អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប

ដោយ ទីន ហ្សាការីយ៉ា
2024.10.31
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប មន្ត្រី​រដ្ឋាភិបាល ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត (ជួរ​ឆ្វេង​រូប​ទី៧) និង​គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ដឹកនាំ​លោក មូហាម៉េដ អាប់ឌុល មូហ៊ីត (Muhammad Abdul Muhith) (ជួរ​ឆ្វេង​រូប​ទី៧) ក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) របស់​អង្គការ​សហប្រជាជាតិ ថា ជា​ការ​អនុវត្ត​នយោបាយ​ប្រជាភិថុតិ បោកប្រាស់​ពលរដ្ឋ និង​អង្គការ​សហប្រជាជាតិ ខណៈ​ពួក​គេ​ថា ជាក់ស្ដែង​រដ្ឋាភិបាល​មិន​បាន​ខិតខំ​ធ្វើ​ឱ្យ​សម្រេច​ដូច​គោលដៅ​ទាំង​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ អះអាង​នៅ​ថ្ងៃទី៣១ ខែ​តុលា​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» នៅតែ​បន្ត​ភូត​កុហក​ពលរដ្ឋ និង​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​ប្រកាស​ប្ដេជ្ញា​ចិត្ត អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ ការ​ប្ដេជ្ញា​ចិត្ត​នេះ បាន​ត្រឹមតែ​ឮ តែ​មិន​បាន​អនុវត្ត​នោះ​ឡើយ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ខ្ញុំ​ជឿ​ថា ទៅ​មិន​រួច​ទេ លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​សន្យា តែ​គាត់​អត់​ទាន់​បាន​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង ហើយ​គាត់​គិត​តែ​ធ្វើបាប​ពលរដ្ឋ​ខ្លួន​ឯង ធ្វើបាប​តែ​គណបក្ស​ជំទាស់ និង​យុវជន​បរិស្ថាន។ ដើម្បី​ជា​និមិត្តរូប​គាត់​ត្រូវ​តែ​ដោះលែង​ពួកគេ​ទាំង​មក​វិញ ខ្ញុំ​ជឿ​ថា ការ​បង្ហាញ​ទឹក​ចិត្ត​ដោះលែង​អ្នក​ទោស​មនសិការ អ្នក​បរិស្ថាន​ទាំង​អស់ ហើយ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សិន​ទៅ យើង​នឹង​ជឿ និង​ប្រជាពលរដ្ឋ​នឹង​មាន​ជំនឿ»

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា បាន​បង្ហោះ​វីដេអូ មាន​រយៈ​ពេល​ជាង ១នាទី បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​អំពាវនាវ​ដល់​ពលរដ្ឋ រួម​ទាំង​ភាគី​ពាក់ព័ន្ធ ឲ្យ​ចូលរួម​សកម្មភាព ​ដើម្បី​គោលដៅ​នេះ (Together action for SDGs)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ជា​គោលដៅ​មុត​ស្រួច​សម្រាប់​ការ​អភិវឌ្ឍន៍ នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ «កម្ពុជា​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​គ្រប់​គោលដៅ អេស.ឌី.ជី (SDGs) ទាំង១៨ របស់​កម្ពុជា ជាពិសេស ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន ការ​ពង្រឹង​គុណភាព​អប់រំ និង​ការ​គាំពារ​បរិស្ថាន។ អេស.ឌី.ជី (SDGs) ជា​គោលដៅ​អភិវឌ្ឍន៍​ដ៏​មុត​ស្រួច​របស់​កម្ពុជា ហើយ​យើង​នឹង​សម្រេច​មហិច្ឆតា​នេះ ជាមួយ​នឹង​ការ​ចូលរួម​ពី​សំណាក​បងប្អូន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់»

Hun_Manet_meets_UN_Delegates_about_SDGs_103124_FB_HMN_1.jpg
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ជួរ​ឆ្វេង​រូប​ទី២) និង​លោក មូហាម៉េដ អាប់ឌុល មូហ៊ីត (Muhammad Abdul Muhith) (ជួរ​ស្ដាំរូប​ទី២) គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២៤។ រូបហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព គឺ​ជា​យន្តការ​របស់​អង្គការ​សហប្រជាជាតិ​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥ បន្ត​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ។ យន្តការ​ថ្មី​នេះ កំណត់​គោលដៅ​អភិវឌ្ឍន៍​ជាក់​លាក់​ជា​សកល​ចំនួន ១៧គោលដៅ និង​ប្ដេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០៣០ ដើម្បី​ធានា​ថា មនុស្ស​នៅ​គ្រប់​ទីកន្លែង អាច​ទទួល​បាន​សន្តិភាព និង​វិបុលភាព។ គោលដៅ​ចំនួន​ ១៧​នោះ ​រួមមាន ពុំ​មាន​ភាព​ក្រីក្រ គ្រោះ​អត់​ឃ្លាន​ស្មើ​សូន្យ ការអប់រំ​ប្រកប​ដោយ​គុណភាព ការងារ​សមរម្យ កំណើន​សេដ្ឋកិច្ច កាត់​បន្ថយ​វិសមភាព សន្តិភាព​សង្គម និង​យុត្តិធម៌ និង​សកម្មភាព​ការពារ​បរិស្ថាន​ជាដើម។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ថ្លែង​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» ទំនង​ជា មិន​អាច​ដឹកនាំ​កម្ពុជា ឲ្យ​ចាកចេញ​ពី​ភាព​ក្រីក្រ និង​លុបបំបាត់​វិសមភាព​សង្គម នៅ​ឆ្នាំ២០៣០ តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព របស់​អង្គការ​សហប្រជាជាតិ​បាន​ឡើយ ព្រោះ​រដ្ឋាភិបាល​នេះ ពោរពេញ​ដោយ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ហើយ​ការ​អភិវឌ្ឍន៍​មួយ​ចំនួន ពុំ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ឡើយ។ លោក​លើកឡើង​ថា លុះ​ត្រា​តែ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ជាពិសេស ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ទើប​ការ​អភិវឌ្ឍ​នានា ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ និង​ស្រប​តាម​ស្តង់ដារ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក គឹម សុខ៖ «កាល​ណា អត់​មាន​សន្តិភាព​ប្រកប​ដោយ​យុត្តិធម៌ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ខ្លាំង មានន័យថា សំឡេង​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បដិសេធ ប្រជាពលរដ្ឋ​ត្រូវ​បាន​ធ្វើបាប ប្រជាពលរដ្ឋ​ត្រូវ​បាន​បិទ​សិទ្ធិ ។ ដូច្នេះ​ការ​អភិវឌ្ឍន៍​នោះ មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទេ មានន័យថា មិន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ទេ ផ្ដល់​ផលប្រយោជន៍​ឲ្យ​តែ​ពួក​អ្នក​មាន​អំណាច​មួយ​ក្ដាប់​តូច ដែល​កាន់​តួនាទី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ជាពិសេស ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» តែ​ម្ដង»

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ និង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​របៀប​វារៈ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ២០១៦-២០៣០ ចំនួន​ ១៧​គោលដៅ និង ១៦៩ចំណុច ហើយ​បាន​បំប្លែង​ការ​ប្ដេជ្ញា​ចិត្ត​ ចំពោះ​ការ​អនុវត្ត​គោលដៅ​ប្រកប​ដោយ​ចីរភាព ទៅ​ជា​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

ថ្វីបើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ បាន​គិតគូរ​ពី​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​មាន សហគមន៍ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ក្រុម​សង្គម​ស៊ីវិល​ក៏ដោយ ក៏​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​ផ្ដល់​ឱកាស ឲ្យ​ពួកគេ​បាន​ចូលរួម​ដោយ​ទូលំទូលាយ​ឡើយ ហើយ​លើស​ពី​នេះ​ទៀត​រដ្ឋាភិបាល ថែម​ទាំង​លាប​ពណ៌​ចោទ​ប្រកាន់​អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​ការពារ​សិទ្ធិ​កម្មករ និង​អ្នកនយោបាយ ដែល​ពួក​គេ​បាន​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ រិះគន់​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​តម្លាភាព​ជា​ដើម។ ក៏ប៉ុន្តែ​រដ្ឋាភិបាល បែរ​ជា​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ទៅ​វិញ។ ជាក់​ស្ដែង តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា បាន​កាត់​ទោស​សកម្មជន​បរិស្ថាន ១០នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី ​៦ឆ្នាំ ដល់ ៨ឆ្នាំ ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះ​មហាក្សត្រ» ដោយ​សារ​តែ​សកម្មភាព​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល «ហ៊ុន» ការពារ​បរិស្ថាន និង​សុខុមាលភាព​សាធារណៈ និង​នៅ​មាន​ករណី​ចាប់​ខ្លួន​អ្នក​នយោបាយ​ជាច្រើន​ករណី​ទៀត ​ដូចជា អាជ្ញាធរ ​បាន​ចាប់​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី កាល​ពី​ថ្ងៃ​ទី៩ ខែឧសភា ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​ចែក​ប័ណ្ណ​ក្រីក្រ​មាន​ការ​រើសអើង​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។