អ្នកវិភាគនិងយុវជនយល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្សកាន់អំណាចទំនងរឿងនយោបាយច្រើនជាងដើម្បីជួយវិស័យកសិកម្ម
2022.11.28

អ្នកវិភាគ និងយុវជនមើលឃើញថា អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ សម្រេចចិត្តចុះចូលជាមួយគណបក្សកាន់អំណាចទំនងមកពីរឿងផ្ទាល់ខ្លួន និងនយោបាយច្រើនជាងហេតុផលដើម្បីជួយវិស័យកសិកម្ម។ ប៉ុន្តែមន្រ្តីគណបក្សប្រជាជនអះអាងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយពួកគេ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅមុខ។

អ្នកជំនាញការអភិវឌ្ឍសង្គម និងយុវជនលើកឡើងថា ការចូលរួមជីវភាពនយោបាយ និងពេញចិត្តគោលនយោបាយគណបក្សណាមួយ គឺជាសិទ្ធិសម្រេចចិត្តរបស់បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែពួកគេយល់ថា ការចូលរួមជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នឹងមិនអាចជួយស្តារស្ថានភាពវិស័យកសិកម្ម និងជីវភាពកសិករបានប្រសើរឡើងបានទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី គោរពសិទ្ធិសម្រេចចិត្តរបស់បុគ្គល ប៉ុន្តែលោកបណ្ឌិតមើលឃើញថា ការចូលរួមជាមួយគណបក្សកាន់អំណាចពេលនេះអាចជារឿងផ្ទាល់ខ្លួន ឬពាក់ព័ន្ធបញ្ហានយោបាយច្រើនជាងហេតុផលជួយអភិវឌ្ឍវិស័យកសិកម្មដែលរងការរិះគន់ពីសំណាក់ពលរដ្ឋ។ លោកបណ្ឌិតគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយកសិកម្មបរាជ័យកន្លងមកមិនមែនរដ្ឋាភិបាលខ្វះអ្នកជំនាញ ឬធនធានមនុស្សជួយគិតគូរ និងជំរុញឱ្យវិស័យកសិកម្មដំណើរការទៅមុខទេ តែដោយសារប្រព័ន្ធដឹកនាំរដ្ឋ អំពើពុករលួយចាក់ស្រេះនៅក្នុងស្ថាប័នជាដើម ដូច្នេះលោកបណ្ឌិតសង្ឃឹមតិចតួចចំពោះការសម្រេចចិត្តរបស់ បណ្ឌិត យ៉ង សាំងកុមារ ក្នុងការជួយដល់វិស័យនេះឱ្យប្រែប្រួលទៅមុខ។ ផ្ទុយទៅវិញលោកបណ្ឌិតមើលឃើញថា ចរន្តបែបនេះបានធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យបាត់បង់ធនធានមនុស្សមួយផ្នែកដែលធ្លាប់គាំទ្រចលនាប្រជាធិបតេយ្យក្នុងសង្គមទៅវិញ៖
«ខ្ញុំមានសង្ឃឹមតិចតួចណាស់ ពីព្រោះលោកបណ្ឌិត យ៉ង សាំងកុមារ ម្នាក់ឯងទោះបីមានជំនាញផ្នែកកសិកម្មយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអ្វីបានដែរ ពីព្រោះការធ្វើកំណែទម្រង់វិស័យកសិកម្មហ្នឹងត្រូវកែប្រព័ន្ធទាំងមូល ដោយមិនអាចកែផ្នែកណាមួយធ្វើឱ្យវិស័យកសិកម្មដើរទេ ខ្ញុំគិតថា ការចូលរួមរបស់លោកបណ្ឌិត យ៉ង សាំងកុមារ មានហេតុផលនយោបាយច្រើន ហេតុផលផ្ទាល់ខ្លួនច្រើន ជាងហេតុផលជំនាញ»។
ការលើកឡើងនេះ បន្ទាប់ពីប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺលោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។លិខិតដាច់ដោយឡែកពីគ្នាស្នើទៅប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ចុះថ្ងៃទី២៣ ខែវិច្ឆិកា បញ្ជាក់ថា ការចុះចូលនេះដោយសារពួកគាត់ពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មដែលរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំង២រូបបញ្ជាក់ទៀតថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឱ្យជោគជ័យ និងមានផ្លែផ្កា សំដៅលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះរូបថតដោយសរសេរនៅលើហ្វេសបុកនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកាថា លោកបានជួបពិភាក្សាការងារកសិកម្មជាមួយរដ្ឋមន្រ្តីកសិកម្មលោក ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ លោក ឡឹក សុធារ បន្ទាប់អ្នកទាំងពីរបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ចំណែករដ្ឋមន្រ្តីកសិកម្មលោក ឌិត ទីណា ស្វាគមន៍លោកអ្នកទាំងពីរដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយប្រជាជន ដើម្បីអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅមុខ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ អ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ដើម្បីសុំការបញ្ជាក់បន្ថែមអំពីរឿងនេះបានទេនៅថ្ងៃទី២៨ ខែវិច្ឆិកា។
ប៉ុន្តែអ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ប្រាប់វិទ្យុវីអូឌី (VOD) ថា មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺបណ្ឌិត យ៉ង សាំងកុមារ ទទួលបានតំណែងរដ្ឋលេខាធិការ និងលោក ឡឹក សុធា ជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម។

ទាក់ទងរឿងនេះ អតីតប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបណ្ឌិត យ៉ង សាំងកុមារ បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល២ម៉ោង ដោយបញ្ជាក់ថា គ្រួសារកសិករខ្មែរភាគច្រើនជួបការលំបាកដែលនាំឱ្យប៉ះពាល់ដល់សង្គម និងត្រូវសហការគ្នាដោះស្រាយវិស័យកសិកម្ម។ លោកបណ្ឌិតបានលើកសំណើ ១២ ចំណុចដែលត្រូវពិភាក្សា និងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផលិតកម្ម និងទីផ្សារស្រូវអង្ករ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល។ អ្នកជំនាញកសិកម្មរូបនេះថា ចំណុចទាំង១២ ត្រូវការអនុវត្តរយៈពេល៥ឆ្នាំដែលអាចកសិករជាង១លានគ្រួសារឱ្យបានប្រសើរ។
ទោះយ៉ាងណា អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក លើកឡើងថា បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ដែលធ្លាប់រិះគន់នយោបាយរដ្ឋាភិបាល និងដើរតួជាអ្នកបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យមុនការបោះឆ្នោតឆ្នាំ២០២៣ តែពួកគាត់បែរជាសុំចុះចូលជាមួយគណបក្សកាន់អំណាចនោះ អាចសម្រេចដោយបង្ខំចិត្តក្រោមសម្ពាធមុខជំនួញផ្ទាល់ខ្លួន។ លោកបន្ថែមថា ការលើកឡើងមូលហេតុមកអះអាងថា ពេញចិត្តគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាល គឺគ្រាន់តែជាលេសរបស់អ្នកទាំងពីរដើម្បីរួចផុតពីការរិះគន់របស់មហាជន។ លោកថា ទោះបីពួកគាត់មានវត្តមាននៅក្រសួងកសិកម្មក៏ដោយ គឺលោកគ្មានជំនឿថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនអាចដោះស្រាយបញ្ហាទីផ្សារកសិកម្ម និងជីវភាពពលរដ្ឋប្រសើរបានឡើយ។ លោកអំពាវនាវអ្នកនយោបាយត្រូវរក្សាជំហរនយោបាយរឹងមាំ និងសម្រេចចិត្តឱ្យបានច្បាស់ដើម្បីផលប្រយោជន៍ពលរដ្ឋ៖
«រឿងនេះគ្រាន់តែជាលេសមួយនៃសកម្មភាពចុះចូលរបស់គាត់ដើម្បីកុំឱ្យអ្នកប្រជាធិបតេយ្យផ្សេងៗមានមតិរិះគន់លើរូបគាត់។ ទោះបីមានការតែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ទៅជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ឬក៏ទីប្រឹក្សាមិនអាចធ្វើឱ្យវិស័យកសិកម្មនៅប្រទេសកម្ពុជារីកចម្រើនបានដែរ ពីព្រោះវិស័យកសិកម្មក្តាប់ទាំងមូល គឺរដ្ឋាភិបាល មានន័យថា ខ្សែស្រឡាយ បក្ខពួករបស់អ្នកកាន់អំណាចក្តោបលើវិស័យកសិកម្មអស់ទៅហើយ»។
កន្លងមក ក្រសួងកសិកម្មតែងតែទទួលរងការរិះគន់ពីប្រជាកសិករ និងអ្នកប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វជាញឹកញាប់ ដោយសារក្រសួងមួយនេះអសមត្ថភាពក្នុងការរក្សាតុល្យភាពតម្លៃកសិកម្ម និងពង្រីកទីផ្សារនាំចេញ។

ទន្ទឹមនឹងនេះបញ្ហាតម្លៃកសិផល ជាពិសេសស្រូវគ្មានទីផ្សារ កើតមានឡើងរៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរិះគន់ថា បណ្ដាលមកពីរដ្ឋាភិបាលអសមត្ថភាពក្នុងការរកទីផ្សារ និងទប់ស្កាត់លំហូរទំនិញបរទេសចូលមកកម្ពុជា។ ជាមួយគ្នានេះ ស្របពេលផលិតផលជីកសិកម្ម ប្រេងឥន្ធនៈឡើងថ្លៃ និងអតិផរណាក្នុងប្រទេសកើនឡើង បានបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរដល់កសិករមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។