នេះ ចៅក្រម​ក៏​បាន​កាត់​ទោស​កំបាំង​មុខ​​សកម្មជន ចំនួន​២​​នាក់​ទៀត គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ​(Alejandro Gonzalez Davidson) ជា​ជនជាតិ​អេស្ប៉ាញ និង​ យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ឲ្យ​ជាប់​ពន្ធនាគារ​ពី ១៨ ​ទៅ ​២០ ​ខែ និង​ពិន័យ​​​ប្រាក់​ម្នាក់​ បួន​លាន​ (៤​លាន​) រៀល​។​​

ក្រោយ​មក​នៅ​​​​ខែ​កក្កដា ​តំណាង​អយ្យការ​ ​បាន​បន្ថែម​បទ​ចោទ​​​ថ្មី​១​ទៀត លើ​​​​សកម្ម​ជន​ទាំង​៣​នាក់ ​​គឺ​បទ​​រួមគំនិត​ក្បត់។ បទ​ចោទ​​ថ្មី​នេះ ​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​​របស់​​​​សកម្មជន​​​បរិស្ថាន​៣​​​នាក់​​ទៀត​ ដែល​អាជ្ញាធរ​​បាន​ចាប់​ខ្លួន​ កាល​ពី​​ខែ​មិថុនា​ គឺ​ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និង​​យុវជន លី ចាន់​ដារ៉ា​វុធ។ តុលាការ​ក៏​បាន​ចោទ​ប្រកាន់ លោក អាឡិច នៅ​ក្នុង​សំណុំ​រឿង​​​បទ​ចោទ​រួម​គំនិត​ក្បត់​នេះ​ដែរ។

ប៉ុន្តែ​​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំណាត់​ការ​​តុលាការ​​​​​​​​​ ថា​​ជា​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​​លើ​សិទ្ធិ​សេរីភាព ​​​អ្នក​ការពារ​ធនធាន​ធម្មជាតិ​​​នៅ​កម្ពុជា។ ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ក៏​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ក្នុង​សប្ដាហ៍​ទី​៥ ដោយ​ប្រៀប​ធៀប​ថា​ ​សកម្មជន​បរិស្ថាន​នៅ​ទូទាំង​ពិភព​លោក ទទួល​បាន​ពាន​រង្វាន់​ និង​ការ​គាំទ្រ ការ​លើក​ទឹក​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ​ឯ​នៅ​កម្ពុជា​វិញ សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​បែរ​ជា​​រង​ការ​​គំរាមកំហែង​បំភិត​បំភ័យ ​និង​​ចាប់​​ដាក់​ពន្ធនាគារ​​​។ ក្រុម​សង្គម​ស៊ីវិល​​​​​​បារម្ភ​ថា​ ក្រោយ​ការ​បង្ក្រាប​នេះ នឹង​​គ្មាន​ពលរដ្ឋ​ហ៊ាន​​​ណា​បន្ត​ភាព​សកម្ម​និយម ​ឬ​​​ហ៊ាន​ការ​ពារ​ផល​ប្រយោជន៍​សង្គម​ជាតិ​ ត​ទៅ​ទៀត​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល