អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី

ដោយ ច័ន្ទ ដារ៉ូ
2024.04.19
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា (ឆ្វេង) ដើរពីក្រោយ​លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុកលោក គង់ សភា

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្ដាច់ខ្លួន​ចេញ​ពី លោក សម រង្ស៊ី ជា​កលល្បិច​នយោបាយ​ដើម្បី​កម្ទេច​អ្នក​ប្រជាធិបតេយ្យ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ដោយ​ដាក់​លក្ខខណ្ឌ​ឱ្យ​សមាជិក​បក្ស​ជំទាស់​ផ្ដាច់ខ្លួន​ពី​លោក សម រង្ស៊ី បើសិន​ពួកគេ​ចង់​វិល​ចូល​ស្រុក​ខ្មែរ​វិញ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការដែល​មេដឹកនាំ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន បន្ត​ប្រកាស​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ផ្ដាច់ខ្លួន​ពី​លោក សម រង្ស៊ី ដើម្បី​ជា​ថ្នូរ​ទទួល​បាន​ការ​លើក​លែង​ទោស​វិលត្រឡប់​ចូល​ស្រុក​វិញ​នោះ គឺជា​យុទ្ធសាស្ត្រ​កម្ទេច​ក្រុម​ជំទាស់​។ ប៉ុន្តែ​ពួកគេ​យល់​ថា ករណី​នេះ​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​ឱកាសនិយម​មួយ​ចំនួន តែ​វា​មិនមែន​ជា​សញ្ញា​វិជ្ជមាន​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​នោះ​ទេ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ទស្សនៈ​ដាក់​ឱ្យ​លោក សម រង្ស៊ី នៅ​ឯកោ​អាច​ពិបាក​ទទួល​បាន​ជោគជ័យ​នៅពេល​បច្ចុប្បន្ន ពីព្រោះ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ខណៈ​មន្ត្រី​មួយចំនួន​នៅតែ​ស្មោះត្រង់​។ តែ​លោក​កត់សម្គាល់​ថា កន្លង​ទៅ​អ្នកនយោបាយ​ដែល​ចាក​ចេញពី​លោក សម រង្ស៊ី តែងតែ​បាត់​តម្លៃ​នៅក្នុង​ឆាក​នយោបាយ​ជា​បន្តបន្ទាប់។

លោក ឯម សុវណ្ណារ៉ា បញ្ជាក់​ថា បើ​អ្នកនយោបាយ​ប្រកាន់​ជំហរ​យក​ឈ្នះ​ចាញ់​រៀងខ្លួន​ទៀត​នោះ​នឹង​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ​ទៅ​មុខ​ទៀត ចំណែក​សហគមន៍​អន្តរជាតិ​នឹង​ដាក់​សម្ពាធ បើសិន​រដ្ឋាភិបាល​ខក​ខាន​ឆ្លើយតប​សំណើ​ពួកគេ​ជុំវិញ​ការ​កែ​លម្អ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា៖ «ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​ក៏​ចង់ឱ្យ​អ្នកនយោបាយ​រក​ចំណុច​រួមគ្នា ជជែក​គ្នា​បាន​ដែរ ដោយ​មិន​គួរ​ប្រើ​នយោបាយ ឬ​វប្បធម៌​ទឹក​ឡើង​ស៊ី​ស្រមោច គឺ​វា​មិន​ចំណេញ​ដល់​សង្គមជាតិ តែ​វា​ធ្វើ​ឱ្យ​សង្គមជាតិ​យើង​បែងចែក​ទៅ​ផ្សេង​ទៅវិញៗ​។ ពួកគេ​គួរ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ប្រកួត​ប្រជែង​គ្នា​តាម​គោលការណ៍​ច្បាប់ ខ្ញុំ​គិតថា​វា​ជា​កិច្ចការ​ល្អ​សម្រាប់​រក​ផលប្រយោជន៍​ជូន​ជាតិ​បាន»

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​នេះ គឺ​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៧ ខែមេសា ប្រកាស​ជាថ្មី​ថា លោក​នឹង​លើកលែងទោស​ដល់​អ្នកណា​ដែល​ចេញពី​លោក សម រង្ស៊ី តែ​អ្នក​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នឹង​នៅតែ​បន្ត​ប្រឈម​ការ​ជាប់​ទោស​ដដែល​។ លោក ហ៊ុន សែន ប្ដេជ្ញា​ថា លោក​ដាក់​ផែនការ​តាម​កម្ចាត់​លោក សម រង្ស៊ី ដូច​ខ្មែរក្រហម​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ភ្ញាក់​រលឹក​អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​ប្រឆាំង​ខ្ញុំ ហើយ​បោះបង់ចោល​ការ​ប្រឆាំង​ខ្ញុំ លើកលែងតែ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្វាគមន៍ ហើយក៏​មិន​យោគយល់​អស់​មួយ​ជីវិត ខ្ញុំ​ដាក់​គោលដៅ​កម្ចាត់​ដូច​ដែរ​ខ្ញុំ​បាន​កម្ចាត់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម នេះ​ជា​គោលដៅ​ដែល​ខ្ញុំ​ដាក់ចេញ លក្ខខណ្ឌ​ដែល​ខ្ញុំ​ទទួល​គឺ​អ្នកណា​ក៏ដោយ​ផ្តាច់​ខ្លួន​ចេញ និង​ប្រឆាំង​ជាមួយ​អាចោរ​ក្បត់ជាតិ​បី​ជំនាន់ អ្នក​នោះ​ខ្ញុំ​ស្វាគមន៍​ជានិច្ច»

ក្រោយ​ការប្រកាស​របស់​លោក ហ៊ុន សែន នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា ដែល​ជា​កូនបង្កើត​របស់​លោក គង់ គាំ បាន​សរសេរ​លិខិត​សុំទោស​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​លោក​សោកស្តាយ​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កន្លងទៅ​។ លោក គង់ សភា ក៏បាន​ស្នើ​ដល់​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ដែល​តុលាការ​បាន​ផ្ដន្ទាទោស រួម​ជាមួយ​ទម្លាក់​ចោល​ការចោទប្រកាន់ ដើម្បី​លោក​វិលត្រឡប់​ទៅ​កម្ពុជា​វិញ និង​ជួបជុំ​គ្រួសារ​មើលថែ​ឪពុក​ចាស់ជរា​ផង​ដែរ។

នេះ​បើ​តាម​ខ្លឹម​សារលិខិត​ចុះ​ហត្ថលេខា​ដោយ​លោក គង់ សភា កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​គណបក្សកាន់អំណាច​យក​មក​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មេសា។

ជុំវិញ​រឿង​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​(Facebook) ថា លោក​ស្វាគមន៍​ចំពោះ​លោក គង់ សភា ដែល​បាន​សុំទោស​នោះ ហើយ​លោក​នឹង​ចាត់ចែង​តាម​នីតិវិធី​ដើម្បី​ឱ្យ​លោក គង់ សភា អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ។

ចំណែក​លោក គង់ សភា ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អ៊ីម៊ែល (Email) ថា លោក​មិន​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទេ ប៉ុន្តែ​ការ​សរសេរ​លិខិត​សុំ​លើកលែងទោស​នេះ ធ្វើ​ឡើង​គោលបំណង​ឱ្យ​លោក​មាន​ឱកាស​ទៅ​មើលថែ​ឪពុកម្ដាយ​ចាស់ជរា​នៅ​ស្រុក​ខ្មែរ។

ទោះបីជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី ថា ពួកគេ​នឹង​មិន​រត់ចោល​លោក សម រង្ស៊ី នោះ​ទេ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ថ្លែង​ថា ការសម្រេចចិត្ត​របស់​លោក គង់ សុភា មិន​ពាក់ព័ន្ធ​គោលនយោបាយ​របស់​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម​ពិត​ប្រា​ដក​នោះ​ឡើយ​។ លោក​ប្រដូច​សារ​របស់​លោក ហ៊ុន សែន អូសទាញ​សមាជិក​បក្ស​ជំទាស់​នៅ​ក្រៅ​ប្រទេស​ដូច​ទៅ​នឹង​សារ​អំពាវនាវ​របស់​ខ្មែរក្រហម​បង្កប់​នូវ​ជា​ល្បិចកល​នយោបាយ ស្រប​ពេល​លោក ហ៊ុន សែន ភ័យខ្លាច​វត្តមាន​លោក សម រង្ស៊ី នៅ​លើ​ឆាក​នយោបាយ​កម្ពុជា។

លោក ម៉ន ផល្លា៖ «អ្នក​ដែល​​ផ្លាស់ប្ដូរ​គោលនយោបាយ ហើយ​វិល​ត្រឡប់​ទៅ​តាម​ការ​ឃោសនា​របស់​លោក ហ៊ុន សែន មែនទែន​ទៅ​គឺជា​នយោបាយ​ប្រជាភិថុតិ​ដោយ​មិន​មាន​ចេតនា​ក្នុង​បំណង​ដើម្បី​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឱ្យ​មាន​ឯកភាព​ជាតិ​ពិតប្រាកដ​នោះ​ទេ​បាទ»

កន្លង​ទៅ​តុលាការ​ក្រោម​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន បាន​កាត់​ក្ដី​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដកសិទ្ធិ​នយោបាយ​ជា​ស្ថាពរ ពី​បទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​» ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន​៤​ខេត្ត ឱ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។ ក្រៅ​ពី​នេះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ដដែល​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ​ទៀត​ពី​បទ​«​ក្បត់ជាតិ និង​ញុះញង់​» ជាដើម។

ទោះជា​យ៉ាងណា លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង កំពុង​ធ្វើ​យុទ្ធនាការ​នយោបាយ​ការទូត ដើម្បី​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ មាន​សហភាព​អឺរ៉ុប និង​អាមេរិក ជួយ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដោយ​ទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។