អាជ្ញាធរ​​រក​ដំណោះស្រាយ​រឿង​វៀតណាម​លួច​ជីក​ស្រះ​៥​ក្នុង​តំបន់​ហាមឃាត់

ដោយ រដ្ឋា វិសាល
2015.05.27
វ៉ា គឹមហុង ហោ ណាំហុង ៦២០ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង បក​ស្រាយ​ក្នុង​កម្មវិធី​តុ​មូល​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from YouTube

មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់ចត់​ការពារ​កុំ​ឲ្យ​វៀតណាម រំលោភ​មក​លើ​អធិបតេយ្យភាព​ដែនដី​នៅ​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ភាគី​វៀតណាម បាន​ជីក​ស្រះ​ចំនួន ៥ នៅ​តំបន់​ស ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​ហាមឃាត់​នៃ​ភាគី​ទាំង​ពីរ​ប្រទេស។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ចាត់​ទុក​ករណី​ភាគី​វៀតណាម ជីក​ស្រះ​នៅ​តំបន់​ហាម​ឃាត់​នៃ​ខ្សែបន្ទាត់​ព្រំដែន​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ជាប់​នឹង​ខេត្ត​រតនគិរី ថា​ជា​ការ​ធ្វេសប្រហែស​របស់​តម្រួត​ព្រំដែន និង​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ។

លោក​ថ្លែង​កត់សំគាល់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​ខេត្ត​រតនគិរី និង​​ក្រសួង​មហាផ្ទៃ មិន​ទាន់​បាន​ផ្ដល់​របាយការណ៍​ស្ដីពី​ការ​ជីក​ស្រះ​របស់​ភាគី​វៀតណាម នៅ​តំបន់​ស​​នោះ​ទេ ក៏ប៉ុន្តែ​លោក​ថា មន្ត្រី​មូលដ្ឋាន​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​អាជ្ញាធរ​វៀតណាម ដែល​មាន​ព្រំដែន​ខេត្ត​ជាប់​គ្នា៖ «តំបន់​ហ្នឹង​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ ដូច្នេះ​យើង​ត្រូវ​រក្សា​ស្ថានភាព​ដដែល​អត់​មាន​ត្រូវ​ធ្វើ​អ្វី​ទេ។ ម្យ៉ាង​ទៀត​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី​យើង​សូម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លះ​កើត​ដល់​​ទៅ ៥​ស្រះ ហើយ​មិនមែន​មួយ​ថ្ងៃ​មួយ​យប់​ជីក​កើត​ទេ។ ឲ្យ​វា​ឈ្លាសវៃ​ផង​បើ​ខាងគេ​ហាន​ចូល​មួយ​ជំហាន​គេ​មក​ដល់​ភ្លាម យើង​គេ​ជីក​ដល់ ៥​ស្រះ​ទើប​ភ្ញាក់​រលឹក»

​យ៉ាងហោចណាស់​ក៏​មាន​ស្រះ​ទឹក​ចំនួន ៥ មាន​ទំហំ ៥០​ម៉ែត្រក្រឡា និង​ជម្រៅ ៥​ម៉ែត្រ​ដែល​ត្រូវ​បាន​ជនជាតិ​វៀតណាម ជីក​រួចរាល់​នៅ​ក្នុង​តំបន់​ហាមឃាត់ ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ស្ថិត​ក្នុង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ។

ប្រធាន​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ លោក រចំ ជីប ទទួល​ស្គាល់​ថា ស្រះ​ដែល​ភាគី​វៀតណាម ជីក​ពិត​ជា​ឋិត​ក្នុង​តំបន់​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ចាត់ទុកជា​តំបន់​ហាម​ឃាត់ ក៏​ប៉ុន្តែ​ភាគី​​វៀតណាម មាន​ចេតនា​រំលោភ​កិច្ចព្រមព្រៀង​នេះ។

លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម បាន​ជីក​ស្រះ​​នេះ​ដោយ​លួចលាក់ ហើយ​តម្រួត​ព្រំដែន​ល្បាត​ឃើញ​ទើប​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត៖ «ខាង​គាត់​ចូល​ចិត្ត​ឆ្លៀត​ឱកាស​ពេល​កម្លាំង​ទ័ព​យើង​ដើរ​ល្បាត ឬ​ទទួល​គណៈប្រតិភូ​គឺ​គេ​ឆ្លៀត​លួច។ យើង​បាន​ប្រជុំ​និយាយ​គ្នា​ហើយ គឺ​ក្នុង​ចំណុច​ស គី​មិន​ឲ្យ​ភាគី​ណា​មួយ​កាប់​ដាំ​ដុះ​អ្វី​ទេ។ ដោយ​ឡែក​គាត់​និយាយ​អ៊ីចឹង គាត់​ធ្វើ គាត់​អត់​ជូន​ដំណឹង​អ្វី​ទាំង​អស់»

​បង្គោល​ព្រំដែន​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣១ រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៣៩ ឋិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​មិន​ទាន់​ឯកភាព​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឡើយ។ កន្លង​ទៅ​នេះ តម្រួត​ព្រំដែន​វៀតណាម បាន​ចូល​មក​ហាមឃាត់​មិន​ឲ្យ​​​ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ធ្វើស្រែ ឬ​ជីក​ស្រះ​យក​ទឹក​ស្រោចស្រព​ដំណាំ​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ភាគី​វៀតណាម បាន​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​ជីក​ស្រះ​នៅ​តំបន់​ហាមឃាត់​នេះ​ជា​ឯកតោភាគី។

ទាក់ទិន​ករណី​នេះ ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​លោក​មិន​អធិប្បាយ​ពិស្ដារ​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​​​យ៉ាង​ណា​នៅ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ករណី​ជីក​ស្រះ​ក្នុង​តំបន់​ហាមឃាត់​របស់​ពលរដ្ឋ​វៀតណាម ថា​ជា​ចេតនា​ទុច្ចរិត​ដើម្បី​រំលោភ​យក​ដី​ខ្មែរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ភាគី​វៀតណាម ឲ្យ​គោរព​កិច្ចព្រមព្រៀង​ស្ដីពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៖ «ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម នៅ​ពេល​ដែល​ព្រំដែន​កម្ពុជា ឋិត​ក្នុង​ការ​ជជែក​គ្នា យើង​ឃើញ​ភាគី​​វៀតណាម មាន​ចេតនា​បោះ​ទីតាំង​នៅ​តំបន់​ស ហាម​ឃាត់​បំពាន​មក​លើ​ដែនដី​ខ្មែរ។ គួរ​តែ​មាន​ការ​ពង្រឹង​ឡើង​វិញ កុំ​យោគយល់​បណ្ដែតបណ្ដោយ ឬ​មាន​មនោសញ្ចេតនា»

​របាយការណ៍​អង្កេត​របស់​មន្ត្រី​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រហូត​មក​ទល់​បច្ចុប្បន្ន ជនជាតិ​វៀតណាម បាន​ប្រើ​គ្រប់​រូបភាព​ឆ្លង​ចូល​មក​ដី​ខ្មែរ ដូចជា​ឆ្លង​ដែន​តាម​រូបភាព​អ្នក​ទេសចរ​មក​ធ្វើ​ការ​ជា​កម្មករ​សំណង់ ឬ​កម្មករ​ចម្ការ​កៅស៊ូ ឆ្លង​ចូល​កាប់​ឈើ ជួល​ដី​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន​ធ្វើ​ស្រែចម្ការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។