រដ្ឋាភិបាលថ្មីរបស់ថៃបំបែកការប៉ុនប៉ងរំលាយរដ្ឋសភា
2008.12.31
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំក្រុងបាងកកបានរាយការណ៍មកថា នាយករដ្ឋមន្រ្តីថៃបានថ្លែងគោលនយោបាយដឹកនាំប្រទេសរបស់ខ្លួននៅចំពោះមុខរដ្ឋសភាយ៉ាងប្រផាត់ប្រភីងបន្ទាប់ពីបានលើកអង្គប្រជុំទៅធ្វើនៅឯទីស្តីការក្រសួងការបរទេសវិញ។
លោក អៈភិស៊ិត វ៉េតឆាឈីវ៉ាក់ បានថ្លែងនៅចំពោះមុខសម័យប្រជុំតំណាងរាស្រ្តថៃក្រោយលោកបានថ្លែងនយោបាយរបស់រដ្ឋាភិបាលថ្មីនេះរួច ថាលោកនឹងខិតខំបំពេញតួនាទីជានាយករដ្ឋមន្ត្រីរបស់ប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈទាំងអស់ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំងមូល។
លោក អៈភិស៊ិត មានប្រសាសន៍ដូច្នេះ ៖ "ខ្ញុំតែងតែនិយាយជានិច្ចក្នុងមួយជីវិត អ្នកនយោបាយរបស់ខ្ញុំថា អ្នកដែលនឹងមកជានាយករដ្ឋមន្រ្តីត្រូវតែជានាយករដ្ឋមន្ត្រីរបស់មនុស្សទូទាំងប្រទេស មិនថានៅទីណា មិនថាគេគាំទ្រឬមិនគាំទ្រនរណា មិនថានិន្នាការនយោបាយរបស់គេយ៉ាងណានោះឡើយ"។
ការថ្លែងនេះធ្វើឡើងខណៈដែលក្រុមបាតុករអាវក្រហមបានធ្វើដំណើរតាមទៅស្រែកតវ៉ានៅមុខទីស្តីការក្រសួងការបរទេសបន្ទាប់ពីពួកគេបានឡោមព័ទ្ធរដ្ឋសភាអស់រយៈពេលពីរថ្ងៃមកនោះ។
ក្រុមបាតុករអាវក្រហមគាំទ្រលោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ទាមទារឲ្យលោក អៈភិស៊ិត រំលាយរដ្ឋសភាចោលហើយធ្វើការបោះឆ្នោតសាជាថ្មីឡើងវិញ។
សូមជម្រាបថា រដ្ឋធម្មនុញ្ញថៃតម្រូវឲ្យរដ្ឋាភិបាលរបស់លោក អៈភិស៊ិត ថ្លែងនយោបាយដឹកនាំប្រទេសរបស់ខ្លួនក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្រ្តីរបស់លោកបានស្បថចូលកាន់តំណែងរួច៕