អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ទើប​ប្រកាស​ធ្វើ​ច្បាប់​ចោទ​អ្នក​រិះគន់ថា ​ជា​ក្រុម​ភេរវកម្ម

ដោយ ខាន់ លក្ខិណា
2024.09.14
អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ទើប​ប្រកាស​ធ្វើ​ច្បាប់​ចោទ​អ្នក​រិះគន់ថា ​ជា​ក្រុម​ភេរវកម្ម លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ថ្លែង​សន្ទរកថា នៅ​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក ឆ្នាំ២០២៤ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ជា​ទី​ដែល​នឹក​ឃើញ​វិធី​ធ្វើ​ច្បាប់​ដាក់​អ្នក​រិះគន់ និង​​អ្នក​មាន​មតិ​ប្រឆាំង​ថា ជា​ក្រុម​ភេរវកម្ម។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ក្រោម​អំណាច​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ពលរដ្ឋ និង​អយុត្តិធម៌​សង្គម ទើប​ចោទ​ប្រកាន់​អ្នក​រិះគន់​ជា​ក្រុម​ភេរវកម្ម ក្រោម​លេស​រក្សា​សន្តិភាព។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ឪពុក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន គ្រោង​នឹង​ធ្វើ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់​តាំង​មួយ​ចំនួន ជា​ក្រុម​ភេរវកម្ម​ដែល​លោក​ចោទ​ថា ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា។

ថ្មីៗ ​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​ការ​ធ្វើ​ច្បាប់​ដាក់​ក្រុម​អ្នក​រិះគន់​ជា​ក្រុម​ ភេរវកម្ម ខណៈ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន កាន់​តែ​រង​ការ​រិះគន់​ខ្លាំងៗ ពី​ប្រជាពលរដ្ឋ​ថា មិន​បាន​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី អយុត្តិធម៌​សង្គម បញ្ហា​សេដ្ឋកិច្ច ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុករលួយ បក្ខពួក​និយម និង​ទុក្ខវេទនា​ជីវភាព​របស់​ ប្រជាពលរដ្ឋ​ជា​ដើម។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត យល់​ថា  ប្រសិន​បើ​ច្បាប់​បែប​នេះ នឹង​ត្រូវ​បាន​បង្កើត​ឡើង​មែន នោះ​រដ្ឋាភិបាល​ ដឹក​នាំ​ប្រាស់ ចាក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ហើយ ពីព្រោះ​ប្រជាធិបតេយ្យ ត្រូវ​ធានា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស​សេរីភាព​សម្ដែង​មតិ។ លោក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​សំឡេង​រិះគន់ ឬ​មតិផ្ទុយ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឱ្យ​ល្អ​ប្រសើរ។

លោក វន់ ចាន់ឡូត៖ «របប​ក្រុង​ភ្នំពេញ​នឹង​ពិបាក​ក្នុង​ការ​ទប់​រំហូរ នៃ​ចលនា​ប្រជាពលរដ្ឋ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ ចង់​ប្រជាធិបតេយ្យ​ចង់​បាន​មេ​ដឹក​នាំ​ដែល​អាច​មាន​សមត្ថភាព ដោះស្រាយ​ចោទ​របស់​សង្គម​របស់​ប្រជាពលរដ្ឋ​បាន។ ដូច្នេះ ដំណាក់​កាល​នេះ ទំនង​ជា​ដំណាក់​កាល​ចុង​ក្រោយ ដែល​របប​ក្រុង​ភ្នំពេញ​ធ្វើ​យ៉ាង​ម៉េច ត្រូវ​គាស់​រំលើង​ឱ្យ​អស់​នូវ​ឫស​គល់​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​ប្រែ​ក្លាយ​ការ​ដឹក​នាំ​តាម​ទម្រង់​បែប​ជា​ផ្ដាច់​ការ​ »

លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ត្រឹម​តែ​គ្មាន​សមត្ថភាព ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​បញ្ហា​ឱ្យ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ដែល​បញ្ហា​ទាំង​អស់​នោះ បាន​ក្លាយ​ជា​វិបត្តិ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម​ខ្មែរ​ទៅ​ហើយ។ ដូច្នេះ​ហើយ ទើប​លោក ហ៊ុន សែន នឹក​ឃើញ​វិធី​ធ្វើ​ច្បាប់ ដើម្បី​រក្សា​អំណាច ដោយ​ការ​បង្ក្រាប​សំឡេង​រិះគន់ និង​បំបិទ​សារព័ត៌មាន​ឯករាជ្យ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ភ្ញៀវ​អន្តរជាតិ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​សន្តិភាព​ដល់​រូប​លោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង អំពី​​គម្រោង​នៃ​ការ​ធ្វើ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់​តាំង​មួយ​ចំនួន ដែល​លោក​ចោទ​ថា ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ទៅ​ជា​ក្រុម​ភេរវកម្ម​នៅ​ពេល​ខាង​មុខ។

លោក ហ៊ុន សែន៖ «ខ្ញុំ​គួរ​ត្រូវ​បាន​និយាយ​នៅ​ទី​នេះ​ថា ប្រហែល​ជា​កម្ពុជា​មាន​ការ​ចាំ​បាច់​រៀបចំ នូវ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់​តាង​ខ្លះ​ទៅ​ជា​ក្រុម​ភេរវកម្ម​នៅ​ពេល​ខាង​មុខ។ យើង​កំពុង​ពិចារណា​ទៅ​បញ្ហា​នេះ ព្រោះ​អ្នក​ប៉ុនប៉ង​បំផ្លាញ​នូវ​សន្តិភាព​របស់​យើង​ក៏​នៅ​តែ​មាន​នៅ​ឡើយ»

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អង្គការ​ស៊ីវិល​គាំទ្រ សេរីភាព​បញ្ចេញមតិ​ដោយ​ អហិង្សា។ លោកថា ការ​ធ្វើ​ច្បាប់ ត្រូវ​តែ​អនុលោម​ទៅ​តាម​ស្ដង់ដារ​សិទ្ធិ​មនុស្ស និង​ លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ពីព្រោះ​ប្រទេស​កម្ពុជា​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

លោក យិន ម៉េងលី៖ «កាល​ច្បាប់​មិន​អនុវត្ត​ទៅ​តាម​ស្តង់ដារ​ទាំងអស់​នោះ​ទេ ច្បាប់​នោះ អត់​បាន​ការពារ​ទេ ច្បាប់​នោះ អត់​បាន​ទៅ​ជួយ​ការពារ​ទេ  ច្បាប់​នឹង​ទៅ​ច្បាប់​គាប​សង្កត់​លើ​សិទ្ធិ​ទៅ​វិញ ច្បាប់​ត្រូវ​ចែង​ឱ្យ​ច្បាស់លាស់ ច្បាប់​ត្រូវ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​យល់។ កាលណា​អ្នក​អនុវត្ត​គឺ​មាន​បញ្ហា​ច្រើន​ហើយ។ ឧទាហរណ៍​ប៉ះពាល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ត្រូវ​ពន្យល់​ឱ្យ​ច្បាស់​ថា ស្អី​ទៅ​សន្តិសុខ​សណ្ដាប់ ធ្នាប់​សាធារណៈ»

រីឯ​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ពេល​កាន់​តែ​មាន​អំណាច​រដ្ឋាភិបាល​មិន​បាន​ប្រកាន់​ខ្ជាប់​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដែល​ ជា​គោល​ការណ៍​ស្នូល​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ឡើយ។ លោក​ថា បើ​សន្តិភាព ដែល​រដ្ឋាភិបាល​និយាយ​ជា​រឿយៗ ចាត់​ទុក អ្នក​រិះគន់​ថា ជា​ក្រុម​ភេរវកម្ម គឺ​ជា​សន្តិភាព​សម្រាប់​ប្រយោជន៍ បក្ខពួក​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ។

លោក សេង វណ្ណលី៖ «មួយ​រយៈ​ចុងក្រោយ​មាន​ការ​ចាត់​ទុក អ្នក​មាន​គំនិត​ផ្ទុយ និង​គណបក្ស​ប្រឆាំង​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​អ៊ីចឹង​ជា​ដើម។ ខ្ញុំ​គិត​ថា ការ​ចាត់​ទុក​បែប​នេះ មិន​ថា ពី​សមាជិក​អ្នក​នយោបាយ ឬ​ពី​បុគ្គល​ណា វា​ជា​ការ​រាំង​ស្ទះ ដែល​អាច​រុញ​ច្រាន​កម្ពុជា​វិល​ទៅ​រក​ទសវត្សរ៍​មុន​ឆ្នាំ៩០ ចាប់​តាំង​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩»

មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​បន្ត​បន្ទាប់ ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​ទឹក​ដី​ខ្មែរ​ចំនួន ៤ខេត្ត គឺ​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង ចេញ​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ CLV ជាមួយ​វៀតណាម។

ក្រៅ​ពី​ការ​តវ៉ា​រឿង CLV ប្រជាពលរដ្ឋ​ក៏​រិះគន់​រដ្ឋាភិបាល លើ​ការ​បំផ្លាញ​បរិស្ថាន អយុត្តិធម៌​សង្គម បញ្ហា​សេដ្ឋកិច្ច វិបត្តិ​អត់​ការងារ​ធ្វើ ការ​ធ្លាក់​ចុះ​ថោក​នៃ​កសិផល​ របស់​កសិករ វិបត្តិ​បំណុល​វ័ណ្ឌក និង​បញ្ហា​ឧកញ៉ា​ឆបោក​ប្រាក់​ពលរដ្ឋ​ជា​ដើម។ ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំង​នេះ សកម្មជន​បរិស្ថាន សកម្មជន​សង្គម សិទ្ធិ​មនុស្ស​ និង​សកម្មជន​បក្ស​ប្រឆាំង​ជិត ១០០នាក់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ក៏​ត្រូវ​បាន​ចោទ​ប្រកាន់ ខណៈ​តុលាការ​ក្រោម​ឥទ្ធិពល​ របស់​លោក ហ៊ុន សែន កំពុង​ពន្លឿន​សំណុំ​រឿង​ចាស់ៗ របស់​មេ​ដឹក​នាំ​នយោបាយ​នៅ​កម្ពុជា។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ចំណាត់​ការ​ក្ដៅ​បែប​នេះ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម​ទៀត ពី​ប្រទេស​ប្រជាធិបតេយ្យ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ទើប​តែ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​របស់​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​មនុស្ស​ស្និទ្ធ​ម្នាក់​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។