បក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់ ថ្ងៃ​ដំបូង

ដោយ យន់ សាមៀន
2022.05.21
Share on WhatsApp
Share on WhatsApp
បក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់ ថ្ងៃ​ដំបូង ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជនកម្ពុជា នៅ​ថ្ងៃ​ដំបូង​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ ឆ្នាំ​២០២២។ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូបពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​នយោបាយ​ដែល​ចូល​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេង​គាំទ្រ​ថ្ងៃ​ដំបូង ដើម្បី​ផ្ញើ​សារ​ទៅ​ម្ចាស់​ឆ្នោត​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា ( គ​.​ជ​.​ប​) អះអាង​ថា ដំណើរ​យុទ្ធ​ការឃោសនាបោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ ដោយ​សហការ​ពី​គ្រប់​គណបក្ស​នយោបាយ និង​អាជ្ញាធរ​ដែនដី។

គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី​៥ ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការឃោសនា​ថ្ងៃ​ដំបូង​របស់​ខ្លួន​ហើយ នៅ​ថ្ងៃទី​២១ ខែ​ឧសភា នៅ​តាម​រាជ​នី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​។ គណបក្ស​ទាំង​នោះ​បាន​ចង​បដា​សារ​នយោបាយ​អាទិភាព​លើ​រថយន្ត​បំពាក់​ដោយ​ឧបករណ៍​ឧគ្ឃោសន​ស័ព្ទ​ស្រែក​ឃោសនា​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ពួកគេ ដើម្បី​មាន​ឱកាស​ដឹកនាំ និង​អភិវឌ្ឍ​ឃុំ​សង្កាត់។

គណបក្ស​នយោបាយ​ធំ​ពីរ​ដែល​មាន​ចំនួន​បេក្ខជន​ប្រជែង​យក​អាសន​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ប្រហាក់ប្រហែល​គ្នា និង​លេចធ្លោ​សម្រាប់​ការ​ហែ​ក្បួន​ឃោសនា​ថ្ងៃទី​មួយ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រធាន​ក្រុមការងារ និង​សមាជិក​របស់​គណបក្ស​ទាំងអស់​ចូលរួម​បើក​យុទ្ធ​ការឃោសនា​ថ្ងៃ​ដំបូង​ទាំង​២៥​រាជធានី​-​ខេត្ត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ចូលរួម និង​មធ្យោបាយ​ឃោសនា​បាន​នោះ​ទេ៖ «គណបក្ស​ប្រជាជន​បាន​ណែនាំ​ហើយ គឺ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស​ហ្នឹង​ឱ្យធ្វើ​ព្រមៗ​គ្នា ហើយ​ចំនួន​នៅ​ភ្នំពេញ និង​តាម​ឃុំ សង្កាត់ យើង​មិនអាច​ដឹង​បានទេ ប៉ុន្តែ​សមាជិក សមាជិកា​បក្ស​ទាំង​ប៉ុន្មាន​ដែល​សកម្ម គឺ​ប្រមូល​យក​មក​ហែ​ក្បួន»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ចូលរួម​ពិធី​ប្រកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​មាន​អ្នកគាំទ្រ​គណបក្ស​ជាង​៥​ពាន់​នាក់​។ លោក ស ខេង បាន​លើកឡើង​នូវ​គោលនយោបាយ និង​ស្នាដៃ​កន្លង​មក​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​បេក្ខជន​របស់​ខ្លួន​បន្ត​ទៀត។

ចំណែក​អនុប្រធាន គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ដែល​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រាប់​ថា សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស​បាន​ចេញ​ឃោសនា​រក​សំឡេងឆ្នោត​ហើយ​នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ​។ លោក​ឱ្យដឹង​ថា គណបក្ស​បាន​ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​ជាមួយ​សកម្មជន និង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​ដែល​មាន​ចូល​អ្នក​គាំទ្រ​ជិត​២​ម៉ឺន​នាក់ និង​មាន​រថយន្ត ផាស​អាប់ ម៉ូតូ​រាប់ពាន់​គ្រឿង​។ លោក​ឱ្យដឹង​ទៀត​ថា ក្បួន​បក្ស​ភ្លើងទៀន​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​ដងផ្លូវ​ចេញ​ទទួល​ស្វាគមន៍​៖ «គណបក្ស​ភ្លើងទៀន​បាន​រៀបចំ​ឃោសនា​ទូទាំង​ប្រទេស​នៅថ្ងៃ​នេះ ព្រម​គ្នា​តែម្តង ហើយ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ថ្នាក់ដឹកនាំ​យើង​ចុះទៅ​មូលដ្ឋាន​ជួយ​ឃោសនា​តាម​ខេត្ត ស្រុក ឃុំ នីមួយ​ផង​ដែរ»

ក្រៅ​ពី​នេះ គណបក្ស​ភ្លើងទៀន​ក៏​បើក​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ដែរ។

គណបក្ស​តូចៗ​និង​គណបក្ស​ទើប​បង្កើត​បាន​ហែ​ក្បួន​ទ្រង់ទ្រាយ​តូច​នៅ​តាម​ឃុំ សង្កាត់​ដែល​ពួកគេ​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ដែរ​។ ប្រធាន​គណបក្ស​កម្ពុជា​និយម គឺ​លោក យ៉ែម ប៉ុញ្ញឬទ្ធិ ថ្លែង​ថា​ថ្ងៃ​បើក​យុទ្ធនាការ​នេះ លោក​បាន​ដឹកនាំ​សកម្មជន​គណបក្ស​ប្រមាណ​ជាង​១​រយ​នាក់ និង​ម៉ូតូ​៥០​គ្រឿង​ហែ​ក្បួន​ឃោសនា​នៅ​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម៖ «ឃុំ​សង្កាត់​ទាំងអស់​ចាប់ផ្តើម​ដំណើរ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​ដើរ​ចែក​ខិត្តប័ណ្ណ ហើយ​អ្វី​ដែល​យើង​បាន​ផ្សព្វ ផ្សាយ​សំខាន់​បំផុត គឺ​កសិផល សេវា​សាធារណៈ និង​ទី​បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព»

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យង់ សាំង​កុមារ ឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ជាង​២​រយ​នាក់​អម​ដោយ​ឡាន ផាស​អាប់ ម៉ូតូ បាន​ហែ​ក្បួន​ឃោសនា​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា​ក្បួន​របស់​គណបក្ស​នៅ​ស្រុក​បាយ​ធា​យ ខេត្តកំពង់ចាម ត្រូវ​លើក​ទៅ​ធ្វើ​នៅពេល​ក្រោយ​វិញ ដោយសារ​ជាន់​ថ្ងៃ​ជាមួយ​គណបក្ស​ប្រជាជន៖ «ហែ​ក្បួន​គ្រប់​ភូមិ​ទាំងអស់​នៃ​ឃុំ​កោះដាច់ យើង​ឃើញថា​ផុលផុស​ល្អ​ចំពោះ​ការ​គាំទ្រ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ចំណាយពេល​ឱ្យ​បាន​ច្រើន​ដើម្បី​ជួប​ប្រជាពលរដ្ឋ​តាម​ភូមិ​ដោយ​ពន្យល់​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត ឃុំ សង្កាត់ បង្ហាញ​ពី​គោលនយោបាយ និង​បេក្ខជន​ចៅសង្កាត់»

ក្រៅពី​ប្រមូល​ជុំ​ជួប និង​ហែ​ក្បួន​បក្ស​ដែល​ចូលរួម​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ ក៏​បាន​ធ្វើ​សកម្មភាព​ឃោសនា​មួយចំនួន​នៅ​តាម​មូលដ្ឋាន​ដូចជា​ការ​ចាក់​មេក្រូ ចង​បដា និង​ចែក​ខិត្តប័ណ្ណ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម​។ ទន្ទឹម​នឹង​​​​​​​​នេះ បក្សនយោបាយ​លើក​ឡើង​ថា​ស្ថានភាព​ឃោសនាបោះឆ្នោត​ថ្ងៃទី​១ គឺ​មិន​មាន​បញ្ហា​ចោទ ឬ​ភាព​មិន​ប្រក្រតី​កើត​មាន​​នោះ​ទេ​។ ពួកគេ​អះអាង​ថា​ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​ចូលរួម​ឃោសនា គឺ​មាន​របៀប​រៀប​រាយ និង​រក្សា​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន។

យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នេះ មាន​រយៈ​១៤​ថ្ងៃ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែឧសភា ដល់​ថ្ងៃទី​០៣​ខែមិថុនា​នេះ ។ ច្បាប់បោះឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឃុំ សង្កាត់។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២១ ខែឧសភា​នេះ គណបក្ស​នយោបាយ​ចំនួន​១១ បាន​ធ្វើ​ចេញ​ឃោសនាបោះឆ្នោត​។ លោក​បន្ត​ថា យុទ្ធនាការ​ហែ​ក្បួ​រ​ថ្ងៃទី​១​ទៀតសោត​ប្រព្រឹត្តទៅ​ល្អប្រសើរ​ដោយ​គ្មាន​អំពើ​ហិង្សា ឬ​ពាក្យ​បណ្តឹង​ណាមួយ​នោះ​ទេ ហើយ​លទ្ធផល​នេះ​ដោយសារ​ពួកគេ​បាន​ជូនដំណឹង​មក គ​.​ជ​.​ប បាន​ត្រឹមត្រូវ​តាមច្បាប់៖ «..ប មិន​ទទួល​បាន​ពាក្​យបណ្តឹង ឬ​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ហិង្សា ឬ​ញុះញង់​បង្ក​បញ្ហា​អំឡុង​ពេល​ឃោសនាបោះឆ្នោត​ដែរ ដូច្នេះ គ​.​ជ​.​ប សង្ឃឹមថា​ថ្ងៃទី​២ ទី​៣ នឹង​ប្រព្រឹត្តទៅ​បន្ត​ទៀត​ដោយ​ល្អ​ប្រសើរ»

គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​គោរព​វិធាន បទបញ្ញត្តិ និង​គោល​ណ៍​ដែល​ចែង​ក្នុង​ច្បាប់​ស្តីទី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គោរព​បទ​បញ្ញា និង​នីតិវិធី ក្រុម​សីលធម៌ ជាដើម ដើម្បី​ឱ្យ​ការឃោសនាបោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព​។ លើស​ពី​នេះ គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​នីមួយៗ អាច​អនុវត្ត​កម្មវិធី​ឃោសនា និង​ហែ​ក្បួន​ឃោសនាបោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​គ្នា​ដែរ។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.១២២) អាសនៈ ហើយ​ប្រជាពលរដ្ឋ​ជាង​៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត៕

ទស្សនាវីដេអូ​បន្ថែម​ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល