អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​គ្រោះថ្នាក់​ដែល​មេដឹកនាំ​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​ពេក​

ដោយ សន ចាន់រដ្ឋា
2021-07-08
Share
អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​គ្រោះថ្នាក់​ដែល​មេដឹកនាំ​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​ពេក​ លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្តចិន និង​គណបក្សនយោបាយ​លើ​ពិភព​លោក​ កាលពីយប់​ថ្ងៃទី៦ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ។
រូប៖ ហ្វេសប៊ុក SPM

អ្នក​វិភាគ និង​មន្ត្រីបក្ស​ប្រឆាំង​ថា ការ​បង្ហាញ​ឥរិយាបទ​នយោបាយ​ការទេស​នៃ​របប​លោក ហ៊ុន​ សែន ដែល​ងាក​ទៅចិន​ជ្រុល​នៅក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​នឹង​ធ្វើឱ្យ​កម្ពុជា​ឃ្លាត​ចេញ​កាន់​តែ​ឆ្ងាយ​ពី​បណ្ដា​ប្រទេស​លោក​សេរី ជា​ពិសេស​ សហរដ្ឋអាមេរិក។ ករណី​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ចពី​ក្រុម​ប្រទេស​​ទាំង​នោះ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជ​ធានីភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា លើកឡើង​ថា​ ប្រទេ​ស​ក្រីក្រ​ច្រើន​ណាស់​កំពុង​លង់ខ្លួន​ជំពាក់​បំណុល​ចិន​ព្រោះការ​ពឹង​ពាក់​ចិន​ខ្លាំង​ជ្រុល។ លោកថា ប្រទេសចិន​មិន​ដែល​ខ្វល់​ពី​ការ​គោរព​សិទ្ធិមនុស្ស ​ឬ​ប្រជាធិបតេយ្យ​ទេ គឺ​គេមើល​ឃើញ​តែ​ផល​ប្រយោជន៍និង​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ។ លោកថា កា​រ​ប្រឹង​ងាក​នៅពេល​នេះនឹងធ្វើ​ឱ្យ​​កម្ពុជា ឬ​ពលរដ្ឋខ្មែរ​ជួប​គ្រោះថ្នាក់​នា​ពេល​ខាង​មុខ៖ ​«​ប្រទេ​ស​​​មួយ​ចំនួន​​ដែល​ពឹង​ពាក់​ក៏ដូចជា​យក​ចិន​ធ្វើខ្នង​បង្អែក​គឺ​ប្រទេស​ទាំង​នោះ​មិន​មាន​ការ​រីក​ចំរើន​ផ្នែក​វិស័យ​សេដ្ឋកិច្ចពិត​ប្រាកដទេ​ ហើយ​តែង​ទទួល​រងការ​រំលោភ​សិទ្ធិមនុស្ស​ និង​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង»

ប្រតិកម្ម របស់​មន្ត្រីបក្សប្រឆាំង​នេះ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន​ ចាត់​ទុក​ចិន​ជាមិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ និង​បាន​ផ្ដល់​វ៉ាក់សាំងកូវីដ១៩​ ឱ្យ​កម្ពុជា​បាន​​ទាន់​ពេល។ លោក ហ៊ុន សែន រំពឹងថា នៅ​ពេល​ជំងឺកូវីដ១៩ ​បាន​ថមថយ​ទៅ​វិញ លោក​ក៏​ត្រូវ​ការ​ចិនកាន់​តែខ្លាំង​ថែម​ទៀត​ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើប​​ឡើង​​វិញ។ លោកក៏​ប្រកាស​គាំទ្រ​យុទ្ធសាស្ត្រ​នយោបាយ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ (BRI) របស់​ចិន៖ «សូមសំដែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សាធារណៈរដ្ឋ​ចិន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ និង​ជាពិសេស​ជំនួយ​ជាវ៉ាក់សាំង​បង្កា​កូវីដ១៩ ​ដូច​ពាក្យ​ស្លោក​មិត្ត​ល្អ​ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្ន»

លោក ហ៊ុន សែន លើក​ឡើងបែប​នេះ ក្នុង​ពេល​លោក​ថ្លែង​ក្នុ​ង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្តចិន និង​គណបក្សនយោបាយ​លើ​ពិភព​លោក​ កាលពីយប់​ថ្ងៃទី៦ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ។

នៅថ្ងៃទី៧ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា​ បា​ន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​នៃ​ការ​ចូល​រួម​របស់​លោក ហ៊ុន សែន ក្នុង​សន្និសីទ​កំពូល​នោះ ដែលមាន​ចំណុច​សំខាន់ៗដូ​ចជា ទី១.​សន្និសីទ​កំពូល​នោះ​បាន​ស្នើឲ្យ​គណបក្ស​នយោបាយ​នៅតាម​បណ្ដាប្រទេស​ទាំង​អស់​ ប្ដេជ្ញាចិត្ត​ក្នុង​ការ​កសាង​គុណ​តម្លៃគ្នា រួមមាន សន្ដិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព។ ទី២.​គណបក្ស​នយោបាយ​ទាំងអស់​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​សកម្មភាព ដើម្បី​​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ២០៣០​ ដើម្បី​សម្របសម្រួ​ល​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច ពង្រឹង​កិច្ចសហការ​ប្រតិបត្ដិការ​សកល​លើ​នវានុវត្តន៍​បច្ចេកវិទ្យា​ និង​លើក​កម្ពស់​ការ​ចែក​រំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា។ ទី៣.​គណបក្ស​នយោបាយ​មកពី​បណ្ដា​ប្រទេស​ទាំងអស់ ត្រូវ​ប្ដេជ្ញា​សម្របសម្រួល​ការ​ផ្លាស់​ប្ដូរគ្នា​ និង​ការរៀនសូត្រ​ទៅវិញ​ទៅម​ក​លើ​អរិយធម៌ ទំនាក់​ទំនង​រវាង​ប្រជាជន និង​​ប្រជាជន​​ដ៏​រឹង​មាំ​ ព្រ​ម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ កីឡា ទេសចរណ៍ និង​រវាង​ស្ថាប័នស្រាវជ្រាវ។

អ្នកវិភាគ​​នយោបាយលោក គឹម សុខ យល់ថា សេដ្ឋកិច្ចកម្ពុជា​​មិន​​អាច​​ពឹង​​តែ​លើ​​ប្រទេស​ចិន​​មួយ​​ទេ ផ្ទុយ​ទៅវិញ​​ទីផ្សារ​​ធំ​​របស់​កម្ពុជា គឺ​​សហរដ្ឋអាមេរិក និង​សហ​ភាព​អឺរ៉ុប​ឯណោះទៅ​វិ​ញ​​ទេ។ ​លោក​ថា បើ​របប​ក្រុង​ភ្នំពេញ​​នៅតែ​ប្រកាន់​ឥរិយាបទ​នយោបាយ​ការ​ទេស​បែប​នេះ ​នឹង​រុញ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​កូន​ជឹងចាំ​ប្រឆាំង​លោក​សេរី​ជំនួស​ប្រទេស​ចិន៖ «មិនត្រឹម​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ចទេ​នាំ​ឱ្យ​ដល់​ស្ថានភាព​ដុតក​ម្ទេច​កម្ពុជា​ពេលនោះ​មិនត្រឹម​តែអត់​បាយទេ​ប្រជារាស្ត្រ​រងគ្រោះ​ហូរឈាម​ក្នុង​ល្បែង​មួយ​ដែល​អ្នក​ដឹកនាំ​ប្រទេស​ឱ្យធ្លាក់​ក្នុង​ទំនាក់ទំនង​ផ្ដាច់​មុខជា​មួយ​ចិន»

រីឯអ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​ចំណងទាក់ទង​ជាមួយ​អាមេរិក​ឡើងវិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​បន្ថែម​ទៀត។ លោកថា កម្ពុជា​គួរតែ​ប្រើ​គោលនយោបាយ​កិច្ចការបរទេស​ទន់ភ្លន់ ទប់​ទល់នឹង​ឥទ្ធិពល​អាមេរិក និង​មិន​ត្រូវ​ងាក​ទៅ​រក​ចិន​តែ​ម្ខាង​ដែរ នៅ​ក្នុង​ស្ថានភាព​កាន់តែ​តានតឹង​បែប​នេះ។

សហរដ្ឋ​អាមេរិក​បាន​សម្តែង​កង្វល់ជា​បន្ត​បន្ទាប់​អំពីលទ្ធភាពវត្តមាននៃកង​ទ័ពចិន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅមូលដ្ឋាន​ទ័ព្ទជើងទឹក​រាម។  អនុរដ្ឋ​មន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ជំរុញ​ថ្នាក់​ដឹក​នាំរបបក្រុង​ភ្នំពេញ ឱ្យ​រក្សា​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជា​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល