ឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោកបន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែ តាមចាប់មិនបាន
2024.11.04
ទីប្រឹក្សាផ្ទាស់របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត បានចេញវីដេអូសុំទោសលោក ហ៊ុន សែន ហើយថា លោកកំពុងព្យាបាលជំងឺនៅផ្ទះរបស់កូននៅក្នុងប្រទេស មិនបានរត់គេចទៅណាទេ។ ការចេញសារភាព និងសុំទោសលោក ហ៊ុន សែន នេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចប្រើរយៈពេលជិត ១ខែ ប៉ុន្តែមិនអាចចាប់ខ្លួនលោក លី សាម៉េត យកមកអនុវត្តទោសតាមច្បាប់។
ខុសស្រឡះពីក្រុមអ្នកទោសមនសិការក្នុងរឿងនយោបាយ សង្គម និងបរិស្ថាន ដែលលោក ហ៊ុន សែន គំរាមតាមវាយ និងចាប់ដល់ផ្ទះនោះ ទីប្រឹក្សារបស់លោកគឺឧកញ៉ា លី សាម៉េត ដែលជាប់បទឧក្រិដ្ឋឆបោកលុយរាប់លានដុល្លារ សមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រើពេលជិត១ខែ នៅតែចាប់មិនបានឡើយ រហូតទាល់តែលោក លី សាម៉េត ចេញសារភាពកំហុសដោយខ្លួនឯងនៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ លោក លី សាម៉េត អះអាងថា លោកនៅព្យាបាលជំងឺ នៅផ្ទះកូនរបស់លោក ប៉ុន្តែសមត្ថកិច្ច បែរជារកមិនឃើញ។
លោក លី សាម៉េត៖ «សព្វថ្ងៃខ្ញុំកំពុងមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ជំងឺក្រពះពោះវៀន សំខាន់ទឹកនោមប្រៃគឺកំពុងតែហើមខ្លួន ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសូមពេលវេលាបន្តិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ចនៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទ តាមច្បាប់។ ពេលខ្ញុំធូរហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំបាទមិនរត់គេចទៅណាទេ»។
ក្នុងវីដេអូជាង ៥ នាទីបង្ហោះលើហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី៤ ខែវិច្ឆិកា ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ហៅគ្រូមា លើកឡើងថា គ្រប់រឿងដែលលោកបាននិយាយទាក់ទងនឹងលោក ហ៊ុន សែន ជាម្ចាស់របស់លោក គឺលោកជាអ្នកប្រឌិតឡើង រួមទាំងការអួតអាងកន្លងមក ថា លោកចេញចូលភូមិគ្រឹះនៅតាខ្មៅរបស់លោក ហ៊ុន សែន ពេលណា ម៉ោងណានិងថ្ងៃណាក៏បាន។
ក្រៅពីការសុំទោសលោក ហ៊ុន សែន និងប្រឹងនិយាយដដែលៗ ដើម្បីលាងជម្រះថា លោក ហ៊ុន សែន មិនពាក់ព័ន្ធនឹងអំពើបោកប្រាស់របស់ខ្លួន។
លោក លី សាម៉េត៖ «ខ្ញុំបាទលី សាម៉េត បានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុតដែលធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំរបស់សម្ដេច។ ខ្ញុំបាទ បានយកឈ្មោះសម្ដេចទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ហើយក៏មិនមែនជាលើកទី១ ដែរ ហើយមិនតែប៉ុណ្ណោះ ថាថវិកាលុយទាំងអស់នោះ យកទៅជូនសម្ដេចទៀត»។
បន្ទាប់ពីលោក លី សាម៉េត បង្ហោះវីដេអូសារភាពនេះ លោក ហ៊ុន សែន ក៏បានយកវីដេអូដដែលទៅផ្សព្វផ្សាយបន្តនៅលើហ្វេសប៊ុករបស់លោក។
កាលពីថ្ងៃទី៧ ខែតុលា លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុកដោយអះអាងថា ឧកញ៉ា លី សាម៉េត តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយគេអស់រាប់លានដុល្លារដោយនៅក្នុងនោះ មានអតីតអភិបាលស្រុកល្វាឯមលោក កន សុខកាយ ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្រោយការបង្ហោះសាររបស់លោក ហ៊ុន សែន បានមួយថ្ងៃសមត្ថកិច្ចបានចូលត្រួតពិនិត្យផ្ទះរបស់ឧកញ៉ា លី សាម៉េត នៅក្នុងខណ្ឌឫស្សីកែវ ប៉ុន្តែមិនឃើញឧកញ៉ា លី សាម៉េត នៅក្នុងផ្ទះឡើយ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានស្នើឱ្យតុលាការបង្កកទ្រព្យសម្បត្តិឧកញ៉ារូបនេះ ហើយបញ្ជាឱ្យប្រធានក្រុមមេធាវីរបស់លោកគឺលោក គី តិច ទទួលពាក្យបណ្ដឹងអ្នកដែលចាញ់បោកលោក លី សាម៉េត ដើម្បីប្ដឹងទាមទារសំណងត្រឡប់ទៅវិញ។
យ៉ាងណា គិតមកទល់ពេលលោក លី សាម៉េត ចេញសារភាពកំហុសដោយខ្លួនឯងនេះ តុលាការនៅតែរក្សាភាពស្ងៀមស្ងាត់ដោយមិនបានប្រកាសថា ទ្រព្យសម្បត្តិដែលបង្កកទាំងអស់ មានតម្លៃប៉ុន្មាន ហើយលោក លី សាម៉េត ខ្លួនឯងនៅក្នុងវីដេអូសារភាព ក៏មិនបានប្រាប់ថា ប្រាក់ដែលបានពីការឆបោកនោះ ចាត់ចែងបែបណាខ្លះ និងដល់ដៃអ្នកណាខ្លះឡើយ។
លោក ហ៊ុន សែន បានចេញសារបញ្ជាក់បន្ថែមនៅថ្ងៃទី៤ ខែវិច្ឆិកា ថា វីដេអូសារភាពកំហុស និងសូមទោសមិនអាចជួយឱ្យលោក លី សាម៉េត រួចខ្លួនឡើយ។ លោកថា ជំនួយការរបស់លោកគឺលោក ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយលោក លី សាម៉េត ដែរ។
លោក ហ៊ុន សែន ថា សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ដោយមិនផ្ដល់ឱកាសឱ្យលោក លី សាម៉េត សម្រាកព្យាបាលជំងឺនៅផ្ទះ តាមការស្នើសុំរបស់លោក លី សាម៉េត ឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញលោក សំ វិច្ឆិកា បានទេ នៅថ្ងៃទី៤ ខែវិច្ឆិកា ខណៈអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ប្រាប់ថា កំពុងធ្វើការងារនេះ។
លោក អេង ហ៊ី៖ «យើងកំពុងធ្វើការហ្នឹងហើយ យើងកំពុងធ្វើការហ្នឹងហើយ។ខ្ញុំមិនទាន់ដឹងដែរ ព្រោះគេកំពុងធ្វើការជំនាញរបស់គេ»។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មិនជឿជាក់លើវិធានការនេះទេ និងថាធ្វើឱ្យឃើញតែនៅចំពោះមុខប៉ុណ្ណោះ។ លោកពន្យល់ថា អ្នកដែលស្និទ្ធនឹងគ្រួសារមេដឹកនាំ តែងតែរួចផុតពីសំណាញ់ច្បាប់ ពីព្រោះការអនុវត្តច្បាប់ នៅកម្ពុជាសព្វថ្ងៃ ស្ថិតនៅក្រោមបញ្ជារបស់ក្រុមគ្រួសារត្រកូលហ៊ុន មិនមែនជាច្បាប់នីតិរដ្ឋពិតប្រាកដទេ។
លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែវិច្ឆិកា ថា ចំណាត់ការលើមន្ត្រីពុករលួយ និងបោកប្រាស់ គឺជារឿងល្អ ប៉ុន្តែទាល់តែអនុវត្តតាមច្បាប់ ដោយមិនចាំបាច់រង់ចាំអន្តរាគមន៍ភ្លើងខៀវពីអ្នកណា ទោះក្នុងករណីណា និងពាក់ព័ន្ធអ្នកណា ដែលមានឋានៈធំប៉ុនណាក៏ដោយ។
លោក ស៊ឹង សែនករុណា៖ «បើអត់មានបញ្ជាទេ ក៏មិនរវល់ អ៊ីចឹងបង្ហាញថា ប្រព័ន្ធអនុវត្តច្បាប់យើងមានតែច្បាប់ មានតែមនុស្ស ប៉ុន្តែចាំតែបញ្ជាមនុស្សម្នាក់ មនុស្សពីរនាក់ ឬគ្រួសារមួយ វាមិនមែនជាប្រព័ន្ធអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវទេ។ ប្រព័ន្ធអនុវត្តច្បាប់ត្រឹមត្រូវ គឺមិនរង់ចាំបញ្ជានោះទេ នៅពេលឃើញបទល្មើសណាមួយកើតឡើងសមត្ថកិច្ចដែលមានតួនាទីទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ហ្នឹង ត្រូវចាត់វិធានការទៅតាមតួនាទីរបស់ខ្លួន ហើយបញ្ជូនរឿងនឹងទៅតុលាការដើម្បីកសាងសំណុំរឿងឬក៏សម្រេចសេចក្ដីទៅច្បាប់ដែលមានចែងអ៊ីចឹងទៅ»។
អ្នកឃ្លាំមើលលើកឡើងថា យុត្តិធម៌ក្នុងរឿងឧក្រិដ្ឋកម្ម ទាមទារឱ្យមានការស៊ើប អង្កេតដោយហ្មត់ចត់ និងមានតម្លាភាព លើគ្រប់ជនសង្ស័យទាំងអស់ ហើយការជាប់សង្ស័យរបស់លោក ហ៊ុន សែន ក្នុងអំពើឆបោកនេះ គឺលោក ហ៊ុន សែន មិនបានចាត់វិធានការផ្លូវច្បាប់លើលោក លី សាម៉េត ភ្លាមៗទេ ទោះដឹងពីបទល្មើសឆបោកទ្រង់ទ្រាយធំរបស់លោក លី សាម៉េត ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។