គណបក្ស​ភ្លើង​ទៀន​ស្វាគមន៍​វត្តមាន​លោក រ៉ុង ឈុន អតីត​មន្ត្រី​ជាន់ខ្ពស់​ គ.ជ.ប ​ដែល​ហក់​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​នេះ

ដោយ សុជីវី
2023.01.31
គណបក្ស​ភ្លើង​ទៀន​ស្វាគមន៍​វត្តមាន​លោក រ៉ុង ឈុន អតីត​មន្ត្រី​ជាន់ខ្ពស់​ គ.ជ.ប ​ដែល​ហក់​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​នេះ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ (CITA) នៅ​ថ្ងៃទី៣១ មករា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​ភ្លើង​ទៀន​សន្យា​ថា នឹង​ផ្ដល់​តួនាទី​គួរ​ជាទី​ពេញ​ចិត្ត​ជូន​ទៅ​មេដឹកនាំ​កម្មករ និង​សកម្មជន​សង្គម​ម្នាក់ ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ គណបក្ស​ភ្លើង​ទៀន​អះអាង​បែបនេះ ក្រោយ​ពេល​សកម្មជន​ជន​ល្បី​ឈ្មោះ លោក រ៉ុង ឈុន ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

គណបក្ស​ភ្លើង​ទៀន​ប្រកាស​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​របស់​លោក រ៉ុង ឈុន ជាមួយ​គណបក្ស​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី គណបក្ស​នេះ​មិន​ទាន់​បង្ហាញ​ថា នឹង​ផ្ដល់​តួនាទី​អ្វី​ជូន​លោក រ៉ុង ឈុន នៅ​ឡើយ​ទេ។ លោក រ៉ុង ឈុន បាន​សរសេរ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ទី៣១ ខែមករា។ លោក រ៉ុង ឈុន បញ្ជាក់​ថា ការសម្រេច​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ពេលនេះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ ដែល​ចង់​បាន​សេរីភាព យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ លោក​រំលឹក​ថា លោក​​​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន គឺ​ធ្វើ​តាម​សំណូមពរ​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក រ៉ុង ឈុន យល់​ថា​ការសម្រេច​ចិត្ត​របស់ លោក​ពេល​នេះ​គឺ​ជា​ការ​បិទ​ទំព័រ​ចាស់​ពី​អ្នក​ការពារ​សិទ្ធិ​កម្មករ សិទ្ធិ​គ្រូបង្រៀន និង​ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន មក​បើក​ទំព័រ​ថ្មី​ជា​អ្នកនយោបាយ​វិញ​ម្ដង។ ទោះជា​បែបនេះ​ក្ដី លោក​ថា ការងារ​ជា​អ្នកនយោបាយ​នេះ​មិនមែន​មាន​ន័យ​លោក​បោះបង់​កម្មករ ឬ​គ្រូ​បង្រៀន​ទេ តែ​លោក​យល់​ថា ការ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន នឹង​អាច​ឱ្យ​លោក​បម្រើ​ប្រយោជន៍​កម្មករ គ្រូ​បង្រៀន និង​ពលរដ្ឋ​កាន់តែ​បាន​ធំ​ទូលំទូលាយ​ជាង​មុន។ លោក​បន្ត​ទៀត​ថា វត្តមាន​របស់​លោក​ពេលនេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​និយម​កណ្ដាល​ផ្សេង​ទៀត ងាក​មក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ថែម​ទៀត។

លោក រ៉ុង ឈុន៖ «អ៊ីចឹង យើង​រំពឹង​ថ្ងៃ​ទី២៣ កក្កដា​ខាង​មុខ​នេះ នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ដែល​មួយ​ចំនួន គាត់​នៅ​កណ្ដាល ឬ​អ្នក​ដែល​កំពុង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ងាក​ត្រឡប់​មក​វិញ។ ខ្ញុំ​គិត​ថា នៅ​ពេល​មាន​វត្តមាន ខ្ញុំ​បងប្អូន​ដែល​កំពុង​រង់ចាំ​មក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន»

លោក រ៉ុង ឈុន បន្ត​ទៀត​ថា លោក​មិន​ទាមទារ​តួនាទី​ណាមួយ​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ទេ ពោល​បើ​គណបក្ស​ភ្លើង​ទៀន​ផ្ដល់​តួនាទី​អ្វី​ជូន​លោក លោក​នឹង​ទទួល​យក​តួនាទី​នោះ។ លោក រ៉ុង ឈុន រំពឹង​ថា វត្តមាន​របស់​លោក​បូក​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើ​ឱ្យ​គណបក្ស​នេះ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ហើយ​ក្លាយ​ជា​គណបក្ស​ឈ្នះ​ឆ្នោត នា​ថ្ងៃ​ទី២៣ ខែកក្កដា ខាងមុខ។

លោក រ៉ុង ឈុន៖ «អ៊ីចឹង ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត ដើម្បី​យក​ឥទ្ធិពល​របស់​ខ្ញុំ បូក​ជាមួយ​គណបក្ស​មួយ ដែល​មាន​សក្ដានុពល​ហើយ បូក​ជាមួយ​ឥទ្ធិពល​ខ្ញុំ ដើម្បី​ឱ្យ​កម្លាំង​នយោបាយ​ហ្នឹង​កាន់តែ​ខ្លាំង»

លោក រ៉ុង ឈុន ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ជាទី​ប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​សមាជិក​ឃ្លាំមើល​កម្ពុជា​ផង​ដែរ។ ការបំពេញ​ការងារ​បម្រើ​សង្គម​ជិត​មួយ​ជីវិត​របស់​លោក​នេះ លោក​មិន​ទាន់​មាន​ប្រពន្ធ ឬ​កូន​នៅ​ឡើយ​ទេ។

ភ្លាមៗ ក្រោយ​ការប្រកាស​របស់​លោក រ៉ុង ឈុន អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ទ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា គណក្ស​ភ្លើង​ទៀន​ត្រូវការ​ធនធាន​មនុស្ស​ដូច លោក រ៉ុង ឈុន នេះ។ លោក​អះអាង​ទៀត​ថា បើ​ទោះ​ជា​លោក រ៉ុង ឈុន មិន​ទាមទារ​តួនាទី​នៅ​ក្នុង​គណបក្ស​ភ្លើង​ទៀន​ក្ដី ក៏​គណបក្ស​របស់​លោក​កំពុង​គិតគូរ​ផ្ដល់​តួនាទី​ល្អ​មួយ​ជូន​លោក រ៉ុង ឈុន ដែរ។

លោក គីមសួរ ភីរិទ្ទ៖ «និយាយ​រួម​ទៅ ជា​ព័ត៌មាន​ដ៏​រំភើប​ហើយ​រីករាយ​ខ្លាំង​ណាស់ សម្រាប់​ថ្នាក់​ដឹកនាំ ក៏​ដូចជា​គណបក្ស​ភ្លើង​ទៀន​ទាំង​មូល ព្រោះ​អី​លោក រ៉ុង ឈុន យើង​ដឹង​ហើយ គាត់​ជា​ធនធាន​មនុស្ស​ដ៏​ល្អ បាទ​ជា​ពិត​ហើយ​គាត់​មក​គាត់​អត់​មាន​ទាមទារ​អី​ទេ គាត់​មក​ជា​ការ​ស្ម័គ្រ​ចិត្ត។ អ៊ីចឹង ខ្ញុំ​ជឿជាក់​ថា គណបក្ស​នឹង​ពិចារណា​ផ្ដល់​តួនាទី​សំខាន់​ទៅ​ដល់​គាត់​នៅ​ពេល​អនាគត»

ទាក់ទង​ការ​ចូល​ធ្វើ​នយោបាយ​របស់​លោក រ៉ុង ឈុន ជាមួយ​គណបក្ស​ភ្លើង​ទៀន អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន លើក​ឡើង ថា នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​កន្លង​មក​ទោះ​លោក រ៉ុង ឈុន តែងតែ​ធ្វើ​សកម្មភាព និង​មាន​ទស្សនៈ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រាប់​ទៅ​ហើយ។ លោក​ក៏​មិន​ព្រួយ​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន ព្រោះ​វត្តមាន លោក រ៉ុង ឈុន នៅ​ពេលនេះ​ដែរ។

លោក សុខ ឥសាន៖ «គាត់ (លោក រ៉ុង ឈុន) ធ្វើ​សកម្មភាព​គាត់​និយាយ​វោហារសាស្ត្រ​គាត់ ហើយ​សកម្មភាព​ខាង​ប្រឆាំង ហើយ​ទៅ​ចូល​ខាង​ប្រឆាំង​នៅ​ដដែល​ទេតើ។ ទេ! មិនមែន​សមាជិក​បក្ស តែ​គាត់​មាន​ទស្សនៈ​ប្រឆាំង។ អ៊ីចឹង គាត់​ចូល​ប្រឆាំង​មាន​អី​ប្លែក​នៅ​តែ រ៉ុង ឈុន ប្រឆាំង​ដដែល»

ការ​ហក់​ចូល​ទីលាន​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​របស់​លោក រ៉ុង ឈុន នៅ​ពេល​នេះ ខណៈ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ចំនួន ៣រូប​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ក្នុង​សំណុំ​រឿង​ចេញ​សែក​អត់​លុយ​ចំនួន ៥សន្លឹក។

បើ​ទោះ​ជា​លោក រ៉ុង ឈុន សព្វ​ថ្ងៃ​អាច​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​ការងារ​សង្គម​បាន​ក្ដី ប៉ុន្តែ​លោក​ក៏​មាន​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ​ដែរ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារ​លោក​ចេញ​សេចក្ដីថ្លែង​ការណ៍ កាល​ពី​ខែកក្កដា ឆ្នាំ២០២០ ជំរុញ​ឱ្យ​រដ្ឋាភិបាល ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ប្រគល់​ដី​ក្បែរ​ព្រំដែន​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ឲ្យ​អ្នកភូមិ​វិញ បន្ទាប់​ពី​អ្នក​ភូមិ​អះអាង​ថា បាន​បាត់បង់​ដីស្រែ​ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ កាល​ពី​ចុង​ឆ្នាំ២០២១ សាលា​ឧទ្ធរណ៍​បាន​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​កាត់​តម្រឹម​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម ១៥ខែ ១១ថ្ងៃ ហើយ​ទោស​នៅ​សល់ ៨ខែ ១៩ថ្ងៃ​ទៀត ត្រូវ​បាន​ព្យួរ។

ពាក់ព័ន្ធ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ​នៅ​ថ្ងៃទី៣១ ខែមករា។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន យល់​ថា សំណុំ​រឿង​របស់​លោក រ៉ុង ឈុន នៅ​តុលាការ និង​ការសម្រេច​ចិត្ត​របស់​លោក រ៉ុង ឈុន មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ជារឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ចំណែក​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា គឺ​ជា​រឿង​ពិបាក​ស្មាន។ ជុំវិញ​ការ​ធ្វើ​នយោបាយ​របស់​លោក រ៉ុង ឈុន លោក​យល់​ថា គឺ​ជា​រឿង​ល្អ​ទាំង​គណបក្ស​ភ្លើង​ទៀន និង​លោក រ៉ុង ឈុន។

លោក ឯម សុវណ្ណារ៉ា៖ «ទស្សនៈ​ខ្ញុំ ជា​គំរូ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​អ្នក​ប្រជាធិបតេយ្យ ឬ​ក៏​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​កាន់តែ​មាន​ចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដូចជា គណបក្ស​ភ្លើង​ទៀន លែង​សូវ​ខ្លាច ជា​ជំហាន​មួយ ដែល​ហៅ​ថា បោះ​ជំហាន​ឱ្យ​អ្នក​ផ្សេង​មើល អ៊ីចឹង ចំណុច​នេះ​ល្អ​សម្រាប់​គណបក្ស​ភ្លើង​ទៀន និង​ល្អ​សម្រាប់​លោក រ៉ុង ឈុន»

មុន​ពេល​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន បាន​សិក្សា​ជាមួយ​មេធាវី​របស់​លោក ពី​សំណុំរឿង ដែល​លោក​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ។ លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បម្រាម ដែល​ហាមឃាត់​លោក តុលាការ​ហាម​លោក​មិន​ឱ្យ​ផ្លាស់ប្ដូរ​ទី​លំនៅ និង​ចេញ​ក្រៅ​ប្រទេស ប៉ុន្តែ តុលាការ​មិន​បាន​ហាម​លោក​មិន​ឱ្យ​ធ្វើ​នយោបាយ​ឡើយ៕

.

រឿងនេះ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ដោយ​បញ្ចូល​ព័ត៌មាន​ថ្មី​បន្ថែម!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។