"ការ​ពង្រីក​ផ្ទៃ​ដី​​ទ័ព​អាកាស​នៅ​រាម នឹង​នាំ​ឱ្យ​សង្ស័យ​កាន់តែ​ខ្លាំង​ពី​វត្តមាន​ទ័ព​ចិន​នៅ​កម្ពុជា"

ដោយ យន់ សាមៀន
2023.03.26
Share on WhatsApp
Share on WhatsApp
"ការ​ពង្រីក​ផ្ទៃ​ដី​​ទ័ព​អាកាស​នៅ​រាម នឹង​នាំ​ឱ្យ​សង្ស័យ​កាន់តែ​ខ្លាំង​ពី​វត្តមាន​ទ័ព​ចិន​នៅ​កម្ពុជា" រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់ ទទួល​រថយន្ត​យោធា​ជំនួយ​ចិន កាលពីថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ទៀ បាញ់

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​នយោបាយ​ថា ការ​ពង្រីក​ផ្ទៃដី​បញ្ជាការដ្ឋាន​ទ័ពអាកាស​នៅ​ឆ្នេរ​សមុទ្រ​រាម នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​កាន់តែ​មាន​ការ​សង្ស័យ ពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា។ ការ​លើកឡើង​បែប​នេះ គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​អំពី​ការ​កាត់​ដី​ឆ្នេរ​សមុទ្រ​រាម​ជិត ២០០​ហិកតារ (១៨៧​ហិកតារ​) ពី​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ទៅ​ដល់​ក្រសួង​ការពារ​ជាតិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកវិភាគ​នយោបាយ លើកឡើង​ស្រដៀងៗ​គ្នា​ថា ការ​កាត់​ផ្ទៃដី​ឧទ្យាន​សមុទ្រ​រាម​ជិត ២០០​ហិកតារ (១៨៧​ហិកតារ​) បន្ថែម​ទៅ​ដល់​បញ្ជាការដ្ឋាន​កងទ័ពអាកាស ក្រសួង​ការពារជាតិ គឺ​ជា​សញ្ញា​ថ្មី​បន្ថែម​ទៀត​ដែល​អាច​នាំ​ឱ្យ​ប្រទេស​លោកខាងលិច និង​ប្រទេស​ក្នុង​តំបន់ សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ពិតជា​បាន​ផ្ដល់​ទីតាំង​ដល់​កងទ័ព​ចិន​នៅ​កម្ពុជា​ពិតប្រាកដ​មែន​នោះ គឺ​ប្រៀប​ដូចជា យក​ភ្លើង​ដុត​ខ្លួន​ដូច្នេះ​ដែរ។ លោក អ៊ំ សំអាន ថា នៅ​ពេល​វិស័យ​យោធា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន នោះ​សមត្ថភាព​ការពារ​ជាតិ​កម្ពុជា​មិន​អាច​រឹងមាំ​បាន​នោះ​ឡើយ ព្រោះ​វិស័យ​យោធា​ចិន​មិន​មាន​បច្ចេកវិទ្យា​ទាន់សម័យ ដូច​បណ្ដា​ប្រទេស​លោក​ខាងលិច​នោះ​ទេ។

លោក អ៊ំ សំអាន៖ «កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ធ្វើ​ម៉េច​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ទាំង​លោក​ខាងលិច និង​ប្រទេស​កុម្មុយនិស្ត អាហ្នឹង​បាន​យើង​អាច​ពង្រឹង​សមត្ថភាព​របស់​យើង​បាន ទាំង​សមត្ថភាព គ្រឿង​សព្វាវុធ ហើយនឹង​ថវិកា​ដើម្បី​ពង្រឹង​ទៅ​ដល់​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា»

ក្ដី​បារម្ភ​នេះ​បាន​កើតឡើង​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​អនុក្រឹត្យ​មួយ ដែល​រដ្ឋាភិបាល​បានសម្រេច​ធ្វើ​អនុប្រយោគ​ផ្ទៃដី​ជិត ២០០​ហិកតារ (១៨៧​ហិកតារ​) ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចិរភាព នៃ​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ខេត្ត​ព្រះសីហនុ ទៅ​ឲ្យ​ក្រសួង​ការពារជាតិ។ អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ ហើយ​សារព័ត៌មាន​ក្នុងស្រុក​ទើប​ផ្សាយ​កាលពី​ថ្ងៃទី២៤ មីនា បង្ហាញថា រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​ពី​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន លីស៊ីន ឌេវើឡុបមិន (Lixin Devolopment) របស់​ក្មួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន តូ ១៥៧​ហិកតារ ឲ្យ​ទី​បញ្ជាការដ្ឋាន​ការពារ​អាកាស និង​ដី ៣០​ហិកតារ​ផ្សេងទៀត សម្រាប់​ដាក់​ប្រព័ន្ធ​រ៉ាដា​កងទ័ព​ជើង​ទឹក។ ទីតាំង​ដី​ជិត ២០០​ហិកតារ​បន្ថែម​នេះ ស្ថិត​នៅ​ជាប់​នឹង​ទីតាំង​កងទ័ព​ជើងទឹក​រាម ដែល​សហគមន៍​អន្តរជាតិ​តែងតែ​សង្ស័យ​ថា នឹង​ប្រើប្រាស់​ដោយ​យោធា​ចិន។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់​ឃើញ​ថា ដើម្បី​បញ្ឈប់​ការ​សង្ស័យ​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​តម្លាភាព​ក្នុង​ការ​ឆ្លើយតប​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ហ៊ាន​ទទួល​យក​ការ​ធ្វើ​ទស្សនកិច្ច​របស់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​នោះ។ បណ្ឌិត សេង សារី បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទំនាក់ទំនង​វិស័យ​យោធា​រវាង​ប្រទេស​មហាអំណាច រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​មាន​ទំនាក់ទំនង​ផ្នែក​យោធា​ឲ្យ​មាន​ភាព​ស្មើគ្នា​រវាង​លោក​ខាងលិច និង​ចិន។

បណ្ឌិត សេង សារី៖ «អ្វី​ដែល​សំខាន់​បំផុត​នោះ​ថា តើ​កម្ពុជា​មាន​សមត្ថភាព​នៅក្នុង​ការ​ធ្វើ​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២ ដែល​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​ហ្នឹង​ដោយ​របៀប​ណា បើសិនជា​ក្នុង​ករណី​ឧទាហរណ៍​ថា សមយុទ្ធ​នាគមាស ដែល​ធ្វើ​ជាមួយនឹង​ចិន​ហ្នឹង គួរតែ​ថ្នាក់ដឹកនាំ​កងទ័ព​កម្ពុជា​ហ្នឹង ប្រកាស​ថា នឹង​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ហ្នឹង​បណ្ដា​ប្រទេស​លោក​សេរី​មួយចំនួន មិនមែន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​ប្រទេស​ចិន​ហើយ ក៏​បន្ត​ស្ងាត់ ការ​បង្ហាញ​អំពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ហ្នឹង​ប្រទេស​លោក​សេរី​នោះ​ទេ»

យោធា​កម្ពុជា និង​ចិន កំពុង​ជាប់ដៃ​ធ្វើ​សមយុទ្ធ​នាគ​មាស​ជាមួយគ្នា នៅ​ខេត្ត​កំពង់ឆ្នាំង។ សមយុទ្ធ​នាគមាស បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ទៅ​ដល់​ថ្ងៃទី​៨ ខែ​មេសា ដោយមាន​កងទ័ព​កម្ពុជា និង​ចិន​ចូលរួម​ចំនួន​ជាង ៨០០​នាក់។ ក្រសួង​ការពារជាតិ​អះអាង​ថា សមយុទ្ធ​យោធា​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​រក្សា​សណ្ដាប់ធ្នាប់ សន្តិភាព និង​ជួយ​សង្គ្រោះ​គ្រោះធម្មជាតិ​។ ទោះ​បី​យ៉ាង​ណា​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន ធ្លាប់​សម្រេច​លុបចោល​សមយុទ្ធ​យោធា​រួមគ្នា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៧ ដោយ​យក​លេស​ថា រវល់​រៀបចំ​ការបោះឆ្នោត។ ការ​លុបចោល​សមយុទ្ធ​យោធា​នឹង​អាមេរិក​នេះ ក្រោយ​មាន​ការ​ផ្សាយ​ព័ត៌មាន កាលពី​ឆ្នាំ​២០១៩​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មួយ​ផ្នែក​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​សម្រាប់​រយៈពេល ៣០​ឆ្នាំ ហើយនឹង​មាន​ការ​បន្ត​ដោយ​ស្វ័យប្រវត្តិ​រៀងរាល់ ១០​ឆ្នាំ​ម្ដង និង​បាន​វាយកម្ទេច​អគារ​ដែល​សាងសង់​ឡើង​ដោយ​ជំនួយ​សហរដ្ឋអាមេរិក។

អ្នកវិភាគ​នយោបាយ​ចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញ​ថា ដើម្បី​ធានា​ថា កម្ពុជា​បាន​គោរព​កិច្ចព្រមព្រៀង​អធិបតេយ្យភាព ឯករាជ្យ និង​អព្យាក្រឹតភាព​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​បាន​ហាម​មិន​ឲ្យ​មាន​មូលដ្ឋាន​យោធា និង​បុគ្គលិក​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន បណ្ដា​ប្រទេស​ហត្ថលេខី​ណាមួយ គួរតែ​ស្នើ​សុំ​ឱ្យ​បង្កើត​គណៈកម្មាធិការ​តម្លាភាព​មួយ ដើម្បី​ពិនិត្យមើល​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយ​នេះ​ឡើងវិញ​។ លោក​បន្ត​ថា តាមរយៈ​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​ទាំង​ប្រទេស​ចិន ថៃ វៀតណាម ជាដើម​បាន​ចូលរួម​ផង​ដែរ​នោះ មិន​ត្រឹមតែ​អាច​បញ្ឈប់​ការ​សង្ស័យ​ពី​សំណាក់​បណ្ដា​ប្រទេស​ផ្សេងៗ​អំពី​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​នោះ​​ទេ ប៉ុន្តែ​ក៏​អាច​ធានា​បាន​បូរណភាព​ទឹកដី​កម្ពុជា ដែល​មិនអាច​រំលោភបំពាន​បាន​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ កាលពី​ថ្ងៃទី​២៥ ខែ​មីនា។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​ពី​ការ​ចេញ​អនុក្រឹត្យ​កាត់​ដី​តំបន់​សមុទ្រ​រាម ទៅ​ឱ្យ​ក្រសួង​ការពារជាតិ​នេះ​ឡើយ។

កម្ពុជា​-​ចិន​បាន​ចាប់ផ្ដើម​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ទ័ពជើងទឹក​រាម ស្ថិត​ក្រោម​ជំនួយ​ពី​ប្រទេស​ចិន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ប៉ុន្តែ លោក​ថា កម្ពុជា​ជា​ម្ចាស់​ប្រទេស ដូច្នេះ​កម្ពុជា​មាន​សិទ្ធិ​សម្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។